ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះរាជអាជ្ញា​បន្ត​ផ្តល់​ភ័ស្តុតាង​ប្រឆាំង​មេដឹកនាំ​ខ្មែរ​ក្រហម


អតីតមេដឹកនាំ​ខ្មែរក្រហម ប៉ុល ពត ឆ្លើយ​នឹង​សំណួរ​ក្នុង​កិច្ច​សន្ទនាមួយ​នៅជិត​អន្លង់វែង ប្រទេស​កម្ពុជា (រូបថតឯកសារ ១៩៩៨)
អតីតមេដឹកនាំ​ខ្មែរក្រហម ប៉ុល ពត ឆ្លើយ​នឹង​សំណួរ​ក្នុង​កិច្ច​សន្ទនាមួយ​នៅជិត​អន្លង់វែង ប្រទេស​កម្ពុជា (រូបថតឯកសារ ១៩៩៨)

ក្រុម​សហព្រះរាជអាជ្ញា​របស់​សាលាក្ដី​ខ្មែរក្រហម​ បាន​បន្ដ​បង្ហាញ​ភ័ស្ដុតាង​នៅ​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ​ថា​ អតីតមេដឹក​នាំ​ខ្មែរក្រហម​កំពូលៗ​ដែល​កំពុង​តែ​ស្ថិត​ក្រោម​ការ​កាត់ទោស​បាន​ប្រាស្រ័យ​ទាក់ទង​ការងារ​ជាមួយ​គ្នា​យ៉ាង​ជិត​ស្និទ្ធិ ​ហើយ​ថែមទាំង​រួមចំណែក​ធ្វើ​សេចក្ដីសម្រេច​ជាមួយ​គ្នា​ទៀត​ផង។

សហព្រះរាជអាជ្ញារង​អន្ដរជាតិ ​លោក ​វីលាម ស្មីត (William Smith) បាន​ស្រង់​បទសម្ភាស​របស់​ប្រវត្តិវិទូ ​លោក ​ស្ទីវ​ ហេដឌើ នៅ​ថ្ងៃ​ទី​១៧ ​ខែ​ធ្នូ ​ឆ្នាំ​១៩៩៦ ​ជាមួយ​អៀង ​សារី​ គឺ​បន្ទាប់​ពី​អៀង ​សារី ​បាន​នាំ​កងទ័ព​ខ្មែរក្រហម​មួយ​ចំនួន​ចុះចូល​ជាមួយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។ បទ​សម្ភាស​នោះ​លោក ​វីលាម ​ស្មីត ​យល់​ថា ​មាន​សារៈសំខាន់​នៅ​ក្នុង​ការ​បង្ហាញ​ការ​ជាប់​ទាក់ទង​គ្នា​រវាង ​ប៉ុល ​ពត​ សុន ​សេន ​និង​ ខៀវ ​សំផន​ នៅ​ក្នុង​ពេល​ដែល​ពួក​ខ្មែរក្រហម​កំពុង​ធ្វើ​ការ​តស៊ូ​នោះ។

នៅ​ក្នុង​បទ​សម្ភាស​ដែល​មាន​តែ​សំឡេង អៀង ​សារី ​បាន​ស្វែងយល់​ និង​ពិភាក្សា​ជាមួយ ​ប៉ុល ​ពត​ មេ​ស្ថាបនិក​របប​កម្ពុជា​ប្រជាធិបតេយ្យ​ពី​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពីក្រុង​ភ្នំពេញ។ ​ការ​ពិភាក្សា​ ដែល​ធ្វើ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​១៩៧៤ ​គឺ​ដើម្បី​រាយការណ៍​ជូន​លោក​ ជូ អិនឡាយ (Zhou Enlai ) នាយក​រដ្ឋមន្ដ្រី​ចិន​នៅ​សម័យ​នោះ។

«បញ្ហា​នេះ ​ខ្ញុំ​បាន​លើក​នៅ​ក្នុង​ឆ្នាំ​១៩៧៤​ ជាមួយ​នឹង​ប៉ុល ​ពត ​ជជែក​ពី​រឿង​ប្រជាជន​។ ​ឯកឧត្តម​ ជូ អិនឡាយ ​សួរ​ខ្ញុំ​។ ​តើ​ពួក​មិត្ត​មាន​ផែនការ​បែប​ម៉េច? ​គឺ​ថា ​ប៉ុល ​ពត ​ឆ្លើយ​នឹង​ខ្ញុំ​ គឺ​ថា​គេ​មាន​ពិសោធន៍​អស់​ហើយ​ មិត្ត​កុំ​គិត​។ ​អាហ្នឹង​មិត្ត​គិតតែ​ពី​ភារកិច្ច​មិត្ត​នៅ​ឯ​ខាង​ក្រៅ​បាន​ហើយ​។​ បាន​ខ្ញុំ​និយាយ​ថា​បញ្ហា​នេះ ​គឺ​ខាង​ថ្នាក់​ដឹកនាំ​ចិន​សួរ​ខ្ញុំ ​បាន​ខ្ញុំ​សួរ​ច្បាស់លាស់​អីញ្ចឹង​ បញ្ហា​ហ្នឹង​ស្រួល​ទេ ​គឺ​ថា​កុំ​ឲ្យ​មិត្ត​ចិន​ព្រួយ​បារម្ភ​អី ​ខ្មែរ​គឺ​ថា​គោល​គំនិត​ច្បាស់លាស់​ហើយ​។​ គេ​ធ្លាប់​ដោះស្រាយ​ខេត្ត​ស្ទឹងត្រែង ​ខេត្ត​ក្រចេះ​អី! ​គេ​ធ្វើ​បាន​ហើយ! ​ដូច្នេះ​បញ្ហា​នៅ​ភ្នំពេញ ​បញ្ហា​ហ្នឹង​ត្រូវ​តែ​ជម្រាប»។

លោក​ ស៊្មីត ​ក៏​បាន​បង្ហាញ​ឈុឆ​វីដេអូ ​មួយ​ទៀត​ដែល​មាន​ ហ៊ូ ​នឹម ​ខៀវ ​សំផន ​អៀង ​សារី​ និង​នៅ​ក្នុង​នោះ​មាន​សម្តេច ​នរោត្តម ​សីហនុ ​ផងដែរ។

កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ​ក្រុម​ព្រះរាជអាជ្ញា​បាន​បង្ហាញ​ថា ​ពួក​ខ្មែរក្រហម​បាន​បង្កើត​ និង​បែងចែក​រចនាសម្ព័ន្ធ​ដឹកនាំ​ច្បាស់លាស់​ពី​ថ្នាក់​មូលដ្ឋាន​ រហូត​ទៅ​ដល់​ថ្នាក់​មជ្ឈឹម​ គឺ​ថ្នាក់​កំពូល​នៃ​អង្គការ​ដឹកនាំ​របស់​ខ្លួន។ នៅ​ថ្ងៃ​អង្គារ​នេះ​សហព្រះរាជអាជ្ញា​អន្ដរជាតិ​ បាន​បញ្ជាក់​ផង​ដែរថា ​ខៀវ ​សំផន ​អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហម​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​ទីក្រុង​ភ្នំពេញ ​ហើយ​នោះ​គឺ​ជា​សេចក្ដីសម្រេច​រួម។

នៅ​ក្នុង​ឯកសារ​វីដេអូ ​ដែល​បង្ហាញ​ដោយ​សហព្រះរាជអាជ្ញា​អន្តរជាតិ ​ខៀវ ​សំផន ​បាន​កោត​សរសើរ​ប៉ុល ​ពត​ ដោយ​និយាយ​ជា​ភាសាបារាំង ​ហើយ​ជន​ជាប់ចោទ​ដដែល​នេះ ​ក៏​បាន​យល់ព្រម​ក្នុង​ការ​ប្រើប្រាស់​កម្លាំង ​ដើម្បី​សម្លាប់​សត្រូវ​នៅ​ឆ្នាំ​១៩៧០ ​ផងដែរ។

ព្រម​ជាមួយ​គ្នា​នេះ​សហព្រះរាជអាជ្ញា​កម្ពុជា ​លោក​ ច័ន្ទ ​តារារស្មី ​បាន​ស្រង់​សម្តី​អៀង​ សារី ​ដែល​និយាយ​ថា ​មាន​តែ​ការ​តស៊ូ​ប្រដាប់​អាវុធ​ទេ ​ទើប​អាច​នាំ​ឲ្យ​ពួកខ្មែរក្រហម​កាន់កាប់​អំណាច​បាន។ លើស​ពីនោះ អៀង ​សារី ​បាន​បញ្ជាក់​បន្ថែម​ថា ​ការ​តស៊ូ​ប្រដាប់​អាវុធ​ជា​ចំហ​របស់​ពួក​ខ្មែរក្រហម​បាន​ចាប់​ផ្ដើម​ក្រោយ​រដ្ឋប្រហារ​ថ្ងៃ​ទី​១៨ ​ខែ​មិនា ​ឆ្នាំ​១៩៧០​ ហើយ «ប្រទេស​ចិន​ជា​អ្នក​ផ្គត់ផ្គង់​អាវុធ»។

នួន​ ជា ​អតីត​ប្រធាន​សភា​ខ្មែរក្រហម ​ធ្លាប់​បាន​អះអាង​ក្នុង​សវនាការ​នៃ​អង្គជំនុំ​ជម្រះ​សាលាដំបូង​ថា ​ការ​តស៊ូ​ប្រដាប់​អាវុធ​គឺ​ជា​មធ្យោបាយ​បន្ទាប់​បន្សំ​តែ​ប៉ុណ្ណោះ ​ហើយ​ការ​តស៊ូ​នយោបាយ​ គឺ​ជា​គោលដៅ​សំខាន់​របស់​ខ្មែរក្រហម ។

ទោះ​ជា​យ៉ាង​ណា​ ក្រុម​សហព្រះរាជអាជ្ញា​បាន​បង្ហាញ​ភ័ស្ដុតាង​ដែល​បញ្ជាក់​ថា ​នួន ​ជា ​បាន​រួម​សម្រេច​ផែនការ​តស៊ូ​ដោយ​ប្រដាប់​អាវុធ​នេះ​នៅ​ចុង​ឆ្នាំ១៩៦៧៕

XS
SM
MD
LG