ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផ្ទាំង​គំនូរ​ឧទ្ទិស​ដល់​អតីត​ព្រះមហាវីរក្សត្រ


លោក លាង ស៊ីកន​គឺ​ជាវិចិត្រករ​នៃ​ផ្ទាំង​គំនូរ​នេះ។​
លោក លាង ស៊ីកន​គឺ​ជាវិចិត្រករ​នៃ​ផ្ទាំង​គំនូរ​នេះ។​
ភ្នំពេញ៖ វិចិត្រករ​ដ៏​ល្បី​មា្នក់​ បាន​ដាក់​តាំង​បង្ហាញ​រូប​គំនូរ​ចំនួន​៤ផ្ទាំង​ដែល​ជា​ស្នាដៃ​ថ្មីបំផុត​របស់​ខ្លួន ដើម្បី​គោរព​និង​ចងចាំ​អតីត​ព្រះករុណា​ព្រះបាទ​នរោត្តម​សីហនុ មុន​ពិធី​ថ្វាយ​ព្រះភ្លើង​ដល់​ព្រះ​បរមសព​របស់​ព្រះអង្គ​នៅដើម​ខែ​ក្រោយ​នេះ។​


ព្រះ​ឆាយា​ល័ក្ខណ៍​របស់​សម្តេច​ព្រះបាទ​នរោត្តម​សីហនុ​បាន​លេច​រូបរាង​ជា​ថ្មី​ទៀត​ហើយ​នៅ​សប្តាហ៍​នេះ​ ដោយ​លើក​នេះ​គឺ​នៅលើ​ផ្ទាំង​ក្រណាត់​ដែល​គេ​ព្យួរ​នៅ​លើ​ជញ្ជាំង​នៃ​វិចិត្រសាល​ផ្ទាល់ខ្លួន​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។​
ផ្ទាំង​គំនូរ​នេះ​ប្រមូល​ផ្តុំ​ទៅ​ដោយ​បំណែក​ធូប ​និង​កម្ទិច​កម្ទី​ក្រដាស​ ដែល​វិចិត្រករ​និយាយ​ថា ​គាត់​បាន​រើស​ប្រមូល​ទុក​ ​នៅពេល​ដែល​គាត់​បាន​ចូលរួម​ជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​ផ្សេង​ទៀត​នៅ​ក្នុង​ពិធី​គោរព​ព្រះវិញ្ញាណក្ខន្ធ​ព្រះ​បរម​សព​របស់​អតីត​ព្រះមហាក្សត្រ​ដែល​បាន​ចូល​ទិវង្គត​នៅក្នុង​ទីក្រុង​ប៉េកាំង​កាល​ពី​ខែ​តុលា​នោះ។​
លោក លាង ស៊ីកន​គឺ​ជាវិចិត្រករ​នៃ​ផ្ទាំង​គំនូរ​នេះ។​
«ខ្ញុំ​ច្នៃ​ប្រឌិត​បង្កើត​ថ្មី​នេះ​ឡើង​ ដើម្បី​រួម​ចំណែក​រំលែក​ទុក្ខ​ផង​ និង​ដើម្បី​ស្រាយ​បញ្ហា​ផ្លូវ​ចិត្ត​របស់​ខ្ញុំ​ដែល​មាន​ការ​សោក​ស្តាយ​ចំពោះ​ព្រះ​អង្គ​ផង»។​
ប្រជា​ពលរដ្ឋ​កម្ពុជា​បាន​កាន់​ព្រះ​រាជ​មរណទុក្ខ​ចំពោះ​អតីត​ព្រះ​មហាក្សត្រ​នរោត្តម​សីហនុ ​ចាប់​តាំង​ពី​ថ្ងៃ​ចូល​ទិវង្គត​របស់​ព្រះ​អង្គ។​ ហើយ​ព្រះ​បរម​សព​របស់​ព្រះអង្គ​គ្រោង​នឹង​ត្រូវ​ធ្វើពិធី​ថ្វាយ​ព្រះ​ភ្លើង​ នៅ​ដើម​ខែ​កុម្ភៈ​ខាង​មុខ​នេះ។
ប៉ុន្តែ​សម្រាប់​វិចិត្រករ​ដ៏​ល្បី​របស់​កម្ពុជា​នេះ​វិញ​ ត្រឹមតែ​ការ​ថ្វាយ​បង្គំ​ និង​អុជធូប​គោរព​វិញ្ញាណ​ក្ខន្ធចំពោះ​ព្រះ​អង្គ ​ហាក់​ដូចជា​មិន​ទាន់​គ្រប់​គ្រាន់​ឡើយ។​
លោក​និយាយ​ថា ​លោក​ចង់​ធ្វើ​សកម្មភាព​ច្រើន​ថែម​ទៀត​តាម​រយៈ​ការ​បង្កើត​ស្នា​ដៃ​សិល្បៈ​ទាំង​នេះ​ដើម្បី​គោរព​និង​ចង​ចាំ​ព្រះ​អង្គ។​
«គុណ​បំណាច់​របស់​ព្រះអង្គ​ហើយ​និង​វីរភាព​របស់​ព្រះ​អង្គ​ដែល​ជា​ស្តេច​មួយ​អង្គ​ដែល​មាន​ចិត្ត​ថ្លើម​ល្អ ​ហើយ​ឲ្យ​ពិភព​លោក​បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ស្នាដៃ​របស់​ខ្ញុំ​នេះ​ ឲ្យ​ឃើញ​ពី​ទឹក​ចិត្ត​របស់​ព្រះអង្គ​ដែរ»។​
វិចិត្រករ​បាន​ចំណាយ​ពេល​អស់​៥​សប្តាហ៍​ដើម្បី​បង្កើត​បាន​ស្នាដៃ​គំនូរ​ទាំង​បួន​ផ្ទាំង​ដែល​កំពុង​ដាក់​តាំង​បង្ហាញ​នេះ។​ ការ​តាំង​ពិព័រណ៍នេះ​ត្រូវ​បាន​ហៅ​ឈ្មោះ​ថា​ លាហើយ​កម្ពុជា​ ដែល​ដូច​គ្នា​ទៅ​នឹង​ចំណងជើង​បទ​ចម្រៀង​ដ៏​ពេញ​និយម​មួយ​របស់​អតីត​ព្រះមហា​វីរក្សត្រនរោត្តម​សីហនុ។​
ផ្ទាំង​គំនូរ​មួយ​ក្នុង​ចំណោម​ផ្ទាំង​គំនូរ​ទាំង​នេះ​លាត​ត្រដាង​អំពី​ភាព​ក្រៀមក្រំ​របស់​មេ​ដឹកនាំ​ជាតិ​និង​ពិភព​លោក​ ព្រមទាំង​ពពួក​សត្វ​នានា ​ចំពោះ​ព្រះរាជ​មរណភាព​របស់​អតីត​ព្រះ​មហាក្សត្រ។​
ហើយ​ផ្ទាំង​មួយ​ទៀត ​មាន​រូបព្រះ​ឆាយា​ល័ក្ខណ៍​ផ្សេងៗ​របស់​ព្រះអង្គ​គង់​នៅលើ​លំហ​វេហា​ដែល​មាន​ដុំ​ពពក​រសាត់​ដណ្តែត​ដេរ​ដាសជា​ទី​ដែលវិចិត្រ​ករ​តំណាង​ឲ្យ​ឋាន​សួគ៌។​
លោក​នាង កាវ៉ិច​គឺ​ជា​និស្សិត​សាកល​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ ​ដែល​មក​មើល​ស្នាដៃ​ទាំង​នេះ ​ជាមួយ​មិត្ត​ភក្តិ។​ នាង កាវ៉ិចនិយាយថា៖​
«វា​ពិសេស​ម្យ៉ាង​ត្រង់​ថា ​គាត់​ជា​សិល្បករ​ គាត់​មាន​គំនិត។​ គាត់​មិនចាំបាច់​និយាយ​ចេញ​ទេ ​តែ​គាត់​និយាយ​តាម​រយៈ​ការងារ​សិល្បៈ​របស់​គាត់។ ​ម៉្យាងវិញ​ទៀត ​ដើម្បី​ឲ្យ​ខ្មែរ​ទាំងអស់​យល់​កាន់​តែច្បាស់​អំពី​ស្តេច​របស់​ពួកយើង»។​
លោក​លាង ស៊ីកន​និយាយ​ថា ​ស្នាដៃ​ទាំង​នេះ​នឹង​ត្រូវ​យក​ទៅ​ដាក់​តាំង​បង្ហាញ​ក្នុង​ពិរព័រណ៍​សិល្បៈ​មួយ​ក្នុង​ទីក្រុង​សាំងហ្គាព័រ​នៅ​សប្តាហ៍ក្រោយ។​
លោក​ថត់ ស្មីត ​(Todd Smith) ​គឺ​ជា​នាយក​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។ លោក​និយាយ​ថា៖
«ដើម្បី​បន្ត​កេរ​តំណែល​របស់​ព្រះអង្គ​ ដោយ​ការ​ឧទ្ទិស​ផ្ទាំង​គំនូរ​ទាំង​នេះ​ដល់​ទ្រង់ និង​អប់រំ​ប្រជាជន​នៅ​សាំងហ្គាពួរ​ដែល​មក​ពី​ជុំវិញ​ពិភពលោក​អំពី​ព្រះអង្គ​និង​អំពី​កម្ពុជា ​ខ្ញុំ​គិត​ថា ​វា​ពិត​ជា​គួរ​ឲ្យ​រំភើប​ខ្លាំង​មែន​ទែន»។​
ប៉ុន្តែ​រហូត​មក​ពេល​នេះ ​គេ​នៅ​មិន​ទាន់​ដឹង​ប្រាកដ​ទេ ថាតើ​ផ្ទាំង​គំនូរ​ទាំង​នេះ​នឹង​អាច​វិល​ត្រឡប់​មក​កម្ពុជា​វិញ ​ឬ​អត់ ​បន្ទាប់​ពី​ត្រូវ​យក​ទៅ​ដាក់​បង្ហាញ​នៅ​ប្រទេស​សាំងហ្គាព័រ​នៅ​សប្តាហ៍​ក្រោយ​នេះ៕​
XS
SM
MD
LG