ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សហជីព​ធ្វើ​ចលនា​ក្នុង​និង​ក្រៅ​ប្រទេស​ដាក់​សម្ពាធ​ដល់​ឧស្សាហកម្ម​វាយនភណ្ឌ


លោក​ រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ពីមុខ​ព្រះ​អង្គដងកើ​​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១០ មករា ២០១៤ ថា​បើ​ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​ឱ្យ​​បាន​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​និង​ដោះលែង​អ្នក​ទាំង​២១​នាក់​​មិន​ទទួលបាន​ជោគជ័យ​ទេ​នោះ​សហជីព​ទាំង​១៦​នឹង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​សារជាថ្មី។​ (ហេង រស្មី វីអូអេ)
លោក​ រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ពីមុខ​ព្រះ​អង្គដងកើ​​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១០ មករា ២០១៤ ថា​បើ​ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​ឱ្យ​​បាន​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​និង​ដោះលែង​អ្នក​ទាំង​២១​នាក់​​មិន​ទទួលបាន​ជោគជ័យ​ទេ​នោះ​សហជីព​ទាំង​១៦​នឹង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​សារជាថ្មី។​ (ហេង រស្មី វីអូអេ)
ក្រុម​សហជីព​កម្មករ​បន្ត​ដាក់​សម្ពាធ​ដល់​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា​ដោយ​ធ្វើ​ចលនា​ទាំង​នៅ​ក្នុងនិង​ក្រៅ​ប្រទេស​ដើម្បី​ទាមទារ​ឱ្យ​ស្ថានភាព​ការងារ​បានប្រសើរ​ឡើង ​ដំឡើង​ប្រាក់​បៀវត្សរ៍ ​និង​ដោះលែង​កម្មករ​និង​សកម្មជន​សហជីព​ចំនួន​២១​នាក់​ដែល​កំពុង​ជាប់​ឃុំ​ឃាំង។ ​

នៅ​ក្នុង​ប្រទេស​ក្រុម​សហជីព​ចំនួន​១៨​បាន​អំពាវនាវ​ឱ្យ​កម្មករ​ឈប់​សម្រាកពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃទី​២២ខែ​មេសាគឺ​បន្ត​ពី​ការ​ឈប់​សម្រាក​ចូលឆ្នាំ​ខ្មែរ​ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​ច័ន្ទ​ខាង​មុខនេះ។

​លោក អាត់​ ធន់​ ប្រធាន​សហព័ន្ធ​សហជីព​ស៊ីខៅឌូ​បាន​ពន្យល់​ថា៖

«នេះ​គឺ​ជា​សិទ្ធិ​មួយ​ដែល​កម្មករ​មិន​ដែល​ប្រើ​ពី​ពេល​មុន​មក​ជាង១០​ឆ្នាំ​[សម្រាប់​] អ្នក​ខ្លះ ​ហើយ​អ្នក​ខ្លះ​មួយ​ឆ្នាំ​ពីរឆ្នាំ​ទៅតាម​អតីតភាព​ការងារ​របស់​គាត់​ដែល​ច្បាប់​តម្រូវ​ដាច់​ខាត​ឱ្យ​កម្មករ​និយោជិត​ប្រើ​ប្រាស់​ដើម្បី​ស្តារនូវ​សម្បទា​ឬក៏​ការឈឺថ្កាត់​ផ្សេងៗ​របស់​គាត់​ក៏ ដូច​ជា​ការ​ជួប​ជុំ​គ្រួសារ​ទៅ​តាម​ប្រពៃណី​ទៅ តាម​ទំនៀម​ទម្លាប់​ជាដើម»។

រី​ឯ​នៅ​ ឆាក​អន្តរជាតិ​លោក​រ៉ុង ឈុន ​ប្រធាន​សហភាព​សហជីព​កម្ពុជា​កំពុង​ធ្វើ​ដំណើរ​នៅ​សហរដ្ឋ​អាមេរិក​និង​កាណាដា​ដើម្បី​បញ្ចុះបញ្ចូល​មន្ត្រី​រដ្ឋាភិបាល ​អ្នក​តាត់​តែង​ច្បាប់​ អង្គការ​សិទ្ធិមនុស្ស​និង​សហជីព​ឱ្យ​ជួយ​ចូលរួម​ក្នុង​ការ​ដាក់​ការ​គាប​សង្កត់​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​យក​ចិត្ត​ទុកដាក់​ដល់​ស្ថានភាព​កម្មករ​ដែល​កំពុង​ជួប​ការ​លំបាក។

លោក​រ៉ុង ឈុន ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ក្នុង​ពេល​មក​ដល់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ថា៖​

«កម្មករ​ប្រឈ​ម​មុខ​នឹង​ជីវភាព​រស់​នៅ​ដោយ​សារ​ប្រាក់​ខែ​តិច​តួច​ដែល​ធ្វើឱ្យ​ពួកគាត់​ថម​ថយ​នូវ​សុខភាព​ហើយ​យើង​ឃើញ​ហើយ​កម្មករ​ក្នុង​ពេល​ថ្មីៗ​នេះមាន​ការ​ដួល​សន្លប់​ជា​បន្តបន្ទាប់។ នេះ​ហើយ​ដែល​សហភាព​សហជី​ព​កម្ពុជា​យើង​ចូលរួម​ជំរុញ​ធ្វើ​យ៉ាង​ណា​ផ្តល់​ដំណោះស្រាយ​ជូន​ឱ្យ​បងប្អូន​កម្មករ​កម្មការិនី​ឱ្យ​បាន​សមរម្យ»។

មាន​កម្មករ​រាប់​រយ​នាក់​បាន​ដួល​សន្លប់​នៅ​តាម​រោងចក្រ​នានា​ក្នុង​ទីក្រុង​ភ្នំពេញ​ចាប់​តាំង​ពី​ដើមខែ​មេសា​មក។ រោងចក្រ​ទាំងនោះ ​ផលិត​ ផលិតផល​ឱ្យ​ក្រុម​ហ៊ុន Adidas Puma ​និង​ Nike ​ហើយ​គេ​សង្ស័យ​ថា​មាន​ទាក់​ទង​នឹង​ការទទួល​ទាន​ទឹក​និង​អាហារ​មិន​មាន​អនាម័យ ​និង​ធុំក្លិន​ខ្លាំង​ពី​វត្ថុធាតុ​ដើម។

យ៉ាង​ណាក៏ដោយ​ ​ក្រុម​សហជីព​បាន​មើល​ឃើញ​ពី​ឧបសគ្គ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​នេះ​ខ្លះ​ហើយ​លោក​អាត់ ធន់​បានបញ្ជាក់ថានិយោជក​មួយ​ចំនួន​ជាពិសេ​ស​សមាគម​រោងចក្រកាត់​ដេរ​មិន​ចង់​ឱ្យ​សិទ្ធិ​នេះ​ទៅវិញ។

​លោក​ ខេន លូ ​អគ្គលេខា​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា​បញ្ជាក់​ការពារ​ចំណាត់​ការ​របស់​ខ្លួន​ថា​ការដែល​មិន​ចង់​ឱ្យ​សម្រាក​នោះ ​គឺ​ដោយ​សារ​តែ​សហជីព​មិន​មាន​សិទ្ធិ​សុំ​ច្បាប់​ឈប់​សម្រាក​ជំនួស​ឱ្យ​កម្មករទេ​ហើយ​បើ​ទោះបី​ជា​កម្មករ​ស្នើ​សុំដោយ​ខ្លួន​ឯងក៏​ការសម្រេច​ស្ថិត​នៅ​លើ​ថៅកែ​ដែរ។

លោក​ខេន លូ ​ក៏ ​បាន​បញ្ជាក់​ដែរ​ថា​ទ្វារ​នៃ​ការ​ចរចា​ដំឡើង​ប្រាក់​ខែ​សម្រាប់​ឆ្នាំ​២០១៤​ចប់​ហើយ​មិនចាំ​បាច់​ស្នើ​សុំ​ឱ្យ​មាន​ការ​ចរចា​ណា​ទៀតទេ។

«បើ​ផ្នែក​តាម​សភាព​ការណ៍​ជាក់​ស្តែង​យើង​ដឹង​ថា​កម្មករ​ភាគច្រើន​ពេញ​ចិត្ត​នឹង​កម្រិត​ប្រាក់​បៀវត្សរ៍​សព្វថ្ងៃ​នេះ​ហើយ។ ហើយ​មាន​តែ​ក្រុម​មួយ​ចំនួន​តូច​ទេ​ដែល​នៅ​បន្ត​ទាមទារ»។

ក្រុម​កម្មករ​បាន​ផ្ទុះ​ការតវ៉ា​កាលពី​ចុង​ឆ្នាំ​២០១៣​រហូត​ដល់​ដើម​ឆ្នាំ​២០១៤​ទាមទារ​ចង់​បាន​ប្រាក់​បៀវត្សរ៍​គោល​ចំនួន​១៦០​ដុល្លារ​តែ​រហូត​មក​ដល់​ពេល​នេះ​រដ្ឋាភិបាល​សម្រេច​ប្រគល់​ឱ្យបានតែ១០០​ដុល្លារ​ប៉ុណ្ណោះ។ ការតវ៉ា​របស់​ពួកគេ​បាន​ឈាន​ទៅ​ដល់​អំពើ​ហិង្សា​រហូត​ដល់​មាន​ការ​បង្រ្កាប​យ៉ាង​ឃោរឃៅ​ពី​កងកម្លាំង​មាន​សមត្ថកិច្ច​ដោយ​សម្លាប់​កម្មករ​អស់​យ៉ាង​ហោចណាស់​៤នាក់​ របួស​រាប់​សិប​នាក់​ និង​ត្រូវ​ចាប់​ខ្លួន​កម្មករ​និង​មេដឹកនាំ​សហជីព​ចំនួន​២៣​នាក់​ក្នុង​នេះ​២១​នាក់​នៅ​ជាប់​ពន្ធនាគារ​នៅ​ឡើយ​ដោយ​រង់ចាំ​ការកាត់​ទោស​នៅ​ថ្ងៃ​ទី​២៥​ខែ​មេសា​ខាង​មុខ​នេះ។

លោក​អាត់ ធន់​បញ្ជាក់ថា​ការចេញ​មក​ជួប​គ្នា​ដើម្បី​ពិភាក្សាជា​មធ្យោបាយ​ដ៏​ល្អ។

«អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន​ថា​នឹង​បញ្ចប់​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​រវាង​កម្មករ​និយោជិត​និង​និយោជក​ទៅបាន​ហើយ​ដើម្បី​មាន​ជំនឿ​ជឿជាក់​ទៅលើ​កម្មករ​ដើម្បី​ផលិតបន្ត​ក៏​ដូច​ជា​ក្រុមហ៊ុន​ដែល​បញ្ជាទិញ​ពី​កម្ពុជា​បន្ថែម​រដ្ឋាភិបាល​គួរ​តែ​ជម្រះ​នូវ​បញ្ហា​ទាំង​អស់​ដែល​មាន​ឱ្យ​ខាង​តែ​បាន​ហើយ​ខ្ញុំ​គិត​ថា​ពេល​នោះ​បញ្ហា​នៃ​ការធ្វើ​ការ​របស់​កម្មករ​គឺ​អត់​មាន​ទៀត​ទេហើយ​អ្នក​បញ្ជាទិញ អាច​នឹង​កុម្មង់​ច្រើន​»។

ក្រុម​សហជីព​ក៏​បាន​អំពាវ​នាវ​ដល់​អ្នក​បញ្ជា​ទិញ​សំខាន់ៗ​ដូច​ជា​ Adidas, Puma និង Nike ចាត់​វិធានការ​ជាក់​លាក់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រាក់​បៀវត្សរ៍​នេះ​ដែល​នៅ​មិន​ទាន់​បំពេញ​បាន​តាម​តម្រូវ​ការ​ជាមូលដ្ឋាន​ដើម្បី​ផ្តល់​នូវ​«ការរស់​នៅ​ក្នុង​នាម​ជា​មនុស្ស​ដែល​មាន​ភាព​ថ្លៃថ្នូរ​នៅឡើយ»។
XS
SM
MD
LG