ភ្នំពេញ៖ មន្ត្រីរដ្ឋាភិបាលនិងប្រជាពលរដ្ឋខ្មែរប្រមាណជាង១.០០០នាក់នៅថ្ងៃសុក្រនេះបានចូលរួមពិធីរំលឹកខួបលើកទី៥៩ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិដើម្បីដឹងគុណដល់ស្នាព្រះហស្តរបស់សម្តេចឪនរោត្តមសីហនុដែលបានទាមទារឯករាជ្យពីអាណានិគមបារាំង។
សម្តេចឪនរោត្តម សីហនុ ព្រះវរៈរាជបីតាឯករាជ្យជាតិបានទាមទារឯករាជ្យពីប្រទេសបារាំងប្រគល់មកអោយប្រទេសកម្ពុជាវិញកាលពីថ្ងៃទី៩ ខែវិច្ឆកា ឆ្នាំ១៩៥៣។
ក្រុមអ្នកចូលរួមបានស្លៀកពាក់អាវសដោយមានកាន់បាច់ផ្កា រូបព្រះឆាយល័ក្ខណ៍សម្តេចឪ និងមានពាក្យស្លោកជាច្រើនត្រូវបានចងព្យួរតាមទីសារធារណៈដើម្បីបង្ហាញពីគុណូបការះរបស់សម្តេចឪ។រូបព្រះឆាយល័ក្ខណ៍របស់សម្តេចឪត្រូវបានដាក់តាំងដោយមានកម្រងផ្កាព័ទ្ឋជុំវិញដើម្បីកាន់ទុក្ខក្នុងខណៈដែលព្រះបរមសពរបស់ព្រះអង្គកំពុងតម្កល់ក្នុងព្រះបរមរាជវាំង។ ប្រជាពលរដ្ឋខ្មែរបានសម្ដែងការដឹងគុណនិងចងចាំជានិច្ចនូវគុណូបរការៈរបស់សម្តេចឪដែលព្រះអង្គបានពុះពារទាមទារឯករាជ្យពីអាណានិគមបារាំង។
ព្រះមហាក្សត្រនរោត្តម សីហមុនី មិនបានយាងមកចូលរួមពិធីបុណ្យឯករាជ្យជាតិនេះទេដោយសារតែព្រះអង្គកំពុងកាន់មរណៈទុក្ខព្រះបិតារបស់ព្រះអង្គ។ លោកហេង សំរិនប្រធានរដ្ឋសភាបានចូលរួមដើម្បីតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រក៏ប៉ុន្តែលោកជា ស៊ីមប្រធានព្រឹទ្ឋសភានិងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនមិនមានវត្តមានក្នុងពិធីនោះទេ។
អ្នកស្រីកេត ផាន់ណា អាយុ៥៤ឆ្នាំមន្ត្រីរាជការនៅក្រសួងអភិវឌ្ឃន៍ជនបទបានយំខ្សឹបខ្សួលនៅពេលដែលអ្នកស្រីរំលឹកដល់ស្នាព្រះហស្តរបស់សម្តេចឪ។
អ្នកស្រីបាននិយាយថា អ្នកស្រីនៅចងចាំជានិច្ចនូវស្នាព្រះហស្តនេះបើទោះបីជាពេលនេះសម្តេចឪបានសោយទិវង្គតក៏ដោយ ក៏ព្រះកិត្តិនាមរបស់ព្រះអង្គនៅតែដឹតជាប់ក្នុងក្រអៅបេះដូងប្រជាពលរដ្ឋខ្មែរជាដ៏រាប។
«ខ្ញុំសោកស្តាយអាឡោះអាល័យក្រៃលែងមិនដឹងរកអ្វីមកប្រៀបផ្ទឹមពុំបានទេ។ ហើយខ្ញុំក៏បានប្រាប់កូនចៅជំនាន់ក្រោយឲ្យមើលជាគំរូដែលការតស៊ូនិងលះបង់អាយុជីវិតទាំងកម្លាំងកាយនិងកម្លាំងចិត្តរបស់ព្រះអង្គសម្រាប់ប្រទេសជាតិ»។
លោកម៉ាន ដុល្លាអាយុ២២ឆ្នាំសិស្សិតមកពីសាកលវិទ្យាល័យកសិកម្មឆ្នាំទី៣បាននិយាយថា ថ្ងៃនេះជាថ្ងៃដ៏ក្រៀមក្រំមួយរបស់លោកដោយសារតែសម្តេចឪដែលបានទាមទារឯករាជ្យពីប្រទេសបារាំងបានសោយទិវង្គត។
«ទោះបីជារាល់ឆ្នាំព្រះអង្គមិនបានមកចូលរួមក៏ប៉ុន្តែយ៉ាងហោចណាស់យើងបានដឹងថាព្រះអង្គនៅមានព្រះជន្មអាចមើលឃើញពីការប្រារព្វនៅស្នាដែរបស់ព្រះអង្គ»។
សម្តេចឪបានសោយព្រះទិវង្គតកាលពីថ្ងៃទី១៥ ខែតុលា ក្នុងព្រះជន្ម៩០វស្សាដោយសារជំងឺគាំងបេះដូងនៅក្នុងទីក្រុងប៉េកាំងប្រទេសចិន។ ព្រះបុមសព្វរបស់សម្តេចឪត្រូវបានតម្កល់ទុកក្នុងព្រះបរមរាជវាំងរយៈពេលបីខែដើម្បីឲ្យប្រជានុរាស្ត្ររបស់ព្រះអង្គបានមកគោរពព្រះបរមសព្វ។ មន្ត្រីព្រះបរុមរាជវាំងបាននិយាយថា ព្រះបរមសព្វសម្តេចឪគ្រោងនឹងធ្វើព្រះរាជពិធីបូជានៅវាលព្រះមេរុនៅសប្តាហ៍ទី១ក្នុងអំឡុងខែកុម្ភៈមុនថ្ងៃចូលឆ្នាំចិន៕