ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ជំនាញ​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​អនាគត​ស្បៀង​អាហារ​នៅ​អាស៊ី-ប៉ាស៊ីហ្វិក

  • Ron Corben

កម្មករ​ទម្លាក់​បាវ​អង្ករ​ទៅ​កាន់​កម្មករ​ផ្សេង​ទៀត​នៅ​ក្នុង​ឃ្លាំង​របស់​អាជ្ញាធរ​​ស្បៀង​អាហារ​ជាតិ (ហ្វីលីពីន) ក្នុង​ក្រុង​ Taguig ខាង​ត្បូង​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន។ (២៦ មិនា ២០១២)
បាងកក៖ ភាព​រាំង​ស្ងួត​នៅ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ឥណ្ឌា​បាន​នាំ​ឲ្យ​តម្លៃ​ស្បៀង​អាហារ​កើន​ឡើង ហើយ​បាន​ធ្វើ​ឲ្យ​អ្នក​ជំនាញ​ខ្លះ​ព្រមានបណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វ៊ិក​ ឲ្យ​បង្កើន​ការ​វិនិយោគ​ទៅ​លើ​វិស័យ​កសិកម្ម​បន្ថែម​ទៀត។ ការ​ផ្លាស់​ប្តូរ​ខាង​ការ​ទទួល​ទាន​អាហារ​នៅ​ទ្វី​ប​អាស៊ី​បាន​តម្រូវ​ឲ្យ​មាន​ការ​នាំ​ចូល​អាហារ​ច្រើន​ជាង​មុន​ ក៏​ដូច​ជា​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​កើន​ឡើង​អំពី​បញ្ហា​សន្តិសុខ​ស្បៀង​អាហារ​នា​ពេល​អនាគត។

នៅ​ទូទាំង​ពិភពលោក​មាន​ការ​ផ្តោត​កាន់​តែ​ខ្លាំង​ទៅ​លើ​បញ្ហានៃ​ការ​ផលិត​ស្បៀង​អាហារ​ឲ្យ​បាន​គ្រប់គ្រាន់ ខណៈ​ដែល​ចំនួន​ប្រជាជន​ពិភពលោក​ត្រូវ​បាន​ទស្សន៍ទាយ​ថា​នឹង​កើន​ដល់​ចំនួន​៩.០០០​លាននាក់​នៅ​ត្រឹម​ឆ្នាំ​២០៥០។ អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា ដើម្បី​ឲ្យ​អាច​បង្គ្រប់​តម្រូវការ​បាន គេ​ត្រូវ​បង្កើនបរិមាណ​នៃ​ផលិតផល​ស្បៀង​អាហារ​រហូត​ដល់​៧០%​ថែម​ទៀត។​

ថ្វី​បើ​ភាព​រាំង​ស្ងួត​នៅ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ឥណ្ឌា​បាន​ធ្វើ​មាន​វត្ថុ​ធាតុ​ដើម​មួយ​ចំនួន​ឡើង​ថ្លៃ​ក្តី ក៏​អង្គការ​ស្បៀង​អាហារ​ពិភពលោក (FAO) និយាយ​ថា ​ជា​ទូទៅ​បរិមាណ​ផ្គត់​ផ្គង់​របស់​វត្ថុ​ធាតុ​ដើមសំខាន់ៗមាន​ចំនួន​គ្រប់គ្រាន់​នៅ​ឡើយ។

ក៏​ប៉ុន្តែ​អង្គការ​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស​មួយ​ឈ្មោះ មជ្ឈមណ្ឌល​សម្រាប់​អនាគត​ផ្សែង​កាបូន​ទាប (Center for Low Carbon Futures) ដែល​ជា​អង្គការ​បណ្តាញ​សាកលវិទ្យា​ល័យ​និយាយ​នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​ថា នៅ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ទៀត ដែនដី​ទ្វីប​អាស៊ី​មួយ​ផ្នែក​ធំ​អាច​រងគ្រោះ​ពី​ភាព​រាំង​ស្ងួត​ធ្ងន់ធ្ងរ​រយៈ​ពេល​វែង។ តំបន់​ដែល​អាច​ត្រូវ​ប៉ះពាល់​ខ្លាំង​ជាង​គេ​នោះ​រួម​មាន ប្រទេស​ចិន​ភាគ​ខាង​ជើង ប្រទេស​ឥណ្ឌា អាហ្វហ្គានីស្ថាន​ ម៉ុងហ្គោលី និង​ប៉ាគីស្ថាន។ ផ្នែក​ផ្សេង​ទៀត​របស់ទ្វី​ប​អាស៊ី​អាច​ជួប​ប្រទះ​នឹង​រដូវវស្សា​កាន់​តែ​វែង​និងមាន​ភ្លៀង​ជោគជាំ។

លោក Paul Teng សាស្ត្រាចារ្យ​និង​ជាអ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់នៅ​សាកលវិទ្យាល័យ​បច្ចេកទេស​ Nanyang នៅ​ប្រទេស​សិង្ហបុរី​និយាយ​ថា ការ​គំរាម​កំហែង​ពី​ការប្រែប្រួល​អាកាសធាតុ​ពិភពលោក កើត​មាន​ឡើង​ខណៈ​ពេល​ដែលផល​ស្រូវ​និង​ស្រូវសាលី​បាន​ធ្លាក់​ចុះ​នៅ​ទ្វីបអាស៊ី។

លោក​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «គ្រាន់​តែ​ការ​គិត​លេខ​បន្តិច​បន្តួច​ក៏​អាច​បង្ហាញ​ច្បាស់​ថា យើង​នឹង​មិន​អាច​តាម​ទាន់​តម្រូវការ​ទេ​នៅ​ពេល​អនាគត ប្រសិន​បើ​មិន​មាន​ការ​វិនិយោគ​ធំដុំ​ដើម្បី​បង្កើន​ផលិតភាព​ក្នុង​លក្ខខណ្ឌ​ដីធ្លី​បច្ចុប្បន្ន​ ឬ​ក៏​ប្រសិន​បើយើង​មិនអាច​រក​បាន​ដី​កសិកម្ម​ថ្មី​នោះ​ទេ ឬ​ប្រសិន​បើ​យើង​មិន​ចាប់​ផ្តើម​ប្រើប្រាស់​ដែនដី​ទី​ក្រុង​សម្រាប់​កសិកម្ម​ទេ​នោះ។»

ទ្វីប​អាស៊ី​នាំ​ចូល​ជិត​៧០%​នៃ​បរិមាណសណ្តែក​សៀង​ពិភពលោក​ទាំង​អស់ ភាគ​ច្រើន​ពី​ទ្វីប​អាមេរិក​ខាង​ជើង​និង​អាមេរិក​ឡាទីន ហើយ​នាំ​ចូលប្រហែល​៤០%​ភាគ​រយ​នៃ​បរិមាណ​គ្រាប់​ពោត​ក្នុង​ពិភពលោក ដែល​ភាគ​ច្រើន​សម្រាប់​អាហារ​សត្វ។

នៅ​សហរដ្ឋ​អាមេរិក ពោត​បាន​ឡើង​ថ្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន ក្នុង​ពេល​ដែល​មាន​ភាព​រាំង​ស្ងួត​ខ្លាំង​បំផុត​ក្នុង​រយៈពេល​៥០​ឆ្នាំ​ចុង​ក្រោយ​នេះ ​ដោយ​មាន​តំបន់​ផលិត​ពោត​ប្រមាណ​ជិត​៩០%​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​រងគ្រោះ​ភាព​រាំង​ស្ងួត​នេះ។

លោក Teng និយាយ​ថា​ ភាព​រាំង​ស្ងួត​នៅ​សហរដ្ឋ​អាមេរិក​និង​ឥទ្ធិពល​របស់​វា​ចំពោះ​តម្លៃ​ស្បៀងអាហារ​គួរ​ជា​ការ​«ដាស់​ស្មារតី»​រំឭក​ដល់​បណ្តា​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក។

ប្រែសម្រួល​ដោយ សឹង សុផាត។
XS
SM
MD
LG