ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យមរាជ​ឃាតករ​ដៃ​ហែកគុក​រត់​ធ្វើ​សន្និសីទ​ព័ត៌មាន


ហង្ស​ វុទ្ធី​ ហៅ​ទិវា​១៦ ​ឬ​យមរាជ​ អតីត​មន្ត្រី​ប៉ូលិស​មួយ​រូប​ដែល​ស្និទ្ធ​នឹង​ហេង ​ពៅ ​អតីត​ស្នងការ​ប៉ូលិស​ក្រុង​ភ្នំពេញ​បាន​ចេញ​មុខ​សារភាព​ជា​សាធារណៈ​ដ៏​គួរ​ឲ្យ​ភ្ងាក់​ផ្អើល​នៅ​សុក្រ​នេះ​ តាមរយៈ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​មួយ​ បន្ទាប់​ពី​លោក​បាន​បាត់​ខ្លួន​អស់​រយៈពេល​ប្រាំ​មួយ​ឆ្នាំ។

កាល​ពី​អំឡុង​ឆ្នាំ​២០០៦ ​នៅ​ក្នុង​ព្រឹត្តិការណ៍​ហែកគុក​មួយ​មាន​មនុស្ស​ចំនួន​ប្រាំនាក់​ ដែល​រួម​មាន​ហង្ស​ វុទ្ធី ​ហៅ​យមរាជ​ បាន​ហែក​គុក​ចេញ​ពី​ពន្ធនាគារ​ព្រៃស។ ​ចាប់​តាំង​ពី​ហង្ស ​វុទ្ធី​បាន​ហែក​គុក​រួច​មក​ ដំណឹង​ពី​សុវត្ថិភាព​របស់​គាត់​បាន​បាត់​អស់រយៈពេល​ប្រាំមួយ​ឆ្នាំ។ មជ្ឈដ្ឋាន​ទូទៅ​បាន​សង្ស័យ​ថា​យមរាជ ប្រហែល​ជា​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ។

យមរាជ ​ឆ្នាំ​នេះ​អាយុ​៤៣​ឆ្នាំ ​មាន​សក់​ល្បាយ​អាចន៍​ខ្លា។ យមរាជ​បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​នៅឯ​ទីស្នាក់ការ​អង្គការ​លីកាដូ​ថា​ បន្ទាប់​ពី​ខ្លួន​បាន​ហែកគុក​ចេញ​ខ្លួន​បាន​ទៅ​រស់​នៅ​ធ្វើ​ជា​កម្មករ​អូសរទេះ​ នៅ​ព្រំដែន​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ ​និង​ធ្វើ​ជា​កម្មករ​នេសាទ​នៅ​ក្នុង​ខេត្ត​កំពត។

«អ្វី​ដែល​ខុំ​សង្ស័យ ​គឺ​ពេល​ដែល​រត់ចេញ​គឺ​ឡើង​តាម​ប៉ុស្តិ៍​យាម។ ​ឡើង​និយាយ​ត្រង់​គឺ​ដើរកាត់​ឆ្លង​តាម​ប៉ុស្តិ៍យាម​កាន់​អង្រឹង​ហ្នឹង​តែម្តង។ ​អង្រឹងហ្នឹង​គឺ​គ្រាន់​តែ​គេ​ចង​បញ្ឆោត​ទេ។ ​គេ​ដាក់​ខ្នើយ​ឱប​ គេ​ដាក់​ខ្នើយ​នៅ​ហ្នឹង ​ដើម្បី​ធ្វើ​ដូច​មាន​មនុស្ស​ដេក​អីញ្ចឹង​ ហើយ​សែប​អង្គុយ​លេង​បៀរ​នៅ​ឯ​ក្លោងទ្វា​មុខ។ ​មុខ​អាទ្វា​ទី​១​នេះ ​ចង្ងាយ​ពី​សែប​លេង​បៀរ​ហ្នឹង​ប្រហែល​ជា​ ១០​ម៉ែត្រ​ហ្នឹង។ ចុះ​ហេតុអ្វី​បាន​ជា​សែប​ឥត​ដឹង»។

យមរាជ​បាន​និយាយ​ថា ការ​ហែកគុក​ចេញ​នេះ​គឺ​ជា​គម្រោង​រៀបចំ​ទុក​ជា​មុន​ ហើយ​មាន​អ្នក​ទោស​បួន​នាក់​ផ្សេង​ទៀត ​ដែលខ្លួន​បាន​អះអាង​ថា​ឈ្មោះ ​សឹង ​វែង ​អាយួន​ ជនជាតិ​វៀតណាម ​និង​អាចាម ​ជនជាតិ​ចាម ​ជា​អ្នក​អារ​ចំរឹង​ដែក​ឲ្យ​ខ្លួន​រត់ចេញ​ពី​ពន្ធនាគារ។ គាត់​បាន​មាន​ប្រសាសន៍​ថា គាត់​មិន​បាន​អារចំរឹង​ដែក​ដោយ​ផ្ទាល់​ខ្លួន​ទេ។ ​ក៏ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ទោស​ផ្សេង​ទៀត​ដែល​កំពុង​អារ​នោះ​ មាន​អ្នកទោស​ម្នាក់​ទៀត​ បាន​យក​កាំបិត​មក​ផ្ចង់​ក​របស់​គាត់​ឲ្យ​រត់ចេញ​ពី​ពន្ធនាគារ​ជាមួយ​គ្នា។ ​គាត់​បាន​មាន​ប្រសាសន៍​ថា​បើ​លោក​ប្រកែក​ គាត់​នឹង​ត្រូវ​បាន​គេ​អារ​ក​សម្លាប់​ចោល។

គាត់និយាយ​ថា​បន្ទប់​ឃុំឃាំង​របស់​គាត់​មាន​អ្នក​ទោស​ចំនួន​ ២៧​នាក់​ ហើយ​អ្នកទោស​ដែល​មិន​បាន​រត់​ចេញ​ពី​ពន្ធនាគារ​នៅ​ពេល​នោះ​ ត្រូវ​បាន​ចាប់​ចង​ទាំង​អស់​លើកលែង​តែ​អ្នក​ទោស​ប្រាំនាក់​តែ​ប៉ុណ្ណោះ។ គាត់​បាន​មាន​ប្រសសាន៍​ទៀត​ថា​ នៅ​ពេល​ដែល​ហែកគុក​ចេញ​ពី​ពន្ធនាគារ​គ្មាន​អនុរក្ស​យាមកាម​យ៉ាង​មាំទាំ​ទេ​ ហើយ​មាន​រថយន្ត​មួយ​គ្រឿង​ចត​នៅ​ចាំ​ខាង​ក្រៅ​ពន្ធនាគារ ​ដោយ​បាន​ស្រែក​សួរ​រក​ឈ្មោះ​គាត់ ​ហើយគាត់​មិន​បាន​ប្រាប់​ឈ្មោះ​ទេ​ រួច​ហើយ​ក៏​បាន​គេច​ខ្លួន​ចេញ​ជា​រៀង​រហូត។

«គេ​ស្រែក​សួរ​រហូត ​អា​ធី​វា​ទៅៗ​ហើយ។ ​ដល់​ពេល​ហ្នឹង​អាមួយ​ទៀត​វា​ថា​ បើ​ឯង​ឃើញ​មិន​បាច់​ទុក​ទេ។ ឃើញ​ដាក់​ចោលៗ។ ដល់​អីញ្ចឹង​កន្លែង​ហ្នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ ​បាន​ជា​ខ្ញុំ​រត់​ដល់​សព្វ​ថ្ងៃ​ហ្នឹង។ ខ្ញុំ​នឹក​ឃើញ​ថា ​បើ​សិន​ជា​ខ្ញុំ​ឥត​គេច​ខ្លួន​ចេញ​ទេ​ពី​កន្លែង​ហ្នឹង​គឺ​ខ្ញុំ​ត្រូវ​ស្លាប់។ អីញ្ចឹង​បាន​ជា​ខ្ញុំ​គេច​ចេញ។​ ខ្ញុំ​នឹក​ឃើញ​ថា ​គេច​សិន។ បើ​សិន​ជា​មាន​ឱកាស​ល្អ ​ខ្ញុំ​នឹង​ចូល​មក​ប្រាប់​គេ​ថា ​ខ្ញុំ​ឥត​មាន​ធ្វើ​អី​ទេ​ បាន​ខ្ញុំ​ចូល​មក»។

មន្ត្រី​ជាន់​ខ្ពស់​សំខាន់ៗ​ របស់​រដ្ឋាភិបាល​ដែល​រួមមាន​លោក​ឧត្តមសេនីយ៍ឯក ​ខៀវ ​សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ​លោក​ឧត្តមសេនីយ៍ ​គៀត ​ច័ន្ទថារិទ្ធ​ អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាលជាតិ​ មិន​អាច​ស្នើសុំ​ដើម្បី​ទំនាក់ទំនង​បាន​ទេ​នៅ​ព្រលប់​ថ្ងៃ​សុក្រ​នេះ។

លោក ​កៅ ​ស៊ូផា ​មេធាវី​ការពារក្តី​របស់​យមរាជ​បាន​និយាយ​ថា​លោក​សង្ឃឹម​ថា​កូនក្តី​របស់​លោក​នឹង​មាន​សុវត្ថិភាព​ បន្ទាប់​ពី​បាន​ចេញចេញ​មក​សារភាព​មក​សាធារណៈ។

«ខ្ញុំ​គិត​ថា​ចំពោះ​ការ​ព្រួយបារម្ភ ​វា​ចេះ​តែ​មាន​ហើយ ​ប៉ុន្តែ​មក​ដល់​ម៉ោង​នេះ ​វេលានេះ ​ពេលនេះ​គឺ​ខ្ញុំ​គិត​ថា​ប្រហែល​ជា​មិន​មាន​អ្នក​ចេញ​មុខ​ហ៊ាន​ធ្វើ​បាប​គាត់​ទេ។ ​ពីព្រោះ​អី​គាត់​មក​សារភាព។ គាត់​មក​និយាយ​រឿង​ពិត»។

លោក ​អំ ​សំអាត ​មន្ត្រី​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​និយាយ​ថា​យមរាជ ​គួរតែ​ត្រូវ​បាន​ការពារ​សុវត្ថិភាព។​ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​អង្គការ​របស់​លោក​នឹង​តាម​មើល​ដំណើរ​ការ​រឿង​ក្តី​នេះ។

«ខ្ញុំ​គិត​ថា បើ​សិន​ជា​គាត់​សារភាព ​ហើយ​គាត់​ត្រូវ​បាន​គេ​ឃុំ​នៅ​ពន្ធនាគារ​វិញ។ ខ្ញុំ​ថា​កន្លែង​ពន្ធនាគារ​ហ្នឹង​គឺ​ជា​កន្លែង​សុវត្ថិភាព​ហើយ។ ហើយ​បើ​សិន​ជា​មាន​ការ​ធ្វើ​ទុក្ខ​បុកម្នេញ ​ឬ​ក៏​ធ្វើ​ទារុញកម្ម​ណា​ទៀត​នោះ ​យើង​នឹង​តាមដាន​មើល​រាល់​ករណី​ទាំង​អស់​នេះ​ពីព្រោះ​អី​លីកាដូ ​យើង​មាន​កម្មវិធី​ចុះ​ស្រាវជ្រាវ​ពន្ធនាគារ​ដើម្បី​ថា​ឃ្លាំមើល​សិទ្ធិ​អ្នក​ទោស​ហ្នឹង​ផងដែ»។

ហង្ស ​វុទ្ធី​ ហៅ​យមរាជ​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១៨​ឆ្នាំ ​រួម​ជាមួយ​នឹង​ហេង ​ពៅ ​អតីត​ស្នងការ​ប៉ូលិស​ក្រុង​ភ្នំពេញ លី ​រ៉ាស៊ី ​និងអ៊ំ ​សំខេង ​ពី​បទ​សម្លាប់​អតីត​ប្រធាន​សាខា​អគ្គិសនី​ក្រុង​ភ្នំពេញ​គឺ​លោក ​គឹម ​តារ៉ាវុធ ​កាល​ពី​ឆ្នាំ​២០០៥។

ហង្ស ​វុទ្ធី ​ហៅ​យមរាជ​ត្រូវ​បាន​តុលាការ​សម្រេច​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ធំ​ៗ​មួយ​ចំនួន​ ជាមួយ​នឹង​ហេង​ ពៅ ​រួមមាន​អំពើ​ឃាតកម្ម ​បង្ខាំង​មនុស្ស​ខុស​ច្បាប់ ​និង​ចាប់​ជំរិត​ កាល​ពី​ហេង ​ពៅ ជា​ស្នងការ​ប៉ូលិស​ក្រុងភ្នំពេញ៕

XS
SM
MD
LG