ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​​បញ្ជាក់​ពី​គុណភាព​ធ្វើ​តេស្ត​រក​ មេរោគ​កូរ៉ូណា​វីរុសCOVID-19​


លោក​ ម៉ម​ ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​អំពី​មេរោគ​កូរ៉ូណាវីរុស​ថ្មី COVID19 ភ្នំពេញ ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)
លោក​ ម៉ម​ ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​អំពី​មេរោគ​កូរ៉ូណាវីរុស​ថ្មី COVID19 ភ្នំពេញ ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)

ខណៈ​មេរោគ​កូរ៉ូណា​វីរុស​ថ្មី​បាន​​ឆ្លង​ដល់​មនុស្ស​សរុប​ចំនួន​ច្រើន​ជាង​៩ម៉ឺន​នាក់ ​នៅ​ជាង​៧០​ប្រទេស​និង​បាន​សម្លាប់​មនុស្ស​ជាង៣០០០​នាក់​ក្រសួង​សុខាភិបាល​កម្ពុជា​ថា​ គ្មាន​អ្នកឆ្លង​មេរោគ​នេះ​​បន្ថែម​ទៀត​នៅ​កម្ពុជា​ក្រៅ​តែ​ពី​មួយ​ករណី​ដែល​កើត​ទៅ​លើ​ជន​ជាតិ​ចិន​កាល​ពី​ខែ​មករា​នោះ​ទេ។

ក្រសួង​សុខាភិបាល​កម្ពុជា អង្គការ​សុខភាព​ពិភពលោក​និង​វិទ្យាស្ថាន​បាស្ទ័រ​កម្ពុជាបញ្ជាក់​ម្តង​ទៀតថា នៅ​កម្ពុជា​ពុំ​មាន​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ (​COVID-19) ផ្សេង​ទៀត​ទេ ​ក្រៅ​តែ​ពី​មួយ​ករណី​ដែល​បាន​រក​ឃើញកាលពី​ខែ​មករា​កន្លង​ទៅ​ ខណៈពលរដ្ឋ​ខ្មែរ​មួយ​ចំនួននៅ​មាន​មន្ទិល​សង្ស័យ​លើវត្តមាននៃ​ជំងឺ​នេះ​នៅ​កម្ពុជា។

នៅ​ក្នុង​សន្និសីទ​កាសែត​ នៅ​រសៀល​ថ្ងៃច័ន្ទ​នេះ តំណាង​ស្ថាប័ន​ទទួល​បន្ទុក​ផ្នែក​សុខាភិបាល​ និង​វេជ្ជសាស្ត្រ​ទាំងបី ដែល​មាន​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម​ ប៊ុនហេង​ ប្រធាន​អង្គការសុខភាព​ពិភពលោក​នៅ​កម្ពុជា​ អ្នក​ស្រី​ Li Ailan និង​នាយកវិទ្យាស្ថាន​បាស្ទ័រ​កម្ពុជា​ អ្នកស្រី​ Laurence Baril បាន​បញ្ជាក់​ថា​ ពួកគេ​អនុម័ត​ទៅ​តាម​ស្តង់ដា​វេជ្ជសាស្ត្រដែល​មាន​គុណភាព​ទទួល​ស្គាល់​ជា​អន្តរជាតិ​ ហើយ​បញ្ជាក់​ថា​គ្មាន​ករណី​វិជ្ជមាន​នៃ​កូវីដ​១៩(COVID-19)ទេ។

នៅ​ក្នុង​សន្នីសីទ​កាសែត​នេះ អ្នកនាំ​ពាក្យក្រសួង​សុខាភិបាល​ អ្នកស្រី​ ឱ វណ្ណឌីន ឆ្លើយសំណួរ​ភាគ​ច្រើន​ពីអ្នកកាសែត។ អ្នកស្រី​បានបំភ្លឺ​ថា​ ករណីដួល​សន្លំ​និង​ដួល​ស្លាប់​នានា​ ដែលត្រូវ​បានគេបង្ហោះ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​កន្លង​ទៅ មិនមែន​ជា​ករណី​ជំងឺ​កូវីដ​១៩​ទេ។​

អ្នកស្រី​បន្ត​ថា​ អាជ្ញាធរ​បាន​ធ្វើ​តាម ​«នីតិ​វិធី​វេជ្ជសាស្ត្រ» ជួយ​សង្គ្រោះ​អ្នកជំងឺ​ដួល​សន្លំ​ និងដួលស្លាប់​ ក៏​ប៉ុន្តែ អាជ្ញាធរ​នឹងពុំ​ធ្វើ​កោសល្យ​វិច្ឆ័យតេស្ត​រក​វីរុស​កូរ៉ូណា​ថ្មី​ទេ​ ប្រសិន​បើ​ អ្នកជំងឺ​ដែល​ដួល​សន្លំ​ ឬដួល​ស្លាប់​នោះ​មិន​មាន​ប្រវត្តិ​ជំងឺ​និង​រោគ​សញ្ញាពាក់ព័ន្ធនឹង​ជំងឺ​ COVID-19។​

អ្នកស្រី​និយាយថា៖ «​អញ្ចឹង​ការ​ដែល​វិនិច្ឆ័យ​ ទៅ​លើ​ស្ថានភាព​បុគ្គល​មួយ​ដែល​គាត់​មាន​បញ្ហា​សុខភាព​នោះ​ គឺ​គេ​គោរព​តាម​នីតិវិធី​វេជ្ជសាស្រ្ត​ ហើយ​គួប​ផ្សំ​ជាមួយ​នឹង​លក្ខណៈ​នៃ​ស្ថានភាព​ជំងឺ។

អ្នកស្រី​បន្ថែម​ថា៖«រាល់​ករណី​ទាំងអស់​ មិនមែន​ថា​ត្រូវ​តែ​ធ្វើ​តេស្ត​ទេ​ប្អូន​ កាលណា​ធ្វើ​តេស្ត​ ខ្ញុំ​បាន​បញ្ជាក់​ពី​ខាង​ដើម​ហើយ នៅ​ពេល​ដែល​គេធ្វើ​តេស្ត​ ល្គឹក​ណា​ដែល​មាន​ការ​សង្ស័យ​ច្បាស់​ណាស់​ ចូល​ទៅ​ក្នុង​និយមន័យ​នៃ​ករណី​សង្ស័យ​ជំងឺ​កូវីដ​១៩»។​

រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ លោក​ ម៉ម​ ប៊ុនហេង​ ថា​ ក្រសួង​បាន​ត្រៀម​ខ្លួនដើម្បី​ទប់ស្កាត់ការ​ឆ្លង​រាតត្បាត​ជា​យថាហេតុ​ណា​មួយដែល​អាច​កើត​មាន​នៅ​ពេល​អនាគត។

លោក​និយាយ​ថា ក្រសួង​នឹង​សិក្សាបន្ថែមពី​បទ​ពិសោធន៍​ព្យាបាល​របស់​សុខាភិបាល​ចិន។

លោក​បាន​ថ្លែង​ក្នុង​សម្ដី​ដើម​ថា៖ «យើង​កំពុង​ខិតខំ​ធ្វើ​ស្រាវជ្រាវ​ អំពី​លក្ខណ​សម្បត្តិ​ដែល​យើង​អាច​ ប្រសិន​មាន​ ជា​យថាហេតុ​យើង​អាចប្រើប្រាស់​ឱសថ​ យើង​កំពុង​សហការ​ជាមួយ​ភាគី​ចិន ដើម្បី​ខាង​នោះ​គេមាន​បទ​ពិសោធន៍​ច្រើន​ ដើម្បី​រក​រូបមន្ត​ព្យាបាល​ អ្វី​ដែល​មាន​ប្រសិទ្ធិ​ភាព​បំផុតដើម្បី​ យើង​ធ្វើ​ការងារ​នេះ»។

លោក ម៉ម​ ប៊ុនហេង​ ថា​នឹង​បន្ថែម​មន្ទីរ​ពិសោធន៍មួយទៀត​នៅ​ក្នុង​វិទ្យាស្ថាន​ជាតិ​សុខភាព​សារធារ​ណៈ (NIPH)​ បន្ថែម​លើ​វិទ្យាស្ថាន​ប៉ាស្ទ័រ។ ក្រសួង​ត្រៀមមន្ទីរពេទ្យ​ចំនួន​១០ តាម​តំបន់​ជាក់​ស្តែង​ បន្ថែម​លើមន្ទីរ​មិត្តភាព​ខ្មែរ-​សូវៀត ​មន្ទីរពេទ្យ​កុមារជាតិ​ មន្ទីរពេទ្យ​គន្ធបុប្ផា​ និង​មន្ទីរពេទ្យ​នៅតាមបណ្តា​ខេត្ត​ទាំង​២៥។ លោក​ថា អ្នកជំនាញ​សុខាភិបាល​នឹង​បណ្តុះ​បណ្តាល​បុគ្គលិក​សុខាភិបាល​បន្ថែម​តាម​ខេត្ត​នានា​ និង​បណ្តុះបណ្តាល​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ និង​មហាផ្ទៃ​អំពី​ការ​រាយការណ៍​ជំងឺ​ COVID-19។​

លោក​បន្ថែមថា៖«យើង​មិន​មាន​ធនធាន​សម្បូរ​ដូច​គេទេ​ ប៉ុន្តែ​យើង​មាន​របស់​របរ​ដែល​អាច​ធ្វើ​ការងារ​នេះ​សមស្រប​បាន ហើយ​ជាពិសេស​មន្ត្រីបុគ្គលិក​សុខាភិបាល​របស់យើង លោក​បាន​ខិតខំ​ណាស់​ អស់​ពី​កម្លាំង​កាយ​ចិត្ត​ ទាំង​ប្រាជ្ញា​ ស្មារតី​ រួម​ទាំង​អ្នកធ្វើ​ការ​នៅ​តាម​អង្គភាព​ផ្សេងៗ»។

មក​ដល់​ពេល​នេះ វីរុស​កូរ៉ូណា​ថ្មី​បាន​សម្លាប់​មនុស្ស​ជាង៣០០០​នាក់ ដែល​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​ចិន​ ហើយ​ក្នុងនោះ​ជិត ​ ១៥០​នាក់​ នៅ​ក្រៅ​ប្រទេស​ចិន។ មេរោគ​នេះ​បាន​ឆ្លង​រាល​ដាល​ដល់​ជាង​ ៧០ប្រទេស។​ ប្រទេស​កូរ៉េ​ខាងត្បូង​ អ៊ីតាលី​និង​អ៊ីរ៉ង់​មាន​ករណី​ឆ្លង​ច្រើន​ជាង​គេ​បន្ទាប់​ពី​ប្រទេស​ចិន។​

ឯ​ប្រទេស​ឥណ្ឌូណេស៊ី​ បាន​ប្រកាស​រក​ឃើញ​ករណី​ឆ្លងជំងឺ​ COVID-19 លើក​ដំបូង នៅថ្ងៃ​ច័ន្ទ​នេះ​ ចំនួន​២ករណី។ ករណី​ពីរ​នេះ​កើត​មាន​លើជនជាតិ​ឥណ្ឌូ​ណេស៊ី​ ដែល​មាន​អាយុ ៦៤ឆ្នាំ​ និង​៣២​ឆ្នាំ​ ជា​ម្តាយ​និង​កូន​មាន​ទំនាក់​ទំនង​ជាមួយ​ជនជាតិ​ជប៉ុន​ម្នាក់​ ដែលគេ​រក​ឃើញថា​ មាន​ជំងឺ​កូវីដ​១៩​ (COVID-19) ពេល​ពួកគេ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​នៅ​ប្រទេស​ម៉ាឡេស៊ី។

តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​អ្នកស្រី​ លី អៃឡាន (Li Ailan) បញ្ជាក់​បន្ថែម​ថា​ បច្ចុប្បន្ន​មាន​ប្រទេស​ជាច្រើន​បានរាយការណ៍​ជា​បន្ត​បន្ទាប់​អំពី​ការឆ្លងជំងឺ​កូវីដ​១៩​ ដែល​ជា​ករណី​ឆ្លង​ក្នុងស្រុក និងគ្មាន​ប្រវត្តិ​ធ្វើដំណើរ​ផ្ទាល់​ពី​ទីតាំង​ផ្ទុះ​វីរុស​កូរ៉ូណា​ថ្មី​នោះ​ទេ។​ ដូច្នេះ​អ្នកស្រី​ថា​ ​សារធារណជន​ត្រូវ​បង្កើន​ការ​យល់​ដឹង​អំពី​ជំងឺ​ថ្មី​នេះ។ ​

អ្នកស្រី​បាន​ថ្លែង​ថា​៖ «ខ្ញុំ​គិត​ថា​រហូត​មក​ដល់​ពេល​នេះ ​យើង​មិន​បាន​ឃើញ​មាន​ការ​ផ្ទុះ​ឡើង​ ធំ​បំផុត​ [នៃ​ជំងឺ​កូវីដ​១៩] ​នោះទេ។ ​យើង​មិន​បាន​ឃើញ ​ការ​រីករាល​ដាល​តាម​សហគមន៍​នាពេល​បច្ចុប្បន្ន​នេះ​ទេ។ ​ប៉ុន្តែ​ទៅ​ថ្ងៃ​មុខ​យើង ​មិន​អាច​ធានា​បាន ​ទាំងនៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​នៅ​បណ្តា​ប្រទេស​ទាំងអស់​ដែល​ចាំបាច់ត្រូវតែរៀបចំជាមុន​ នូវ​លទ្ធភាព​នៃ​ការ​ផ្ទុះឡើង​នាពេល​អនាគត។​ ឥឡូវ​នេះ​យើង​មិន​បាន​មើល​ឃើញ​ទេ​ ប៉ុន្តែ​យើង​ត្រូវ​ការ ​ដើម្បី​ត្រៀម​សម្រាប់​អនាគត»។ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន កាល​ពី​ព្រឹក​ថ្ងៃច័ន្ទ​បាន​ហៅ​អ្នក​បង្ហោះ​ព័ត៌មាន​មិនពិត​អំពីជំងឺ​កូវីដ១៩ ថាជា​«ភេវរករ»។ លោក​ ហ៊ុន សែន​ និយាយ​ថា៖ «ការ​បំផុស​ព័ត៌មាន​ដ៏​អាក្រក់​ពី​ជនទុច្ចរិត​ ដែល​ឥឡូវ​ខ្ញុំ [ព្រះ]ករុណា​ខ្ញុំ​ បានដើរ​និយាយ​ ដើរ​ដល់​ចំណុច​ថា អ្នកឯង​ អ្នកទុច្ចរិត​ នៅ​ខាង​មុខ​ខ្ញុំ​នឹង​ចាត់ទុកថា​អ្នកឯង​ជា​ពួកភេរវករ»។

ស្រប​ពេល​ប្រជា​ជន​មាន​មន្ទិល​សង្ស័យ​និង​ចោទ​សួរ​លើ​គុណភាព​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាន​ផ្តាំ​ទៅសារធារណ​ជន និង​អ្នក​សារព័ត៌មាន​ថា​គូរ​រួម​គ្នាប្រយុទ្ធ​ជាមួយ​នឹង​ជំងឺ កូវីដ​១៩​ COVID-19 ជា​ជាង​ប្រយុទ្ធ​ជាមួយ​នឹង​រូបលោក​ ឬ​នឹង​ក្រសួង​សុខាភិបាល៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG