ភ្នំពេញ៖ លោក អុង ថុងហឿង សាក្សីរបស់ដើមបណ្តឹងរដ្ឋប្បវេណីបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ថា អៀង សារី គឺជាអ្នកទទួលខុសត្រូវចំពោះជនរងគ្រោះដែលជនជាប់ចោទរូបនេះបានកោះហៅឲ្យវិលត្រឡប់មកពីក្រៅប្រទេសវិញ។ មួយថ្ងៃមុនសេចក្ដីអះអាងនេះ សាក្សីដដែលបានលើកឡើងថា មានបញ្ញាជនមកពីក្រៅប្រទេសយ៉ាងហោចណាស់ចំនួន១.៥០០នាក់ត្រូវបានសម្លាប់ក្នុងរបបខ្មែរក្រហមបន្ទាប់ពីពួកគេបានវិលត្រឡប់មកប្រទេសកម្ពុជាវិញតាមការអំពាវនាវរបស់អៀង សារី។
លោកអុង ថុងហឿង ឆ្លើយសំណួររបស់មេធាវីបរទេសតំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណី។
«អ្វីៗដែលទាក់ទងនឹងកិច្ចការបរទេស ឬអ្វីៗ ដែលទាក់ទងនឹងខ្មែរនៅបរទេស អ្វីៗ ដែលនាំឲ្យ ខ្មែរនៅបរទេសចូលស្រុក គឺលោកអៀង សារី ជាអ្នកទទួលខុសត្រូវ ពីព្រោះគាត់នេះហើយដែលបានរៀបចំខ្មែរឲ្យចូលស្រុក»។លោកអុង ថុងហឿង
អៀង សារី ដែលមានអាយុ៨៦ឆ្នាំ គឺជាជនជាប់ចោទម្នាក់ក្នុងសំណុំរឿង០០២ ជាមួយនឹង នួន ជា ខៀវ សំផន និងអៀង ធីរិទ្ធ។ ក៏ប៉ុន្តែអៀង ធីរិទ្ធ ប្រពន្ធរបស់អៀង សារី ដែលមានជំងឺបាត់បង់ការចងចាំមិនត្រូវបាននាំខ្លួនយកមកកាត់ទោសទេក្នុងពេលនេះ។
លោក អុង ថុងហឿង បាននិយាយក្នុងការផ្តល់សក្ខីកម្មនៅថ្ងៃព្រហស្បតិ៍នេះថា លោក សុខចិត្តវិលត្រឡប់ចូលកម្ពុជាវិញដោយសារជំនឿស៊ុបលើសេចក្ដីអំពាវនាវរបស់អៀង សារី បើទោះជាមានព័ត៌មានបរទេសមួយចំនួនរាយការណ៍ពីដំណឹងអាក្រក់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យក៏ដោយ។
ជាអតីតនិស្សិតផ្នែកសេដ្ឋកិច្ចនយោបាយនៅស្រុកបារាំង លោក អុង ថុងហឿង បានត្រឡប់ចូលកម្ពុជានៅឆ្នាំ ១៩៧៦។
លោកបានបញ្ជាក់ក្នុងសក្ខីកម្មកាលពីម្សិលមិញថា បញ្ញាជនខ្មែរមួយចំនួនបានលក់ផ្ទះសម្បែង និងចាកចោលគ្រួសារនៅបរទេសដោយសង្ឃឹមថា អាចចូលមកជួយកសាងកម្ពុជាវិញក្រោយពីសង្គ្រាម។
នៅថ្ងៃនេះអតីតអ្នកទោសគុកបឹងត្របែករូបនេះបញ្ជាក់បន្ថែមថា បញ្ញាជនខ្មែរមួយចំនួនថែមទាំងប្រគល់លុយដែលពួកគេនៅសេសសល់ពីការធ្វើដំណើរតាមយន្តហោះទៅឲ្យអង្គការរបស់ពួកខ្មែរក្រហមដើម្បីទិញត្រាក់ទ័រសម្រាប់ធ្វើកសិកម្មទៀតផង។ វិស័យកសិកម្មដែលសាក្សីដដែលបញ្ជាក់ថា ពួកខ្មែរក្រហមបានបណ្តុះកុមារតូចៗ ឲ្យរៀនធ្វើស្រែជាជាងបង្រៀនអក្សរសាស្រ្តដល់ពួកគេក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ។
លោក អុង ថុងហឿង បានអះអាងបន្ថែមលើសៀវភៅដែលលោកបានសរសេរ ដែលមានចំណងជើង «ខ្ញុំបានជឿពួកខ្មែរក្រហម» ថា អៀង សារី ធ្លាប់បានរៀបរាប់ពីឈ្មោះកម្មាភិបាលខ្មែរក្រហមមួយចំនួនថា ជាជនក្បត់ទៀតផង។
ក្រោមការសួរដេញដោលពីសហមេធាវីអន្តរជាតិការពារក្ដីឲ្យនួន ជា គឺលោក អ៊ែនឌ្រូ ឡានូហ្ស៊ី (Andrew Iannuzzi) លោក អុង ថុងហឿង ឲ្យដឹងថា លោក ហោ ណាំហុង បច្ចុប្បន្នជាឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការបរទេសធ្លាប់ធ្វើជាប្រធានប ៣២ ក្នុងគុកបឹងត្របែក។ ក៏ប៉ុន្តែលោកលើកឡើងថា លោកមិនជឿថា លោកហោ ណាំហុង ជាកម្មាភិបាលជាន់ខ្ពស់របស់ខ្មែរក្រហមនោះទេ៕