ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​កាល់តិច និង​បុគ្គលិក​ចរចា​តែ​បរាជ័យ​ជា​ថ្មី


ស្រ្តី​ម្នាក់​នេះ បាន​បិទ sticker មួយ​នៅ​លើ​មុខ​របស់​គាត់​ដែល​មាន​សរសេរ​ថា «យើង​ត្រូវការ​១៦០​ដុល្លារ​ក្នុង​១ខែ» នៅ​ក្នុង​ការតវ៉ា​ទាមទារ​មួយ​នៅ​ស្ថានីយ៍​ចាក់សាំង​មួយ​របស់​ក្រុមហ៊ុន Caltex ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី១៤​ខែឧសភា ឆ្នាំ​២០១៤​នេះ។
ស្រ្តី​ម្នាក់​នេះ បាន​បិទ sticker មួយ​នៅ​លើ​មុខ​របស់​គាត់​ដែល​មាន​សរសេរ​ថា «យើង​ត្រូវការ​១៦០​ដុល្លារ​ក្នុង​១ខែ» នៅ​ក្នុង​ការតវ៉ា​ទាមទារ​មួយ​នៅ​ស្ថានីយ៍​ចាក់សាំង​មួយ​របស់​ក្រុមហ៊ុន Caltex ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី១៤​ខែឧសភា ឆ្នាំ​២០១៤​នេះ។
កិច្ច​ចរចា​ដើម្បី​ស្វែងរក​ការ​ដំឡើង​ប្រាក់​ខែ​របស់​ក្រុម​បុគ្គលិក​និង​តំណាង​ក្រុមហ៊ុន​ Caltex ​បាន​បរាជ័យ​ជា​ថ្មី​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ។​

ក្រុមបុគ្គលិកបាន​ប្រកាស​ថា​ នឹង​បន្ត​ធ្វើ​កូដកម្ម​របស់​ខ្លួន​បន្ត​ទៀត។​ ចាប់​តាំង​ពី​រសៀល​ថ្ងៃ​អង្គារ ​តំណាង​ភាគី​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​Caltex​ និង​ក្រុម​បុគ្គលិក​ក្រុម​ហ៊ុន​បាន​ចរចាគ្នា​ជា​ថ្មី​ ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​សហជីព​ និង​តំណាង​មក​ពី​ក្រសួង​ការងារ​ ប៉ុន្តែ​នៅ​តែ​មិន​អាច​ស្វែង​រក​ភាព​ត្រូវរ៉ូវ​គ្នា​ណា​មួយ​នៅ​ឡើយ​មក​ទល់​ពេល​នេះ។​

ភាគី​ក្រុមហ៊ុន​ និង​ភាគី​និយោជក​បាន​ជួប​ចរចា​គ្នា​ម្តង​ហើយ​កាល​ពី​ថ្ងៃ​ទី​១៣​ឧសភា​ តែ​លទ្ធផល​ជាប់​គាំង​ដូច​គ្នា​នេះ។​

បន្ទាប់​ពី​កិច្ច​ចរចា​នេះ​ លោក​ស មូរ៉ា ប្រធាន​សហព័ន្ធ​សហជីព​កម្មករ ​ចំណី​អាហារ​ និង​សេវា​កម្ពុជា ថ្លែង​ថា​ ការ​ចរចា​ពេញ​មួយ​រសៀល​នេះ​មិន​ទទួល​បាន​លទ្ធភាព​អ្វី​ជា​ផ្លែផ្កា​នោះ​ទេ។​

«មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ដំណោះស្រាយ​អ្វី​ទេ។ ការ​ប្រជុំ​ពេល​ល្ងាច​មិញនេះ​ យើង​ជជែក​ទៅ​លើ​ប្រាំ​ចំណុច ដូច​ដែល​យើង​បាន​ស្នើ​ពី​ខាង​ដើម។ ទាក់​ទង​ហ្នឹង​ប្រាក់​ខែ​ទី​១៣ ខាង​ក្រុមហ៊ុន​មិន​ផ្តល់​ឱ្យ​ទេ ​ហើយ​ទាក់ទង​ហ្នឹង​រឿង​ដំឡើង​ប្រាក់ខែ ​ក្រុមហ៊ុន​នៅ​តែ​សូម​រយៈពេល​២​ខែ​ដើម្បី​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ»។

យ៉ាង​ណា​ក៏​ដោយ​ ខាង​ភាគី​និយោជិកបាន​ច្រាន​ចោលសំណើ​តប​នេះ និង​នៅ​តែ​រក្សា​ការ​ទាមទារ​របស់​ខ្លួន​ដដែល។ ​នេះ​បើ​តាម​លោក​យឿន រ៉េត តំណាង​បុគ្គលិក​ម្នាក់​ដែល​បាន​ចូល​រួម​ចរចា។​

«ខាង​ខ្ញុំ​ជា​ថ្នាក់​ដឹកនាំ​ នឹង​បន្ត​ការ​ទាមទារ​បន្ត​ទៀត តាម​រយៈ​ការ​ធ្វើ​កូដកម្ម​រហូត​ទាល់​តែ​បាន​ជោគជ័យ»។​ ​

ក្រុម​បុគ្គលិក​ក្រុម​ហ៊ុន​ Caltex ប្រមាណ​៣០០​នាក់​បាន​ធ្វើ​កូដ​កម្ម​នៅ​តាម​ស្ថានីយ​នីមួយៗ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១២​ឧសភា​មក​ម៉្លេះ​ ដោយ​ទាមទារ​ការ​ដំឡើងប្រាក់ខែ​រហូត​ដល់​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​និង​ទាមទារ​ឱ្យ​មាន​ប្រាក់​ខែ​ទី​១៣។​

វីអូអេ​បានព្យាយាម​ទាក់ទង​ដើម្បី​សុំ​អត្ថាធិប្បាយ​ពីលោកស្រី​តាន់ ចាន់ឡេក​ មន្ត្រី​ទំនាក់​ទំនង​សាធារណៈ​របស់​ក្រុមហ៊ុន​Caltex​ ​ប្រចាំ​កម្ពុជា ​និង​លោក​ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ ​មិន​អាច​ទំនាក់​ទំនង​បាន​ទេ​នៅ​ថ្ងៃ​នេះ។​

ស្ថានីយ​ប្រេង​ឥន្ធនៈ ​Caltex​ ​ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន​ Chevron ​ដែល​ជាក្រុមហ៊ុនផលិត​ប្រេង​ឥន្ធនៈ​ និង​ឧស្ម័ន​ដ៏​ធំ​បំផុត​មួយ​លំដាប់​អន្តរជាតិ ​ដែល​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក។​ កាល​ពី​ឆ្នាំ​២០១៣ ក្រុមហ៊ុន​នេះ​រក​ចំណូល​បាន​ជាង​២២០​ពាន់​លាន​ដុល្លារ​អាមេរិកពី​ការ​លក់​ និង​ចែក​ចាយ​ប្រេង​ឥន្ធនៈ។ ​នេះ​បើ​តាម​គេហទំព័រ​របស់​ក្រុមហ៊ុន​នេះ។​

ក្រុម​បាតុករ​បាន​អះអាង​ថា​ ក្រុមហ៊ុន​អន្តរជាតិ​មួយ​នេះ​ដែល​ធ្លាប់​តែ​អះអាង​ថា​ ជា​ក្រុមហ៊ុន​គោរព​តាម​បទដ្ឋាន​អន្តរជាតិ​ និង​ចូលរួម​កិច្ច​ការ​សង្គម​ជា​ច្រើន​នោះ ​បាន​ខក​ខាន​ក្នុង​ការ​ផ្តល់​ប្រាក់​បៀវត្សរ៍​សមរម្យ​ដល់​បុគ្គលិក​ខ្លួន។​

មក​ទល់​ពេល​នេះ​ ពុំ​មាន​ការ​កំណត់​កាល​បរិច្ឆេទ​សម្រាប់​ការ​ចរចា​ជា​ថ្មី​រវាង​ភាគី​ក្រុមហ៊ុន​ និង​តំណាង​បុគ្គលិក​នៅ​ឡើយ​ទេ។​

ការ​តវ៉ា​របស់​បុគ្គលិក​ក្រុមហ៊ុន​ Caltex នេះ​កើត​ឡើង​ក្រោយ​ពី​បាតុកម្ម​របស់​កម្មករ​រោងចក្រ​រាប់​ម៉ឺន​នាក់ និងបាតុកម្ម​របស់​កម្មករ​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ទៀត ​តាំង​ពី​ចុង​ឆ្នាំ​២០១៣​មក ក្នុង​បុព្វហេតុ​ដូច​គ្នា​នេះ៕
XS
SM
MD
LG