ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ថា​អៀង សារី​មាន​អំណាច​ចាប់​ខ្លួន​ ឬ​ការពារ​មនុស្ស


អៀង សារី នៅ​ចំកណ្តាល ជា​អតីត​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរក្រហម អង្គុយ​នៅក្នុង​ពេល​កាត់​ក្តីនៅ​សាលាក្តី​ដែល​គាំទ្រដោយ​អង្គការ​សហប្រហជាជាតិ​សម្រាប់​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម ក្នុង​សវនការ​មួយ កាលពីថ្ងៃទី៣០ មេសា ២០១០ ក្នុង​ក្រុង​ភ្នំពេញ។
អៀង សារី នៅ​ចំកណ្តាល ជា​អតីត​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរក្រហម អង្គុយ​នៅក្នុង​ពេល​កាត់​ក្តីនៅ​សាលាក្តី​ដែល​គាំទ្រដោយ​អង្គការ​សហប្រហជាជាតិ​សម្រាប់​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម ក្នុង​សវនការ​មួយ កាលពីថ្ងៃទី៣០ មេសា ២០១០ ក្នុង​ក្រុង​ភ្នំពេញ។

សាក្សី​ការពារ​អៀង សារី អះអាង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ មាន​ការ​ចាប់​ខ្លួន​ជន​ដែល​ត្រូវ​ចោទ​ថា​ ខ្មាំង​របស់​អង្គការ​ក្រោម​ការ​គ្រប់គ្រង​របស់​អតីត​រដ្ឋមន្ដ្រី​ការបរទេស​ខ្មែរក្រហម​រូប​នេះ។

លោក ​ឡុង ​នរិន្ទ​ អតីត​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរក្រហម​ក្រោម​បង្គាប់​របស់​អៀង ​សារី ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ ​ក្រោយ​ពី​ការ​ដេញ​សួរ​យ៉ាង​ប្រកិត​របស់​សហព្រះរាជអជ្ញា​រង​ជន​ជាតិ​អាមេរិកាំង ​លោកដេល លីសាក (Dale Lysak) ក្នុង​ការ​កាត់ក្ដី​សំណុំរឿង​០០២​ នៅ​ចំពោះ​មុខ​ជន​ជាប់​ចោទ​ នួន​ ជា​ អៀង ​សារី ​និង​ខៀវ ​សំផន។

លោក ឡុង​ នរិន្ទ​ បាន​ផ្ដល់​សក្ខីកម្ម​តាម​ការភ្ជាប់​វីដេអូ​ពី​ផ្ទះ​របស់​លោក​នៅ​ស្រុក​ម៉ាឡៃ​ថា ​មាន​ការចាប់​ខ្លួន​បុគ្គលិក​សំខាន់ៗ​របស់​ក្រសួង​ការបរទេស​ចំនួន​ពីរ​រូប​ ដែល​លោក​បាន​ប្រាប់​ឈ្មោះ​ចំៗ​នៅ​ឆ្នាំ​១៩៧៧។ បុគ្គល​ទាំង​ពីរ​រូប​ត្រូវ​យក​ទៅ​ដាក់​នៅ​ទួលស្លែង​ និង​ក្រោយ​មក​ត្រូវ​បាន​សម្លាប់​ចោល។ លោក ​ឡុង ​នរិន្ទ ​ បញ្ជាក់ថា ​បុគ្គល​ទាំង​ពីរ​រូប​ត្រូវ​ចោទប្រកាន់​ថា ​បាន​បម្រើ​ចារកម្ម​ឲ្យ​អាមេរិក ​ស៊ីអាយអេ ​ឬ​កាហ្ស៊េបេ​របស់​រុស្ស៊ី។ ជន​ទាំង​នោះ​បាន​បាត់​ដំ​ណឹង​សូន្យ។

«ប៉ុណ្ណា​ក៏​ដោយ​ត្រូវ​បាន​បាត់។ គេ​ទៅ​រៀនសូត្រ​ ប៉ុន្តែ​ក្រោយ​មក​ឥត​ទេ។ ខ្ញុំ​ថា​ពួក​ហ្នឹង​សន្តិសុខ​គេ​ចាប់​ហើយ។ ហើយ​ដំបូង ​ខ្ញុំ​គិត​ខ្លួន​ឯង​ថា ​បើ​ទៅ​បែប​អ្នក​ទៅ​រៀន​នៅ​ស្រុក​សង្គមនិយម​ បែប​មិន​អី​ទេ​យ៉ាង​។ ដល់​ឃើញ​អ្នក​ទៅ​រៀន​នៅ​សង្គម​និយម​ក៏​គេ​ចាប់។ អ្នក​រៀន​នៅ​ស្រុក​បារាំង​ក៏​គេ​ចាប់​បាត់​ទៅ ​ហើយ​ដល់​ពេល​ទៅ នៅ​ពេល​ដែល​ឮ​ពាក្យ​រៀនសូត្រ​ហ្នឹង​ គឺ​ស្រៀវឆ្អឹងខ្នង​តែ​ម្តង»។

លោក ​ឡុង ​នរិន្ទ​ អាយុ​៧៣​ឆ្នាំ ​គឺ​ជា​សក្សី​ដែល​ស្នើ​ដោយ​ជន​ជាប់ចោទ​អៀង ​សារី។ ក្នុង​សវនាការ​រយៈពេល​ពីរ​ថ្ងៃ​នេះ ​អតីត​និស្សិត​ផ្នែក​អប់រំ​ និង​កីឡា​នៅ​ប្រទេស​ឆេកូ​រូប​នេះ​បាន​ឆ្លើយ​ថា​ ខ្លួន​មិន​ដឹង​រឿង​ច្រើន​ក្នុង​សម័យ​ខ្មែរក្រហម​នោះ​ទេ​ ហើយ​ក៏​មិន​បាន​បញ្ជាក់​ពី​តួនាទី​សំខាន់​របស់​អៀង ​សារី ​ក្នុង​ការ​ដាក់​បញ្ជា​ឲ្យ​មាន​ការ​ចាប់​មនុស្ស​នោះ​ដែរ។ ក៏ប៉ុន្ដែ​សាក្សី​រូប​នេះ​បាន​បញ្ជាក់​ថា​ អៀង ​សារី​ បាន​អំពាវនាវ​គៀងគរ​ឲ្យ​និស្សិត​ខ្មែរ​នៅ​បរទេស​នា​ឆ្នាំ​១៩៧៥ ​ត្រឡប់​មក​ជួយ​កសាង​ប្រទេស​កម្ពុជា​វិញ​ដោយ​សំអាង​ថា​ «ប្រទេស​កម្ពុជា​ទទួល​បាន​ឯករាជ្យ» រួច​ហើយ។ ហើយ​និស្សិត​ទាំង​នោះ​មួយ​ចំនួន​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​បឹងត្របែក ​ហើយ​និស្សិត​មួយ​ចំនួន​បាន​បាត់​ខ្លួន។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ លោក​ឡុង ​នរិន្ទ​ ក៏​បាន​បញ្ជាក់​ថា ​អៀង​ សារី ​មាន​អំណាច​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​បុគ្គលិក​ក្រសួង​ការបរទេស​ពី​ការ​ចាប់​ខ្លួន​ជាពិសេស​នៅ​ពេល​ដែល​អៀង ​សារី ​ខ្លួន​ឯង​អវត្តមាន​ពី​ការងារ។

លោក ​ឡុង ​នរិន្ទ ​បាន​ទទួល​ស្គាល់​ថា ​ការ​ចាប់​ខ្លួន​បុគ្គលិក​ក្រសួង​ការបរទេស​ក្រោម​ការ​ត្រួតត្រា​របស់​អៀង ​សារី ​ធ្វើ​ឲ្យ​លោក​មាន​ការ​ភ័យខ្លាច ​ហើយ​គិត​ថា ​ថ្ងៃ​ណា​មួយ​ «នឹង​ដល់​វេណ» ​គាត់​ត្រូវ​ចាប់​ខ្លួន​ដែរ។

ថ្វី​បើ​ដូច្នេះ​ក្ដី​សាក្សី​ដដែល​នៅ​តែ​និយាយ​ថា ​គាត់​មិន​ដឹង​ថា ​ការ​ចាប់​ខ្លួន​បុគ្គលិក​ក្នុង​ក្រសួង​ការបរទេស​ជា​ការ​សម្រេច​ត្រឹម​អៀង ​សារី ​ឬ​ត្រឹម​កម្រិត​មេដឹកនាំ​ខ្មែរក្រហម​កម្រិត​ណា​នោះ​ទេ។ ​ហើយ​លោក​ក៏​មិន​ដឹង​ដែរ​ថា​ តើ​មាន​ជន​រងគ្រោះ​ប៉ុន្មាន​នាក់​ត្រូវ​ចាប់​ខ្លួន​នៅ​ក្រសួង​ការបរទេស​នោះ។

កាល​ពី​ម្សិលមិញ ​ឡុង ​នរិន្ទ​ ដែល​ហាក់​ដូច​ជា​មិន​យល់​សំណួរ ​និង​ស្ដាប់​មិន​ឮ​សំណួរ​មួយ​ចំនួន​បាន​រៀបរាប់​ថា ​អៀង ​សារី ​បាន​រៀបចំ​រចនា​សម្ព័ន្ធ​ការងារ​មួយ​ចំនួន​នៅ​ទីក្រុង​ប៉េកាំង​ មុន​នឹង​មក​កាន់​ការងារ​នៅ​ក្នុង​ប្រទេស​ក្រោយ​ពី​ពួក​ខ្មែរក្រហម​ឡើង​កាន់​អំណាច។ រី​ឯ​ប្រពន្ធ​របស់​អៀង ​សារី​ គឺ​អៀង​ ធីរិទ្ធ ​បាន​កាន់​កាប់​វិទ្យុ​ផ្សាយ​សម្លេង​ពី​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម ​ដើម្បី​គាំទ្រ​ដល់​កងទ័ព​ព្រៃ​ខ្មែរក្រហម។ អៀង ​ធីរិទ្ធ​ ក៏​ជា​ជន​ជាប់​ចោទ​ម្នាក់​ក្នុង​សំណុំរឿង​០០២ ​នេះ​ដែរ ​ប៉ុន្ដែ​ត្រូវ​អង្គ​ជំនុំជម្រះ​សាលាដំបូង​រក​ឃើញ​ថា ​គាត់​មាន​សម្បទា​ល្អ​មិន​គ្រប់គ្រាន់​សម្រាប់​ចូលរួម​ការ​កាត់ទោស៕

XS
SM
MD
LG