កម្ពុជា នៅថ្ងៃច័ន្ទនេះ បានបរិច្ចាគម៉ាសជាង២លាន និងបរិក្ខារវេជ្ជសាស្រ្តមួយចំនួនទៀតប្រឆាំងនឹងជំងឺកូវីដ១៩ ដល់រដ្ឋាភិបាលនេប៉ាល់។ នេប៉ាល់ជាប្រទេសទីបួនហើយ ដែលកម្ពុជាបានផ្តល់អំណោយជាម៉ាសនិងបរិក្ខារពេទ្យទាំងនេះ បន្ទាប់ពីឡាវ មីយ៉ាន់ម៉ា និងទីម័រខាងកើត។
ពិធីប្រគល់ និងទទួលបរិក្ខារវេជ្ជសាស្រ្តចុងក្រោយនេះ ធ្វើឡើងនៅព្រលានយន្តហោះនេប៉ាល់ ក្រោមអធិបតីភាព លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ដែលតំណាងកម្ពុជា និងរដ្ឋមន្រ្តីសុខាភិបាលរបស់ប្រទេសនេប៉ាល់ តំណាងឲ្យថ្នាក់ដឹកនាំប្រទេសនេះ។
សម្ភារៈទាំងនោះរួមមានម៉ាសចំនួន២លាន ម៉ាសក្រណាត់១០ម៉ឺន ម៉ាសN95ចំនួន២ម៉ឺន វ៉ែនតាសុវត្ថិភាពចំនួន២ម៉ឺន សម្លៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាលចំនួន២ម៉ឺនឈុត ម៉ាស៊ីនវាស់កម្តៅចំនួន៥០០ របាំងមុខចំនួន២ម៉ឺនជាដើម។
លោក ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកថាអំណោយទាំងនេះ គឺជា«សក្ខីភាព នៃមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងសាមគ្គីមិត្តភាពស្និទ្ធស្នាល»រវាងប្រជាជនកម្ពុជា និងប្រជាជននេប៉ាល់ ក្នុងអំឡុងពេលដ៏លំបាកនៃវិបត្តិសុខភាពពិភពលោក។
គួរបញ្ជាក់ថាចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០មក កម្ពុជាបានផ្តល់ម៉ាសសរុបជាង៧លានដល់ប្រទេសទាំង៤។
អ្នកតាមដាននយោបាយនៅកម្ពុជា កន្លងមកលើកឡើងថាការបរិច្ចាគនេះបង្ហាញ«កាយវិការមនុស្សធម៌»និង«យុទ្ធសាស្ត្រកិច្ចការបរទេស»របស់កម្ពុជា៕