សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បានសម្រេចលើកពេលចេញសាលក្រមចំពោះសំណើសុំនៅក្រៅឃុំរបស់លោកគង់ រ៉ៃយ៉ា ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន ក្រោយពេលដែលយុវជនរូបនេះបានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកលក់អាវយឺតដោយមានភ្ជាប់ជាមួយនឹងសម្រង់ពាក្យសម្តីរបស់អ្នកវិភាគលោកបណ្ឌិតកែម ឡី។ នេះបើយោងតាមភរិយា និងមេធាវីរបស់លោកគង់ រ៉ៃយ៉ា។
លោកគង់ រ៉ៃយ៉ា វ័យ២៨ឆ្នាំ ត្រូវបានតុលាការចោទពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ក្រោយពីលោកបានប៉ុនប៉ងធ្វើសកម្មភាពទាក់ទិនទៅនឹងការឧទ្ទិសរំឭកវិញ្ញាណក្ខន្ធលោកកែម ឡី ក្នុងខួបគម្រប់៣ឆ្នាំនៃការបាញ់សម្លាប់លោក។
អ្នកស្រីសុខ ស្រីនិច្ច ភរិយាលោកគង់ រ៉ៃយ៉ា ដែលបានចូលរួមសវនាការសុំនៅក្រៅឃុំរបស់ស្វាមីអ្នកស្រីនៅសាលាដំបូងរាជធានីភ្នំពេញ ប្រាប់ VOA នៅថ្ងៃអង្គារនេះថា តុលាការបានស្នើលើកពេលប្រកាសសាលក្រមទៅថ្ងៃទី២៩ ខែវិច្ឆិកាខាងមុខ។ អ្នកស្រីមិនអាចបញ្ជាក់ពីហេតុផលនៃការលើកពេលប្រកាសសាលក្រមនេះទេ តែថា ការលើកពេលជាថ្មីនេះបានប៉ះពាល់ផ្លូវចិត្តអ្នកស្រីយ៉ាងខ្លាំង។
«គឺខ្ញុំសុំនៅក្រៅឃុំ វារយៈពេលបីដងហើយ។ អ៊ីចឹងគឺគាត់លើកឡើង លើកចុះ។ អ៊ីចឹងវាប៉ះពាល់ខ្លាំង [គឺចិត្ត] ខ្ញុំហ្មងឥឡូវ ព្រោះអីខ្ញុំពិបាកចិត្តមែនទែន ហើយចាំ រង់ចាំ សវនាការប្តីអ៊ីចឹង»។
លោកសំ សុគង់ មេធាវីការពារក្តីលោកគង់ រ៉ៃយ៉ា យល់ថា កូនក្តីរបស់លោកគួរតែស្ថិតនៅក្រៅឃុំ បើពិនិត្យលើស្ថានភាពសុខភាព និងគ្រួសារដែលពឹងផ្អែកលើកូនក្តីរបស់លោកនោះ។
លោកអ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បដិសេធមិនផ្តល់ការអធិប្បាយ។
លោកគង់ រ៉ៃយ៉ា ដែលក្រុមអង្គការសិទ្ធិមនុស្សអះអាងថា ជាអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ត្រូវចាប់ឃាត់ខ្លួនកាលពីថ្ងៃទី៩ ខែកក្កដា ជាមួយភរិយារបស់លោក និងសាច់ញាតិរបស់លោកចំនួនពីរនាក់ផ្សេងទៀត។ ការចាប់ខ្លួននេះធ្វើឡើង ដោយសារតែពួកលោកបានប្រកាសលក់អាវយឺតមានភ្ជាប់រូបថតអ្នកវិភាគនយោបាយលោកកែម ឡី តាមបណ្តាញសង្គមហ្វេសប៊ុក។
នៅផ្នែកខាងក្រោយនៃអាវយឺតនោះមានសរសេរសម្រង់សម្តីលោកកែម ឡី ថា៖ «បើអ្នកមិនធ្វើអ្វីសោះ ក៏គង់នឹងរងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ»។
លោកស៊ឹង សែនករុណា អ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា តុលាការមិនគួរលើកពេលចេញសេចក្តីសម្រេចលើសំណើសុំនៅក្រៅឃុំរបស់លោកគ់ង រ៉ៃយ៉ា នោះទេ ព្រោះវាអាចរងការរិះគន់របស់មហាជនទៅលើភាពដែលអាចជឿទុកចិត្តបានរបស់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
លោកគង់ រ៉ៃយ៉ា ធ្លាប់ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១៨ខែ កាលពីឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ក្រោយពីរូបលោកបានប្រកាសឲ្យសាធារណជនចូលរួមធ្វើបដិវត្តន៍ពណ៌ប្រឆាំងនឹងរដ្ឋាភិបាលបច្ចុប្បន្ន។
នៅក្នុងសំណុំរឿងរំឭកដល់ការស្លាប់លោកកែម ឡី ដែលនាំដល់ការឃុំខ្លួនលោកគង់ រ៉ៃយ៉ា នោះ មានមួយរូបទៀតគឺលោកសួង នាគព័ន្ធ ដែលរងការចោទប្រកាន់ដូចលោកគង់ រ៉ៃយ៉ា ដែរ ត្រូវបានតុលាការសម្រេចដោះលែងឲ្យបានស្ថិតនៅក្រៅឃុំ កាលពីពាក់កណ្តាលខែវិច្ឆិកានេះ។
ការដោះលែងលោកសួង នាគព័ន្ធ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបញ្ជាឲ្យមន្ត្រីតុលាការដោះលែងក្រុមសកម្មជនអ្នកគាំទ្រ និងសមាជិកអតីតគណបក្សប្រឆាំងជាច្រើននាក់ឲ្យបានស្ថិតនៅក្រៅឃុំ។
លោកហ៊ុន សែន អះអាងថា ក្រុមសកម្មជន និងសមាជិកទាំងនោះចាញ់ការបោកបញ្ឆោតរបស់អតីតមេគណបក្សប្រឆាំងលោកសម រង្ស៊ី ក្នុងគម្រោងធ្វើរដ្ឋប្រហារមិនបានជោគជ័យ កាលពីថ្ងៃទី៩ ខែវិច្ឆិកាកន្លងទៅនេះ៕