ប្រមុខការទូតជាន់ខ្ពស់កម្ពុជាគឺលោក ហោ ណាំហុង គ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាតអ.ស.ប.ក្នុងទីក្រុងញូវយ៉កនៅចុងខែកញ្ញាខាងមុខ។ លោកហោ ណាំហុងនឹងថ្លែងការណ៍ពីស្ថានការណ៍កម្ពុជានិងស្ថានការណ៍អន្តរជាតិតាមទម្លាប់របស់ប្រទេសនីមួយៗ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាតំណាងឲ្យមេដឹកនាំប្រទេសកម្ពុជាបានដាក់គម្រោងការចូលរួមធ្វើសេចក្តីថ្លែងការណ៍នៅឯកិច្ចប្រជុំមហាសន្និបាតអ.ស.ប.ប្រចាំឆ្នាំ ក្នុងទីក្រុងញូវយ៉កនៅថ្ងៃទី២៩ខែកញ្ញាខាងមុខ ប្រសិនបើគ្មានការប្រែប្រួលកម្មវិធី។
លោកហោ ណាំហុងនឹងថ្លែងសុន្ទរកថារបស់លោកទៅកាន់មេដឹកនាំឬតំណាងប្រទេសចំនួន១៩៣ក្នុងកិច្ចប្រជុំមហាសន្និបាតលើកទី៦៩នៅឆ្នាំ២០១៤ ដែលគេផ្តល់កម្មវិធីដល់កម្ពុជានៅថ្ងៃទី២៩ខែកញ្ញានោះ។
មន្ត្រីស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប.ក្នុងទីក្រុងញូវយ៉កស.រ.អា.បានបញ្ជាក់ពីការចូលរួមរបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តែពុំបានផ្តល់ព័ត៌មានលម្អិតនោះទេ។
លោកស្រី អ៊ារី កានិកុ (Eri Kaneko) អ្នកនាំពាក្យរងរបស់អ.ស.ប.ក្នុងទីក្រុងញូវយ៉កបានថ្លែងប្រាប់វីអូអេថា៖ «យោងតាមព័ត៌មានដែលយើងបានទទួលកន្លងមកនោះ យើងយល់ឃើញថា លោកឧបនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានឹងចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាត ហើយលោកនឹងផ្តល់សេចក្តីថ្លែងការណ៍នៅរសៀលថ្ងៃទី២៩ ខែកញ្ញា»។
តាមទម្លាប់របស់ប្រទេសនីមួយៗគឺត្រូវគេផ្តល់ពេលវេលា៥នាទីក្នុងការថ្លែង សុន្ទរកថាអំពីស្ថានការណ៍ក្នុងប្រទេសផ្ទាល់ខ្លួន ក្តីបារម្ភ និងគោលជំហររបស់ខ្លួនទៅលើបញ្ហាអន្តរជាតិមួយចំនួនដែលបានកើតមានឬកំពុងកើតមាន ឬបញ្ហាអនាគតនានាដែលកម្ពុជា ឬប្រទេសនានាចង់បាន។
ប្រទេសកម្ពុជានិងអ.ស.ប.បានធ្វើកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដើម្បីជួយដល់ការអភិវឌ្ឍក្នុងប្រទេសកម្ពុជា។
លោកស្រី អ៊ារី កានិកុ (Eri Kaneko) បានថ្លែងថា អ.ស.ប.បានជួយកម្ពុជាក្នុងការកសាងសមិទ្ធិផលនានា ដែលធ្វើឲ្យកម្ពុជាឈានឆ្ពោះទៅកាន់គោលដៅអភិវឌ្ឍន៍សហសវត្សរ៍ (MDG) នៅឆ្នាំ២០១៥។
«ប្រទេសកម្ពុជាកំពុងដំណើរការល្អដើម្បីឈានទៅរកការសម្រេចគោល ដៅទាំងឡាយ រួមទាំងការលុបបំបាត់ភាពក្រីក្រដ៏ធ្ងន់ធ្ងរ ការកាត់បន្ថយអត្រាមរណភាពរបស់កុមារ ហើយនឹងការប្រយុទ្ធប្រឆាំងមេរោគហ៊ីវ ឬ ជំងឺអេដស៍»។
លោកស្រីបញ្ជាក់ថា អ.ស.ប.កំពុងជួយគាំទ្រកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឲ្យរដ្ឋាភិបាល សង្គមស៊ីវិល យុវជន និងវិស័យឯកជនក្នុងការកំណត់អំពីអាទិភាពរបស់កម្ពុជា និងធ្វើការរួមគ្នានៅក្រោយឆ្នាំ២០១៥។
អ.ស.ប.និងកម្ពុជាកំពុងរៀបចំគម្រោងមួយទៀតដែលចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ដែលនឹងធ្វើកិច្ចការលើការអភិវឌ្ឍ និងកំណើនជានិរន្តរ៍ ក៏ដូចជាអភិបាលកិច្ចនិងបញ្ហាសិទ្ធិមនុស្សផងដែរ៕