ក្មេងៗ និងយុវជនទាំងនេះ សុទ្ធតែកើតនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែពួកគេស្ទើរតែមិនអាចនិយាយភាសាខ្មែរបានមួយម៉ាត់ផង។
កញ្ញា គន្ធា ផតធ័រ និងបងស្រីបង្កើតរបស់នាងគឺ កញ្ញា ដេវិន ផតធ័រ ត្រូវបានគ្រួសារអាមេរិកាំងមួយ យកមកចិញ្ចឹមក្នុងសហរដ្ឋអាមេរិកនេះ តាំងតែពីពួកគេ នៅតូចៗម្ល៉េះ។
គន្ធា និយាយថា៖
«ទោះបីជា ឪពុកម្ដាយរបស់ពួកយើង ពិតជាចង់ឱ្យពួកយើង នៅមានទំនាក់ទំនងជាប់ជាមួយវប្បធម៌របស់យើងក៏ដោយ ក៏ពួកយើង បានចាប់ផ្ដើមរៀនភាសាអង់គ្លេសភ្លាមៗ ក្នុងរយៈពេលតែមួយខែក្រោយពីពួកយើង បានមករស់នៅអាមេរិក ដោយទុកវប្បធម៌របស់យើងនៅមួយឡែកសិន ហើយព្យាយាមស្រវាស្រទេញ ចូលឲ្យចុះក្នុងវប្បធម៌អាមេរិកាំងវិញ។ ប៉ុន្តែ នៅពេលដែលពួកយើងធំដឹងក្តី ពួកយើងទាំងពីរនាក់ មានអារម្មណ៍សោកស្ដាយណាស់»។
គន្ធា និយាយថា នាងនិងបងស្រី បានភ្លេចភាសាខ្មែរអស់ទៅហើយ។ ប៉ុន្តែ គន្ធា បន្ថែមថា នាងនិងបងស្រីរបស់នាង បាននិងកំពុងព្យាយាមផ្សារភ្ជាប់ខ្លួន ទៅនឹងវប្បធម៌ដើមរបស់ពួកគេឡើងវិញ ដោយការរៀនភាសាខ្មែរ និងចូលរួមក្នុងកម្មវិធីបោះជំរំប្រចាំឆ្នាំមួយនេះ។
គន្ធា និយាយថា៖
«ខ្ញុំនិងបងស្រីរបស់ខ្ញុំ តែងតែព្យាយាមរកមធ្យោបាយផ្សេងៗ ដើម្បីភ្ជាប់ខ្លួនទៅនឹងវប្បធម៌របស់យើងនិងរៀនសូត្រអំពីវប្បធម៌នេះ។ នៅពេលដែលយើងមកចូលរួមក្នុងកម្មវិធីបោះជំរំនេះ ទើបយើងដឹងថា អ្វីៗទាំងអស់នៅក្នុងជំរំនេះ គឺដើម្បីឲ្យយើងស្គាល់ពីវប្បធម៌របស់យើង។ ខ្ញុំស្រលាញ់បេសកកម្មនិងការផ្ដោតទៅលើក្រុមគ្រួសារនៃកម្មវិធីបោះជំរំនេះ»។
ជារៀងរាល់ឆ្នាំ ក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ អ្នករៀបចំកម្មវិធីបោះជំរំនេះ ដែលគេឲ្យឈ្មោះថា ជំរំមរតកខ្មែរ (Cambodia Heritage Camp) បានប្រមូលផ្ដុំកូនខ្មែរដែលត្រូវក្រុមគ្រួសារអាមេរិកាំង យកមកចិញ្ចឹមនៅសហរដ្ឋអាមេរិកនេះ ដូចជាគន្ធានិងបងស្រីរបស់នាងជាដើម មកជួបជុំគ្នារយៈពេល៤ថ្ងៃនៅទីនេះ។
ក្នុងកម្មវិធីបោះជំរំរដូវក្តៅ កាលពីខែ កក្កដា កន្លងទៅនៅលើភ្នំ Snow Mountains ក្នុងទីក្រុង Granby ចម្ងាយប្រមាណពីរម៉ោងតាមរថយន្តពីក្រុង ដិនវ័រ នៃរដ្ឋខូឡូរ៉ាដូនេះ អ្នកចូលរួម ត្រូវបានបង្ហាត់បង្រៀនអំពីទំនៀមទម្លាប់ខ្មែរ និងទិដ្ឋភាពផ្សេងៗទៀតនៃវប្បធម៌ខ្មែរ ដូចជាការធ្វើម្ហូបខ្មែរ និងការរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែរជាដើម។
អ្នកស្រី ហេង វីរ៉ាមី គឺជាអ្នកស្ម័គ្រចិត្តម្នាក់ ដែលមកជួយបង្ហាត់បង្រៀននិងបង្ហាញឲ្យកូនខ្មែរដែលមានឪពុកម្ដាយចិញ្ចឹមជាពលរដ្ឋអាមេរិកាំងទាំងនេះ បានស្គាល់ពីររបៀបរៀបការតាមបែបខ្មែរ។
«កូនទាំងអស់ហ្នឹង ទោះបីជាមកនៅសហរដ្ឋអាមេរិក មានម៉ែឪជាជនជាតិអាគាំង ប៉ុន្តែពេលដែលឆ្លុះកញ្ចក់មើលមុខខ្លួនឯង អាសាច់ឈាមរបស់យើងហ្នឹង វាអត់អាចដូរបានទេ។ ដូច្នេះ យើងត្រូវតែជួយឲ្យកូនហ្នឹង ថែទាំនូវប្រពៃណី ទោះមិនបានច្រើន ក៏ឲ្យបានដឹងដែរ»។
ប្រទេសកម្ពុជា បានឆ្លងកាត់សង្គ្រាមនិងការវាយប្រយុទ្ធគ្នាក្នុងស្រុកអស់រយៈពេលជិត៣ទសវត្សរ៍ចាប់តាំងពីទសវត្សរ៍១៩៧០មក ជាពិសេសគឺក្នុងរបបខ្មែរក្រហមនៅចន្លោះឆ្នាំ ១៩៧៥ដល់១៩៧៩ ដែលបានធ្វើឲ្យប្រជាជនជិត២លាននាក់ស្លាប់បាត់បង់ជីវិត។ សោកនាដកម្មដ៏សែនរន្ធត់នេះ បានធ្វើឲ្យខ្ទេចខ្ទីនូវវប្បធម៌និងប្រពៃណីដ៏ល្អផូរផង់របស់ប្រទេសដែលធ្លាប់មានអារ្យធម៌ដ៏រុងរឿងមួយនេះនិងបានបន្សល់ទុកនូវស្ត្រីមេម៉ាយនិងកូនកំព្រាយ៉ាងច្រើន។
ចាប់តាំងពីឆ្នាំ១៩៩៩មក មានកូនខ្មែរចំនួន ២៣៥៥នាក់ ត្រូវក្រុមគ្រួសារអាមេរិក យកមកចិញ្ចឹមនិងរស់នៅក្នុងសហរដ្ឋអាមេរិកនេះ។ នេះបើយោងតាមតួលេខរបស់ក្រសួងការបរទេសអាមេរិក។
អ្នកស្រី Susan Borst គឺជាម្ដាយចិញ្ចឹមរបស់គន្ធា និងដេវិន តាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ។ អ្នកស្រី Susan ដែលជាស្ថាបនិកម្នាក់នៃកម្មវិធីបោះជំរំមរតកខ្មែរនេះ មានប្រសាសន៍ថា អ្នកស្រី បាននាំកូនចិញ្ចឹមទាំងពីរនាក់របស់អ្នកស្រី មកចូលរួមក្នុងកម្មវិធីបោះជំរំនេះ ជារៀងរាល់ឆ្នាំ។
«ខ្ញុំចង់ឲ្យកូនរបស់ខ្ញុំ ធំដឹងក្ដីឡើង ដោយស្គាល់និងមានមោទនភាពចំពោះវប្បធម៌របស់ពួកគេ»។
ជាម្ដាយនៃកូនចិញ្ចឹមពីរនាក់ដែរ គឺម្នាក់ជាកូនចិន និងម្នាក់ទៀតជាកូនខ្មែរ អ្នកស្រី Kimberly Lanegran ដែលជាសាស្ត្រាចារ្យមកពីទីក្រុងCedar Rapids នៃរដ្ឋ Iowa ក៏ចង់ឲ្យកូនចិញ្ចឹមរបស់អ្នកស្រី ស្គាល់និងបានរៀនសូត្រពីវប្បធម៌នៃប្រទេសដើមកំណើតរបស់នាងដែរ។
«យើងមិនអាចធ្វើឲ្យនាង ដូចយើងបានទេ ហើយនាងក៏មិនដូចយើងដែរ។ យើងគ្រាន់តែជួយនាងឲ្យដឹងថា នាងគឺជាពលរដ្ឋអាមេរិកាំង ហើយនាងគឺជាកូនស្រីរបស់យើង ប៉ុន្តែ នាង ក៏កើតនៅក្នុងប្រទេសកម្ពុជាដែរ»។
យុវតី Clair Mali Ottemoeller គឺជាកូនចិញ្ចឹមម្នាក់របស់អ្នកស្រី Kimberly Lanegran។ នាងបានទៅលេងប្រទេសកម្ពុជា ជាមួយឪពុកម្ដាយចិញ្ចឹមរបស់នាងកាលពីឆ្នាំ២០១៥។ Clair និយាយថា កម្មវិធីបោះជំរំមរតកខ្មែរនេះ មិនត្រឹមតែធ្វើឲ្យនាង បានខិតកាន់តែជិតទៅនឹងវប្បធម៌កំណើតរបស់នាងប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យនាង មានទំនាក់ទំនងជាមួយកូនខ្មែរផ្សេងទៀត ដែលមានវាសនាដូចជារូបនាងដែរ។
«ខ្ញុំអាចនៅជាមួយមនុស្សដូចខ្ញុំដែរ ដែលនេះគឺជារឿងល្អមួយ ពីព្រោះ ក្នុងទីក្រុងCedar Rapids មិនមានខ្មែរច្រើនទេ។ ដូច្នេះ វាជារឿងល្អណាស់ក្នុងការបាននៅជាមួយអ្នកដែលឆ្លងកាត់បទពិសោដន៍ខ្លះដូចខ្ញុំដែរ»។
លោក ឆាយ គឹមសួរ គឺជាអ្នកបើកបរយន្តហោះ ឲ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិកាំងមួយ។ លោកបានចូលរួមធ្វើជាអ្នកស្ម័គ្រចិត្តផ្ដល់ប្រឹក្សាយោបល់ដល់កូនខ្មែរដែលចូលរួមក្នុងកម្មវិធីបោះជំរំមរតកខ្មែរនេះអស់រយៈពេល១៣ឆ្នាំមកហើយ។
«ក្មេងខ្លះ រស់នៅក្នុងទីក្រុងតូចៗនៅប៉ែកកណ្ដាលសហរដ្ឋអាមេរិក ហើយពួកគេ គឺជាកូនក្មេងតែម្នាក់គត់ដែលមិនមែនជាជនជាតិស្បែកសរ ហើយពួកគេ ឃើញឪពុកម្ដាយរបស់ខ្លួន ជាជនជាតិស្បែកសរ ដូច្នេះ ពួកគេ មិនយល់ថាតើហេតុអ្វីបានជាអញ្ចឹង។ ក្មេងៗទាំងនេះ មិនយល់ពីបញ្ហានៃការយកកូនក្មេងមកចិញ្ចឹមនេះទេ។ ជួលកាលពួកគេ ត្រូវគេមើលងាយ ឬផាត់ចេញពីសង្គម ដូច្នេះ ពួកគេ ធំដឹងក្ដីឡើង ដោយមានអារម្មណ៍បែបនេះ ហើយពួកគេ នៅតែឆ្ងល់ថាតើហេតុអ្វីបានជា ពួកគេគឺជាកូនចិញ្ចឹមរបស់គេ។»
លោក ឆាយ គឹមសួរ បន្តថា៖
«ដូច្នេះ ពួកគេ ត្រូវប្រឈមខ្លាំងណាស់ចំពោះរឿងនេះ។ ប៉ុន្តែ ពេលពួកគេ មកចូលរួមក្នុងកម្មវិធីបោះជំរំនេះ លើកដំបូង ពួកគេដឹងថា ពួកគេស្ថិតនៅកន្លែងមួយ ដែលអ្នកដទៃទៀត ក៏ដូចជាពួកគេដែរ។ ទាំងអ្នកជួយណែនាំ ទាំងក្មេងៗជុំវិញខ្លួនពួកគេ គឺសុទ្ធតែឆ្លងកាត់បទពិសោធន៍ដូចគ្នាទាំងអស់។ ហេតុដូច្នេះ ហើយពួកគេ មិននៅឯកោតទៅទៀតទេ»។
លោក ឆាយ គឹមសួរ បន្ថែមទៀតថា រូបលោកផ្ទាល់ មានការប្ដេជ្ញាចិត្ត ចូលរួមជួយណែនាំក្មេងៗខ្មែរដែលត្រូវគេយកមកចិញ្ចឹមទាំងនេះ ដោយសារតែលោក មើលឃើញការលះបង់ទាំងពេលវេលានិងកម្លាំងកាយចិត្តរបស់ឪពុកម្ដាយអាមេរិកាំងទាំងនេះ ដែលបាននាំកូនចិញ្ចឹមរបស់ពួកគេមកជំរំនេះ។
«ឪពុកម្ដាយចិញ្ចឹមទាំងនេះ បង្រៀនកូនៗរបស់ពួកគេ នូវអ្វីៗដែលមិនស្របនឹងជំនឿរបស់ពួកគេទាំងអស់នោះទេ។ យើងមានក្រុមគ្រួសារដែលបាននិមន្តព្រះសង្ឃព្រះពុទ្ធសាសនាមក ហើយពួកគេ មិនជឿលើពុទ្ធសាសនានោះទេ។ ដូច្នេះ ឪពុកម្ដាយទាំងនេះ ត្រូវពិចារណាថាតើពួកគេ បណ្ដោយឲ្យកូនៗរបស់ពួកគេ ស្ដាប់ព្រះសង្ឃទេសនាឬអត់។ ប៉ុន្តែ ការណ៍ដែលពួកគេ នាំកូនៗរបស់ពួកគេមកចូលរួម ហើយបើកចិត្តទូលាយអំពីជំនឿសាសនា នេះជាសញ្ញាណល្អមួយ»។
ក្រៅពីក្រុមគ្រួសារអាមេរិកាំងដែលយកកូនខ្មែរមកចិញ្ចឹម មកពីរដ្ឋនានាទូទាំងសហរដ្ឋអាមេរិកនោះ ពលរដ្ឋខ្មែរអាមេរិកាំង ដែលបានមករស់នៅសហរដ្ឋអាមេរិកជាយូរឆ្នាំមកហើយទាំងមកពីរដ្ឋផ្សេង ទាំងនៅក្នុងរដ្ឋខូឡូរ៉ាដូនេះផ្ទាល់ ក៏បានស្ម័គ្រចិត្តចូលរួមជួយក្នុងកម្មវិធីបោះជំរំមរតកខ្មែរនេះដែរ។
លោក សរ៍ ទិត្យបូរី គឺជាអ្នកស្ម័គ្រចិត្តម្នាក់ទៀត ដែលជួយបង្ហាត់បង្រៀនកូនចិញ្ចឹមខ្មែរទាំងនេះ អំពីទំនៀមទម្លាប់ខ្មែរ។
«សំខាន់ពាក្យមួយដែលយើងប្រើរហូតមក ដល់១៥ឆ្នាំមកហើយនេះ រហូតដល់កូនក្មេងហ្នឹងរៀនចប់ដល់ថ្នាក់ទី១២ក៏ដោយ គេហៅថាIdentity [អត្តសញ្ញាណ]។ Identity គឺថាកុំបំភ្លេច ឫសគល់របស់យើង ជាស្អី ដែលបង្រៀនទាំងអស់ហ្នឹង តែងតែសង្កត់នៅលើហ្នឹង»
លោកបន្តថា ឪពុកម្ដាយអាមេរិកាំង ដែលយកកូនខ្មែរមកចិញ្ចឹមទាំងនេះ តែងតែលើកទឹកចិត្តកូនៗរបស់ពួកគេ ឲ្យរក្សាប្រពៃណីនិងទំនៀមទម្លាប់ខ្មែរ ដែលជាដើមកំណើតរបស់ពួកគេ។
«ទុកជាថា ក្មេងទាំងនេះមានឪពុកម្ដាយជាអាគាំងមែន ប៉ុន្តែឪពុកម្ដាយជាអាគាំងហ្នឹង អត់មានទារយកសិទ្ធិមកថា អ្នកឯងឥឡូវនេះ អាគាំងហើយ អត់ទេ។ គេតែងតែបង្រៀនកូនគេថា កូនឯងនៅជាខ្មែរ [រក្សា] វប្បធម៌ខ្មែរ ហើយខ្លះហ្នឹង រហូតដល់បាននាំកូនទៅស្រុកខ្មែរ ច្រើនដងជាងខ្ញុំផង!»។
អ្នកស្រី Sharon Blender គឺជានាយិកាប្រតិបត្តិម្នាក់នៃកម្មវិធីបោះជំរំមរតកខ្មែរនេះ។ អ្នកស្រី មានប្រសាសន៍ថា តាមពិតទៅ អ្នកស្ម័គ្រចិត្តជាពិសេសយុវជនដែលក្លាយជាអ្នកផ្ដល់ប្រឹក្សាដល់ក្មេងៗទាំងអស់ បានសម្ដែងការខកចិត្តដែលពួកគេ មិនបានដឹងគ្រប់គ្រាន់អំពីវប្បធម៌របស់ខ្លួន ហើយក៏មិនសូវបានរៀនសូត្រអំពីរបៀបខ្មែរក្នុងរង្វង់ក្រុមគ្រួសាររបស់ពួកកន្លងមក ដោយសារតែការប៉ះទង្គិចផ្លូវចិត្តនិងអ្វីដែលក្រុមគ្រួសាររបស់ពួកគេបានហែលឆ្លងកាត់ក្នុងប្រទេសកម្ពុជា។
អ្នកស្រី Sharon Blender ថ្លែងថា៖
«នៅពេលពួកគេ មកចូលរួមក្នុងការបោះជំរំនៅទីនេះ ពួកគេ បានរៀនសូត្រអំពីវប្បធម៌របស់ពួកគេ ហើយក៏បានក្លាយជាគ្រូណែនាំដ៏អស្ចារ្យសម្រាប់កូនៗរបស់ពួកយើង។ ឲ្យតែខ្ញុំនិយាយពីរឿងនេះ ខ្ញុំស្ទើរទប់ទឹកភ្នែកមិនបានទេ។ កាលពីឆ្នាំមុន ពួកគេ បានប្រាប់យើងយ៉ាងច្បាស់ថា កម្មវិធីបោះជំរំនេះ គឺជាកន្លែងតែមួយគត់ ដែលពួកគេ តែងតែមានមោទនភាពក្នុងនាមជាខ្មែរ»។
អ្នកស្រី Sharon ដែលខ្លួនអ្នកស្រីផ្ទាល់ ក៏មានកូនចិញ្ចឹមម្នាក់ មកពីប្រទេសកម្ពុជាដែរនោះ បានបន្តថា ៖
«គោលបំណងដែលសំខាន់ជាងគេបំផុតនៃជំរំមរតកខ្មែរនេះ តាមការយល់ឃើញរបស់ខ្ញុំ គឺដើម្បីឲ្យកូនរបស់យើង មានមោទនភាពនិងការគោរពចំពោះវប្បធម៌នៃប្រទេសកំណើតរបស់ពួកគេ»។
ទោះបីជាកូនខ្មែរដែលមានឪពុកម្ដាយចិញ្ចឹមជាពលរដ្ឋអាមេរិកាំង ពេលនេះ ក្លាយទៅជាអាមេរិកាំងទៅហើយក៏ដោយ ក៏ពួកគេជាច្រើន ដូចជាគន្ធាជាដើម និយាយថា ពួកគេបានឆ្លងកាត់បញ្ហាប្រឈមយ៉ាងច្រើន នៅក្នុងការរស់នៅក្នុងវប្បធម៌ពីរផ្សេងគ្នានេះ។
កញ្ញា គន្ធា និយាយថា៖
«ពួកយើង មិនត្រូវបានទទួលស្គាល់ថាជាខ្មែរគ្រប់ពេលនោះទេ ហើយក៏មិនត្រូវបានទទួលស្គាល់ថាជាអាមេរិកាំងដែរ ដូច្នេះ ខ្ញុំមានអារម្មណ៍ថា ឋានៈជាខ្មែរអាមេរិកាំង គឺពិតជាល្អណាស់សម្រាប់ពួកយើង»។
គន្ធា ពន្យល់ថា នាងមានអារម្មណ៍បែបនេះ ដោយសារតែនាង មានដើមកំណើតជាខ្មែរ ប៉ុន្តែ ធំដឹងក្តីនៅអាមេរិក។
កញ្ញា គន្ធា និយាយថា៖
«ក្នុងមួយជីវិតខ្ញុំនេះ ខ្ញុំចាប់យកចំណែកទាំងសងខាងគឺខ្មែរផងនិងអាមេរិកាំងផង ហើយនឹងព្យាយាមរស់នៅជាមួយវប្បធម៌ទាំងពីរ»៕