អាជ្ញាធរមានសមត្ថកិច្ចសហរដ្ឋអាមេរិក បានឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់របស់ក្រសួងកសិកម្មកម្ពុជាមួយរូប នៅពេលមន្ត្រីកម្ពុជារូបនោះ កំពុងត្រៀមចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy ក្នុងបុរី New York ឆ្ពោះទៅកាន់ប្រទេសប៉ាណាម៉ា ទីដែលមានការរៀបចំកិច្ចប្រជុំអនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជ ហៅកាត់ថា CITES។
លោក គ្រី ម៉ះផល ដែលក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបញ្ជាក់ថា មានតំណែងជាអនុប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានចោទប្រកាន់ពីបទ សមគំនិតរត់ពន្ធសត្វស្វាក្តាមចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក។ បុគ្គលប្រាំពីរនាក់ទៀត ដែលរួមមានប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើលោក កែវ អូម៉ាលីស្ស និងម្ចាស់ក្រុមហ៊ុន Vanny Resources Holdings, Ltd. និង Vanny Bio Research (Cambodia) Corporation Ltd គឺលោក James Man Sang Lau ក៏ដូចជាអ្នកគ្រប់គ្រងទូទៅ អគ្គនាយករង អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈ និងនាំចេញនៃក្រុមហ៊ុននេះ ក៏បានទទួលរងការចោទប្រកាន់ដូចលោក គ្រី ម៉ះផល ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកចុះនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកផ្តល់ការពន្យល់ថា ការចាប់ខ្លួនលោក គ្រី ម៉ះផល ធ្វើឡើងដោយសារតែលោកមានតួនាទីក្នុងក្រុមរត់ពន្ធសត្វស្វាអន្តរជាតិមួយ ដែលបានបំពានលើច្បាប់មួយចំនួនរបស់សហរដ្ឋអាមេរិក និងអនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជ CITES ក្នុងការនាំសត្វស្វាក្តាម មកកាន់សហរដ្ឋអាមេរិកដោយគ្មានការអនុញ្ញាត។ ក្រុមរត់ពន្ធសត្វស្វាអន្តរជាតិមួយនោះ សំដៅលើបុគ្គលដែលកំពុងរងការចោទប្រកាន់របស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការនាំចូលសត្វស្វាក្តាមចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិកដោយខុសច្បាប់។
ប្រតិកម្មទៅនឹងការចាប់ខ្លួននេះ ក្រសួងកសិកម្មកម្ពុជា បានសម្តែងការភ្ញាក់ផ្អើល និងមានក្តីទោមនស្សយ៉ាងខ្លាំង ចំពោះការចាប់ខ្លួន លោក គ្រី ម៉ះផល ដែលកំពុងបំពេញកាតព្វកិច្ចផ្លូវការតំណាងប្រទេស ស្របតាមអនុសញ្ញាអន្តរជាតិ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មចេញផ្សាយជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍។
ក្រសួងកសិកម្មលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៧ខែវិច្ឆិកា តាមអត្ថន័យដើមថា៖ «វាជារឿងដ៏គួរឱ្យហួសចិត្តជាទីបំផុត ដែល លោក គ្រី ម៉ះផល ត្រូវបានឃាត់ខ្លួន ក្រោមបទចោទប្រកាន់នេះ ខណៈពេលដែលកំពុងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំផ្លូវការ ដើម្បីការពារសត្វ និងរុក្ខជាតិផុតពូជ នៅឯវេទិកាអង្គការសហប្រជាជាតិ និងខណៈពេលដែលប្រទេសទាំងពីរ គឺកម្ពុជា និងសហរដ្ឋអាមេរិក កំពុងមានទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ»។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា៖ «ក្រសួងកសិកម្ម និងរដ្ឋាភិបាល នឹងខិតខំស្វះស្វែងរកយុត្តិធម៌ដល់មន្ត្រីទាំង២ ជាពិសេសអ្នកដែលបំពេញកាតព្វកិច្ចផ្លូវការតំណាងប្រទេស ស្របតាមអនុសញ្ញាអន្តរជាតិ»។
នៅក្នុងការជំទាស់នឹងការចាប់ខ្លួន លោក គ្រី ម៉ះផល ដែលក្រសួងកសិកម្មថា មានតំណែងជាប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើនោះ ក្រសួងកសិកម្មអះអាងថា នៅកម្ពុជា សត្វស្វាក្តាមជាប្រភេទសត្វសម្បូរ និងមានវត្តមាននៅទូទាំងប្រទេស ទាំងក្នុងព្រៃធម្មជាតិ ទាំងក្នុងតំបន់ជាយក្រុង និងទីក្រុង ដូចជានៅរមណីយដ្ឋានវត្តភ្នំក្នុងរាជធានីភ្នំពេញជាដើម។
បើតាមក្រសួងកសិកម្ម សត្វស្វាក្តាមទាំងនេះ មិនត្រូវបានចាប់ពីព្រៃ ហើយបញ្ជូនទៅក្រៅប្រទេសនោះទេ។ កសិដ្ឋានចិញ្ចឹមសត្វស្វាក្តាម សុទ្ធតែគោរពតាមបទដ្ឋានអនាម័យ និងវិធីសាស្ត្រចិញ្ចឹមត្រឹមត្រូវ ដើម្បីរក្សាឱ្យបាននូវហ្សេនេទិករបស់វាមិនឱ្យផុតពូជនោះឡើយ។ ហើយសត្វស្វាក្តាមចិញ្ចឹមនៅកម្ពុជា តាំងពីឆ្នាំ២០០៥ ត្រូវបាននាំចេញ សម្រាប់គោលដៅវេជ្ជសាស្ត្រ ជាពិសេសសម្រាប់ដំណាក់កាលធ្វើពិសោធន៍ ដើម្បីផលិតឱសថ វ៉ាក់សាំង ឬគ្រឿងសំអាង។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបន្ថែមថា៖ «សមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជាបានអនុញ្ញាតឱ្យនាំចេញសត្វស្វាក្តាម ដោយផ្អែកលើច្បាប់ និងបទប្បញ្ញតិ្តជាតិ និងអន្តរជាតិ។ ចំពោះការនាំចូលទៅសហរដ្ឋអាមេរិក ក្រុមហ៊ុនដែលប្រកបអាជីវកម្មនាំចេញសត្វស្វាក្តាមនេះ ត្រូវអនុវត្តទៅតាមនីតិវិធីរបស់សហរដ្ឋអាមេរិក»។
ក៏ប៉ុន្តែ បើតាមក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ដើម្បីបង្កើតឱ្យស្ថានភាពកង្វះខាតសត្វស្វា ដែលសក្ដិសមនឹងយកទៅដាក់នៅតាមកន្លែងបង្កាត់ពូជដែលត្រូវសន្មតថាបានទទួលស្គាល់នៅកម្ពុជា ក្រុមសមគំនិតបានស្នើសុំជំនួយពីអាជ្ញាធរ សាយតេស (CITES) នៅប្រទេសកម្ពុជា និងក្រសួងកសិកម្ម ដើម្បីចែកចាយសត្វស្វាព្រៃដែលចាប់បានពីឧទ្យានជាតិ និងតំបន់ការពារក្នុងប្រទេសកម្ពុជា។ សត្វស្វាទាំងនោះ ត្រូវបានគេយកទៅកន្លែងបង្កាត់ពូជ ហើយបានផ្តល់លិខិតអនុញ្ញាតក្លែងក្លាយ ពាក់ព័ន្ធនឹងអនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជ ឬCITES។ កូតាប្រមូលសត្វស្វា «ក្រៅផ្លូវការ» ចំនួន៣.០០០ក្បាលត្រូវបានអនុញ្ញាត ដែលមន្ត្រីរបស់ក្រសួងកសិកម្ម បានទទួលការទូទាត់ជាសាច់ប្រាក់។
ក្រសួងយុត្តិធម៌បន្ថែមថា នៅចន្លោះខែធ្នូ ឆ្នាំ២០១៧ ដល់ខែកញ្ញា ឆ្នាំ២០២២ លោក គ្រី ម៉ះផល ត្រូវបានចោទប្រកាន់ថា បានចូលរួមសន្ទនាទាក់ទងនឹងការកំណត់តម្លៃសម្រាប់សត្វស្វាព្រៃដែលត្រូវចាប់ និងបញ្ជូនទៅកន្លែងចិញ្ចឹមស្វា ដែលដំណើរការ ដោយក្រុមអ្នករួមគំនិត។ លោក គ្រី ម៉ះផល ដែលបានចូលរួមដោយផ្ទាល់ក្នុងការប្រគល់សត្វស្វា “មិនផ្លូវការ” ទាំងនេះ ទៅកាន់កន្លែងបង្កាត់ពូជស្វានានាក្នុងនោះមានសាជីវកម្ម Vanny Bio Research (Cambodia) ត្រូវបានគេប្រគល់ប្រាក់ឱ្យ ចំពោះសត្វស្វាខុសច្បាប់ដែលផ្គត់ផ្គង់ដោយអ្នកសមគំនិតទាំងនោះ។
បើតាមក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក សត្វស្វាក្តាម ក៏ត្រូវបានជនជាប់ចោទ គ្រី ម៉ះផល និងបុគ្គលិករបស់ក្រសួងកសិកម្ម បញ្ជូនទៅកន្លែងមួយក្នុងខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា។
វីអូអេមិនទាន់អាចសុំការបញ្ជាក់បុគ្គលដែលរងការចោទប្រកាន់ ពាក់ព័ន្ធនឹងការរត់ពន្ធសត្វស្វាក្តាមទៅសហរដ្ឋអាមេរិក ក្នុងនោះមានលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ និងភាគីសាជីវកម្ម Vanny Bio Research (Cambodia) ដែលមានសាខាក្រុមហ៊ុនទទួលខុសត្រូវការនាំចេញ និងទំនាក់ទំនងសាធារណៈក្នុងទីក្រុងភ្នំពេញប្រទេសកម្ពុជា។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាល និងក្រសួងកសិកម្ម នឹងស្វះស្វែងរកយុត្តិធម៌សម្រាប់មន្ត្រីរបស់ខ្លួន ដែលត្រូវបានចោទប្រកាន់ក្រោមប្រព័ន្ធយុត្តិធម៌សហរដ្ឋអាមេរិក ជុំវិញការសង្ស័យថា បានរត់ពន្ធសត្វស្វាក្តាមចូលទៅទឹកដីសហរដ្ឋអាមេរិក។
លោកថ្លែងថា៖ «អ៊ីចឹងយើងចាំមើលព្រោះអីមិនទាន់ដល់វគ្គត្រូវចូលតុលាការក្នុងការបកស្រាយរកហេតុផលទេ។ ប៉ុន្តែជាមួយគ្នានេះ នៅក្នុងសេចក្តីប្រកាសព័ត៌មាន [របស់ក្រសួងកសិកម្ម] គឺយើង រាជរដ្ឋាភិបាលនឹងជួយរកយុត្តិធម៌នៅក្នុងរឿងនេះ»។
ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) លោក ហេង គឹមហុង យល់ថា ក្រសួងកសិកម្ម គួរតែធ្វើការស្រាវជ្រាវអំពីករណីនេះឱ្យបានច្បាស់ និងមិនត្រូវការពារភ្លាមៗនោះទេ ព្រោះអាចប៉ះពាល់មុខមាត់រដ្ឋាភិបាល ប្រសិនបើសហរដ្ឋអាមេរិក រកឃើញកំហុសរបស់មន្ត្រីកសិកម្មមែននោះ។
លោកបញ្ជាក់ថា៖ «ករណីនេះ ខ្ញុំយល់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កុំទាន់អាលការពារមន្ត្រីរបស់ខ្លួនអី។ ប៉ុន្តែផ្ទុយទៅវិញ ដើម្បីធានាបាននូវសុចរិតភាព ហើយធានាថាមន្ត្រីរបស់ខ្លួនពិតជាបានប្រព្រឹត្ត ឬមិនបានប្រព្រឹត្ត គឺត្រូវតែមានការសហការគ្នាជាមួយនគរបាលអាមេរិកកាំង ដើម្បីធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់ ដើម្បីចៀសវាងប្រសិនបើការសង្ស័យនេះ ត្រូវបានរកឃើញថាមានភស្តុតាងជាក់លាក់ថាពិតជាមានពាក់ព័ន្ធមែន វាធ្វើឱ្យប៉ះពាល់ទៅដល់មុខមាត់ក្រសួងកសិកម្មរបស់យើងដែលទៅការពារមន្ត្រីខិលខូច ប៉ុន្តែប្រសិនមានការសហការគ្នាស៊ើបអង្កេតហើយមន្ត្រីរូបនេះ ឃើញថាមិនមានពាក់ព័ន្ធទើបជារឿងល្អ»។
លោកបន្ថែមថា ប្រសិនបើសហរដ្ឋអាមេរិក រកឃើញកំហុសដូចអ្វីដែលអាមេរិកចោទប្រកាន់លើមន្ត្រីក្រសួងកសិកម្មកម្ពុជាមែននោះ វាជារឿងអាម៉ាសមួយសម្រាប់កម្ពុជា ដែលមានមន្ត្រីរដ្ឋអនុវត្តផ្ទុយពីវិជ្ជាជីវៈខ្លួន ដោយធ្វើសកម្មភាពទុច្ចរិតបែបនេះ។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបកស្រាយថា ប្រសិនបើត្រូវបានផ្តន្ទាទោសក្រោមបទរួមគំនិតធ្វើអំពើទុច្ចរិតនោះ ជនជាប់ចោទម្នាក់ៗខាងលើ អាចប្រឈមនឹងការជាប់ពន្ធនាគារចាប់ពី៥ ដល់២០ឆ្នាំ និងរងការផាកពិន័យអាចមានចន្លោះពី ២៥ម៉ឺនដុល្លារអាមេរិក ឬពីរដងនៃប្រាក់ចំណេញផ្នែកហិរញ្ញវត្ថុដែលជនជាប់ចោទទទួលបាន៕