ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សុខភាព​របស់​អៀង សារី ស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់


អៀង សារី អាយុ៨៦ ឆ្នាំ​ត្រូវ​ចាប់ខ្លួន​យកមក​កាត់ទោស​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០០៧​។
អៀង សារី អាយុ៨៦ ឆ្នាំ​ត្រូវ​ចាប់ខ្លួន​យកមក​កាត់ទោស​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០០៧​។
វេជ្ជបណ្ឌិត​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា អៀង សារី មាន​ជំងឺ​ត្អៀ​ត​សរសៃ​ឈាម​ឆ្ពោះ​ទៅ​ខួរក្បាល​ហើយ​ដែល​ធ្វើ​ឲ្យ​គាត់​ប្រឈម​គ្រោះថ្នាក់​ខ្លាំង​សម្រាប់​ការ​វះកាត់។

លោក​វេជ្ជបណ្ឌិត លឹម ស៊ីវុត្ថា ប្រធាន​ផ្នែក​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​បាន​ប្រាប់​អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​ក្នុង​សវនាការ​មួយ​កំណាត់​ថ្ងៃ​នៅថ្ងៃនេះ​ថា ជន​ជាប់ចោទ​មាន​បញ្ហា​ឆ្អឹង​កងក​ដែល​ត្អៀត​ចរន្តឈាម​ទៅ​ចិញ្ចឹម​ខួរក្បាល និង​បណ្តាល​ឲ្យ​ជនជាប់ចោទ​មាន​អាការៈ​វិលមុខ និង​ស្ពឹក​ជាប្រចាំ។

«មូលហេតុ​ធំ​សំខាន់​ជាងគេ​ដែល​ធ្វើ​ឲ្យ​គាត់​មិនអាច​ចេញពី​មន្ទីរពេទ្យ​ឬ​គំរាម​គាត់​រាល់ថ្ងៃ​គឺ​ទាក់ទង​នឹង​ឆ្អឹង​កងក​ដែល​រឹង​ដែល​យើង​បានធ្វើ។ យើង​ធ្វើ​ ដាអឺណូស្ទីក​(រោគវិនិច្ឆ័យ)​ថ្មីៗ​នេះ ដែល​ធ្វើ​ឲ្យ​គាត់​វិលមុខ​មិន​ព្រម​ជា​សោះ​ហើយ​ទាក់ទង​នឹង​បញ្ហា​ថ្មីៗ​ដែល​គាត់​ស្ពឹក​ចុងដៃ​ចុងជើង»។

លោក​វេជ្ជបណ្ឌិត​លឹម ស៊ី​វុត្ថា បញ្ជាក់ថា​ជំងឺ​នេះ​ទាមទារ​ឲ្យ​អៀង សារី ត្រូវការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​យ៉ាងតិច​បំផុត​រយៈ​ពល​មួយខែ​ដែរ។ មួយវិញទៀត​ស្ថានភាព​ជំងឺ​នេះ​ទាមទារ​ឲ្យ​ធ្វើការ​វះកាត់​ទើប​អាចធ្វើ​ឲ្យ​ជនជាប់ចោទ​មានការ​ប្រសើរ​ឡើង​ឆាប់​ដោយសារតែ​ការព្យាបាល​តាម​ថ្នាំពេទ្យ​នឹងមិន​មាន​ប្រសិទ្ធភាព​ច្រើន​នោះ​ទេ​ហើយ​ត្រូវការ​ពេលវេលា​យូរ​ទៀតផង។ ក៏ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត​ដដែល​បាន​ព្យាករ​ថា ការ​វះកាត់​ឆ្អឹង​កងក​នឹងធ្វើ​ឲ្យ​អៀង សារី ប្រឈម​នឹង​គ្រោះថ្នាក់​ខ្ពស់បំផុត​ដោយសារ​តែ​ជន​ជាប់​ចោទ​មាន​វ័យ​ចំណាស់ ពិបាក​ក្នុង​ការប្រើ​ថ្នាំ​សន្លប់ ពិបាក​ក្នុង​ការ​សម្រាក​ផ្កាប់មុខ​ពេល​វះកាត់​ឆ្អឹង​កងក ហើយ​គាត់​មាន​ជំងឺ​បេះដូង​ជាប់​ខ្លួន។ ជាង​នេះ​ទៀត​ឆ្អឹង​កងក​ដែលមាន​បញ្ហា​នោះបាន​ពុក​ទៀតផង។

អៀង សារី អាយុ៨៦ ឆ្នាំ​ត្រូវ​ចាប់ខ្លួន​យកមក​កាត់ទោស​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០០៧​ជាមួយ​ប្រពន្ធ​របស់គាត់​អៀង ធី​រិ​ទ្ធ។ ប្រពន្ធ​របស់គាត់​ដែល​ត្រូវ​ដោះលែង​កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ។ អៀង សារី ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​កាលពី​ថ្ងៃទី៧ ខែ​កញ្ញា​គឺ​រយៈពេល​កន្លះ​ខែ​មកហើយ។ នៅក្នុង​សវនាការ​លោក​វេជ្ជបណ្ឌិត​លឹម ស៊ី​វុត្ថា បន្ថែម​ថា​ក្រុម​គ្រូពេទ្យ​នៅ​មិនទាន់​អាច​វាយតម្លៃ​បាន​ថា តើ​អៀង សារី អាច​ចេញពី​មន្ទីរពេទ្យ​នៅពេលណា​បាន​នោះទេ។

«យើង​ខ្ញុំ​មិន​រំពឹងថា ក្នុង​រយៈពេល​ខ្លី​ដែល​អាច​ឲ្យ​គាត់​អញ្ជើញ​មក​ចូលរួម​សវនាការ​វិញ​បាន​ទេ»។

នៅ​ក្នុង​ពេលនេះ​អៀង សារី ត្រូវដាក់​ឲ្យ​ស្ថិតក្នុង​បន្ទប់សង្គ្រោះបន្ទាន់​ហើយ​ឆ្អឹង​កងក​របស់គាត់​ត្រូវ​ប្រើ​ឃ្នៀប​តម្រង់​ដើម្បី​កុំ​ឲ្យ​គាត់​ធ្វើ​ចលនា​ងាក​ចុះឡើង​ច្រើន។ បន្ថែម​ពី​នោះ​ជនជាប់ចោទ​ត្រូវដាក់​ឲ្យ​ស្ថិត​ក្នុងការ​សម្រាក​ឲ្យ​បាន​ច្រើន។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត​លឹម ស៊ី​វុត្ថា ដែល​ជា​វិជ្ជបណ្ឌិត​មួយ​រូប នៅក្នុង​ចំណោម​វេជ្ជបណ្ឌិត​ពីរ​រូប​ដែល​បាន​ព្យាបាល អៀង សារី ដោយផ្ទាល់​ត្រូវ​បាន​កោះ​អញ្ជើញ​ឲ្យ​ផ្តល់​សក្ខីកម្ម។

សហ​មេធាវី​បរទេស​របស់​អៀង សារី លោក ម៉ាយឃើល ខាណាវ៉ាស បាន​ព្យាយាម​ជជីក​សួរ​ពី​ស្មារតី​ផ្ចង់​អារម្មណ៍​របស់​ជនជាប់ចោទ ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត លឹម ស៊ីវុត្ថា បញ្ជាក់​ថា អៀង សារី មិន​មាន​បញ្ហា​ចោទ​ក្នុង​រឿងនេះ​ទេ។

អៀង សារី ធ្លាប់មាន​ជំងឺ​បេះដូង ហើយ​បច្ចុប្បន្ន​ក្រៅពី​ការរកឃើញ​បញ្ហា​លើ​ឆ្អឹង​កងក​អៀង សារី ក៏មាន​បញ្ហា​រឹង​ឆ្អឹង​ចង្កេះ​ដែល​ធ្វើ​ឲ្យ​ពិបាក​អង្គុយ​និង​ងើបឈរ។ ក្រុម​គ្រូពេទ្យ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​ចំនួន​១៧​មុខ​សម្រាប់​ព្យាបាល​រូបគាត់។

យោងតាម​លោក​ចៅក្រម និល ណុន ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ដោយសារ​បញ្ហា​សុខភាព​របស់​ជនជាប់ចោទ​អៀង សារី សាលា​ដំបូង​នឹងត្រូវ​រៀបចំ​កាលវិភាគ​សវនាការ​ជាក់លាក់​សម្រាប់​ការ​កាត់ទោស​ក្នុង​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ៕
XS
SM
MD
LG