វ៉ាស៊ីនតោន៖ រដ្ឋាភិបាលកម្ពុជានិងអង្គការសង្គមស៊ីវិលសំខាន់ៗសម្តែងការសោកស្តាយចំពោះមរណភាពរបស់អៀង សារី អតីតបងធំទីបីនៃរបបខ្មែរក្រហម។ ប៉ុន្តែការសោកស្តាយនេះគឺដោយសារតែបានបាត់បង់នូវព័ត៌មានសំខាន់ៗពីការសម្លាប់ប្រជាពលរដ្ឋកម្ពុជាដែលក្រុមខ្មែរក្រហមបានប្រព្រឹត្តពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
លោកស្រីពុង ឈីវកេកប្រធានអង្គការសិទ្ធិមនុស្សលីកាដូបានបញ្ជាក់ថា៖
«ប្រជាពលរដ្ឋទូទៅគឺចង់ដឹងការពិតណាស់ហើយចង់ឱ្យឃើញអ្នកដែលប្រព្រឹត្តបទល្មើសយ៉ាងធ្ងន់ធ្ងរដូចអៀងសារីអីចឹងឱ្យទទួលទោសជាប់ទោសកុំឱ្យមាននិទណ្ឌភាពហើយដល់បានឮដំណឹងថាគាត់បានបាត់បង់ជីវិតអីចឹងយើងមានការសោកស្តាយ មិនមែនសោកស្តាយថាគាត់បាត់បង់ជីវិតទេ សោកស្តាយដោយសារគាត់អាចជាសាក្សីមួយសំខាន់ដើម្បី ផ្តល់ព័ត៌មានឱ្យប្រជាពលរដ្ឋនៅប្រទេសកម្ពុជាទាំងអស់ថាហេតុអ្វី បានជាខ្មែរគ្នាឯងសម្លាប់ខ្មែរគ្នាឯងយ៉ាងសាហាវអីចឹង។ យើងសោកស្តាយអីចឹង ហើយសោកស្តាយថាគាត់ត្រូវទទួលទោសចង់ឃើញឱ្យតុលាការកាត់ទោសគាត់ឱ្យជាប់ទោស ឱ្យគាត់ចូលក្នុងពន្ធនាគាដើម្បីឱ្យគាត់ដឹងខ្លួនបន្តិចថាកាលដែលគាត់ធ្វើបាបគេហ្នឹងយ៉ាងម៉េច ឥឡូវយើងអត់បានរកយុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរទេគាត់បាត់បង់ជីវិតទៅហើយ»។
អៀង សារីអតីតរដ្ឋមន្ត្រីការបរទេសខ្មែរក្រហមបានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃព្រហស្បតិ៍ ក្នុងពេលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀតក្នុងក្រុងភ្នំពេញ ហើយសាកសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅស្រុកម៉ាឡៃដែលជាទីតាំងកាន់កាប់របស់គាត់មុនពេលចុះចូលជាមួយនឹងរាជរដ្ឋាភិបាលនៅឆ្នាំ១៩៩៦។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការនៃទីស្តីការគណរដ្ឋមន្ត្រីក៏បានសម្តែងនូវការសោកស្តាយនោះដែរប៉ុន្តែបន្ថែមថាមរណភាពនេះជាស្នូរជួងមួយសម្រាប់សហគមន៍អន្តរជាតិបន្តគាំទ្រដើម្បីឱ្យតុលាការបញ្ចប់ការងាររបស់ខ្លួនឱ្យបានឆាប់រហ័សដោយសារតែក្រុមមេដឹកនាំទាំងអស់ដែលកំពុងជាប់ចោទមានវ័យចាស់ៗណាស់ហើយ៖
«ជាធម្មតាការបាត់បង់ជីវិតនៃអ្វី ដែលយើងឃើញថាជនជាប់បន្ទុកក្នុងការងារស្វែងរកយុត្តិធម៌គឺជាការសោកស្តាយមួយហើយការបាត់បង់ជីវិតជាសារសម្រាប់យើងទាំងអស់គ្នាមិនត្រឹមតែរដ្ឋាភិបាលក្នុងរាជាណាចក្រកម្ពុជាទេក៏ដូចជារដ្ឋាភិបាលដទៃទៀតដែលជាដៃគូដែលគាំទ្រឱ្យមានដំណើរការតុលាការខ្មែរក្រហមនេះជាពិសេសគឺអង្គការសហប្រជាជាតិថាយើងកំពុងតែរត់ប្រណាំងជាមួយនឹងពេលវេលា។ ពេលវេលាចាស់ជរានៃអ្វីដែលយើងយល់ឃើញ ថាកំពុងតែធ្វើពិចារណាវិនិច្ឆ័យទៅលើគេទាំងអស់ហ្នុងដែលកំពុងតែនៅក្នុងឃុំឃាំងស្រេចទៅហើយ»។
អៀងសារី និងមេដឹកនាំពីរនាក់ទៀតគឺនួន ជា អតីតមេមនោគមវិជ្ជាខ្មែរក្រហមនិងខៀវ សំផនអតីតប្រមុខរដ្ឋត្រូវបានតុលាការដែលគាំទ្រដោយអង្គការសហប្រជាជាតិកំពុងកាត់ទោសទាក់ទងនឹងឧក្រិដ្ឋកម្មដែលបណ្តាលឱ្យពលរដ្ឋខ្មែរ១,៧លាននាក់ស្លាប់ក្រោមការគ្រប់គ្រងរបស់ពួកគេ។
ក្រុមអ្នកតាមដានសាលាក្តីខ្មែរក្រហមតែងតែជំរុញឱ្យតុលាការដំណើរការទៅមុខឱ្យបានឆាប់ដោយសារសុខភាពនិងវ័យចំណាស់របស់ជនជាប់ចោទទាំងបីនាក់។
លោក សុខ សំអឿន នាយកប្រតិបត្តិនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបានបញ្ជាក់ថា៖
«ការស្លាប់របស់លោកអៀង សារីបង្ហាញឱ្យឃើញពីអ្វី ដែលយើងធ្លាប់បានព្រួយបារម្ភព្រោះអ្វីដែលយើងធ្លាប់បារម្ភនោះយើងបារម្ភថាខ្លាចជនជាប់ចោទចាស់ៗអីចឹងទៅព្រោះធម្មតាបើកាលណាជនជាប់ចោទស្លាប់វាមានន័យថារឿងព្រហ្មទណ្ឌនោះវាត្រូវស្លាប់ហ្មងដល់អីចឹងទៅវាធ្វើឱ្យការខិតខំប្រឹងប្រែងរបស់យើងវាអត់មានន័យអី្វហើយជនរងគ្រោះដែលគាត់រងការឈឺចាប់គាត់ចង់បានយុត្តិធម៌វាទៅជាអត់មានន័យសម្រាប់គាត់ដែរ»។
រីឯលោក ឡាត់ គីអ្នកតាមដានសាលាក្តីខ្មែរក្រហមនៃអង្គការសិទ្ធិមនុស្សអាដហុកក៏សម្តែងការព្រួយបារម្ភចំពោះសុខភាពរបស់ជនជាប់ចោទពីរនាក់ដែលនៅរស់ដោយសារតែ ពួកគេសុទ្ធតែមានអាយុជាង៨០ឆ្នាំ។
«យើងពិតជាមានការព្រួយបារម្ភណាស់ព្រោះជនជាប់ចោទដទៃក៏មានវ័យចាស់ដូចគ្នាហើយជរាពាធនេះវាស្ថិតនៅក្នុងភាពមិនទៀងទាត់ហើយគួបផ្សំដំណើរការនៅ ក្នុងសាលាក្តីខ្មែរក្រហមកំពុងមានឧបសគ្គមួយចំនួនផងដែរ។ អីចឹងយើងខ្ញុំមានការព្រួយបារម្ភណាស់ខ្លាចដំណើរការឆ្ពោះទៅមុខរបស់សាលាក្តីខ្មែរក្រហមមិនស្របឬទៅដល់គោលដៅអ្វីដែលយើងបានគ្រោងទុកជាពិសេសផ្តល់យុត្តិធម៌ដល់ជនរងគ្រោះជាទូទៅ»។
បើទោះជាសុខភាពជនជាប់ចោទគឺជាក្តីកង្វល់ដ៏ធំមួយប៉ុន្តែតុលាការនេះនៅមានបញ្ហាជាច្រើនទៀតដែលត្រូវដោះស្រាយក្នុងនោះមានបញ្ហាខ្វះខាតថវិកានិងការចូលជ្រៀតជ្រែកខាងផ្នែកនយោបាយដែលធ្វើឱ្យអ្នកសង្កេតការណ៍ខ្លះលើកឡើងថាបើសិនជាអាចបញ្ចប់សំណុំរឿងពេលបច្ចុប្បន្នគឺជាភ័ព្វសំណាងរបស់តុលាការនេះទៅហើយ។
សហរដ្ឋអាមេរិកក៏យល់ស្របក្នុងការជំរុញឱ្យមានការកាត់ទោសឱ្យបានឆាប់ហើយបញ្ជាក់ពីសារៈសំខាន់នៃការរកយុត្តិធម៌សម្រាប់ជនរងគ្រោះ។
លោកសន ម៉ាកស៊ីនតុសអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាបានបញ្ជាក់ថា៖
«មរណភាពរបស់អៀង សារីពិតជាបង្ហាញថាត្រូវមានដំណើរការតុលាការទូលំទូលាយនិងឱ្យបានឆាប់រហ័ស។ ទោះបីជាក្នុងរូបភាពមួយណាក៏ដោយគឺយើងមានជំនឿយ៉ាងពេញលេញថាមន្រ្តីយុត្តិធម៌នឹងផ្តល់យុត្តិធម៌ពេញលេញដល់ជនរងគ្រោះ ពីរបបខ្មែរក្រហម»។
អៀង សារីគឺជាមេដឹកនាំខ្មែរក្រហមទីពីរហើយដែលបានស្លាប់ក្នុងមន្ទីរឃុំឃាំងមុននឹងតុលាការរកខុសត្រូវថាតើមានកំហុសឬយ៉ាងណា។ មេដឹកនាំម្នាក់ទៀតដែលបានស្លាប់ក្នុងមន្ទីរឃុំឃាំងក្នុងតុលាការយោធាគឺមេទ័ពពិការជើងឈ្មោះតាម៉ុក ដែលគេដាក់រហ័សនាមថា«មេឃាតករ»៕