ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សម​រង្ស៊ី​បាន​ធ្វើ​បុណ្យ​បង្សុកូល​រំឭក​ខួប​១៤​ឆ្នាំ​នៃ​រដ្ឋប្រហារ​បង្ហូរ​ឈាម


រថពាស​ដែក​មួយ​ចត​នៅ​តាម​ផ្លូវ​​​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ខណៈដែល​មាន​អ្នក​​ស្រុក​ដែល​នៅ​សេស​សល់​ធ្វើ​ដំណើរ​តាម​ម៉ូតូ​​​​​ចេញ​ពី​តំបន់​​មាន​ការ​​ប្រយុទ្ធ​ប្រដាប់​អាវុធ​មួយ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​​ថ្ងៃ​អាទិត្យ​ទី​០៦​ខែ​កក្កដា​ឆ្នាំ​១៩៩៧។
រថពាស​ដែក​មួយ​ចត​នៅ​តាម​ផ្លូវ​​​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ខណៈដែល​មាន​អ្នក​​ស្រុក​ដែល​នៅ​សេស​សល់​ធ្វើ​ដំណើរ​តាម​ម៉ូតូ​​​​​ចេញ​ពី​តំបន់​​មាន​ការ​​ប្រយុទ្ធ​ប្រដាប់​អាវុធ​មួយ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​​ថ្ងៃ​អាទិត្យ​ទី​០៦​ខែ​កក្កដា​ឆ្នាំ​១៩៩៧។

គណបក្ស​សម រង្ស៊ី​បាន​ធ្វើ​ពិធី​បុណ្យ​បង្សុកូល​ដើម្បី​រំឭក​ខួប​១៤​ឆ្នាំ​នៃ​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​មួយ​កណ្តាល​ទី​ក្រុង​ភ្នំពេញ​រវាង​កង​ទ័ព​ដែល​ស្មោះ​ត្រង់​នឹង​ព្រះ​អង្គម្ចាស់​នរោត្តម ​រណឫទ្ធិ ​អតីត​នាយករដ្ឋមន្ត្រី​ទី​មួយ​និង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ អតីត​នាយក​រដ្ឋមន្ត្រី​ទី​២។ ​យ៉ាង​តិច​មាន​កង​ទ័ព​ដែល​ស្មោះ​ត្រង់​នឹង​គណបក្ស ​FUNCINPEC​ ប្រមាណ​ជិត​១០០​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត។​ លោក​សម រង្ស៊ី​បាន​ប្រកាស​ថា ​លោកនឹង​ស្វែង​រក​យុត្តិ​ធម៌​ចំពោះ​អ្នក​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​ខណៈ​ពេល​ដែល​គណបក្ស​ពីរ​ផ្សេង​ទៀត​មិន​អើ​ពើ​នឹង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ។

គណបក្ស​ប្រឆាំង​ដ៏​ធំមួយ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ចេញ​មុខ​ប្រកាស​ថា ខ្លួន​នឹង​ទាមទារ​រក​យុត្តិ​ធម៌​ជូន​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​បាត់​បង់​ជី​វិត​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​បង្ហូរ​ឈាម​គ្នា​មួយ​កណ្តាល​ទី​ក្រុង​ភ្នំពេញ​កាល​ពី​១៤​ឆ្នាំ​មុន​រវាង​កង​ទ័ព​ដែល​ស្មោះ​ត្រង់នឹង​ព្រះ​អង្គ​មា្ចស់​នរោត្តម​រណឫទ្ធិ អតីត​នាយក​រដ្ឋ​មន្រ្តី​ទី​មួយ​និង​កង​ទ័ព​ដែល​ស្មោះ​ត្រង់នឹង​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ អតីត​នាយក​រដ្ឋមន្រ្តី​ទី​ពីរ​កាល​ពី​ថ្ងៃ​ទី៥-៦​ខែ​កក្កដា​ឆ្នាំ​១៩៩៧។

ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ខណៈ​ពេល​ដែល​គណបក្ស​សម រង្ស៊ី​បាន​ធ្វើ​ពិធី​បុណ្យ​បង្សុកូល​រាប់​បាត​ព្រះ​សង្ឃ​ចំនួន​១៤​អង្គ​នៅ​ទីស្នាក់​ការ​គណបក្ស​របស់​ខ្លួន ​ដោយ​មាន​ការ​ចូល​រួម​ពី​សមាជិក​ សមាជិការ​ជិត​២០០​នាក់។

តាម​រយៈ​ video conference​ ​លោកសម រង្ស៊ី​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​ចូល​រួម​ថា​ អ្នក​រង​គ្រោះ​ស្លាប់​បាត់​បង់​ជីវិត​ត្រូវ​តែ​ទទួល​បាន​នូវ​យុត្តិ​ធម៌។​ លោក​បាន​បញ្ជាក់​ទៀត​ថា​ គណបក្ស​របស់​លោក​កំពុង​ប្រមូល​ភស្តុតាង​អំពី​ករណី​ព្រឹត្តិ​ការណ៍​ថ្ងៃ​៥-៦​ ខែកក្កដា​នេះ​ ដើម្បី​យក​ទៅ​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ។

«យើង​អាច​ប្តឹង។​ ប្តឹងអ្នកណា? គឺ​ប្តឹង​លោក​ហ៊ុ​ន សែន។​ ប្តឹង​រឿង​ពាក់ព័ន្ធ​នឹង​ការ​ស​ម្លាប់មនុស្ស​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ»។

លោក​សម រង្ស៊ី​មិនបាន​បញ្ជាក់​ថា លោក​នឹង​ប្តឹងនៅ​ពេល​ណា​ទេ​ ក៏​ប៉ុន្តែ​លោក​បាន​អំពាវនាវឲ្យ​ប្រជាពលរដ្ឋ​ប្រមូល​ភស្តុតាង​បន្ថែម​ទៀត​ដើម្បី​ប្តឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ​ពាក្យ​បណ្តឹង​ដែល​លោក​កំពុង​រៀបចំ​ប្តឹង​នេះ​ រួម​មាន​ឃាតកម្ម​ធំៗ​ដូច​ ការ​បាញ់​ស​ម្លាប់​បាតុករ​ប្រឆាំង​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨​ ការ​សម្លាប់​មនុស្ស​ក្នុង​ផែនការ​ក៥ ​ ករណី​បោក​គ្រាប់​បែក​នៅ​ពីមុខ​អតីត​អគារ​រដ្ឋ​សភា​ កាល​ពីថ្ងៃ​៣០​មិនា​១៩៩៧​ និង​ករណី​បាញ់​សម្លាប់​តារា​ភាពយន្ត​ពិសិដ្ឋ​ ពីលីកា។

«យើង​មាន​សំណុំ​រឿង​ជាច្រើន​ដែល​មាន​មូលដ្ឋាន​រឹងមាំ​និង​ច្បាស់​លាស់​ដើម្បី​ប្តឹង​លោក​ហ៊ុន​ សែន»។

យ៉ាង​តិច​មាន​កង​ទ័ព​ដែល​ស្មោះ​ត្រង់​នឹង​គណបក្ស​ FUNCINPEC ​ប្រមាណ​ជិត​១០០​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​ព្រឹត្តិ​ការណ៍​ខែ​កក្កដា​ឆ្នាំ​១៩៩៧។

លោក​ទិត​ សុធា​ ទីប្រឹក្សា​រដ្ឋាភិបាល​និង​ជាអ្នក​នាំ​ពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រីបានបញ្ជាក់​ថាលោក​សម រង្ស៊ី​កំពុង​ស្វះស្វែង​រក​កំហុស​ដើម្បី​ទម្លាក់​មក​រដ្ឋាភិបាល​ បន្ទាប់ពី​តុលាការ​កាត់​ទោសឲ្យ​លោក​ជាប់​ពន្ធនាគារ ​ហើយ​បាន​រត់​គេច​ចេញ​ពី​សំណាញ់​ច្បាប់។

លោក​ទិត​ សុធា​បាន​អះ​អាង​ទៀត​ថាអន្តរជាតិ​មិន​មាន​ឥទ្ធិពល​មកជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ទេ។

«លោក​សម រង្ស៊ី​បាន​និង​កំពុង​បង្កើត​បញ្ហា​ដែល​ជារឿង​មិន​ពិត​ ដូច្នេះ​គ្មាន​អ្វី​ដែល​រដ្ឋា​ភិបាល​ត្រូវ​ភ្ញាក់​ផ្អើល​ទៅ​នឹង​អ្វី​ដែល​ជា​គម្រោង​របស់​លោក​សម រង្ស៊ី​បាន​និង​កំពុង​ធ្វើ​នេះ​ទេ»។

ការ​ប្រកាស​ស្វែង​រក​យុត្តិ​ធម៌​របស់​លោក​សម​ រង្ស៊ី​បាន​ធ្វើ​ឡើង​ក្នុង​ខណៈ​ពេល​ដែល​គណបក្ស​ពីរ​ផ្សេង​ទៀត​ដែល​បាន​បំបែក​ចេញ​ជា​ពីរ​គឺ​គណបក្ស ​FUNCINPEC​ និងគណបក្ស​នរោត្តម​រណឫទ្ធិ​ ដែល​ជា​អ្នក​រង​គ្រោះ​ដោយ​ផ្ទាល់​ក្នុ​ង​ព្រឹត្តិ​ការណ៍​បង្ហូរ​ឈាម​នេះ​ បាន​ព្យាយាម​ធ្វើ​មិន​ដឹង​មិន​ឮ។

លោក​ប៉ែន​ សង្ហា​ អ្នក​នាំ​ពាក្យ​គណបក្ស​នរោត្តម​រណឫទ្ធិ​ បាន​និយាយ​ថា​ គណបក្ស ​NRP ​បាន​បង្កើត​ឡើងក្រោយ​៩​ឆ្នាំ​ពី​ព្រឹត្តិ​ការណ៍​ថ្ងៃ​៦​ខែ​កក្កដា​ ក៏ប៉ុន្តែ​យើង​នៅ​តែ​គោរព​វិញ្ញាណ​ក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​បាត់​បង់​ជី​វិត។

លោក​បាន​បញ្ជាក់​ថា​ គណបក្ស​មិន​ចង់​កេង​ចំណេញ​ផ្នែក​នយោបាយ​ទេ។

«ការប្រារព្វ​ពិធី​ណា​មួយ​មិន​មែន​ជា​ភារៈ​របស់​គណបក្ស​ NRP ទេ​ ពីព្រោះ NRP ​មិន​ចង់​កេងចំណេញ​ផ្នែក​នយោបាយ​ ទៅ​លើ​អ្នក​ដែល​បាន​ស្លាប់​ដោយ​សារ​បុព្វហេតុ​ជាតិ​នោះទេ»។

មន្ត្រី​គណបក្ស ​FUNCINPEC ​មិន​អាច​ធ្វើ​ទំនាក់​ទំនង​ដើម្បី​សុំ​សេចក្តី​អត្ថាធិប្បាយ​បាន​ទេ​ នៅ​ថ្ងៃ​ពុធ​នេះ ​ក៏​ប៉ុន្តែ​លោក​ញ៉ឹក ​ប៊ុន​ឆៃ​ ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​នេះ​ ធ្លាប់​បាន​បញ្ជាក់​ថា​ គណបក្ស​សម​ រង្ស៊ី​ធ្វើដូច្នេះ​ដើម្បី​កេង​ចំណញ​នយោបាយ។​ លោក​បាន​បញ្ជាក់​ថា ​ជា​រៀង​រាល់​បុណ្យ​ភ្ជុំបិណ្ឌ​និង​បុណ្យ​ចូល​ឆ្នាំ គណបក្ស​ FUNCINPEC តែង​ធ្វើ​បុណ្យ​រាប់​បាតជាដរាប។

លោក​នាយក​រដ្ឋ​មន្រី្ត​ហ៊ុន​ សែន​ នៅ​ថ្ងៃពុធ​នេះ ​ក្នុង​ពិធី​បើក​សម្ពោធ​ការដ្ឋាន​សាង​សង់​ស្ពាន​នៅ​តាខ្មៅបាន​និយាយ​ចំអក​ឲ្យ​គណបក្ស​ប្រឆាំងក្នុង​ការ​ប្រារព្ធ​ខួប​រដ្ឋ​ប្រហារ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG