នៅថ្ងៃសៅរ៍នេះ រដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមរៀបចំពិធីបីថ្ងៃ ដើម្បីប្រារព្ធខួប២០ឆ្នាំនៃការបញ្ចប់សង្រ្គាមស៊ីវិល។ ពិធីនេះរៀបចំឡើងដើម្បីកំណត់ថា នៅទីបំផុត ជម្លោះដ៏យូរអង្វែង បានបញ្ចប់។
មនុស្សរាប់ពាន់នាក់ត្រូវគេរំពឹងថា នឹងប្រមូលផ្តុំគ្នានៅជ្រោយចង្វារដែលនៅចន្លោះទន្លេមេគង្គនិងទន្លេសាបនៅត្រើយម្ខាងនៃរាជធានីដែលបែងចែកដោយទន្លេសាប។
ពិធីដែលគេប្រសិទ្ធិនាមថា នយោបាយ«ឈ្នះឈ្នះ»គឺជាការកត់សម្គាល់ទីបញ្ចប់នៃសង្គ្រាម។រដ្ឋាភិបាលក៏នឹងសម្ពោធវិមានអនុស្សាវរីយ៍មួយដែលរដ្ឋាភិបាលនិយាយថា នឹង «ប្រាប់ជំនាន់ក្រោយនូវប្រវត្តិពិតប្រាកដរបស់ប្រទេសកម្ពុជា»។
តាមទស្សនរដ្ឋាភិបាល កាលពីថ្ងៃទី២៩ ខែធ្នូឆ្នាំ១៩៩៨ សង្រ្គាមរយៈពេល៣០ឆ្នាំនៅប្រទេសកម្ពុជាបានបញ្ចប់ នៅពេលដែលមេដឹកនាំខ្មែរក្រហមរស់រានមានជីវិតគឺនួនជានិងខៀវសំផនបានចុះចូលជាផ្លូវការជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅផ្ទះរបស់លោកនៅជាយក្រុងភ្នំពេញ។
ថ្មីៗនេះ លោកនាយករដ្ឋមន្រ្តីហ៊ុនសែនបាននិយាយថា៖ «គោលនយោបាយឈ្នះឈ្នះអាចឱ្យប្រទេសកម្ពុជាទទួលបានសន្តិភាពនិងឯកភាពទឹកដីហើយវាបាននាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការកាត់បន្ថយភាពក្រីក្រ ជាពិសេស ប្រជាជនកម្ពុជាលែងស្លាប់ក្នុងសង្គ្រាមដូចកាលពីមុនទៀត»។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសខែតុលាឆ្នាំ១៩៩១បានបញ្ចប់សង្គ្រាមនៅប្រទេសកម្ពុជាជាផ្លូវការ៕