ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផ្សារ​មូលបត្រ​ចាប់​ផ្តើម​ដោយ​មាន​អាជ្ញាធរ​រដ្ឋាករ​ទឹក​ក្រុង​ចេញ​លក់​ហ៊ុន​របស់​ខ្លួន


ការ​បើក​ដំណើរការ​ផ្សារ​មូលបត្រ​កម្ពុជា​ជា​សញ្ញា​មួយ​បង្ហាញ​ពី​កំណើន​សេដ្ឋកិច្ច​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​បាន​នាំ​ឲ្យ​មាន​ទិដ្ឋភាព​អគារ​ខ្ពស់ៗ​នៅ​ទី​ក្រុង​ភ្នំពេញ​មាន​ការ​ផ្លាស់​ប្តូរ។ – Yong YN
ការ​បើក​ដំណើរការ​ផ្សារ​មូលបត្រ​កម្ពុជា​ជា​សញ្ញា​មួយ​បង្ហាញ​ពី​កំណើន​សេដ្ឋកិច្ច​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​បាន​នាំ​ឲ្យ​មាន​ទិដ្ឋភាព​អគារ​ខ្ពស់ៗ​នៅ​ទី​ក្រុង​ភ្នំពេញ​មាន​ការ​ផ្លាស់​ប្តូរ។ – Yong YN

កម្ពុជា​បាន​ចាប់​ផ្តើម​បើក​ផ្សារ​លក់​មូលបត្រ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​ថ្ងៃ​ពុធ​នេះ​ ដោយ​មាន​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​បី​គឺ​រដ្ឋាករ​ស្វ័យយ័ត​ក្រុងភ្នំពេញ​ បាន​ប្រកាស​លក់​ភាគហ៊ុន​ជា​លើក​ដំបូង​មុន​គេ​បង្អស់​ដោយ​មាន​ហ៊ុន​ប្រមាណ ​៣៩២,៣១២ ​ភាគហ៊ុន។

តម្លៃ​ភាគហ៊ុន​របស់​រដ្ឋាករស្វ័យយ័ត​ក្រុងភ្នំពេញ​បាន​កើនឡើង​ប្រមាណ​៥០​ភាគរយ​នៅ​ម៉ោង​បិទ​ផ្សាយ​ភាគហ៊ុន។ ភាគហ៊ុន​រដ្ឋាករទឹក​បាន​ឡើង​ដល់​៩៥០០​រៀល ​គឺ​ប្រមាណ​ ២.៥​ដុល្លារ​សហរដ្ឋ​អាមេរិក ​ដែល​តម្លៃ​ដំបូង​ប្រមាណ​៦.៣០០​រៀល​គឺ​ស្មើ​នឹង​១.៥៧​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ហ៊ុន។

«ថ្លៃ​ជួញដូរ​ដែល​សម្រេច​បាន​គឺ​ស្មើ​នឹង​ ៩.៤៥០​រៀល​គឺ​បាន​កើន​ឡើង​ពី​ ៦.៣០០​រៀល ​ដែល​ជា​ថ្លៃ​បោះផ្សាយ​ដំបូង​ពោល​គឺ​កើន​ឡើង​៥០​ភាគរយ​ បើ​ធៀប​ទៅ​នឹង​បោះផ្សាយ​ដំបូង»។

ចាប់តាំង​ពី​កម្ពុជា​បាន​បង្កើត​ផ្សារ​មូលបត្រ​ជា​លើក​ដំបូង​ មាន​ក្រុមហ៊ុន​ចំនួន​បី​ ដែល​រដ្ឋាភិបាល​បាន​ទទួល​ស្គាល់​គឺ​ក្រុមហ៊ុន​រដ្ឋាករស្វ័យយ័ត​ក្រុង​ភ្នំពេញ ​ក្រុមហ៊ុន​កំពង់ផែស្វ័យយ័ត​ និង​ក្រុមហ៊ុន​អគ្គិសនី​ស្វ័យយ័ត​កម្ពុជា។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​ បាន​ផ្ញើ​សារ​មួយ​នៅ​ក្នុង​ពិធី​ប្រកាស​បើក​ការជួញដូរ​ផ្សារមូលបត្រ​នៅ​កម្ពុជា ​លោក​បាន​មាន​ប្រសាសន៍​ថា​ កិច្ចដំណើរការ​នៃ​ការ​ជួញដូរ​នេះ​នឹង​ដើរ​តួនាទី​ជា​កត្តាលីករ​បន្ថែម​មួយ​ដ៏​សំខាន់​សម្រាប់​ជំរុញ​ប្រសិទ្ធភាព​សេដ្ឋកិច្ច​រដ្ឋាភិបាល​ និង​សម្រាប់​បង្កើន​សេដ្ឋកិច្ច​ជាតិ​ឲ្យ​កាន់​តែ​មាន​សកម្មភាព​ខ្លាំងក្លា ​និង​ឈាន​ហក់ឡើង​ប្រកប​ដោយ​ចេរភាព​តាមរយៈ​ការ​បើក​ឡើង​នូវ​លទ្ធភាព​ និង​កាលានុវត្តភាព​ថ្មី​មួយ​ទៀត​ក្នុង​ការកៀងគរ​វិនិយោគទុន​ឲ្យ​មក​វិនិយោគ​នៅកម្ពុជា។

លោក ​គាត ​ឈន់ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​មាន​ប្រសាសន៍​ថា ការអភិវឌ្ឍ​ផ្សារមូលបត្រ​គឺ​ជា​កម្មវត្ថុ​មួយ​នៃ​វិស័យ​ហិរញ្ញវត្ថុ​ ដែល​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​រដ្ឋាភិបាល ​ដោយ​បាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ហិរញ្ញវត្ថុ​ឆ្នាំ​២០០៦ ​រហូត​ដល់​ឆ្នាំ​២០១៥។

«ការ​ប្រកាស​បើក​ការ​ជួញដូរ​នៅ​ថ្ងៃ​នេះ ​បង្ហាញ​ឲ្យ​ឃើញ​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​សហការ​គ្នា​យ៉ាង​ផុសផុល ​ពី​សំណាក់​តួអង្គ​ក្នុង​វិស័យ​មូលបត្រ​ជា​ច្រើន​ផ្សេង​ទៀត​ក្រៅ​ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា»។

លោក ​គីម បុងស៊ូរ (Kim Bong Soo) អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កូរ៉េ​បាន​មាន​ប្រសាសន៍​ថា​ អស់​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​លោក​បាន​មើល​ឃើញ​កិច្ច​ខិតខំ​ប្រឹងប្រែង​ និង​ភាព​ឧស្សាហ៍​ព្យាយាម​របស់​រដ្ឋាភិបាល ​ដែល​ធ្វើ​ឲ្យ​លោក​រំពឹង​ថា​កម្ពុជា​នឹង​មាន​ការ​រីកចម្រើន ​នឹង​អាច​ក្លាយ​ទៅ​ជា​តំបន់​ស្នូល ​នៃ​តំបន់​សេដ្ឋកិច្ច​អាស៊ីអគ្នេយ៍។

«សម្រាប់​ការ​រីកចម្រើន ​និង​ការអភិវឌ្ឍ​របស់​ទីផ្សារមូលបត្រ​ដែល​ទើប​ចាប់​ផ្តើម​នេះ​ ចាំបាច់​ត្រូវ​ការ​សហការ​ប្រតិបត្តិការ​ប្រកប​ដោយ​និរន្តរភាព​របស់​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា​ និង KLS ផងដែរ»។

លោក​ ឯក ​ស៊ុនចាន់​ ប្រធាន​រដ្ឋាករស្វ័យយ័ត​ក្រុង​ភ្នំពេញ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ នេះ​ជា​មោទនភាព​សម្រាប់​កម្ពុជា ​ដែល​មាន​អ្នក​វិយោគទុន​ទុកចិត្ត​ និង​បាន​មក​វិនិយោគ​នៅ​ក្នុង​វិស័យ​មូលបត្រ​នៅ​កម្ពុជា។

«ប្រាកដ​ណាស់​ហើយ​គឺ​ថ្ងៃ​នេះ​បាន​កំណត់​នូវ​របត់​ថ្មី​មួយ​នៃ​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។ ​ការ​ប្រមូល​ទុន​ដែល​មាន​ក្នុង​ទីផ្សារ​យក​មក​ដើម្បី​វិនិយោគ។ ជា​ឱកាស​មួយ​ធំ​ណាស់​គឺ​បុគ្គល​ម្នាក់​ដែល​មាន​លុយ​ត្រឹម​តែ​១០០​ ឬ​២០០​ដុល្លារ​ក៏​មាន​លទ្ធភាព​ចូលរួម​វិនិយោគ​ក្នុង​សេដ្ឋកិច្ច​នៃ​ប្រទេស​បាន​ដែរ»។

លោក​បាន​មាន​ប្រសាសន៍​ថា ផ្សារភាគហ៊ុន​នេះ​នឹង​អាច​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា​នា​ពេល​អនាគត៕

XS
SM
MD
LG