ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងទ័ព​ចិន​ជាង​៧០០នាក់​ត្រៀម​ធ្វើ​សមយុទ្ធ​នៅ​កម្ពុជា​ក្នុង​សប្តាហ៍​នេះ


រូបឯកសារ៖ ទាហានចិន​ចូលរួម​ពិធី​បើក​សម្ពោធ​សមយុទ្ធ​យោធា​រួម​រវាង​ចិន​និង​កម្ពុជា​ នៅខេត្ត​កំពង់ស្ពឺ ប្រទេស​កម្ពុជា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨។
រូបឯកសារ៖ ទាហានចិន​ចូលរួម​ពិធី​បើក​សម្ពោធ​សមយុទ្ធ​យោធា​រួម​រវាង​ចិន​និង​កម្ពុជា​ នៅខេត្ត​កំពង់ស្ពឺ ប្រទេស​កម្ពុជា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨។

កង​ទ័ពចិន​ជាង ​៧០០ ​នាក់ ​នឹង​ចូលរួម​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​កម្ពុជា ដែល​នឹង​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ ១៥ ​ថ្ងៃ ចាប់​ផ្តើម​ពី​សប្តាហ៍​នេះ។ នេះ​បើ​យោង​តាម​មន្រ្តី​យោធា​ជាន់​ខ្ពស់​របស់​កម្ពុជា។

កម្ពុជា​និង​ចិន​បាន​ត្រៀម​រៀបចំ​សមយុទ្ធយោធា​ប្រចាំ​ឆ្នាំ​លើក​ទី ៥ ដែល​មាន​ឈ្មោះ​ថា «នាគមាស​ឆ្នាំ​២០២៤» ក្រោម​ប្រធាន​បទ «ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្មរួមគ្នា​និងការងារ​សង្គ្រោះ​មនុស្សធម៌»។ សមយុទ្ធ​នេះ​ប្រព្រឹត្ត​ទៅ​រយៈពេល ​១៥ ​ថ្ងៃ ចាប់​ពីថ្ងៃទី​ ១៦​ ដល់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ​ ២០២៤។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ផ្តល់​ដោយ​លោក ​ថោង សូលីម៉ូ ​អ្នក​នាំពាក្យ​អគ្គ​បញ្ជា​ការដ្ឋាន​កង​យោធ​ពល​ខេមរ​ភូមិន្ទ នា​ថ្ងៃ​ចន្ទ​នេះ។

លោក ​ថោង សូលីម៉ូ ប្រាប់​វីអូអេ​ថា ​ការធ្វើ​សមយុទ្ធនាគមាស​ឆ្នាំ ២០២៤​ នេះ​ មាន​ការចូលរួមពី​កងទ័ពជើង​គោក និងកងទ័ព​ជើង​ទឹក ដោយ​កងទ័ព​ជើង​គោក​ធ្វើនៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំសែន​រីក​រាយ ស្ថិត​ក្នុង​ភូមិច្រកកូវ ឃុំ​ពាម ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់​ឆ្នាំង និង​កងទ័ពជើង​ទឹក​ធ្វើ​នៅសមុទ្រ ក្នុង​ខេត្ត​ព្រះសីហនុ។ លោក​បន្ថែម​ថា​ កម្លាំង​ចូលរួម​ធ្វើ​សមយុទ្ធ​មាន​ចំនួន​សរុប​២.០៧៥ នាក់ ក្នុងនោះ​កងទ័ពភាគី​កម្ពុជា​ចំនួន​ ១.៣១៥ នាក់ និង​កងទ័ព​ភាគី​ចិន ចំនួន ៧៦០​ នាក់។

គ្រឿង​បំពាក់​សម្រាប់​ចូលរួមធ្វើ​សមយុទ្ធលើ​គោក រួមមាន រថ​ពាស​ដែក យន្តយុទ្ធ​គ្រប់ប្រភេទ​សរុប​ចំនួន​ ៦៩ ​គ្រឿង រួមនឹង​បរិក្ខារ​ស៊ើប​ការណ៍ បរិក្ខារបោស​សម្អាត​ជាតិផ្ទុះ បរិក្ខារ​បញ្ជូន​សារ​ជាច្រើន​ឈុតទៀត។ នេះ​បើ​តាម​លោក ​ថោង សូលីម៉ូ។ លោក​បន្ថែម​ថា​ សមយុទ្ធ​នៅលើ​ផ្ទៃសមុទ្រ​មាន​នាវា​ចូលរួម​សរុប​ចំនួន​ ១៤ គ្រឿង និង​ឧទ្ធម្ភាគចក្រ​ចំនួនពីរគ្រឿង។

ក្រសួង​ការពារជាតិ​ចិន​និ​យាយ​នៅ​ក្នុងសេចក្តី​ប្រកាស​ព័ត៌មាន​មួយ កាលពី​ថ្ងៃព្រហស្បតិ៍​សប្តាហ៍​មុន​ថា ​ប្រទេស​ចិននឹង​បញ្ជូន​នាវា​ហ្វឹក​ហ្វឺន​កងទ័ព​ជើង​ទឹកដ៏ធំ​បំផុតរបស់​ខ្លួន Qijiguang រួមជា​មួយ​នឹងនាវា​ចម្បាំង​ដ៏​ធំ​សម្បើម Jinggangshan ទៅ​កាន់​ប្រទេស​កម្ពុជា និង​ប្រទេស​ទីម័រ​ខាង​កើត​សម្រាប់​ការហ្វឹក​ហ្វឺនជាមួយ​យោធា​កម្ពុជា។

សេចក្តី​ប្រកាសព័ត៌មាន​ដដែល​បញ្ជាក់ថា៖ «បេសកកម្ម​នេះមាន​គោលបំ​ណងបង្កើន​សមត្ថភា​ពដល់​សិស្ស​នាយ​ទាហាន​កងទ័ព​ជើង​ទឹក​ក្នុង​ប្រតិបត្តិកា​រជាក់​ស្តែង និង​ពង្រឹងកិច្ច​សហប្រតិបត្តិ​កា​រជាក់​ស្តែង និង​ការ​ជឿទុកចិត្តគ្នា​ទៅវិញ​ទៅ​មករបស់​កងទ័ព​ជើងទឹក​ចិន​ជា​មួយ​កងទ័ព​ជើង​ទឹក​នៃ​ប្រទេស​គោល​ដៅ​ទាំង​ពីរ ដើម្បីរួម​ចំណែក​ក្នុងការក​សាងស​ហគមន៍​ដែន​សមុទ្រ​ជាមួយ​នឹង​អនាគ​ត​រួមគ្នា»។

បើ​តាម​ការ​បង្ហោះ​នៅទំព័រហ្វេស​ប៊ុក​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ចុះថ្ងៃទី​ ១៣ ខែឧសភា ឆ្នាំ ​២០២៤​ មាន​នាវាកង​ទ័ព​ជើងទឹក​រំដោះ​ប្រជាជនចិន​ ១ ​គ្រឿង លេខ ៩៨៥​ ជាប្រភេទ​នាវា​ពហុមុខងារ ​Type-071 បាន​មកដល់កម្ពុជា​ហើ​យនៅ​ថ្ងៃ​ចន្ទ​នេះ ​ដើម្បី​ចូលរួម​សមយុទ្ធយោធា។

លោក ម៉ី ឌីណា មេបញ្ជាការ​មូលដ្ឋានសមុទ្ររាម ប្រាប់វីអូអេ​បន្ថែម​ថា​ មាន​នាវា​តែ​មួយ​ទេ​ចូល​មក​កម្ពុជា។

លោក​បញ្ជាក់​ថា៖ «​អត់មាន​ទេ​ មាន​តែ​មួយ​ទេ អាហ្នឹង​ក៏​ខ្ញុំមិន​ដឹង​ដែរ។ បើចិន​គាត់ថា​ពីរ​ៗហើយ​ ប៉ុន្តែ​វានា​អត់មាន​ពីរ​ទេ​ វាជា​ការងារ​ហ្វឹក​ហ្វឺន​ផ្សេង​ទេ»។

កាល​ពី​ឆ្នាំ​ ២០២៣​ កម្ពុជា​និង​ចិន​ក៏​បាន​ធ្វើ​សមយុទ្ធ​នាគ​មាស​នេះ​ម្តង​ហើយ ​បន្ទាប់​ពី​ខក​ខាន​រយៈពេល​ពីរឆ្នាំ​ជាប់​គ្នា ​ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ​១៩។ សមយុទ្ធ​ក្នុង​ឆ្នាំ​ ២០២៤ ​នឹង​ក្លាយ​ជា​សមយុទ្ធ​លើក​ទី​ ៦ ​ដែល​កម្ពុជា​បាន​ធ្វើ​ជាមួយ​ចិន​ ដែល​សមយុទ្ធ​នាគមាស​ដំបូង​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ ​២០១៦។

កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើ​ញ​ថា​ងាក​កាន់​តែ​ខ្លាំង​ទៅ​រក​ចិន ​ហើយ​កម្ពុជា​បាន​សម្រេច​លុប​ចោល​សមយុទ្ធ​ដែល​មាន​ឈ្មោះ​ថា​ «ឆ្មាំ​អង្គរ» ​ជាមួយ​សហរដ្ឋ​អាមេរិក ​កាល​ពី​ឆ្នាំ​ ២០១៧ ​ក្រោម​ហេតុផល​ថា​ កាល​នោះ​កម្ពុជា​មមាញឹក​ជាមួយ​ការ​បង្ក្រាប​គ្រឿង​ញៀន ​និង​ត្រៀម​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។ ​មក​ទល់​ពេល​នេះ ​គេ​មិន​ទាន់​ឃើញ​មាន​សញ្ញា​នៃ​ការ​ធ្វើ​សមយុទ្ធ​ជា​មួយ​គ្នា​សា​ជា​ថ្មី​ឡើយ​រវាង​សហ​រដ្ឋ​អាមេរិក​និង​កម្ពុជា។

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំនៅកម្ពុជា កញ្ញា Katherine Diop ប្រាប់វីអូអេ​តាមសារអ៊ីម៉ែល​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​ប្រទេស​កម្ពុជា​មាន​សិទ្ធិ​អធិប​តេយ្យ​ភាព​ក្នុង​ការ​ជ្រើស​រើស​ដៃគូ​សន្តិសុខ​របស់​ខ្លួន។
កញ្ញា​បញ្ជាក់​បន្ថែម​ថា៖ «ប្រជាជនកម្ពុជា ប្រទេស​ជិតខាង​អាស៊ាន និង​តំបន់​ទាំង​មូលនឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​តម្លាភាព​អំពី​សមយុទ្ធ និង​សកម្មភាព​យោធា​ទ្វេភា​គីនិង​ពហុភាគី និងរបៀប​ដែល​ពួក​គេរួម​ចំណែក​ដល់​សន្តិភាព និង​សន្តិសុខ​ក្នុងតំបន់»។

លោក ថោង សូលីម៉ូ អ្នក​នាំពាក្យ​អគ្គ​បញ្ជា​ការដ្ឋាន​កង​យោធ​ពល​ខេមរ​ភូមិន្ទ ប្រាប់​វីអូអេ​ថាការធ្វើ​សមយុទ្ធ​នេះ «មិន​មាន​បំណង​គំរាម​កំ​ហែង ឬប៉ះពាល់​ដល់​ប្រទេស​ណាមួយ​ឡើយ»។

លោក​បន្ថែម​ថា៖ «ចំពោះ​ការធ្វើសមយុទ្ធ កម្ពុជា​សហ​ការ​ជាមួយ​បណ្ដា​ប្រទេសទាំងអស់​រឿងសកល​លោក មិន​បាន​រើស​អើង​ជាមួយ​ប្រទេសណាមួយទេ។ ដូច្នេះការ​លើក​ឡើងអំពី​ថា​កម្ពុជា​លម្អៀង​ឬធ្វើសមយុទ្ធតែជាមួយចិន នេះជា​សិទ្ធិ​របស់​គេ​និយាយ សម្រាប់កម្ពុជាគឺ​ធ្វើអ្វីៗ​តាមការ​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល»។

​អ្នក​តាមដាន​ភូមិសាស្ត្រនយោបាយ​អន្តរជាតិ លោក សេង វណ្ណលី ប្រាប់​វីអូអេ​ថា​ការ​ការ​បញ្ជូន​នាវា​ចម្បាំង​របស់​ចិន​មក​នេះ​បង្ហាញ​ពី​សមយុទ្ធយោធា​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់មាន​ និងថា​កិច្ច​សហប្របត្តិការ​យោធា​រវាង​កម្ពុជា​និង​ចិន​ក៏​មាន​ភាព​ជិត​ដិត​បំផុត​ដែរ។ លោក​បន្ថែមថា​ សមយុទ្ធយោធានេះ​នឹង​ពង្រឹង​ដល់​សមត្ថភាព​កង​ទ័ព​កម្ពុជា ជាពិសេស​ពាក់ព័ន្ធនឹង​ការ​ប្រើប្រាស់​សម្ភារៈទ័ព​ទៀតផង។

បើ​តាម​លោក សេង វណ្ណលី​ ភាព​ជិត​ដិត​ផ្នែក​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ក៏នឹង​នាំ​បញ្ហា​ដល់កម្ពុជាផងដែរ។

លោក​បញ្ជាក់ថា៖ «យ៉ាងណាមិញ ការ​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់​ទ្រាយ​ធំ​នេះ​វាអាច​នឹង​បង្កហានិភ័យ​ច្រើនដែរ​សម្រាប់កម្ពុជា​ ដោយសារ​តែ​យើង​ឃើញ​ហើយ​ថា​រាល់ការ​ពង្រឹង​សកម្មភាព​សមយុទ្ធយោធា​ឬក៏កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ​ហ្នឹង​វា​នឹង​ធ្វើ​ឱ្យការ​ចោទប្រកាន់របស់​បច្ចឹមលោក​ ដែល​ថា ​កម្ពុជា​ផ្តល់​មូល​ដ្ឋាន​ទ័ពជើង​ទឹក​ដល់​ចិន​ហ្នឹង​កាន់តែ​បន្ថែម​ទម្ងន់​ ហើយ​វា​នឹង​ដាក់សម្ពាធ​ដល់កម្ពុជា​កាន់​តែ​ខ្លាំង»។

លោក​បន្ថែម​ថា៖ «អ៊ីចឹង​ខ្ញុំគិត​ថា​ដើម្បីធ្វើម៉េច​បង្ការ​ហានិភ័យ​ ជា​ពិសេស​ពី​ការ​រិះគន់​ក៏ដូច​ជាសម្ពាធ​ពីភាគីបរទេស​ជា​ពិសេស​អាមេរិក កម្ពុជា​គួរតែ​ធ្វើ​ពិពិធ​កម្ម​ទំនាក់​ទំនង​ក្នុងវិស័យ​សន្តិសុខ​ ជា​ពិសេស​ដែន​សមុទ្រ​ជាមួយ​ប្រទេស​មហាអំណាច​នានា ដូច​ជា​ឥណ្ឌា ស្តារ​ឡើង​វិញ​នូវកិច្ច​សហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​ជាមួយ​អូស្ត្រាលី​ ជាមួយ​អាមេរិក​ ក៏ដូច​ជា​ជាមួយ​ជប៉ុន និង​បារាំង​ឱ្យ​កាន់​តែ​បន្ថែម​ទៀត»។

គួរ​រំឭក​ថា ​ចិន​បាន​ជួយ​កម្ពុជា​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​មូលដ្ឋាន​បញ្ជា​ការដ្ឋាន​កងទ័ព​រាម ​ក្នុង​ខេត្ត​ព្រះ​សីហនុ ​ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន ​និង​សាងសង់​ដោយ​ក្រុម​កងទ័ព​រំដោះ​ប្រជាជន​ចិន។​ ការ​ធ្វើ​ទំនើប​កម្ម​នេះ​ត្រូវ​បាន​សហ​រដ្ឋ​អាមេរិក​បង្ហាញ​ការ​សង្ស័យ​ថា​ អាច​ប្រើ​ប្រាស់ ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​កងទ័ព​របស់​ចិន​នា​ពេល​ណា​មួយ ​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​ទប់​ទល់​នឹង​អាមេរិក ​ប៉ុន្តែ​កម្ពុជា​បាន​បដិសេធ​ជា​បន្ត​បន្ទាប់៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG