ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ភូមិ​អណ្តែតទឹក​នៅ​បឹង​ទន្លេសាប​មិន​មាន​អនាគត​ច្បាស់​លាស់


ច្រើន​ជំនាន់​មក​ហើយ​ដែល​អ្នកភូមិ​អណ្តែត​ទឹក​បាន​រស់​នៅដោយ​សម្រប​ទៅ​តាម​បឹង​ទន្លេសាប​ ដែល​ជា​បឹង​ទឹក​សាប​ធំ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​ តែ​របៀប​រស់​នៅ​បែប​ទំនើប​ និង​បរិមាណ​ត្រី​ថយ​ចុះ​បាន​បង្ខំ​ឲ្យ​ពួកគេ​កែប្រែ​របៀប​រស់​នៅ​តាម​ទម្លាប់​នេះ។​

ផ្ទះ​ សាលារៀន ​ហាង​អ៊ុតសក់ ​ពេទ្យ​ធ្មេញ​គឺ​សហគមន៍​នេះ​ទាំងមូល​ ត្រូវ​ចល័ត​ទីតាំង​ចុះ​ឡើង​តាមទឹក ​និង​តាម​រដូវ។ ​បឹង​ដ៏​ធំ​នេះ​ ដែល​ភ្ជាប់​នឹង​ទន្លេ​មេគង្គ​ដោយ​ទន្លេសាប​ ផ្តល់​ជីវភាព​ និង​កន្លែង​រស់នៅ​ដល់​មនុស្ស​ច្រើន​ម៉ឺន​គ្រួសារ។ អ្នកស្រុក​នៅទីនេះ​ធ្វើ​ដំណើរ​ទៅ​ណាមក​ណា​តាម​ទូក។​

លោក​សុខ ប៊ុនលឹម ​អ្នក​នេសាទអាយុ​៦២​ឆ្នាំ ​បាន​រស់នៅ​ក្នុង​សហគមន៍​ឆ្នុក​ទ្រូ​នេះ​តាំងពី​កំណើត។ ​លោក​និយាយ​ថា ​រស់នៅ​ក្នុង​ភូមិ​អណ្តែត​ទឹក​នេះ​មាន​ស្ថានភាព​ប្រសើរ​ឡើង។ ​លោក​និយាយ​ថា ​បើទៅ​នៅ​លើ​គោក ​លោក​មិន​ចេះ​ដក​ស្ទូង ​ឬ​ភ្ជួរ​ស្រែ​ទេ។ ​តែលោក​បារម្ភ​ថា​ កូនចៅ​របស់លោក​ប្រហែល​មិន​បន្ត​ជីវិត​ក្នុង​ភូមិ​អណ្តែត​ទឹក​នេះ​ទេ។​

«ស៊ីសង​លើ​ក្មេងៗ​ជំនាន់​ក្រោយ​ទៅ​ទៀត។​ ដូច​កូន​ខ្ញុំ​អីៗ​ សព្វថ្ងៃ​ចង់​ឡើង​គោក​ទៅ​វិញ។​ វា​អញ្ចឹង ​ព្រោះ​គេ​បាន​រៀន​បាន​សូត្រ​ទៅ ​គេ​ដឹង​ថា ​វា​យ៉ាង​ម៉េចៗ​របស់​គេ ​គេ​ទៅ​នៅ​លើ​គោក​ទៅ»។

អ្នក​នេសាទ​នៅ​ទីនេះ​ភាគ​ច្រើន​បន្តរស់​នៅ​ទីនេះ​តាម​ដូនតា​របស់​គេ​ច្រើន​ជំនាន់​មក​ហើយ​ តែ​គេ​មើល​ឃើញ​ថា​ របៀប​រស់នៅ​សម័យ​បច្ចុប្បន្ន​មាន​ឥទ្ធិពល​លើ​ទម្លាប់​រស់​នៅ​របស់​គេ។​ ​

បឹង​ទន្លេសាប​ផ្តល់​ផល​នេសាទ​ពី​២០​ម៉ឺន​តោន​ទៅ​២១​ម៉ឺន​៨​ពាន់​តោន​ក្នុង​មួយ​ឆ្នាំ​ យោង​តាម​ទិន្នន័យ​គណៈកម្មការ​ទន្លេ​មេគង្គ​ឆ្នាំ​២០០៦។​ មាន​របាយការណ៍​អំពី​បរិមាណ​ត្រី​បឹង​ទន្លេ​សាប​ធ្លាក់​ចុះខ្លាំង​ តែ​មិន​មាន​តួលេខ​ជា​ផ្លូវការ​ទេ។​

លោក​យ៉ង សារ៉ាត់ ​អ្នក​នេសាទ​អាយុ​២៥​ឆ្នាំ ​និយាយ​ថា៖​ «រក​អត់ចង់គ្របទេ។ បើ​មាន​ស្ងប់​ខ្សល់​ទៅ​ គ្រាន់​នឹង​ដាក់​បាន​បួន​ប្រាំគីឡូ​ក្រាម​អញ្ចឹង​ទៅ។ ​តែ​បើ​មេឃ​ខ្យល់​អញ្ចឹង ​ដាក់់​បាន​មួយ​គីឡូ​ក្រាម។​នៅ​ទន្លេ​រាយ​មង​អត់​កើតទេ​ បង។ ​រក​បាន​ព្រឹក​ ខ្វះ​ល្ងាច ​រកបាន​ល្ងាច​ខ្វះ​ព្រឹក។​ ថវិកា​យ៉ាប់ណាស់​បង»។​

បុរស​មាន​កូន​២​នាក់នេះ ​និយាយ​ថា​ បើគាត់​មាន​លុយ​គ្រប់គ្រាន់​ នោះ​គាត់​នឹង​ទៅ​រស់​នៅ​លើ​គោក។​

អ្នក​អភិរក្ស​ព្រមាន​ថា ​កំណើន​ប្រជា​សហគមន៍​ ការ​បំផ្លាញ​ជម្រកត្រី ទំនប់​វារី​អគ្គិសនី​ ការនេសាទ​ខុសច្បាប់​ ជាពិសេស​ការ​ឆក់ត្រី​ គឺ​ជា​កត្តា​ចម្បង​ធ្វើឲ្យ​ចំនួន​ត្រី​បឹង​ទន្លេសាប​ធ្លាក់​ចុះខ្លាំង។

លោក​ណៅ ធួក ​ប្រតិភូរាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជល​ផល និង​នេសាទ​ និយាយ​ថា ​ដើម្បី​កាត់​បន្ថយ​ការធ្លាក់​ចុះ​នេះ ​ក្នុង​ឆ្នាំ​២០០២ ​រដ្ឋាភិបាល​ចេញ​បម្រាម​មិន​ឲ្យ​ធ្វើការ​នេសាទ​ពាណិជ្ជ​កម្ម​ទ្រង់ទ្រាយ​ធំ​ក្នុង​បឹង​ទន្លេសាប​ទេ។

កាលបើ​បរិមាណត្រី​នៅ​បឹង​ទន្លេសាប​ថយចុះ ​ចំនួន​ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​អណ្តែត​ទឹក​នេះ​ក៏​ថយ​ចុះ​ទៅ​តាម​ហ្នឹង​ដែរ។​ ចំនួន​ប្រជា​សហគមន៍​អណ្តែត​ទឹក​នេះ​មិន​មាន​តួលេខ​ជាក់​លាក់​ទេ ​តែ​មន្ត្រី​មូលដ្ឋាន​និង​សកម្មជន​និយាយ​ថា​ មាន​ច្រើន​ម៉ឺន​គ្រួសារ។

លោក​ផេង សំរិត​ មេ​ដឹកនាំ​សហគមន៍​ឆ្នុក​ទ្រូ​ឲ្យ​ដឹង​ថា ​បីបួនឆ្នាំ​កន្លង​ទៅ​នេះ​មាន​ពលរដ្ឋ​ប្រហែល​៤ពាន់​គ្រួសារ​បាន​ចាកចេញ​ពី​សហគមន៍​ឆ្នុកទ្រូ​ ទៅ​រក​កន្លែង​រស់នៅ​លើ​ដីគោក។​

«រឿង​ការ​រស់​នៅ​សម័យ​មុនសម្បូរ​ត្រី ​រក​ត្រី​បាន។ ​អញ្ចឹង​គាត់​មក​នៅ។​ ដល់​ឥឡូវ​ ផលត្រី​ចុះ ​គាត់​មិន​ដឹង​ពឹង​លើ​អី​ទេ។ ​បើ​នៅ​លើ​គោក ​យើង​ដាំ​បន្លែ​ លក់​ដូរ​អី​អញ្ចឹង​ទៅ។ ​តែ​នេះ​[នៅលើទឹក] ​អត់​ទេ​ អត់អី​លក់​បាន​ទេ។ ​ស្អី​ក៏​ទិញ​គេ​ដែរ»។​

លោក​ប៊ុន លឹម​និយាយ​ថា​ លោក​មិន​ដឹង​ថា ​អនាគត​សហគមន៍​អណ្តែត​ទឹក​នេះ​នឹងតែល​តោល​ទៅ​ជា​យ៉ាង​ណាទេ ដោយសារ​ចំនួន​ត្រី​ធ្លាក់​ចុះ ​ការងារ​ធ្វើ​ក៏​កម្រ​នៅ​ក្នុង​សហគមន៍​នេះ៕

ប្រែ​សម្រួល​ដោយ ពិន ស៊ីសុវណ្ណ

អត្ថបទ​ទាក់ទង

XS
SM
MD
LG