ភ្នំពេញ —
តំណាងរដ្ឋាភិបាល សង្គមស៊ីវិល សហជីពកម្មករ និងអង្គការសហប្រជាជាតិបាននាំគ្នាពិគ្រោះយោបល់ក្នុងសិក្ខាសាលាមួយនៅថ្ងៃពុធនេះដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសហជីព។ ច្បាប់នេះគឺជាច្បាប់ដ៏សំខាន់មួយដែលនឹងត្រូវកំណត់សិទ្ធិសេរីភាពរបស់ក្រុមកម្មករក្នុងការចងក្រងជាក្រុមដើម្បីផលប្រយោជន៍ការងារពួកគេ។
សេចក្តីព្រាងច្បាប់ដែលធ្វើដោយរដ្ឋាភិបាលនេះមាន១៧ជំពូកនិង៩១មាត្រា។ មាត្រាទី៥ចែងថា កម្មករ និយោជិត និយោជក មានសិទ្ធិបង្កើតសហជីព ឬសមាគមតាមការជ្រើសរើសរបស់ខ្លួន ដោយមិនប្រកាន់និងដោយពុំចាំបាច់មានការអនុញ្ញាតជាមុន។
ក៏ប៉ុន្តែមាត្រាទី១០ចែងថា សហជីពមូលដ្ឋាន ឬមានន័យថា សហជីពនៅនឹងកន្លែងធ្វើការអាចបង្កើតឡើងបាន ដោយកម្មករ និយោជិតយ៉ាងតិចចំនួន២០ភាគរយនៃកម្មករនិយោជិតសរុប។
លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានចូលរួមបើកសិក្ខាសាលារយៈពេលពីរថ្ងៃនេះ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា ច្បាប់នេះនៅមានភាពរសើបដោយសារតែភាគីដែលពាក់ព័ន្ធ ដូចជាភាគីសហជីព ដែលតំណាងឲ្យក្រុមកម្មករ និងខាងនិយោជក ដែលតំណាងឲ្យក្រុមថៅកែ មិនទាន់ចុះសម្រុងគ្នាលើខ្លឹមសារជាទូទៅ។
«កម្ពុជាចាត់ទុកការអនុវត្តសិទ្ធិសេរីភាពសហជីពនិងសិទ្ធិកម្មករ និយោជិតគឺជាសិទ្ធិមនុស្សនៅកម្ពុជា»។
ប៉ុន្តែលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីព CCAWDU អធិប្បាយថា សេចក្តីព្រាងច្បាប់នេះបង្ហាញពីការរឹតត្បិត និងការដាក់សម្ពាធលើសិទ្ធិសេរីភាព និងសកម្មភាពរបស់សហជីព។
«ដូចជានៅក្នុងមាត្រា៣គឺយើងបានស្នើឲ្យមានការបញ្ចូលទៅមន្ត្រីរាជការ ឬកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីមានសិទ្ធិបង្កើតសហជីពផង។ ប៉ុន្តែសេចក្តីព្រាងច្បាប់នេះមិនបានបញ្ចូលចំណុចនេះទេ។ ដោយឡែកមាត្រា១០បានដាក់កំហិតឲ្យបង្កើតសហជីពបានលុះណាតែមានសមាជិកចាប់ពី២០ភាគរយនៃកម្មករសរុប។ តើយើងអាចរកសមាជិកបាន២០ភាគរយទេ បើយើងមិនទាន់បង្កើតសហជីពបានផង»។
លោកអាត់ ធន់បញ្ជាក់បន្ថែមថា មាត្រាទី១៦ដែលចែងអំពីការពន្យារការចុះបញ្ជី ការដែលនឹងនាំឲ្យរដ្ឋាភិបាលយកឡេសពន្យារពេលមិនព្រមចុះបញ្ជីឲ្យសិទ្ធិបង្កើតសហជីព។ មួយវិញទៀត មាត្រាទី៦៦ ដែលចែងអំពីការអនុវត្តមិនបានត្រឹមត្រូវរបស់សហជីពអាចជាហានិភ័យដល់សកម្មភាពរបស់ក្រុមកម្មករនិងសហជីព។
ជាមួយគ្នានេះ លោកចន រីឆុត (John Rechotte) តំណាងអង្គការពលកម្មអន្តរជាតិ ILO ក៏បានអធិប្បាយដោយយោងទៅលើការរឹតបន្តឹងលើសិទ្ធិសេរីភាពកម្មករ និងសហជីពនេះដែរ។
លោកស្រីសែនដ្រា ដាមិកូ (Sandra D'Amico) អនុប្រធានសមាគមជំនួញនិងសហព័ន្ធនិយោជកកម្ពុជា មានប្រសាសន៍ថា តំណាងក្រុមថៅកែចង់ឃើញក្រុមសហជីពដើរតួជាអ្នកតំណាងឲ្យកម្មករពិតប្រាកដ។
«យើងក៏ចង់ផ្តោតលើតួនាទីរបស់សហជីពក្នុងការធ្វើជាតំណាងពិតប្រាកដរបស់កម្មករ ក្នុងការបញ្ឈប់ការជ្រៀតជ្រែកពីមជ្ឈដ្ឋានខាងក្រៅ ក្នុងការផ្តល់កិច្ចសហការ និងក្នុងសមត្ថភាពចរចាប្រមូលនូវកិច្ចព្រមព្រាង។ នេះគឺជាអត្ថន័យដែលគ្របដណ្តប់កម្លាំងពលកម្មរបស់យុវជន»។
លោកស្រីចង់ឃើញថា កម្មករទទួលបានការការពារនៅពេលដែលពួកគេចូលជាសមាជិករបស់សហជីព ដោយរំពឹងថា ច្បាប់ស្តីពីសហជីពនេះនឹងផ្តល់ផលប្រយោជន៍ដល់ការប្រកួតប្រជែង និងការទាក់ទាញវិនិយោគិន។
លោករដ្ឋមន្ត្រី អ៊ិត សំហេង ឲ្យដឹងថា មានសហជីពកម្មករចំនួនជាង៣០០០ត្រូវបានទទួលស្គាល់ មានសហព័ន្ធសហជីពចំនួនជាង៨០ និងសហភាពសហជីពចំនួនជាងដប់។
លោក អ៊ិត សំហេង រំពឹងថា សេចក្តីព្រាងច្បាប់ស្តីពីសហជីពនេះនឹងត្រូវដាក់ជូនរដ្ឋសភាពិភាក្សា និងអនុម័តក្នុងអំឡុងចុងឆ្នាំ២០១៤នេះ៕