ស្របពេលការគំរាមធ្វើសង្គ្រាមនុយក្លេអ៊ែររវាងអាមេរិក និងកូរ៉េខាងជើងកំពុងស្ថិតក្នុងស្ថានភាពតានតឹងគួរឲ្យព្រួយបារម្ភ កម្ពុជាមិនទាន់មានវិធានការណាមួយក្នុងការជម្លៀសប្រជាពលរដ្ឋជាង៦ម៉ឺននាក់ ដែលកំពុងរស់នៅប្រទេសកូរ៉េខាងត្បូងនោះទេ។ នេះបើតាមការឲ្យដឹងពីឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង។
ការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង កំពុងត្រូវបានពិភពលោកតាមដានយ៉ាងយកចិត្តទុកដាក់ ខណៈដែលប្រទេសទាំងពីរបានគំរាមថានឹងវាយប្រហារគ្នាទៅវិញទៅមក ដោយមានការបង្អួតគ្រឿងសព្វាវុធ ជាពិសេសអាវុធនុយក្លេអ៊ែរដែលត្រូវបានគេដឹងថា ជាអាវុធដែលធ្វើឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ពិភពលោក។
ស្ថានការណ៍នៅឧបទ្វីបកូរ៉េ អាចនឹងផ្ទុះសង្គ្រាមភ្លាមៗ ប្រសិនបើកូរ៉េខាងជើងបំផ្ទុះនុយក្លេអ៊ែរ បន្ទាប់ពីអាមេរិកបានព្រមានច្បាស់ៗអំពីការឆ្លើយតបដោយកម្លាំងយោធា ព្រមទាំងបាន បញ្ជូននាវាដឹកយន្តហោះចម្បាំងមកក្បែរឧបទ្វីបកូរ៉េរួចជាស្រេច។
លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ដែលជាប្រទេសជាប់ព្រំប្រទល់ជាមួយប្រទេសកូរ៉េខាងជើង ប្រាប់VOA នារសៀលថ្ងៃអង្គារនេះថា កម្ពុជាកំពុងតាមដានរាល់ការវិវត្តនៃការប្រឈមមុខគ្នារវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា លោកថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង មិនទាន់បានប្រកាសពីភាពអាសន្ននៅឡើយ ដូច្នេះលោកថា កម្ពុជាមិនទាន់បានត្រៀមវិធានការណាមួយនោះទេ។
លោកមានប្រសាសន៍ថា៖ «ស្ថានភាពអត់ទាន់មានតម្រូវឲ្យធ្វើអីនោះ គឺយើងមិនមានរៀបចំអីបែបណានោះទេ។ បើនិយាយឲ្យចំទៅស្ថានភាពនៅប្រទេសកូរ៉េខាងត្បូងនេះ អ្វីៗគឺហាក់ដូចមិនមានអីប្លែកនោះទេ។ ម្នាក់ៗគឺជីវភាពប្រចាំថ្ងៃរបស់គេ ទេសចរណ៍ អ្នកវិនិយោគអីគឺថាធម្មតា អត់មានអីដែលព្រួយបារម្ភ។ ឃើញថាស្ថានភាពរបស់ពួកគាត់គឺហាក់ដូចជាធម្មតា ដូច្នេះអត់ទាន់មានដល់ដំណាក់កាលអីបារម្ភអញ្ចឹងផង។ បើមានការអី ខាងរដ្ឋាភិបាលកូរ៉េនឹងឲ្យដំណឹងមកយើងហើយ តែមកដល់ពេលនេះអត់ទាន់មានអីទេ»។
បើតាមលោក ឡុង ឌីម៉ង់ បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាដែលកំពុងរស់នៅប្រទេសកូរ៉េខាងត្បូង មានចំនួនជាង៦ម៉ឺននាក់។ ក្នុងនោះ ពលករមានចំនួនជាង៥ម៉ឺននាក់ ស្ត្រីរៀបការទៅកូរ៉េ មានជាង១ម៉ឺននាក់ និងសិស្សនិស្សិតមានជាង៤០០នាក់។
ប្រជាពលរដ្ឋកម្ពុជាដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូង ប្រាប់VOAថា រហូតមកដល់ពេលនេះ ពួកគាត់មិនបារម្ភពីការគំរាមធ្វើសង្គ្រាមនុយក្លេអ៊ែររវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកខ្លាំងពេកទេ។
លោក ណាំ ប៊ុណ្ណាលី ពលករដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូងប្រាប់ថា លោក ព្រមទាំងប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូងផ្សេងទៀត ហាក់មិនទាន់មានការព្រួយបារម្ភខ្លាំងពីការប្រឈមមុខរវាងប្រទេសកូរ៉េខាងជើង និងអាមេរិកនោះទេ។ លោកថា ការមិនបារម្ភនេះដោយសារកូរ៉េខាងជើង តែងគំរាមពីការបាញ់បង្ហោះគ្រាប់នុយក្លេអ៊ែរជាញឹកញាប់។
លោក ណាំ ប៊ុណ្ណាលី បន្ថែមថា បើទោះបីជាប្រជាពលរដ្ឋនៅកូរ៉េខាងត្បូងមិនទាន់ព្រួយបារម្ភខ្លាំង តែលោកបានសំណូមពរឲ្យរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនក្នុងការជម្លៀសប្រជាពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការ និងរស់នៅទីនោះឲ្យបានទាន់ពេល ក្នុងករណីហេតុការណ៍អាក្រក់ណាមួយកើតឡើង។
លោកបានថ្លែងប្រាប់VOAថា៖ «បើសិនជាបញ្ហានៅកូរ៉េខាងត្បូងហ្នឹងកាន់តែពុះកញ្ជ្រោលខ្លាំង ឬក៏អាចមានការផ្ទុះអាវុធហ្នឹង ខ្ញុំសូមសំណូមពររដ្ឋាភិបាលត្រូវបញ្ជូនយន្តហោះមកទទួលពលករនៅកូរ៉េខាងត្បូងហ្នឹងជាបន្ទាន់ ព្រោះអីកូរ៉េខាងជើងហ្នឹង មាននុយក្លេអ៊ែរ។ ដល់អញ្ចឹង បើសិនជាមានបញ្ហាអីកើតឡើងគឺពិបាកណាស់ លេងសុទ្ធតែអាវុធគីមីអីអញ្ចឹង ហើយអញ្ចឹងគ្រោះថ្នាក់ខ្លាំងមែនទែន។ បើសិនជាស្ថានការណ៍មើលទៅប្រុងថាផ្ទុះ រដ្ឋាភិបាលគួរតែប្រញាប់ប្រញាល់មែនទែន ប្រសិនបើមិនប្រញាប់ប្រញាល់ទេ គ្រោះថ្នាក់ហ្នឹង គឺថាមើលមិនឃើញទេ»។
ថ្មីៗនេះ រដ្ឋាភិបាលជប៉ុន បានគ្រោងបញ្ជូនយន្តហោះយោធា និងស៊ីវិលទៅជម្លៀសប្រជាជនខ្លួន ប្រមាណជាង៥៧.០០០នាក់ ចេញពីកូរ៉េខាងត្បូង ក្នុងករណីដែលភាពតានតឹងរវាងប្រទេសកូរ៉េខាងជើង និងសហរដ្ឋអាមេរិក អាចឈានទៅដល់ការផ្ទុះសង្គ្រាម។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានទេ រហូតមកដល់ល្ងាចថ្ងៃអង្គារនេះ។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត និងជាអ្នកវិភាគនយោបាយឯករាជ្យ ប្រាប់ VOA ថា រដ្ឋាភិបាលកម្ពុជា គួរតែមានការត្រៀមជាស្រេចក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងរស់នៅតាមបណ្ដាប្រទេសផ្សេងទៀត តាមរយៈការជូនដំណឹងពីការការពារខ្លួន និងការស្វែងរកជំនួយពីស្ថានទូតកម្ពុជាប្រចាំប្រទេសនោះ។
លោកបន្ថែមថា ដោយសារកម្ពុជាជាប្រទេសក្រីក្រនៅឡើយ ដូច្នេះការទាក់ទងស្នើសុំជំនួយជាមុនពីបណ្ដាប្រទេសដែលមានលទ្ធភាព ដូចជាការត្រៀមយន្តហោះដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋមកកាន់ទីកន្លែងមានសុវត្ថិភាព គឺជាមធ្យោបាយដ៏ប្រសើរដើម្បីបង្ការហានិភ័យដែលអាចកើតឡើងជាយថាហេតុ។
លោកមានប្រសាសន៍ថា៖ «ទោះបីមិនមានស្ថានការណ៍ធំ មិនមានជម្លោះ មិនមានភាពតានតឹងក៏គួរតែត្រៀមហើយ។ បើសិនជារដ្ឋាភិបាលមិនបានត្រៀម ក៏ពេលនេះហើយគួរត្រៀម មិនគួរចាំទៀតទេ។ ប៉ុន្តែការត្រៀមហ្នឹងទោះបីមិនមានសង្គ្រាម មិនមានភាពតានតឹង ក៏គួរតែមានត្រៀមដែរ ព្រោះអីតែពេលណាយើងមានប្រជាពលរដ្ឋយើងនៅក្រៅប្រទេស ជាទូទៅយើងអត់ដឹងទេពីហានិភ័យ។ មានហានិភ័យច្រើនណាស់ដែលយើងត្រៀមទុកមិនបាន»។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យមានភាពអត់ធ្មត់ និងព្យាយាមដោះស្រាយសភាពការណ៍តានតឹងនៅប្រទេសកូរ៉េខាងជើង ប្រទេសស៊ីរី និងនៅមជ្ឈិមបូព៌ា តាមរយៈការចរចា៕