ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោង​តាម​ឧសភរាជ​ទំនាយ​ថា​​ពោត និង​សណ្តែក​ឲ្យ​ផលល្អ​


ស្ដេច​នាគ​ក្នុង​ព្រះរាជ​ពិធីច្រត់ព្រះនង្គ័ល​ឆ្នាំ​នេះ ​តំណាង​ដោយ​ព្រះអង្គ​ម្ចាស់ ​នរោត្តម ​ចក្រាវុឌ្ឍ ​(ទីបីពី​ខាងស្តាំ)
ស្ដេច​នាគ​ក្នុង​ព្រះរាជ​ពិធីច្រត់ព្រះនង្គ័ល​ឆ្នាំ​នេះ ​តំណាង​ដោយ​ព្រះអង្គ​ម្ចាស់ ​នរោត្តម ​ចក្រាវុឌ្ឍ ​(ទីបីពី​ខាងស្តាំ)

ដាំណាំ​ពោត ​សណ្ដែក ​នឹងផ្តល់​ផល​ល្អ​ប្រសើរ​សម្រាប់​រដូវ​ប្រមូល​ផល​កសិកម្ម​ឆ្នាំ​ ២០១២។ ​នេះ​គឺ​ជា​ទំនាយ​បាន​មក​ពី​ការ​ផ្សង​តាម​របៀប​ប្រពៃណី​បុរាណ​នៅ​ក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះ​នង្គ័ល​នៅ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ។ ក៏ប៉ុន្ដែ​មិន​មាន​ការ​ទស្សទាយ​ពី​ផល​ស្រូវ​នោះ​ទេ។

លោក ​កង​ កេន ដែល​ជាអាចារ្យព្រហ្ម​ប្រឡោហិត ​បាន​ប្រកាស​នៅ​ទីបញ្ចប់​នៃ​ព្រះរាជពិធី​ច្រត់​ព្រះនង្គ័ល​លើ​វាល​ព្រះមេរុ ​ខាង​ជើង​ជាប់​ព្រះបរមរាជវាំង​ក្រុង​ភ្នំពេញ ​ដោយ​ផ្អែក​តាម​ការ​បរិភោគ​ចំណី​របស់​ឧសភរាជ។

«ពោត​ក្នុង​ឆ្នាំ​នេះ​ទទួល​ផល​បាន​ល្អ​ប្រសើរ​។ ​សណ្ដែក​ទទួល​ផល​បាន​ល្អ​។ ​ក្នុង​ឱកាស​នេះ​ដែល​គោ ​ឧសភរាជ​ បាន​បរិភោគ​ស្មៅ​បាន​សេចក្ដី​ថា ​ឆ្នាំ​នេះកម្លាំង​អូសទាញ​ទាំងអស់​មាន​គោក្របី​ និង​សេះ​ត្រូវ​ជួប​ប្រទះ​នឹង​ជំងឺ​បៀតបៀន​បន្តិច​បន្តួច»។

ព្រះរាជពិធី​ច្រត់​ព្រះនង្គ័ល​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​៤​រោច​ ខែ​ពិសាខ ​ឬ​ត្រូវ​នឹង​ខែ​ឧសភា​ ដើម្បីជា​និមិត្ត​រូប​នៃ​ការ​ចាប់​ផ្តើម​ការ​ភ្ជួររាស់​ដាស់​ដី​ធ្វើស្រែ​ចម្ការ​របស់​ប្រជាកសិករ​ខ្មែរ ​និង​សម្រាប់​ទស្សទាយ​ទុក​ពី​ទិន្នផល​ដំណាំ​កសិកម្ម​ប្រចាំឆ្នាំ។ ​ការ​ទស្សទាយ​តាមរយៈ​ការ​ផ្សង​ឲ្យឧសភារាជ​បរិភោគ​ចំណី​ចំនួន​ប្រាំពីរ​មុខ ​មាន​ពោត ​សណ្ដែក ​ល្ង ​ស្រូវ ​ទឹក ​ស្រា ​និង​ស្មៅ​។ ​ប្រសិន​បើ​គោ​ស៊ី​ស្រូវ​ច្រើន​ទំនាយ​ថា ​ប្រជាកសិករ​នឹង​ប្រមូល​ផល​ស្រូវ​បាន​បរិបូណ៌។

ក្រោម​ព្រះរាជាធិបតី​របស់​ព្រះមហាក្សត្រ​សម្តេច​ព្រះបរមនាថ ​នរោត្តម​ សីហមុនី​ ស្ដេច​នាគ​ក្នុង​ព្រះរាជ​ពិធីច្រត់ព្រះនង្គ័ល​ឆ្នាំ​នេះ ​តំណាង​ដោយ​ព្រះអង្គ​ម្ចាស់ ​នរោត្តម ​ចក្រាវុឌ្ឍ ​និង​ព្រះអង្គ​ម្ចាស់ក្សត្រី ​ស៊ីសុវត្ថិ​ ចាន់ស៊ីដា ​ជា​ព្រះនាង​មេហួ​។ ​ស្តេចនាគ ​និង​ព្រះនាង​មេហួ​ ត្រូវ​ភ្ជួរ​និង​សាប​ស្រូវ​លើ​ព្រះស្រែ​ចំនួន​បី​ជុំ​ រួច​ទើប​លែង​ឧសភារាជ​ចំនួន​ពីរ​ក្បាល​ឲ្យ​ស៊ី​ចំណី​ទាំង​ប្រាំពីរ​មុខ​ ដែល​គេ​ដំកល់​លើ​ជើង​ពាន​រួច​ជា​ស្រេច​។ ​ឧសភរាជ​មិន​បាន​បរិភោគ​ចំណី​ផ្សេង​ក្រៅ​ពី​ស្មៅ ​ពោត ​និង​សណ្ដែក​នោះ​ទេ។

អ្នកស្រី ​ប្រែង ​រាប ​អាយុ​៧៨​ឆ្នាំ ​មក​ពី​ស្រុក​បាភ្នំ​ ខេត្ព​ព្រៃវែង​។ ​អ្នកស្រី​បាន​មក​ទស្សនា​ព្រះរាជ​ពិធី​ជា​ប្រពៃណី​នេះ​ជា​លើក​ទី​១។ ​អ្នកស្រី​ខ្វាយខ្វល់​ពី​ទិន្នផល​ស្រូវ​នៅ​ពេល​ដែល​គោ​ឧសភរាជ​ មិន​បាន​ស៊ី​ស្រូវ​ដែល​គាត់​គិត​ថា ​វា​អាច​ជា​ប្រថ្នូល​មួយ​មិន​ល្អ​សម្រាប់​ផលស្រូវ​ឆ្នាំ​នេះ។

«ខ្ញុំ​ធ្វើ​តែ​ស្រែ​អត់​មាន​ចម្ការ​ពោត ​សណ្ដែក​អ្វី​ហ្នឹង​គេ​ទេ​។ ​ហើយ​ដល់​ពេល​គោ​មិន​ស៊ី​ស្រូវ​អញ្ចឹង​ ព្រួយ​បារម្ភ​ដែរ​។ ​កន្លងមក​ដូច​ជា​ត្រូវ​ៗ ​ហើយ​ខ្ញុំ​ជឿ​ដែរ»។

លោក​នាយក​រដ្ឋមន្ដ្រី​កម្ពុជា ​ហ៊ុន ​សែន ​ធ្លាប់​បាន​រិះគន់​លើ​ការ​ទស្សទាយ​មិន​សុក្រិត ​ដោយ​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​នេះ ​ហើយ​លោក​មិន​បាន​មាន​វត្តមាន​ក្នុង​ពិធី​នេះ​ទេ។

លោក​អាចារ្យ​ព្រហ្មប្រឡោហិត ​កង ​កេន ​បាន​បញ្ជាក់​ក្នុង​ពិធី​ច្រត់​ព្រះនង្គ័ល​នេះ​ថា​ ការ​ទស្សទាយ​នេះ​គ្រាន់តែ​ជា​ការ​ផ្សង​ប្រថ្នូល​តាម​ទម្លាប់​ព្រះរាជប្រពៃណីយ៍​ពី​បុរាណ​តែ​ប៉ុណ្ណោះ ​ប៉ុន្ដែ​ជាមួយ​គ្នា​នេះ​ព្រះរាជពិធី​នេះក៏​ជា​សារ​មួយ​ដល់​ប្រជាកសិករ​ថា​ រដូវ​បង្កបង្កើនផល​បាន​មក​ដល់​ហើយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG