ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពេល​ប្រារព្ធ​ខួប​៣៤​ឆ្នាំ​ គណបក្ស​ប្រជាជន​កម្ពុជា​រិះគន់​ការ​បកស្រាយ​អំពី​ប្រជាធិបតេយ្យ​


លោក​ហេង សំរិន​បាន​អះអាង​ថា​ ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កើត​ឡើង​ក្រោយពី​ការ​ដួល​រំលំ​នៃ​របប​ខ្មែរក្រហម។​
លោក​ហេង សំរិន​បាន​អះអាង​ថា​ ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កើត​ឡើង​ក្រោយពី​ការ​ដួល​រំលំ​នៃ​របប​ខ្មែរក្រហម។​
​ភ្នំពេញ​៖ គណបក្ស​ប្រជាជន​កម្ពុជា​បាន​រំឭក​ខួប​លើក​ទី៣៤​ឆ្នាំ​នៃ​ការ​ផ្តួល​រំលំ​របប​ខ្មែរក្រហម​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ដោយ​រិះគន់​លើ​ការ​បកស្រាយ​ពី​ប្រជាធិបតេយ្យ​និង​ បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស។​
លោក​ហេង សំរិន​ ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​រដ្ឋសភា​ បាន​ថ្លែង​ក្នុង​ពិធី​រំឭក​ខួប​នោះ​ ដោយ​រិះគន់​បញ្ឆិត​ប​ញ្ឈៀ​ង​ថា​ លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មិនមែន​កើត​ឡើង​ដោយសារ​ការ​និយាយ​នោះ​ទេ។​
«ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មិនមែន​កើតឡើង​និង​រីក​ចម្រើន​ដោយសារ​តែ​ពាក្យ​សម្តី​ ឬ​របាយ​ការណ៍​របស់​មជ្ឈ​ដ្ឋាន​ណា​នោះ​ឡើយ»។​
លោក​ហេង សំរិន​បាន​អះអាង​ថា​ ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កើត​ឡើង​ក្រោយពី​ការ​ដួល​រំលំ​នៃ​របប​ខ្មែរក្រហម។​
លោក​ហេង សំរិន​លើកឡើង​នៅ​ចំពោះមុខ​អ្នកចូលរួម​ក្នុង​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​ជាច្រើន​ពាន់​នាក់​ថា ​គេ​ត្រូវ​ផ្តល់​យោបល់​ពី​បញ្ហា​ទាំង​ពីរ​ប្រកប​ដោយ​គំនិត​ស្ថាបនា។​
«ហេតុនេះ​ អ្នក​នយោបាយ​ ក៏​ដូច​ជា​មជ្ឈដ្ឋាន​ទាំងឡាយ​ គប្បី​មើល​ឲ្យ​ឃើញ​ការណ៍​ពិត​នៃ​ការ​រីក​ចម្រើន ​លើក​ទឹក​ចិត្ត​ចំពោះ​លទ្ធផល​នៃ​ដំណើរ​ការ​នេះ​នៅ​កម្ពុជា​ ផ្តល់​មតិយោបល់​ប្រកប​ដោយ​ស្មារតី​ស្ថាបនា​ពិត​ប្រាកដ ហើយ​មិន​ត្រូវ​ប្រមាថ​ចំពោះ​អធិប​តេយ្យ​របស់​កម្ពុជា»។​
សេចក្តី​អះអាង​របស់​មេ​ដឹកនាំ​គណបក្ស​កាន់អំណាច​នេះ​ធ្វើឡើង​ខណៈ​ដែល​មាន​ការ​រិះគន់​ និង​ប្រតិកម្ម​ពី​អន្តរជាតិ​ជាច្រើន​អំពី​ស្ថាន​ការណ៍​នយោបាយ​កម្ពុជា​ចុងក្រោយ ​នៅពេល​ដែល​មាន​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ប្រជា​ពលរដ្ឋ​សហគមន៍​ក្រីក្រ​នៅ​តំបន់​បុរី​កីឡា ​និង​បឹងកក់​ ហើយ​ពួក​គេ​មួយ​ចំនួន​ត្រូវ​ចាប់​ដាក់​គុក។ ​
ជាមួយគ្នា​នេះ ​មេដឹកនាំ​គណបក្ស​ជំទាស់​ធំ​ជាង​គេ​នៅ​កម្ពុជា​គឺលោក សម រង្ស៊ី​ត្រូវ​រុញ​ចេញពី​សង្វៀន​ប្រកួត​ក្នុងការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​នៅ​ខែ​កក្កដា​ឆ្នាំ២០១៣​នេះ។​
លោក​យ៉ែម បុញ្ញឫទ្ធិ ​តំណាងរាស្ដ្រ​គណបក្ស​សិទ្ធិមនុស្ស​ដែល​ជា​គណបក្ស​ជំទាស់ បាន​អធិប្បាយ​ផ្សេង​ទៅ​វិញ​ថា ​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ចាប់​ផ្តើម​មាន​រូបរាង​ចាប់ពី​ក្រោយ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ថ្ងៃទី​២៣​ ខែតុលា​ឆ្នាំ១៩៩៣ ​ថ្ងៃ​ដែល​រដ្ឋាភិបាល​លុប​ចេញ​ពី​បញ្ជី​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជាតិ។​
«រឿង​៧​មករា​នេះ​ យើង​សួរ​ថា​ តើ​ក្រុម​ណា​ខ្លះ​ដែល​បង្កើត​ឲ្យ​មាន​១៧​មេសា​៧៥។​ ពី៧​មករា​មក​ដល់​សន្ធិសញ្ញា​ក្រុង​ប៉ា​រីស​១៩៩១​ អស់លោក​ក៏​ដឹង​ដែរ​ថា​ ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​របៀប​ម៉េច?​ ការ​រស់នៅ​ក្នុង​សង្គម​ខ្មែរ​ជំនាន់​នោះ​របៀប​ម៉េច? ហើយ​មាន​កង​ទ័ព​បរទេស​នៅក្នុង​ស្រុក​ខ្មែរ​របៀប​ម៉េច?​ មាន​ជំនាញ​ការ​យួន​របៀប​ម៉េច​នៅក្នុង​ស្រុក​ខ្មែរ?»។​
នៅ​ក្នុង​សុន្ទរកថា​របស់​ខ្លួន​ លោក​ហេង សំរិន​ក៏បាន​រំឭក​ផងដែរ​អំពី​ការ​បាត់​បង់​ជីវិត​របស់​ពលរដ្ឋ​ខ្មែរ​ដោយ​របប​ខ្មែរក្រហម។​ ប៉ុន្តែ​លោក​មិនបាន​និយាយ​យោង​ទៅ​ដល់​ដំណើរ​ការ​កាត់ទោស​ពួក​អតីត​មេដឹកនាំ​ខ្មែរក្រហម​ដែល​កំពុង​ដំណើរការ​នោះ​ទេ។​
សូម​បញ្ជាក់​ថា​ តាម​ធម្មតា​ក្នុង​ការ​រំឭក​ខួប​ប្រចាំឆ្នាំ​ថ្ងៃ​៧​មករា​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ​ប្រធាន​គណបក្ស​លោក​ជា ស៊ីម​គឺ​ជា​អ្នក​ថ្លែង​សុន្ទរកថា។ ​នៅថ្ងៃ​នេះ​ លោក​ជា ស៊ីម​បានបង្ហាញ​មុខជា​សាធារណៈ​ជា​លើក​ដំបូង ​ក្រោយពី​មាន​ពាក្យ​ចចាម​អាម​ពី​សភាព​ធ្ងន់ធ្ងរ​ដ៏​គ្រោះថ្នាក់​នៃ​សុខភាព​របស់​លោក។​
លោក​ជា ស៊ីម​ត្រូវ​កងការពារ​គ្រា​ចូល​កាន់ទីស្នាក់ការ​គណបក្ស ​និង​ឡើង​វេទិកា​នៃ​គណបក្ស​កាន់អំណាច៕
XS
SM
MD
LG