ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ចូលរួម​ប្រកួត​ស៊ីហ្គេម​នៃ​ក្រុម​អត្តពលិកខ្មែរ​អាមេរិកាំង​ពីក្រុង​ឡូវែល​អាច​នាំ​ភាព​វិជ្ជមាន​ក្នុង​ទំនាក់​ទំនង​កម្ពុជា​-អាមេរិក


ក្រុម​អត្តពលិក​នារី​បាល់ទះដែល​មាន​​​​​​សញ្ជាតិ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​កំពុង​ហាត់សម​នៅ​ទីលាន​បាល់ទះ ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

អភិបាល​ក្រុង​ឡូវែលដឹកនាំ​អត្តពលិក​សញ្ជាតិ​អាមេរិកាំងដើម​កំណើតខ្មែរ​មក​ចូលរួម​ប្រកួត​កីឡា​បាល់​ទះ​ក្នុង​ស៊ីហ្គេម​តំណាង​ឱ្យ​កម្ពុជា​ ដោយ​រំពឹង​ថា​ ​ពួកគេ​នឹង​ជំរុញ​ឱ្យ​ក្មេង​ស្រី​កាន់តែ​ក្លាហាន​ ហើយ​អាច​ធ្វើ​ឱ្យ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ប្រសើរ។​

កម្ពុជា​កំពុង​ធ្វើ​ជាម្ចាស់​ផ្ទះរៀប​ចំ​ការ​ប្រកួត​កីឡា​ផ្សេងៗ​ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម​ លើក​ទី​ ៣២ ដែល​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​នៅថ្ងៃ​ទី​ ៥​ ខែ​ឧសភា​ រហូត​ដល់​ថ្ងៃទី ១៧ ខែ​ឧសភា ​ឆ្នាំ​ ២០២៣។​

ប្រធាន​ក្រុមប្រឹក្សា​ភិបាល​របស់​សមាគម​កីឡា​សហរដ្ឋអាមេរិក​កម្ពុជា (UCSA) និង​ជា​អភិបាលក្រុងឡូវែល​ដែ​ល​មាន​ដើម​កំណើត​ខ្មែរ លោក ចៅ សុខារី ​ប្រាប់វីអូអេ​ក្នុង​អំឡុង​ពេល​នាំ​អត្តពលិក​ស្រ្តី​ចំនួន​ ៤ ​រូប​ចូលរួម​ប្រកួត​កីឡា​ស៊ីហ្គេម នៅ​ថ្ងៃ​ទី ៥ ខែ​ឧសភា ឆ្នាំ​ ២០២៣ នេះ​ថា អត្តពលិក​ទាំង​នេះ​មាន​ឪពុក​ម្តាយ និង​ជីដូនជីតាជា​ជនជាតិ​ខ្មែរ ដែល​បាន​ភៀស​ខ្លួន​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក ​ក្នុង​អំឡុង​ពេល​សង្គ្រាម។ លោក​ថា ​ពួកគេបាន​ស្ម័គ្រ​ចិត្តមកចូល​រួម​ប្រកួត​ស៊ីហ្គេម​ផ្នែកកីឡាបាល់​ទះ​ដើម្បី​តំណាង​ឱ្យ​កម្ពុជា។​

លោក ចៅ សុខារី ​អភិបាល​ក្រុង​ឡូវែល​ដែល​មាន​សញ្ជាតិ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ ផ្តល់​កិច្ច​សម្ភាសន៍​ដល់​វីអូអេ ក្នុង​ស្ថានទូត​សាហរដ្ឋ​អាមេរិក ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
លោក ចៅ សុខារី ​អភិបាល​ក្រុង​ឡូវែល​ដែល​មាន​សញ្ជាតិ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ ផ្តល់​កិច្ច​សម្ភាសន៍​ដល់​វីអូអេ ក្នុង​ស្ថានទូត​សាហរដ្ឋ​អាមេរិក ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

លោក​ថ្លែង​ថា៖ «ពួកគេ​ពិតជា​មាន​មោទនភាព​ខ្លាំងណាស់​ដែល​បាន​តំណាង​ឱ្យ​សហរដ្ឋ​អាមេរិក និង​កម្ពុជា ខណៈ​ដែល​ពួកគេ​ទាំងពីរ​ជា​ជនជាតិ​ខ្មែរ​អាមេរិកាំង​ ដូច​ឈ្មោះដែល​បាន​ស្នើឡើង ហើយ​យើង​ពិត​ជា​រំភើប​ខ្លាំងណាស់។ ទាំងនេះ​ជា​អត្តពលិក​កំពូលៗ ខ្លះ​ជា​អត្តពលិក​ស្ត្រីខ្មែរ​អាមេរិកាំង​កំពូលៗ​នៅ​សហរដ្ឋ​អាមេរិក។​ ពួកគេ​មក​តំណាង​អាស៊ាន​និង​នៅកម្ពុជា»។

ការ​ចូលលេង​កីឡា​ដើម្បី​ប្រកួត​ប្រជែង​សម្រាប់​ក្មេង​ស្រី និង​ស្រ្តី​នៅ​កម្ពុជា នៅ​មិនទាន់​មាន​ភាព​ទូលំទូលាយ​នៅ​ឡើយ ដោយ​សារ​ផ្នត់គំនិត​ក្នុង​គ្រួសារ​មួយ​ចំនួន​មិនចង់​ឱ្យ​កូនស្រី​លេងកីឡា​ និង​កង្វះ​ឱកាសសម្រាប់ការ​ជំរុញ​ឱ្យ​ពួកគេ​ចូលរួម។ ចំណែក​ទំនាក់ទំនង​ការទូត​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​ក៏​តែង​មាន​ភាព​រកាំរកូស បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​រំលាយ​គណបក្ស​សង្គ្រោះជាតិ ​បិទស្ថាប័ន​សង្គម​ស៊ីវិល​ និង​ស្ថាប័ន​សារព័ត៌មានជាបន្ត​បន្ទាប់។

លោក ចៅ សុខារី ​បន្ថែម​ថា ទន្ទឹម​នឹង​ការតំណាង​ឱ្យ​កម្ពុជា ពួកគេ​ក៏​នឹងផ្តល់ជា​គំរូ​ដល់​កុមារី និង​ស្ត្រី​ក្នុង​ប្រទេស​កម្ពុជា ក៏ដូចជាលើពិភពលោក ​ជាពិសេស​ការ​ពង្រឹងទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក។

លោក​បញ្ជាក់​ថា៖ «អត្តពលិក​ទាំងនេះ​មកទីនេះ​ដើម្បី​លេង ​ពួកគេ​មកទីនេះ​ដើម្បី​ឈ្នះ។ ប៉ុន្តែ​មាន​ផ្នែក​មួយ​ដែល​ជា​ការទូត​ផ្នែក​កីឡា ហើយ​ពួកគេ​ផ្ទាល់ ពួកគេ​ប្រហែល​ជា​មិន​បាន​ដឹង​អំពី​រូបភាព​ធំ​ជាង​នេះ​ទេ។ ពួកគេ​កំពុង​រួមចំណែក​ដល់​ទំនាក់​ទំនង​ការទូត​ [កម្ពុជា-អាមេរិក] នេះ។ ពួកគេ​កំពុង​លើក​កម្ពស់​ភាព​វិជ្ជមាន។ ពួកគេ​កំពុង​តំណាង​ឱ្យ​តួនាទី​ដ៏​មិនគួរ​ឱ្យ​ជឿ​របស់​ស្ត្រី​កម្ពុជា​ថា ​តើ​ពួកគេ​អាច​ជោគជ័យ​បានកម្រិតណា​»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ដើម​ខែឧសភា​នេះ បាន​ប្រកាសស្វាគមន៍​ចំពោះ​កីឡាករដើមកំណើត​ខ្មែរ​ទាំងអស់​ពី​បរទេស​ ដែល​ចូលរួម​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​ ៣២​ តំណាង​ឱ្យកម្ពុជា បើទោះបី​ពួកគេ​គ្មាន​សញ្ជាតិ​ខ្មែរ។

កញ្ញា Nancy Pin (ឆ្វេង) និងកញ្ញា Sabrina Touch (ស្តាំ) នៃក្រុម​អត្តពលិក​នារី​បាល់ទះ​មានសញ្ជាតិ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ ផ្តល់​កិច្ច​សម្ភាសន៍​ដល់​វីអូអេនៅស្ថានទូត​អាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
កញ្ញា Nancy Pin (ឆ្វេង) និងកញ្ញា Sabrina Touch (ស្តាំ) នៃក្រុម​អត្តពលិក​នារី​បាល់ទះ​មានសញ្ជាតិ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ ផ្តល់​កិច្ច​សម្ភាសន៍​ដល់​វីអូអេនៅស្ថានទូត​អាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

កញ្ញា Nancy Pin អត្តពលិក​កីឡាបាល់ទះ​សញ្ជាតិ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ លើក​ឡើង​ថា ​វា​ជា​ឱកាស​ដ៏​ល្អ​ដែល​បាន​មក​ប្រទេស​ដែល​ជា​ទី​កន្លែង​កំណើត​របស់​ឪពុកម្តាយ​កញ្ញា និង​ជា​ឱកាសសម្រាប់​លើក​ទឹក​ចិត្ត​ឱ្យ​ស្រ្តី​ចូលរួម​វិស័យ​កីឡា​ឱ្យ​កាន់​តែ​ច្រើន។

កញ្ញាថ្លែងថា៖ «ខ្ញុំ​ពិត​ជា​រំភើប​ណាស់​ដែល​អាច​តំណាង​ឲ្យ​ប្រទេស​កម្ពុជា និង​សហរដ្ឋ​អាមេរិក។ ខ្ញុំ​សង្ឃឹម​ថា យើង​អាច​ជំរុញ​ទឹក​ចិត្ត​ស្ត្រី​វ័យ​ក្មេង​ឱ្យ​លេង​កីឡា ហើយ​សង្ឃឹម​ថា​នឹង​ជំរុញ​ឱ្យ​មាន​ឱកាស​កាន់​តែ​ច្រើន​សម្រាប់​ស្ត្រី​វ័យ​ក្មេង និង​កីឡា»។

ចំណែក​កញ្ញា Sabrina Touch អត្តពលិក​កីឡាបាល់ទះ​ដែល​មានសញ្ជាតិ​អាមេកាំង​ដើម​កំណើត​ខ្មែរ​ដែរ​នោះ​ រំពឹងថា កញ្ញា​នឹង​ព្យាយាម​ប្រកួត​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បីទទួល​បាន​មេដាយសម្រាប់​ប្រទេស និង​ប្រជាជន​កម្ពុជា​ទាំង​មូល។​

កញ្ញាថ្លែងថា៖ «ប្រសិន​បើ​ពួកយើង​ទទួល​បាន​មេដាយ​មក​នោះ ប្រាកដ​ណាស់គឺ​សម្រាប់​ប្រទេស​កម្ពុជា»។

នេះ​ជា​លើក​ទី ១ ​ហើយ​ដែល​ក្រុម​បាល់​ទះ​ឆ្នេរ​ខ្សាច់​នារី​កម្ពុជាធ្វើ​ដំណើរ​ពី​សហរដ្ឋ​អាមេរិក​មកប្រកួត​ស៊ីហ្គេមនៅ​កម្ពុជា។ ក្រុម​នេះ​មាន​ទាំង​អត្តពលិក​សហរដ្ឋ​អាមេរិក និង​អត្តពលិក​កម្ពុជា​ចូលរួម​ប្រកួត​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​លើ​ឆាក​ពិភពលោក​ក្នុង​នាម​ជា​ក្រុម​ជម្រើស​ជាតិ​កម្ពុជា៕

បទ​យក​ការណ៍​វីអូអ៖ ដក​ទំនប់​ចេញ​វិញ​ពី​ទន្លេ Klamath នៅ​អាមេរិក

ចូល​ទៅ​កាន់​ទំព័រ​ពិសេស​នៃ​បទ​យក​ការណ៍​ទាំង​៤​ភាគ
XS
SM
MD
LG