ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​សាលា​ដំបូង​របស់​ខ្មែរក្រហម​សម្រេច​ដោះលែង​អៀង ធីរិទ្ធ​​


In this photo taken on Oct. 19, 2011 released by the Extraordinary Chambers in the Courts of Cambodia, Ieng Thirith smiles during a hearing in Phnom Penh.
In this photo taken on Oct. 19, 2011 released by the Extraordinary Chambers in the Courts of Cambodia, Ieng Thirith smiles during a hearing in Phnom Penh.
ភ្នំពេញ​៖ អ្នកស្រី​អៀង ធីរិទ្ធ​ត្រូវបាន​ដោះលែង​ដោយ​គ្មាន​លក្ខ​ខណ្ឌ​នេះ​គឺជា​សេចក្ដីសម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​ខែ​កញ្ញា។​

អតីត​រដ្ឋ​មន្ដ្រី​ក្រសួង​សង្គម​កិច្ច​នៃ​របប​កម្ពុ​ជា​ប្រជា​ធិបតេយ្យ​រូប​នេះ​ត្រូវ​ចោទ​ប្រកាន់​ពីបទ​ប្រល័យ​ពូជ​សាសន៍ ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ក្នុង​សំណុំរឿង​០០២​ដែល​មាន​ជន​ជាប់ចោទ​បី​នាក់​ផ្សេង​ទៀត ​គឺ​អៀង សារី ​ប្តី​របស់​គាត់​ នួន ជា ​និង​ខៀវ សំផន។​

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​បាន​ពន្យល់​លើ​សេចក្ដី​សម្រេច​របស់​ខ្លួន​ដោយ​ផ្អែក​តាម​របាយ​ការណ៍​និង​សក្ខីកម្ម​របស់​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ។ ​ក្រុម​គ្រូពេទ្យ​ជំនាញ​បញ្ជាក់​ថា ​ជនជាប់ចោទ​អៀង ធីរិទ្ធ ​អាយុ​៨០​ឆ្នាំ ​មាន​ជំងឺ​វង្វេងវង្វាន់​ធ្ងន់ធ្ងរ​ និង​បាត់បង់​ការ​ចងចាំ​ ហើយ​មិន​អាច​មាន​សម្បទា​គ្រប់គ្រាន់​សម្រាប់​ចូល​រួម​ការ​កាត់ទោស​លើ​រូប​គាត់​នោះ​ទេ។​

ទោះជា​យ៉ាងណា ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៅ​ដំកល់​បទ​ចោទ​លើ​អៀង ​ធីរិទ្ធ ​ដដែល​ដោយ​គ្រាន់តែ​រំឭក​ដល់​ជន​ជាប់ចោទ​ដដែល​នេះ​មិន​ឲ្យ​ជ្រៀត​ជ្រែក​កិច្ចការ​រដ្ឋបាល​របស់​តុលាការ​ ដូច​ជា​ធ្វើ​ទំនាក់​ទំនង​ជាមួយ​សាក្សី ​ជាមួយ​ជន​រងគ្រោះ​ឬ​ជន​ជាប់ចោទ​ដទៃ​ទៀត ​វៀរលែង​តែ​ជាមួយ​អៀង សារី ​និង​មិន​ត្រូវ​ទាក់ទង​ជាមួយ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាដើម។ ​ជាង​នេះទៀត​ អៀង ធីរិទ្ធ ​ត្រូវ​ជូន​ដំណឹង​ដល់​តុលាការ​នៅ​ពេល​ដែល​ខ្លួន​ធ្វើ​ការ​ផ្លាស់ប្តូរ​ទីលំនៅ ​តែ​មិន​ត្រូវ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទេ។​

សេចក្ដី​សម្រេច​របស់​អង្គ​ជំនុំជម្រះ​សាលាដំបូង​ធ្វើឡើង​ពីរ​សប្តាហ៍​បន្ទាប់​ពី​សាលា​ដំបូង​បើក​សវនាការ​ចុង​ក្រោយ​លើ​កាយសម្បទា​និង​លទ្ធភាព​ចូលរួម​ការ​កាត់ទោស​របស់​អៀង ធីរិទ្ធ។​
លោក​ផាត់ ពៅ​ស៊ា​ង ​សហ​មេធាវី​របស់​អៀង ធីរិទ្ធ​អបអរសាទរ​ការ​សម្រេច​របស់​សាលា​ដំបូង​នេះ។​

«បើសិន​ជា​ព្រះរាជ​អាជ្ញា​មិន​មាន​ការប្តឹង​ឧទ្ធរណ៍​ទេ​គឺ​នៅ​ថ្ងៃស្អែក​ម៉ោង​១០​កន្លះ​ អ្នកស្រី​អៀង ធីរិទ្ធ​ត្រូវ​ចេញពី​មន្ទីរ​ឃុំឃាំង»។​

ប៉ុន្តែ​លោក​អេន​ឌ្រូ ខេ​លី ​សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ មាន​ប្រសាសន៍​ថា​ ការិយាល័យ​សហ​ព្រះរាជ​អាជ្ញា​មាន​រយៈពេល​២៤​ម៉ោង​ក្នុង​ការ​សម្រេច​ដាក់​បណ្តឹង​ជំទាស់។

«ក្នុង​ពេល​នេះ​យើង​កំពុង​ពិនិត្យ​លើ​សេចក្ដី​សម្រេច​នេះ​ ហើយ​ខ្ញុំ​នឹង​សម្រេច​ចិត្ត​ជា​មួយ​សហ​សេវិក​ជាតិ​របស់​ខ្ញុំ​នៅ​យប់​នេះ»។​

កាលពី​ខែ​វិច្ឆិកា ​ឆ្នាំ២០១១ ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​បាន​សម្រេច​ដោះលែង​អៀង ធីរិទ្ធ​ជាបន្ទាន់​ដោយ​ផ្អែក​តាម​របាយ​ការណ៍​វេជ្ជបណ្ឌិត​ជំនាញ​ថា​ ជន​ជាប់ចោទ​មិន​មាន​សម្បទា​គ្រប់គ្រាន់​សម្រាប់​ចូលរួម​សវនាការ។​

ក៏ប៉ុន្តែ​ដោយ​មាន​ការប្តឹង​ជំទាស់​ពី​សហ​ព្រះរាជ​អាជ្ញា ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​សម្រេច​កា​លពី​ខែធ្នូ​ឆ្នាំ​ដដែល​ឲ្យ​សាលា​ដំបូង​ប្រើប្រាស់​លទ្ធភាព​គ្រប់​បែប​យ៉ាង​ដើម្បី​ឲ្យ​ជន​ជាប់ចោទ​មាន​លទ្ធភាព​ចូលរួម​សវនាការ​បាន។

វេជ្ជបណ្ឌិត​កម្ពុជា​ពីរ​រូប​និង​បរទេស​ពីរ​រូប​ត្រូវ​តែងតាំង​ឲ្យ​ពិនិត្យ​បញ្ហា​សុខភាព​ជន​ជាប់ចោទ​ចាស់​ជរា​នេះ​ឡើងវិញ​ ហើយ​ពួក​គាត់​នៅ​តែ​រក្សា​អំណះអំណាង​ពី​ការ​រក​ឃើញ​ដូច​របាយ​ការណ៍​មុន​ដែរ។

លោក​នេត្រ ភ​ក្ដ្រា ​អ្នកនាំពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម​មាន​ប្រសាសន៍​ថា ​អៀង ធីរិទ្ធ​នឹងត្រូវ​ស្ថិត​នៅក្រោម​ការត្រួតត្រា​របស់​អាជ្ញា​ក​ម្ពុជា។

«ដោយសារតែ​លោក​ស្រី​អៀង ធីរិទ្ធ​មាន​បញ្ហា​បញ្ញា​ស្មារតី​នោះ​គឺនឹង​មាន​ការ​តែងតាំង​ជា​អាណា​ព្យាបាល​ដើម្បី​ត្រួត​ពិនិត្យ​ទៅលើ​គាត់ ​ហើយ​ការ​តែងតាំង​អាណាព្យាបាល​ពី​លើ​គាត់​គឺជា​ភារកិច្ច​របស់​តុលាការ​ជាតិ»។​

លោក​ស្តេ​ហ្វិន រ៉េ​បប៍ ​ឯកអគ្គរដ្ឋទូត​គោចរ​អាមេរិក​ទទួលបន្ទុក​កិច្ចការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ បាន​ប្រាប់​អ្នកកាសែត​ក្នុង​ស​ន្និសីត​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ដោយ​គាំទ្រ​ដល់​ការ​សម្រេច​របស់​តុលាការ។

«សារ​នោះ​គឺ​ថា ​ក្នុងពេល​ដែល​អ្នក​នៅ​មាន​ជីវិត​និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ហើយ​អ្នក​ត្រូវ​ចោទ​ថា​ បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ធ្ងន់ធ្ងរ ​អ្នក​នឹង​ត្រូវ​នាំ​ខ្លួន​យក​មក​កាត់ទោស។ ​ប៉ុន្តែ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​មនុស្ស​ម្នាក់​ដែល​នឹង​ត្រូវ​កាត់ទោស​នោះ​ត្រូវតែ​មាន​សមត្ថភាព​និង​លទ្ធភាព​ចូលរួម​ការពារ​ខ្លួន»។​

ការដោះលែង​អៀង ធីរិទ្ធសម្រេច​ឡើង​ស្របពេល​ដែល​សាលាក្ដី​ខ្មែរក្រហម​កំពុង​បើក​កិច្ច​ពិភាក្សា​ស្តីពី​កេរ្តិ៍​ដំណែល​របស់ខ្លួន។​

លោកស្រី​ក្លែ ដា​ហ្វ៊ី ​អ្នកឃ្លាំមើល​តុលាការ​នៃ​អង្គការ​គំនិត​ផ្តួចផ្តើម​យុត្តិធម៌​សង្គម​សេរី ​(OSJI) ​យល់ថា ​ការ​សម្រេច​នេះ​គឺជាគម្រូ​សម្រាប់​ប្រពន្ធ័​យុត្តិធម៌​កម្ពុជា។​
«ខ្ញុំ​គិតថា ​សេចក្ដី​សម្រេច​នេះ​គឺជា​ផ្នែក​មួយ​នៃ​កេរ្តិ៍ដំណែល​ជា​វិជ្ជមាន​របស់​តុលាការ​សម្រាប់​ប្រទេស​កម្ពុជា​ ពីព្រោះ​ថា ​វា​បាន​ជា​សារ​មួយ​ដល់​ប្រទេស​កម្ពុជា​ថា ​ប្រសិនបើ​អ្នក​មាន​បញ្ហា​ខាង​ផ្លូវចិត្ត ​មិន​មាន​លទ្ធភាព​ការពារ​ខ្លួន​គឺ​អ្នក​មិន​អាច​ត្រូវ​កាត់ទោស​បាន​ទេ​ ពីព្រោះ​ថា​ វា​មិន​យុត្តិធម៌​នោះ​ទេ»។​

ប៉ុន្តែ​លោក​ជុំ ម៉ី អតីត​អ្នកទោស​គុក​ទួលស្លែង ​បច្ចុប្បន្ន​ជា​ប្រធាន​សមាគម​ក្សេម​ក្សាន្ត​ដែល​មាន​គោលដៅ​ជួយ​ជ្រោមជ្រែង​ដល់​ជនរងគ្រោះ​ក្នុង​សម័យ​ខ្មែរក្រហម​ បាន​ជំទាស់​ការដោះលែង​នេះ។​

«មិន​សម​ហេតុ​សម​ផល​ទេ។​ មិន​មាន​យុត្តិធម៌។ ​គាត់​ធ្វើ​ពុត​ទេ។​ កាល​គាត់​ចូល​តុលាការ​ដំបូង​ គាត់​ទះ​តុ​ចង់​បែក​តុលាការ។ ​អញ្ចឹង​ដល់​ដោះលែ​ង​អៀង ធីរិទ្ធ​ ប៉ុន្មាន​នាក់​ទៀត​(ដែល​នៅសល់) ក៏​សុំ​ដោះលែង​ដែរ»។​
ដោយឡែក​លោក​បណ្ឌិត​ឡៅ ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​ និង​ជា​អ្នក​ជំនាញការ​ច្បាប់​មួយ​រូប​មាន​ពន្យល់​ថា ​ការ​ដោះលែង​អៀង ​ធីរិទ្ធ​មិនមែន​មាន​ន័យ​ថា ជន​ជាប់ចោទ​រូប​នេះ​គ្មាន​ទោស​នោះទេ​ គឺ​គ្រាន់តែ​ដោយសារ​គាត់​បាត់បង់​សមត្ថភាព​ចូលរួម​ការ​កាត់ទោស​តែ​ប៉ុណ្ណោះ៕​
XS
SM
MD
LG