ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សុខភាព​អៀង សារី នៅ​តែ​ដុនដាប


Mercedes Benz SL
Mercedes Benz SL
ភ្នំពេញ៖ ស្ថាន​ភាព​ជំងឺ​របស់​អៀង សារី នៅ​តែ​ធ្ងន់​ធ្ងរ​នៅ​ឡើយ​បន្ទាប់ពី​ស្ថិត​ក្នុង​ស្ថានភាព​សង្គ្រោះ​បន្ទាន់​អស់​រយៈពេល​ជិត​មួយខែ​មក​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ដ្រី​សាលាក្ដី​ខ្មែរ​ក្រហម និង​សហ​មេធាវី​របស់​ជនជាប់ចោទ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។
អតីត​ឧបនាយក​រដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ការបរទេស​ខ្មែរ​ក្រហម អៀង សារី បាន​ចូល​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ចាប់តាំង​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា​មក​ម្លេះ ដោយសារ​ការ​ហេវហត់​និង​ថមថយ​កម្លាំង​កាន់តែខ្លាំង​ហើយ​គាត់​ត្រូវដាក់​ឲ្យ​ស្ថិតនៅក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់។
លោក អាង ឧ​ត្ត​ម សហ​មេធាវី​កម្ពុជា​របស់​អៀង សារី មាន​ប្រសាសន៍​ថា ជំងឺ​របស់​ជន​ជាប់​ចោទ​មិន​បាន​ប្រសើរ​នោះ​ទេ។
«ដំណាក់​កាល​គាត់​ក្រោក​ខ្លួនឯង​លែងរួច​ទៅ​ហើយ​ហ្នឹង។ ហើយ​បើ​គាត់​ចង់​ក្រោក​ទាល់​តែមាន​អ្នក​គ្រា។ គេ​បញ្ចុក​បាយ គេ​គ្រា​ឲ្យ​ក្រោក។ បត់ជើង​អី​គឺ​នៅ​លើ​គ្រែ អញ្ចឹង​មិនមែន​ស្ថានភាព​ប្រសើរ​ទេ»។
អៀង សារី អាយុ​ពិតប្រាកដ៨៨ ឆ្នាំ ក៏ប៉ុន្តែ​អាយុ​តាម​ឯកសារ​ផ្លូវការ គាត់​នឹង​ឈាន​ចូល​អាយុ​៨៧ ឆ្នាំ​នៅ​ថ្ងៃទី​២៤ ខែ​តុលា​នេះ។ គាត់​ត្រូវ​ចាប់​ខ្លួន​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០០៧ ជាមួយ​ប្រពន្ធ​របស់​គាត់​អៀង ធីរិទ្ធ ដោយ​ត្រូវ​បាន​ចោទប្រកាន់​ថា​ទាក់ទង​នឹង​ការ​ទទួល​ខុសត្រូវ​របស់​គាត់​ក្នុង​ការ​ស្លាប់​និង​ការ​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង​តិច​១,៧លាន​នាក់​ចន្លោះ​ពី​ឆ្នាំ១៩៧៥ ដល់​ឆ្នាំ១៧៧៩។
លោក​អាង ឧ​ត្ត​ម ដែល​បាន​ទៅ​មើល​កូនក្តី​របស់ខ្លួន​ជា​ប្រចាំ​បញ្ជាក់​បន្ថែម​ថា អៀង សារី អាច​និយាយ​បាន​ក៏ប៉ុន្តែ​ស្តាប់​មិនសូវ​ឮ។
កាលពី​ថ្ងៃទី២១ ខែ​កញ្ញា​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​របស់​សាលាក្ដី​ខ្មែរក្រហម​បាន​បើក​សវនាការ​ពិសេស​មួយ​ដើម្បី​ស្តាប់​សក្ខីកម្ម​របស់​វេជ្ជបណ្ឌិត​ចំនួន​ពីរ​រូប​អំពី​ស្ថានភាព​ជំងឺ​របស់​ជនជាប់ចោទ។
លោក​នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរក្រហម​មាន​ប្រសាសន៍​ថា នៅ​មិន​ទាន់​មាន​ការ​សម្រេច​នៅ​ឡើយ​ក្រោយ​ពី​សវនាការ​នោះ។ មន្ដ្រី​អ្នក​នាំ​ពាក្យ​ដដែល​ឲ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​ត្រូវ​ការ​តាម​ដាន​ជំងឺ​របស់​អៀង សារី បន្ថែម​ទៀត​ដោយ​មិន​មាន​របាយការណ៍​ពី​ការ​អនុគ្រោះ​ឲ្យ​គាត់​ចេញពី​មន្ទីរពេទ្យ​នៅ​ពេលណា​នោះ​ទេ។
«ស្ថានភាព​ជំងឺ​របស់គាត់​គឺ​នៅ​ស្ថេរ​ធម្មតា។ ហើយ​គាត់​កំពុង​នៅក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត​ដើម្បី​អនុ​ញ្ញា​ត​ឲ្យ​ក្រុម​គ្រូពេទ្យ​បន្ត​តាមដាន​និង​ត្រួត​ពិនិត្យ​មើល​ស្ថានភាព​ជំងឺ​របស់​គាត់​ត​ទៅ​ទៀត»។
នៅក្នុង​សវនាការ​ស្តីពី​ស្ថានភាព​សុខភាព​របស់​អៀង សារី​គ្រូពេទ្យ​កម្ពុជា​បញ្ជាក់ថា ជន​ជាប់​ចោទ​រូបនេះ​មាន​បញ្ហា​ឆ្អឹង​កងក​ដែល​ត្អៀ​ត​ចរន្តឈាម​ទៅ​ចិញ្ចឹម​ខួរក្បាល​និង​បណ្តាល​ឲ្យ​ជនជាប់ចោទ​មាន​អាការៈ​វិលមុខ​និង​ស្ពឹក​ជាប្រចាំ។ គ្រូពេទ្យ​បញ្ជាក់ថា គាត់​នឹង​ប្រឈម​គ្រោះថ្នាក់​ខ្លាំង​ប្រសិន​បើ​គាត់​ត្រូវ​យកទៅ​វះកាត់​ដើម្បី​បន្ធូរ​លំហូរ​ឈាម​ទៅកាន់​ខួរក្បាល​នោះ។
ដោយសារតែ​បញ្ហា​សុខភាព​នេះ​អៀង សារី បានស្នើ​សុំ​លះបង់​សិទ្ធិ​ស្តាប់​សក្ខីកម្ម​របស់​សាក្សី​ចំនួន​សរុប​២៦​នាក់។ ដូច្នេះ​ធ្វើ​ឲ្យ​ការកាត់ក្តី​ណុំ​រឿង០០២ ដែល​ទើប​ចាប់ផ្តើម​ឡើងវិញ​រយៈពេល​ពីរ​ថ្ងៃ​មកនេះ​មាន​ជនជាប់ចោទ​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ចូលរួម​ក្នុង​សវនាការ​គឺ​នួន ជា អតីត​ប្រធានសភា និង​ខៀវ សំផន អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហម។ ដោយឡែក​អៀង ធីរិទ្ធ ប្រពន្ធ​របស់​អៀង សារី ត្រូវបាន​ដោះលែង​ចេញពី​ការឃុំ​ឃាំង​ដោយសារ​ជំងឺ​វង្វេង​វង្វាន់​ធ្ងន់ធ្ងរ៕
XS
SM
MD
LG