ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ទៀ បាញ់​ ពន្យល់​ពី​ការ​បដិសេធ​ជំនួយ​យោធា​អាមេរិកាំង


រូបឯកសារ៖ លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា ថ្លែងនៅក្នុងវេទិកា Xiangshan ស្តីពីសន្តិសុខក្នុងតំបន់អាស៊ី នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥។ (AP Photo/Mark Schiefelbein)
រូបឯកសារ៖ លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា ថ្លែងនៅក្នុងវេទិកា Xiangshan ស្តីពីសន្តិសុខក្នុងតំបន់អាស៊ី នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥។ (AP Photo/Mark Schiefelbein)

លោក​ទៀ បាញ់​ មាន​ប្រសាសន៍ថា៖ «កិច្ចការ​ងារ​នេះ​ យើង​គ្មាន​ស្អី​ទៅ​ដូច​ដែល​គាត់​ថា​ បដិសេធ​មិន​ទទួល​ស្អីគាត់​​ឯណា​ ឯណី»។

នាយឧត្តម​សេនីយ៍​ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ច្រាន​ចោលការ​វាយ​តម្លៃ​របស់​សហរដ្ឋ​អាមេរិក​ដែល​សន្មត​ថា​ កម្ពុជា​មិន​ព្រម​ទទួល​យក​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ដោយ​ទំនងជាជាប់​ទាក់ទង​នឹង​វត្តមានកង​ទ័ព​ចិន​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​នៃ​ឆ្នេរ​សមុទ្ររាម។​

កាល​ពីថ្ងៃ​ទី​២៤ ​ខែ​មិថុនា​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​ លោក​ Joseph H. Felter​ ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាង​ត្បូង​ និង​អាស៊ី​អាគ្នេយ៍​ បាន​ផ្ញើ​លិខិត​ជូន​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា ​ទៀ ​បាញ់​ ដោយ​បាន​រំឭក​ឡើង​វិញ​នៃដំណើរ​ទស្សនកិច្ច​របស់​លោកទៅ​កាន់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​កាលពី​ខែ​មករា។ នៅទីនោះ​ លោក​បាន​ទទួល​សំណើ​ពី​មេ​បញ្ជាការ​រង​មួយរូប​ ដែល​ស្នើ​សុំ​ជំនួយ​សម្រាប់​ជួសជុល​ និង​ជួសជុល​ទីកន្លែង​បណ្តុះ​បណ្តាល និង​កប៉ាល់។ ក៏​ប៉ុន្តែ​ក្រោយ​មក ភាគី​កម្ពុជា​បែរ​ជា​ប្រកែក​មិន​ទទួល​យក​ជំនួយ​នេះ​ទៅ​វិញ​ដោយ​អះអាង​ថា​វា​ជា​ការ​មិន​ចាំបាច់។

លោក​ឧបការី​រង​បាន​ស្នើ​ដល់​ភាគី​កម្ពុជា​ផ្តល់​នូវ​សេចក្តីពន្យល់​លម្អិត​នៅ​ពី​ក្រោយការ​ផ្លាស់​ប្តូរ​សេចក្តី​សម្រេច​ចិត្ត​ភ្លាមៗ​មួយ​រំពេចរបស់​កម្ពុជានេះ​ ដោយ​លោកសង្ស័យ​ថា​មាន​ជាប់​ទាក់​ទិន​នឹង​វត្តមាន​កង​ទ័ព​ចិន​ក្នុង​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​កម្ពុជា​នោះ។

ថ្លែងប្រាប់​ VOA តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃពុធ​នេះ​ លោក​ទៀ បាញ់​ ដែល​មាន​តួនាទី​ជា​ឧបនាយក​រដ្ឋមន្ត្រី​ផង​នោះ​ មាន​ប្រសាសន៍​ថា​ ការ​មិន​ទទួល​យក​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ សម្រាប់​ការ​ជួសជុល​កែលម្អ​ទី​កន្លែង​បណ្តុះ​បណ្តាល និង​សម្ភារៈ​យោធា​មួយ​ចំនួន​ក្នុង​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​នោះ​ ដោយ​សារ​កង​ទ័ព​ជើង​ទឹក​មាន​ផែន​ការ​ធ្វើ​ទំនើប​កម្មនៅ​ទីកន្លែង​ផ្សេង។​

«កិច្ចការ​ងារ​នេះ​ យើង​គ្មាន​ស្អី​ទៅ​ដូច​ដែល​គាត់​ថា​ បដិសេធ​មិន​ទទួល​ស្អីគាត់ឯណា​ ឯណី»។

លោក​ទៀ បាញ់​ មាន​ប្រសាសន៍​បន្ថែម​ថា៖​

«ទីបញ្ជាការ​មុខ​នៅ​ សន្តិសុខ​លំហ​សមុទ្រ​ហ្នឹង​យើង​គឺ​ មាន​បំណង​គឺថា​ រើ​ទៅ​កន្លែង​ផ្សេង។​ ទៅ​កន្លែង​ផ្សេង​ហ្នឹង​ ធ្វើ​ឲ្យ​វា​បាន​មានភាព​សម​ស្រប​ ហើយ​យើង​ធ្វើ​ឲ្យ​មាន​ការ​រីកចម្រើន​ ហើយ​ឲ្យ​វា​មាន​សភាព​ហៅ​ថា​ ទំនើប​ជាង​មុន​បន្តិច​...ដូច្នេះ​គឺ​ ពេល​ដែល​យើង​ធ្វើ​ហើយ​ យើង​ធ្វើ​កន្លែង​ថ្មី​ហ្នឹង​ហើយ​ ទើប​យើង​រើ​កន្លែង​ហ្នឹង​ចេញ​ទៅ​ ដូច្នេះ​គឺ​នេះ​ហើយ​ ដែល​យើង​ហៅ​ថាមិន​ចាំបាច់​ទៅ​ជួស​ជុល​វា​ទៀត​ទេ»។ ​

VOA ​ព្យាយាម​សុំការ​អធិប្បាយ​បន្ថែម​ពី​នាយ​ឧត្តមសេនីយ៍​ទៀ វិញ​ មេបញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​ទឹក តែ​លោក​បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ​ ហើយ​បាន​បង្វែរ​សំណួរ​ទៅ​ក្រសួង​ការ​ពារ​ជាតិ។ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​នាយ​ឧត្តមសេនីយ៍​ឈុំ សុជាតិ​ មិន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ VOA ​ដែល​បាន​ផ្ញើ​ជូន​លោក​តាម​ប្រព័ន្ធ​ទំនាក់​ទំនង ​WhatsAPP។ VOA ​ក៏​មិន​អាច​ទាក់​ទង​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​យោធា​កម្ពុជា​ផ្សេង​ទៀត​ផង​ដែរ​ ដោយ​ទូរស័ព្ទ​ពួក​លោក​រោទិ៍ ​ប៉ុន្តែ​គ្មាន​អ្នក​ទទួល។

បញ្ហា​នៃ​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា​ត្រូវ​បាន​លើក​ឡើង​ជា​លើក​ដំបូង​កាលពី​ខែ​មេសា ឆ្នាំ​២០១៨​កន្លង​ទៅ​ ​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ និង​សិក្សា​ជាន់​ខ្ពស់​លើ​កិច្ចការ​ការពារ​ជាតិ​ (C4ADS) របស់​សហរដ្ឋ​អាមេរិក។ មជ្ឈមណ្ឌល​នេះ​បាន​ភ្ជាប់​ក្រុម​ហ៊ុន​ ​Union​ ​Development​ ​Group​ ​ដែល​ជា​វិនិយោគិន​លើ​សំណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាប់​មាត់​សមុទ្រ​ក្នុង​ខេត្ត​កោះកុង​នៃ​ប្រទេស​កម្ពុជា ​ទៅ​នឹង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន។

កាលពី​ថ្ងៃអង្គារ​ អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ទទូច​ឲ្យ​ប្រទេស​កម្ពុជា​បង្ហាញ​ជំហរ​អព្យាក្រឹត​ក្នុង​នយោបាយ​ការបរទេស​របស់​ខ្លួន។

យ៉ាង​ណា​ក៏​ដោយ​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ធ្លាប់​បាន​ច្រាន​ចោល​ការ​លើក​ឡើង​នេះ​ម្តង​ហើយ​ម្តង​ទៀត​ដោយ​ផ្អែកលើ​រដ្ឋ​ធម្មនុញ្ញ។ រដ្ឋ​ធម្មនុញ្ញ​របស់ប្រទេស​កម្ពុជា ​ហាម​មិន​ឲ្យ​មាន​វត្តមាន​កងទ័ព​បរទេស។

លោក​បណ្ឌិត​ឈាង វណ្ណារិទ្ធ​ អ្នកវិភាគ​កិច្ចការ​តំបន់​ និង​ជា​ប្រធាន​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី​ បាន​លើក​ឡើង​កាលពី​ពេលថ្មី​នេះ​ថា​ កម្ពុជា​គ្មាន​មហិច្ឆតា​ទៅ​បង្ក​សង្គ្រាម​ជាមួយ​ប្រទេស​ណា​នោះ​ទេ​ ដូច្នេះ​គ្មាន​ហេតុផល​ណា​មក​បញ្ជាក់​ថា​ កម្ពុជា​ត្រូវ​ការ​មូលដ្ឋាន​កងទ័ព​ចិន​នៅ​លើ​ទឹកដី​របស់​ខ្លួន។ លោក​ថា​ កម្ពុជា ​និង​សហរដ្ឋ​អាមេរិក​គួរមាន​ច្រក​ទាក់​ទង​គ្នា​មួយ​ ដើម្បី​លាង​ជម្រះ​មន្ទិល​នៃ​ការ​លទ្ធភាព​របស់​ចិន​ក្នុង​ការ​តាំងទី​កងទ័ព​របស់​ខ្លួននៅ​កម្ពុជា។

យ៉ាងណា​ក៏ដោយ​ ប្រទេស​កម្ពុជាបាន​ផ្អាក​ការធ្វើ​លំហាត់​សម​យោធា​ប្រចាំឆ្នាំ​ជាមួយ​កងទ័ព​សហរដ្ឋ​អាមេរិក ហើយ​បាន​អនុវត្ត​លំហាត់​យោធា​ជាមួយ​កងទ័ព​ចិន​ប៉ុន្មាន​ឆ្នាំ​ជាប់ៗ​គ្នាមក​នេះ៕

XS
SM
MD
LG