ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​ទាត់​ចោល​អនុសាសន៍​បួន​ចំណុច​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អ.ស.ប.

  • គង់ សុឋានរិទ្ធ

ទិដ្ឋភាព​​ទូទៅ​​​នៅ​ក្នុង​ពេល​ការជជែក​​ដេញដោល​​បន្ទាន់​​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស។

ប្រទេស​កម្ពុជា​បាន​ទទួល​ស្គាល់​នៅ​ចំពោះ​មុខ​អង្គការ​សហ​ប្រជាជាតិ​ថា មាន​ការ​ខ្វះ​ខាត​ក្នុង​ការ​ចាត់​វិធានការ​ការពារ​សិទ្ធិ​មនុស្ស​ ប៉ុន្តែ​កម្ពុជា​បាន​ទាត់​ចោល​អនុសាសន៍​ចំនួន​បួនពីប្រទេស​ជា​សមាជិក​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ធ្វើការ​កែ​ប្រែ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ធ្វើ​ឲ្យ​ប្រសើរ​ឡើងនោះ។

នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ទីក្រុង​ហ្ស៊ឺណែវ ប្រទេស​ស៊្វីស ​ប្រទេស​នានា​បាន​ផ្តល់​អនុសាសន៍​រហូត​ដល់​ចំនួន​២០៥​ចំណុច។ ​ក្នុង​នោះ​កម្ពុជា​ទទួល​យក​អនុសាសន៍​ចំនួន​១៦៣​និង​កត់ទុក​ចំនួន​៣៨។ អនុសាសន៍​ចំនួន​បួន​ក្រៅ​ពីនោះ​ ត្រូវ​កម្ពុជា​ទាត់ចោល។

អនុសាសន៍​ដែល​កម្ពុជា​ទាត់​ចោល​នោះ​ជាប់​ទាក់ទង​ទៅ​នឹងការការពារសេរីភាព​សារព័ត៌មាន​ ការធានា​សិទ្ធិ​ទទួល​បាន​ការអប់រំ​សម្រាប់​កុមារ​ទាំងអស់​ដោយ​រាប់​បញ្ចូល​ទាំង​កុមារ​ដែល​មាន​ដើម​កំណើត​វៀតណាម​ផងដែរ។ ក្រៅ​ពីនោះអនុសាសន៍​ទាក់ទង​នឹង​ការ​ប្រឆាំង​នឹង​ការរើសអើង​ចំពោះ​កុមារ​ដែល​ងាយ​រងគ្រោះ​និងអនុសាសន៍​ឲ្យ​ដោះស្រាយ​ឡើងវិញ​អត្រា​បោះបង់​ចោល​សាលា​រៀន​ក៏​ត្រូវប្រទេស​កម្ពុជា​ទាត់ចោល​ដែរ។

លោក​ណី​ និមល ​តំណាងអចិន្ត្រៃយ៍​របស់​ប្រទេស​កម្ពុជា​ប្រចាំ​អង្គការ​សហ​ប្រជាជាតិក្នុង​ទី​ក្រុង​ហ្ស៊ឺណែវ​មាន​ប្រសាសន៍​ក្នុង​កិច្ច​ប្រជុំ​អង្គការ​សហ​ប្រជាជាតិ​ថា៖

«កម្ពុជា​បាន​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការដោះស្រាយ​ទម្រង់​រើស​អើង​នានា​ប្រឆាំង​ស្ត្រី ដើម្បី​ការពារសិទ្ធិ​កុមារ​រួមទាំង​ មាន​នយោ​បាយ​និង​យុទ្ធសាស្ដ្រ​ជាតិ​និង​ផែនការ​ជាតិ​ជាច្រើន»។

​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នេះ​តំណាង​មក​ពី​សហរដ្ឋ​អាមេរិក​បាន​ទទូច​ឲ្យ​ប្រទេស​កម្ពុជា​អនុវត្ត​នូវ​អនុសាសន៍​ដែល​ខ្លួន​បាន​ទទួល​យក។​ ជាមួយ​គ្នា​នោះ​សហរដ្ឋ​អាមេរិក​បាន​កត់សម្គាល់​ប្រកប​ដោយ​ការព្រួយ​បារម្ភ​អំពី​បំរាម​ធ្វើ​បាតុកម្ម​មិន​ទាន់​ត្រូវ​បាន​លុប​ចោល​នៅ​ឡើយ​ហើយ​អនុសាសន៍​ដែល​ទាក់ទង​ទៅ​នឹងការលុបចោល​ឬ​ការកែប្រែ​លើក្រម​ព្រហ្មទណ្ឌ​ដូចជាការចែង​ពី​បទបរិហាកេរ្តិ៍ឬ​ការមួល​បង្កាច់​សេចក្តី​សម្រេច​របស់​តុលាការ​ជាដើមត្រូវ​ប្រទេស​កម្ពុជា​ទាត់ចោល។

ដំណាល​គ្នា​នេះ​សហរដ្ឋ​អាមេរិក​បានអំពាវនាវ​ឲ្យ​ប្រទេស​កម្ពុជាអនុវត្តន៍​ឲ្យ​បាន​ឆាប់​រហ័សនូវ​អនុ​សាសន៍ស្តីពី​សិទ្ធិ​កម្មករ​និង​ច្បាប់​ការងារ។

ដោយ​ឡែក​ប្រទេស​អង់គ្លេស​បាន​ស្វាគមន៍​ការប្តេជ្ញា​ចិត្ត​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​បង្កើត​ផែនការ​សកម្មភាព​ដើម្បី​ពិនិត្យ​ឡើង​វិញ​លើ​អនុសាសន៍​មួយ​ចំនួន​ក៏​ដូចជា​ការទទួល​យក​អនុសាសន៍​របស់​ប្រទេស​អង់គ្លេស​ទាក់​ទង​នឹង​ការ​ស្នើ​ឲ្យ​មាន​ការ​កែទម្រង់​ការបោះឆ្នោត​នៅ​ដំណាច់​ឆ្នាំ​២០១៤​នេះ។ ប៉ុន្តែ​ប្រទេស​អង់គ្លេស​បាន​ទទូច​ពី​សារៈសំខាន់​ក្នុង​ការគោរព​សិទ្ធិ​ដ៏សំខាន់​និង​ធានា​ថា​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​អ៊ីនធើណិត​«នឹង​មិន​កាត់​បន្ថយ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​នោះ​ទេ»។

​លោក នី ចរិយា ​ប្រធាន​ផ្នែកស៊ើបអង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​បានស្តី​បន្ទោស​រដ្ឋា​ភិបាល​កម្ពុជា​ក្នុង​ការ​ច្រានចោល​អនុសាសន៍​របស់​សហគមន៍​អន្តរជាតិ​ដើម្បី​ពង្រឹង​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

«អ្វីដែល​ជា​ចំណុច​សំខាន់ៗ​នៃ​មូលដ្ឋាន​គ្រឹះក្នុង​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​ក៏ដូចជា​ការអនុវត្ត​សិទ្ធិ​សេរី​ភាព​សំខាន់ៗ​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ហើយ​ដែល​អង្គការ​សហ​ប្រជាជាតិ​បាន​លើក​ឡើង​នេះ​ ហើយ​រដ្ឋា​ភិបាល​យើង​មិន​ទទួល​យក​គឺ​មាន​ន័យ​ថា​រដ្ឋា​ភិបាល​កម្ពុជា​គ្មាន​ឆន្ទៈ​នយោ​បាយ​ទាល់​តែ​សោះ​ក្នុង​ការ​ពង្រឹង​ប្រទេស​កម្ពុជា​ក្លាយ​ជា​នីតិរដ្ឋ​ក្នុង​ការ​ការពារ​និង​អនុវត្តន៍​លទ្ធិ​ប្រជា​ធិបតេយ្យ​ឲ្យ​បាន​រឹងមាំ»។

​យ៉ាងណា​ក៏ដោយ​បណ្តា​ប្រទេស​អាស៊ី មិន​បាន​រិះគន់​លើ​ប្រទេស​កម្ពុជា​ទេ​ហើយ​បាន​ផ្តល់​អនុ​សាសន៍​តិចតួចសម្រាប់​កែលម្អ​វិស័យ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា៕

XS
SM
MD
LG