ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​តុលាការ​New York​មិនទាន់​សម្រេច​លើ​ករណី​វត្ថុ​បុរាណ​ខ្មែរ​ពី​ប្រាសាទ​កោះកែ​នៅឡើយ​ទេ​


វត្ថុ​បុរាណ​នេះ​មាន​ទម្ងន់​ប្រហែល​២៥០​គីឡូក្រាម​និង​កម្ពស់​​ជាង​១,៥​ម៉ែត្រ។
វត្ថុ​បុរាណ​នេះ​មាន​ទម្ងន់​ប្រហែល​២៥០​គីឡូក្រាម​និង​កម្ពស់​​ជាង​១,៥​ម៉ែត្រ។

សារមន្ទីរ​Sotheby ​នឹង​រក្សា​រូប​ចម្លាក់​អ្នក​ចម្បាំង​ខ្មែរ​សម័យ​សតវត្សរ៍​ទី​១០​បន្ត​ទៀត​សិនក្រោយ​ពី​សវនាការ​កាលពី​ថ្ងៃ​ពុធក្នុង​តុលាការ​នៅ​បុរី​ញ៉ីវយ៉ក​មិន​បាន​សម្រេច​ថា​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​អាមេរិក​រឹបអូស​ទុកឬ​យ៉ាង​ណា។

លោកស្រី​ ស្តេហ្វានី ​សឺកូវិច ​(Stephanie Cirkovich)​ អ្នកនាំ​ពាក្យ​តុលាការ​ប្រចាំ​តំបន់​៧បាន​ប្រាប់​វីអូអេ​ផ្នែក​ខេមរ​ភាសាថា៖

«រហូត​មក​ដល់​ពេល​នេះ​តុលាការ​មិន​ទាន់​សម្រេច​សេចក្តី​យ៉ាង​ណា​នៅ​ឡើយ​ទេ»។

លោក​ស្រី​បាន​បន្តថា​តុលាការពន្យា​ពេល​សម្រេច​នេះ​រហូត​ដល់​ថ្ងៃ​ទី​២០​ខែ​មិថុនា​ដើម្បី ​ធ្វើ​សវនាការ​ម្តង​ទៀតដែល​ជា​ការ​ទុក​ពេល​ឱ្យ​ភាគី​នានា​មាន​ឱកាស​ចូលរួម​ការពារ​សំណុំរឿង​នេះ។

វត្ថុ​បុរាណ​ដែល​ហៅ​ថា​ជា ​អ្នក​ចម្បាំង​សម័យ​បុរាណ ​ឬ​អ្នក​ខ្លះ​ហៅថា​ជា​អ្នក​ចំបាប់​ត្រូវ​បាន​សារមន្ទីរ​ Sotheby ​គ្រោង​ដាក់​លក់​ដេញ​ថ្លៃ​ប៉ុន្តែ​បាន​ដក​ចេញ​វិញ ​នៅ​នាទី​ចុង​ក្រោយ​បន្ទាប់​ពី​មាន​ការជំទាស់​យ៉ាង​ខ្លាំង​ពី​អាជ្ញាធរ​កម្ពុជា។

អាជ្ញាធរ​អាមេរិក​ចង់​រឹប​អូស​យក​ហើយ​ប្រគល់​ទៅ​ឱ្យ​ប្រទេស​កម្ពុជា​វិញ​តាម​ការទាម​ទារ​ប៉ុន្តែត្រូវ​បាន​សារមន្ទីរ​Sotheby ​ស្នើ​សុំ​មិន​ឱ្យ​រដ្ឋាភិបាល​រឹប​អូស​យក​នៅ​ឡើយ​ទេ​ដោយ​លោក​មេធាវី Peter Neiman​បាន​បញ្ជាក់​ក្នុង​ឯកសារ​របស់​តុលាការ​ថា​ក្រសួង​សន្តិសុខ​ជាតិ​ដែល​មាន​ភារៈកិច្ច​ជា​អ្នក​ត្រូវ​មក​រឹប​អូស​យក​គឺ​មាន​បច្ចេកទេស​តិច​តួច​ក្នុង​ការទុក​ដាក់​វត្ថុ​ដ៏​មាន​តម្លៃ​មហាសាល​នេះ​ហើយ​វត្ថុ​នេះ​កំពុង​ត្រូវ​រក្សា​ទុក​ក្នុង​កន្លែង​ដែល​រក្សា​ទុក​បាន​ត្រឹមត្រូវ​ហើយ។

លោក​ហែម​ ហេង ​ឯកអគ្គរាជទូ​ត​ខ្មែរ​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​បាន​មាន​ប្រសាសន៍ប្រាប់​វីអូអេថា៖​

«វត្ថុ​បុរាណ​នេះ​ជា​វត្ថុ​បុរាណ​របស់​កម្ពុជា​១០០​ភាគរយ។ ខ្ញុំ​គិត​ថា​យុត្តិធម៌​នឹង​បាន​មក​កម្ពុជា​ហើយ​ក៏​ឆ្លៀត​ឱកាស​នេះ​ខ្ញុំ​សូម​សម្តែង​អំណរ​គុណ​ចំពោះ​រដ្ឋាភិបាល​អាមេរិក​ដែល​បាន​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​ដើម្បី​នឹង​ជួយ​ធ្វើ​យ៉ាង​ណា​ដើម្បី​នឹង​ដោះស្រាយ​បញ្ហា​នេះ​តាម​ផ្លូវ​តុលាការ​ដើម្បី​ប្រគល់​នូវ​វត្ថុបុរាណ​នេះ​មក​ឱ្យ​កម្ពុជា​វិញ»។

លោកស្រី​ តេស ដាវីស ​នាយក​ប្រតិបត្តិ​នៃ​ក្រុម​មេធាវីរបស់​គណកម្មាធិការ​ដើម្បី​ថែ​រក្សា​បិតិកភណ្ឌ​វប្បធម៌​បាន​បញ្ជាក់​ថា​មាន​ស្ថាប័ន​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ជាច្រើន​ចូលរួមក្នុង​ការ​តាម​ប្រមូល​មក​វិញ​នូវវត្ថុ​បុរាណ​នេះ​ក្នុង​នោះ ​មាន​ក្រសួង​សន្តិសុខ​ជាតិ​និង​ក្រសួង​យុត្តិធម៌ហើយថា​រដ្ឋាភិបាល​អាមេរិក​មាន​ប្រៀប​ខ្លាំង​ក្នុង​ការ​រឹបអូស​យក​វត្ថុ​បុរាណ​ដែល​ខ្មែរ​ទាម​ទារ​នោះ។ លោក​ស្រី​ក៏​បាន​បញ្ជាក់​ដែរ​ថា​សារមន្ទីរ​Sotheby ​គឺ​បាន​ដឹង​ជាមុន​ពី​ភាព​ចម្រូង​ចម្រាស​ដែល​អាច​កើត​មាន​ឡើង​ទាក់​ទង​នឹង​រូប​ចម្លាក់​នោះ។​

«អ្នក​ជំនាញ​ផ្ទាល់​របស់​សារមន្ទីរ​ Sotheby​បាន​ព្រមាន​ជា​បន្ត​បន្ទាប់​មិន​ឱ្យ​ដាក់​លក់​ដេញ​ថ្លៃ​រូបចម្លាក់​នោះ​ជា​សាធារណៈទេ​ដោយ​អះអាង​ថា​វា​ត្រូវ​បាន​លួច​ចេញ​មក​ហើយ​ថា​វានឹង​មាន​ផល​អាក្រក់​មក​វិញ​ហើយ​គ្មាន​ប្រយោជន៍​ដែល​ត្រូវ​សន្សំ​រឿង​ទេ»។ ​

វត្ថុ​បុរាណ​នោះ​ត្រូវ​គេ​រាយការណ៍​ថា​អាច​មាន​តម្លៃ​ពី​ពីរ​លាន​ដល់​បី​លាន​ដុល្លារ​ហើយ​ត្រូវ​បាន​លួច​ចេញ​ពី​ប្រាសាទ​ចិន​តំបន់​ប្រាសាទ​កោះកែ​របស់​ខ្មែរ​ក្នុង​អំឡុង​ពេល​ប្រទេស​កម្ពុជា​មាន​ការ​វឹកវរ​ក្នុង​ទសវត្សរ៍​១៩៦០។ វា​មាន​ទម្ងន់​ប្រហែល​២៥០​គីឡូក្រាម​និង​កម្ពស់ជាង​១,៥​ម៉ែត្រ។​ ត្រូវ​បាន​គេ​កាត់​យក​ត្រឹម​កជើង​មកដល់​លើ៕ ​

XS
SM
MD
LG