ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពល​រដ្ឋ​និង​ទេស​ចរ​ថា​ប្រាសាទ​អង្គរវត្ត​ស័ក្តិសម​នឹង​ចំណាត់​ថ្នាក់​​កំពូល


រូបឯកសារ៖ ក្រុម​អ្នក​ទេសចរណ៍​អន្តរជាតិ​រង់ចាំ​ផ្តិត​យក​រូបភាព​នៃ​ព្រះអាទិត្យ​រះ​នៅ​ពេល​ព្រឹក​ព្រលឹម​នៅ​ប្រាសាទ​ អង្គរវត្ត កាល​ពី​ថ្ងៃ​អាទិត្យ ទី១០ ខែមករា ឆ្នាំ ២០១៦។ (ហ៊ុល រស្មី​/VOA)

ពលរដ្ឋ​រស់​នៅ​ខេត្ត​សៀមរាប​ ​និង​ភ្ញៀវ​បរទេស​មួយ​ចំនួន​​ក្នុង​ខេត្ត​ដ៏​ពិសិដ្ឋ​នេះ​លើក​ឡើង​ថា​ ​អង្គរ​វត្ត​ជា​សំណង់​ដែល​ស័ក្តិសម​នឹង​ទទួល​បាន​ចំណាត់​ថ្នាក់​លំដាប់​កំពូល​ទី​មួយ​របស់​ពិភព​លោក ​សម្រាប់​ដំណើរ​ទេសចរណ៍​ ​ដូច​ដែល​គេហទំព័រ​TripAdvisor​ ​ដ៏​ល្បីល្បាញ​របស់​អាមេរិក​បាន​​ជ្រើសរើស។​

កាល​ចុង​ពី​ខែ​ឧសភា​កន្លងទៅ​ ​ប្រាសាទ​អង្គរវត្ត​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​ ​ត្រូវ​បាន​ជាប់​ឆ្នោត​ជា​សំណង់ប្រវត្តិសាស្ត្រ​លំដាប់​កំពូល​ទី​មួយ​របស់​ពិភពលោក​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ក្នុង​ឆ្នាំ២០១៧​ ​ក្នុង​កម្មវិធី​ផ្តល់​រង្វាន់​មួយ​ ​របស់​គេហ​ទំព័រប្រឹក្សា​ធ្វើ​ដំណើរ​ដ៏​ល្បី​របស់​អាមេរិក​ឈ្មោះ​ ​TripAdvisor (TripAdvisor’s 2017 Traveller’s Choice Awards–Landmarks)។​

ពលរដ្ឋ​រស់​នៅ​ខេត្ត​សៀមរាប​ ​និង​ភ្ញៀវ​បរទេស​មួយ​ចំនួនក្នុង​ខេត្ត​ដ៏​ពិសិដ្ឋ​នេះ​លើក​ឡើង​ថា​ ​អង្គរ​វត្ត​ជា​សំណង់​ដែល​ស័ក្តិសម​នឹង​ទទួល​បាន​ចំណាត់​ថ្នាក់​លំដាប់​កំពូល​ទី​មួយ​របស់​ពិភព​លោក ​សម្រាប់​ដំណើរ​ទេសចរណ៍​ ​ដូច​ដែល​គេហទំព័រ​TripAdvisor​ ​ដ៏​ល្បីល្បាញ​របស់​អាមេរិក​បានជ្រើសរើស។​

ពលរដ្ឋ​រស់​នៅ​ខេត្ត​សៀម​រាប​ម្នាក់​ លោក​ ​ធឿន ធា​ ​ប្រាប់VOA​នា​សប្តាហ៍​នេះ​ ​ថា​ ​លោក​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​ប្រាសាទ​អង្គរវត្តទទួល​បាន​ពាន​រង្វាន់​ជា​សំណង់​ប្រវត្តិសាស្រ្ត​លំដាប់​កំពូល​ទី១​ ​របស់​ពិភព​លោក។​ ​បុរស​វ័យ២៨​ឆ្នាំ​រូបនេះ​បន្ថែម​ថា​ ​ការ​ទទួល​បាន​ចំណាត់​ថ្នាក់​នេះ​ ​នឹង​កាន់​តែ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចូល​មក​ទស្សនា​កាន់​តែ​ច្រើន​និង​ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង ​ជាពិសេស​សម្រាប់ប្រជា​ពលរដ្ឋដែល​ប្រកប​មុខរបរ​ក្នុង​ខេត្ត​សៀម​រាប​ផ្ទាល់។​

លោក​បញ្ជាក់​ថា៖​

«ខ្ញុំ​មាន​អារម្មណ៍​ថា​ត្រេកអរ​ ​និង​សប្បាយ​ ​ពីព្រោះ​អង្គរវត្ត​ជា​របស់​ដូនតា​ខ្មែរ​យើង។​ ​យើង​ជាកូន​ចៅ​ជំនាន់​ក្រោយ​ ​ដល់ពេល​អង្គរវត្ត​ល្បី​ទូទាំង​ពិភពលោក​ ខ្ញុំ​មាន​អារម្មណ៍​ថា​សប្បាយ​ ​ហើយ​គឺរីករាយ​មែន​ទែន។​ ​ហើយ​សម្រាប់​ប្រជាពលរដ្ឋ​ ​ពិសេស​អ្នក​សៀមរាប​ទាំង​មូលអាច​បង្កើន​ចំណូល​ប្រចាំ​ថ្ងៃ ប្រចាំ​ខែ​របស់​គាត់​បាន»។​

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​ដែល​កំពុង​ឈរ​ថតរូបនៅ​ខាង​មុខ​ច្រក​ចូលប្រាសាទ​អង្គរវត្ត​ ​អ្នកស្រី​ ​ជួន សាវរី​ ​លើក​ឡើង​ថា​ ​អ្នកស្រី​មាន​ភាព​រំភើប​ នៅ​ពេល​ដែល​ដឹង​ថា​ប្រាសាទ​អង្គរវត្ត​ដ៏​ល្បី​ល្បាញ​របស់​ខ្មែរ​ត្រូវ​បាន​ចាត់​ចំណាត់​ថ្នាក់​លេខ១ ​សម្រាប់​ដំណើរកម្សាន្ត​ ​ល្អ​ជាង​គេ​ក្នុង​ពិភព​លោក។

ស្រ្តី​វ័យ២៨​ឆ្នាំ​រូបនេះ​បញ្ជាក់​ថា៖​

«តាមខ្ញុំ​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយរូប​ ខ្ញុំ​ពិតជា​មាន​មោទនភាព​ខ្លាំង​ណាស់​ ​នៅពេល​ដែល​ថាខ្លួន​ឯង​នៅ​លើ​ទឹក​ដី​ដែល​អស្ចារ្យ​អីចឹង។​ ​ហើយ​ក៏​មាន​មោទនភាព​ចំពោះ​ប្រទេស​ជាតិ​ខ្លួនឯង​ដែល​មិនគួរ​ឲ្យ​ជឿថា​ ​បាន​លេខ​មួយ​នៅ​ក្នុង​វេប​សាយ​មួយ​ហ្នឹង»។​

ប្រាសាទ​អង្គរវត្ត​ត្រូវ​បាន​ជាប់​ឆ្នោត​ក្នុង​លេខ​រៀង​ទី​មួយ​ ​ក្នុង​ចំណោម​សំណង់​ប្រវត្តិសាស្ត្រ​ដែល​មាន​ចំនួន​២៥។​ ​សំណង់​ប្រវត្តិសាស្ត្រ​ដែល​ជាប់​ឆ្នោត​ពី​លេខ​រៀង​ទី​ពីរ​ ​ដល់​ទី​៥​ រួម​មាន​មជ្ឈមណ្ឌល​ព្រះវិហារ​សាសនា​ឥស្លាម​ដ៏​ប្រណិត​ឈ្មោះ​ថា​ Sheikh Zayed ក្នុង​ប្រទេស​អារ៉ាប់រួម​ ប្រាសាទ​ Mezquita Cathedral de Cordoba ​របស់​ប្រទេស​អេស្ប៉ាញ​ សំណង់​ St Peter’s Basilica ក្នុង​បុរី​វ៉ាទីកង់​ និង​សំណង់​ Taj Mahal ​របស់​ប្រទេស​ឥណ្ឌា។​

ភ្ញៀវទេសចរណ៍​ជនជាតិ​បារាំង​ដែល​កំពុង​ទស្សនា​ប្រាសាទ​អង្គរវត្ត​ ​អ្នកស្រី​ ​Constance Talicmet​ ​ប្រាប់ VOA​ ​ថា​ ​អ្នកស្រី​បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចំនួន​១៤​ក្នុង​តំបន់​អាស៊ី​ ​និង​ទស្សនា​កន្លែង​ទេសចរណ៍​ជា​ច្រើន​ក្នុង​ប្រទេស​ទាំង​នោះ។​ ​អ្នកស្រី​បន្ថែម​ថា​ ​នេះ​ជា​លើកទី១​ដែល​អ្នកស្រី​បាន​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត​ដែល​អ្នកស្រី​ថា​ ​ជា​ប្រាសាទ​ដែល​សក្តិសម​ទៅ​នឹង​ការ​ចាត់​ចំណាត់​ថ្នាក់​ជា​សំណង់​ប្រវត្តិសាស្រ្ត​លំដាប់​កំពូល​របស់​ពិភព​លោក។​

អ្នកស្រី​បញ្ជាក់​ថា៖​

«ខ្ញុំ​បាន​ទៅ​ទស្សនា​សំណង់​ប្រាសាទ​ជាច្រើន​នៅ​បណ្តា​ប្រទេស​ផ្សេងៗ​ ​ប៉ុន្តែ​អង្គរវត្ត​គឺ​ពិត​ជា​អស្ចារ្យ​ណាស់។​ ​ខ្ញុំ​ពិត​ជា​មាន​ការ​ស្ងើច​សរសើរ​មែនទែន។​ ​ទាំង​វប្បធម៌​ ​អ្វី​គ្រប់​បែបយ៉ាង​ហាក់​ដូចជា​នៅ​កណ្តាល​ព្រៃ​ ​ហើយ​ពួកយើង​ត្រូវ​ឆ្លង​កាត់​ស្រះ​ទឹក។​ ​ខ្ញុំពិតជា​មិន​អាច​ស្រម៉ៃ​បាន​ទេ។​ ​ខ្ញុំ​គិតថា​វា​គឺជា​ប្រាសាទ​ដែល​ស្អាត​បំផុត ​បើ​ធៀប​ទៅ​នឹង​ប្រទេស​ផ្សេង​ទៀត​ដែល​ខ្ញុំ​បាន​ទៅ​ទស្សនា»។

ចំណែក​ភ្ញៀវ​ទេសចរ​បរទេស​ម្នាក់​ទៀតដែល​កំពុង​ទស្សនា​ប្រាសាទ​អង្គរវត្ត​ជាមួយ​ភរិយា​ ​លោក​ Robert Davis​ ​បាន​លើក​ឡើង​ថា​ ​លោក​ទើបតែ​បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនា​សំណង់​បែប​ប្រវត្តិសាស្រ្ត​មួយ​ចំនួន​តូច​ ​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ ​ដូច្នេះ​លោក​មិន​ទាន់​អាច​ប្រៀបធៀប​ប្រាសាទ​អង្គរវត្ត​ទៅ​នឹង​សំណង់​ប្រាសាទ​ផ្សេងៗ​ទៀត​ក្នុង​ពិភព​លោក​បាន​នៅ​ឡើយ។​ ​ទោះ​ជា​យ៉ាង​ណា​លោក​បញ្ជាក់​ថា ​ផ្នែក​ជាច្រើន​នៃ​ប្រាសាទ​អង្គរវត្ត​មាន​ភាព​ល្អ​ឯក​លើសពី​ការ​រំពឹង​ទុក​របស់​លោក។​

បុរស​ជនជាតិ​អូស្រ្តាលី​វ័យ​៦៨​ឆ្នាំ​រូបនេះ​បន្ថែម​ថា៖​

«បឹង​ ​ធ្វើ​ឲ្យ​ខ្សាច់​នៅ​ខាងក្រោម​មាន​សំណើម​ ​ហើយ​ទឹក​នោះ​ចេញ​ទៅ​ចូល​ឡាំង​ទឹក​ ​ហើយ​ទឹក​ចូល​ក្នុង​នេះ​ហើយ​ធ្វើ​ឲ្យ​ស្អាត​ចូល​ក្នុង​ប្រាសាទ​។ វា​គឺជា​សំណង់​ដែល​អស្ចារ្យ​ដែល​មិនគួរ​ឲ្យ​ជឿ»។​

ចាប់​ពី​ថ្ងៃ​ទី១​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៧​ ​រដ្ឋាភិបាល​បាន​សម្រេច​ដំឡើង​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​សម្រាប់​ជន​បរទេស​ ​ឡើង​ជិត​ទ្វេ​ដង។​ ​តម្លៃ​សំបុត្រ​សម្រាប់​ចូល​ទស្សនា​រយៈពេល​១ថ្ងៃត្រូវ​បាន​ដំឡើង​ពី​២០​ដុល្លារ​ ​ទៅ​៣៧​ដុល្លារ។ ​តម្លៃ​សំបុត្រ​សម្រាប់​រយៈពេល​៣ថ្ងៃ ត្រូវបាន​ដំឡើង​ពី​៤០​ដុល្លារ​ ទៅ​៦២​ដុល្លារ​ ​និង​តម្លៃ​សំបុត្រ​ចូល​ទស្សនា​រយៈពេល​មួយ​សប្ដាហ៍​ ត្រូវបានដំឡើង​ពី​៦០​ដុល្លារ​ ​ទៅ​៧២ដុល្លារ។​

បើ​តាម​គេហទំព័រ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ ​ស្ថិតិ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ទិញ​សំបុត្រ​ចូល​ទស្សនា​ប្រា​សាទ​អង្គរ​វត្ត​ក្នុង​ឆ្នាំ​២០១៦​ ​មាន​ចំនួន​ជាង​២លាននាក់​ ​និង​បាន​ចំណូល​ជាង​៦២លាន​ដុល្លារ​អាមេរិក​។​ ​សម្រាប់​រយៈ​ពេល​បួន​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៧​នេះ​ ​មាន​ភ្ញៀវ​ទេសចរ​ចំនួន​ជិត​៩៥ម៉ឺន​នាក់​ ​និង​រក​ចំណូល​បាន​ជាង​ ​៣៩លាន​ដុល្លារ​អាមេរិក៕

XS
SM
MD
LG