ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អៀង សារី​គ្រោង​សុំ​នៅ​ក្រៅឃុំ​ដូច​ប្រពន្ធ​របស់​គាត់​ដែរ


អតីត​បងធំ​មាន​អំណាច​លំដាប់​ទី៣​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ អៀង សារី
អតីត​បងធំ​មាន​អំណាច​លំដាប់​ទី៣​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ អៀង សារី

លោក​អាង ឧ​ត្ត​ម ​សហ​មេធាវី​កម្ពុជា​របស់​អៀង សារី ​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ស្ថានភាព​ដុនដាប​នៃ​ជំងឺ​កូនក្តី​របស់​លោក​ធ្វើ​ឲ្យ​លោក​ពិចារណា​ស្វែងរក​ការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ។​

ភ្នំពេញ​៖ មេធាវី​របស់​អៀង សារី​គ្រោង​នឹង​ស្នើ​សុំ​ឲ្យ​សាលាក្ដី​ខ្មែរក្រហម​ឲ្យ​ដោះលែង​កូន​របស់​ខ្លួន​នៅក្រៅ​ឃុំ​ដោយសារ​ស្ថានភាព​សុខភាព​ជំងឺ​របស់​ជនជាប់ចោទ​រូប​នេះ​មាន​សភាព​ដុនដាប។​

គម្រោងការ​នេះ​ធ្វើឡើង​ស្រប​ពេល​ដែល​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​គ្រោង​នឹង​បើក​សវនាការ​ស្តាប់​សក្ខី​កម្ម​វេជ្ជបណ្ឌិត​ចំនួន​ពីររូប​ស្តីពី​ស្ថានភាព​សុខភាព​របស់​អៀង សារី ​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ ​ក្រោយ​ពី​អៀង ធី​រិ​ទ្ធ ​ប្រពន្ធ​របស់​អៀង សារី ​ត្រូវ​តុលាការ​ដោះលែង​ចេញពី​មន្ទីរ​ឃុំឃាំង។​

លោក​អាង ឧ​ត្ត​ម ​សហ​មេធាវី​កម្ពុជា​របស់​អៀង សារី ​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ស្ថានភាព​ដុនដាប​នៃ​ជំងឺ​កូនក្តី​របស់​លោក​ធ្វើ​ឲ្យ​លោក​ពិចារណា​ស្វែងរក​ការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ។​

«សុខភាព​គាត់​ទ្រុឌទ្រោម។ ​យើង​បារម្ភ​ដែរ​ ពីព្រោះ​គាត់​មិន​អាច​ចូលរួម​សវនាការ​បាន។​ រង់ចាំ​ពិនិត្យ​សាក្សី​ដែល​ជា​គ្រូពេទ្យ​ស្អែក​សិន​ ហើយ​បើ​វា​អាច​មាន​លទ្ធភាព​រុញ​យើង​ឲ្យ​ដូច​ករណី​អៀង ធី​រិ​ទ្ធ​ដែរ ​យើង​នឹង​ធ្វើ»។​

អៀង សារី ​អតីត​បងធំ​មាន​អំណាច​លំដាប់​ទី៣​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​អស់​រយៈពេល​ពីរ​សប្តាហ៍​មក​ហើយ​គឺ​ចាប់​តាំង​ពី​ថ្ងៃទី​៧ ខែ​កញ្ញា​មក​ម្ល៉េះ ​ហើយ​នៅ​មិនទាន់​បាន​វិល​ត្រឡប់​ចូល​មន្ទីរ​ឃុំឃាំង​វិញ​នៅ​ឡើយ​ទេ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក​នេត្រ ភក្ត្រា ​អ្នកនាំ​ពាក្យ​សាលាក្ដី​ខ្មែរក្រហម​ មាន​ប្រសាសន៍​នៅ​ថ្ងៃ​នេះ​ថា​តុលាការ​នឹង​ចោទ​សួរ​ក្រុម​វេជ្ជបណ្ឌិត​ក្នុង​សវនាការ​នៅ​ថ្ងៃស្អែក​ដើម្បី​ដឹង​ពី​លទ្ធភាព​ចូល​រួម​ដំណើរការ​ក្តី​លើ​ជន​ជាប់​ចោទ។

«អង្គ​ជំនុំជម្រះ​ចង់​ស្វែងយល់​ឲ្យ​កាន់តែច្បាស់​អំពី​ស្ថានភាព​សុខភាព​របស់​ជន​ជាប់​ចោទ​អៀង សារី​ពាក់​ព័ន្ធ​ជាមួយនឹង​ការចូលរួម​នឹង​ការចូលរួម​សវនាការ​របស់គាត់»។​

វេជ្ជ​បណ្ឌិត​ពីររូប​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ ដែលព្យាបាល​ឲ្យ​ជន​ជាប់ចោទ​ នេះ​ ​ត្រូវបាន​កោះហៅ​ឲ្យ​ចូល​ផ្តល់​សក្ខីកម្ម​ស្តីពី​ស្ថានភាព​ជំងឺ​អៀង សារី។ វេជ្ជ​បណ្ឌិត​ពីរ​រូប​នេះ​មានលោក​លឹម ស៊ី​វុត្ថា ​ប្រធាន​ផ្នែក​សង្គ្រោះ​បន្ទាន់​និង​លោក​សាស្ត្រាចារ្យ ​គី ប៊ូ​សួ ​ដែល​ជា​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​បេះដូង។​

មន្ដ្រី​អ្នក​នាំពាក្យ​ដដែល​បញ្ជាក់​ថា​ ក្រុមគ្រូពេទ្យ​តម្រូវ​ឲ្យ​ជន​ជាប់ចោទ​បន្ត​ស្ថិត​នៅ​ក្រោម​ការ​តាមដាន​សុខភាព​បន្ថែមទៀត​ នៅថ្ងៃនេះ​មុននឹង​ធ្វើការ​វាយ​តម្លៃ​ជា​ចុង​ក្រោយ។ ​លោក​អៀង សារី​មាន​ជំងឺ​អស់​កម្លាំង​និង​ហេវ​ហត់​ខ្លាំង​និង​ធ្លាប់​មាន​បញ្ហា​បេះ​ដូង។

កាលពី​ថ្ងៃ​អង្គារ​ លោក​អៀង សារី​បានស្នើ​សុំ​មិន​ចូលរួម​សវនាការ​ស្តាប់​សក្ខីកម្ម​របស់​សាក្សីនិង​ដើម​បណ្តឹងរដ្ឋប្បវេណី​ចំនួន​ប្រាំ​បីនាក់​ដែល​មេធាវី​អះអាង​ថាសាក្សីនិង​ដើម​បណ្តឹង​ទាំងនោះ​មិន​ពាក់​ព័ន្ធ​នឹង​ការដាក់បន្ទុក​លើ​កូនក្តី​ខ្លួន​ច្រើន​នោះទេ។​

យោង​តាម​វិធាន​ផ្ទៃ​ក្នុង​នៃ​សាលាក្ដី​ខ្មែរក្រហម​ ជនជាប់ចោទ​ត្រូវមាន​វត្តមាន​ជា​ចាំបាច់​នៅពេល​ដែល​មាន​ការ​កាត់ទោស​មក​លើ​ខ្លួន។​

លោក​នេត្រ ភក្ត្រា​បាន​បញ្ជាក់​ថា ​វា​ជាការ​ព្រួយបារម្ភ​មួយ ​ប្រសិន​បើ​ស្ថានភាព​សុខភាព​របស់​អៀង សារី​តម្រូវ​ឲ្យ​គាត់​មិនបាន​ចូលរួម​ក្នុង​សវនាការ​ ហើយ​សក្ខី​កម្ម​របស់​វេជ្ជបណ្ឌិត​កម្ពុជា​ទាំងពីរ​រូប​នឹង​ផ្តល់​នូវ​សារៈ​សំខាន់​ដល់​ការ​សម្រេច​ចិត្ត​របស់​អង្គ​ជំនុំជម្រះ​សាលា​ដំបូង។​

«ការដែល​ស្តាប់​នូវ​ការ​ផ្តល់​សក្ខីកម្ម​របស់​វេជ្ជបណ្ឌិត​ទាំងពីរ​រូបនេះ​នឹង​ផ្តល់នូវ​សារៈ​សំខាន់​សម្រាប់​អង្គ​ជំនុំជម្រះ​សាលាដំបូង​ដើម្បី​ទទួល​បាន​នូវ​ព័ត៌មាន​ថ្មីៗ​បន្ថែម​ទៀត​ ដើម្បី​ឈាន​ទៅ​ដល់​ការ​វាយ​តម្លៃ​បន្ថែម​លើ​បញ្ហា​កាយ​សម្បទា​របស់​លោក​អៀង សារី​ក្នុង​ការចូលរួម​សវនាការ»។​

លោក​ឆាំង យុ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ជរាពាទ​របស់​អៀង សារី​ គេ​អាច​សង្កេតឃើញ​បាន​ដោយផ្ទាល់​ភ្នែក។​

«នេះ​មិនមែនជា​រឿង​សម្ងាត់​និង​មិនមែនជា​រឿង​ដែល​យើង​មិនបាន​គិតដល់​នោះ​ទេ ​ពីព្រោះ​ជាក់ស្តែង​គាត់​មាន​វ័យ​ចំណាស់​ ហើយ​អាកា​រៈ​របស់​គាត់​ យើង​អាច​ឃើញ​ផ្ទាល់​ភ្នែក»។​
ដោយឡែក​គម្រោង​ការ​របស់​មេធាវី​ការពារ​ក្តី​ស្នើ​សុំ​ឲ្យ​តុលាការ​ដោះលែង​លោក​អៀង ​សារី​ឲ្យ​នៅក្រៅ​ឃុំ​មិនមែន​ជា​ការ​ភ្ញាក់ផ្អើល​ស​ម្រា​ប់​លោក​ជុំ ម៉ី​ទេ។ ​លោក​ជុំ ម៉ី​គឺជា​អតីត​អ្នកទោស​គុក​ទួលស្លែង​និង​បច្ចុប្បន្ន​គឺជា​ប្រធាន​សមាគម​ក្សេមក្សាន្ត​ដែល​ជា​សមាគម​ប្រមូល​ផ្តុំ​និង​គាំពារ​ជន​រងគ្រោះ​សម័យ​ខ្មែរក្រហម។​

«ខ្ញុំ​បារម្ភ​តាំង​ពី​ដើម​មក​អញ្ចឹង។​ អញ្ចឹង​ប្រពន្ធ​គាត់​ធ្វើ​បាន​ គាត់​ធ្វើបាន​ដូច​ប្រពន្ធ​គាត់​អញ្ចឹង។​ បន្តិច​ទៀត​នួន ជា​ធ្វើ​របៀប​ហ្នឹង​ដូច​គ្នា»។​
របប​ខ្មែរក្រហម​បាន​បង្ក​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ស្លាប់​និង​ត្រូវ​បាន​សម្លាប់​យ៉ាង​តិច​តិច​១,៧​លាន​នាក់។​
មេ​ដឹកនាំ​កំពូល​ខ្មែរក្រហម​ ដែលមាន​វ័យ​ចំណាស់​ចំនួន​បួន​នាក់​ ហើយ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​យក​មក​កាត់ទោស​សម្រាប់​សំណុំ​រឿង​០០២ ​រួមមាន​នួន ជា ​អតីត​ប្រធាន​សភា ​ខៀវ សំ​ផង ​អតីត​ប្រមុខ​រដ្ឋ​ អៀង សារី ​អតីត​រដ្ឋមន្ដ្រី​ការ​បរទេស​និង​ប្រពន្ធ​របស់គាត់​អៀង ធីរិទ្ធ ​អតីត​រដ្ឋមន្ដ្រី​ក្រសួង​សង្គម​កិច្ច។​ អៀង ធីរិទ្ធត្រូវ​បាន​ដោះលែង​កាលពី​ថ្ងៃអាទិត្យ​ដោយសារ​ជំងឺ​ភ្លេចភ្លាំង​វង្វេង​វង្វាន់​ធ្ងន់ធ្ងរ​ មិន​អាច​ចូលរួម​ការ​កាត់ទោស​បាន​ ហើយ​ដែល​មានប្រតិកម្ម​ពី​ជន​រងគ្រោះ​ជា​ច្រើន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG