ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ច្រាន​ចោល​ការ​ទាមទារ​របស់​​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ឲ្យ​ដោះលែង​សកម្មជន​វ័យ​ក្មេង​​ពីរ​នាក់


លោក គង់ រ៉ៃយ៉ា​ (ឆ្វេង) និងលោក​ សួង នាគព័ន្ធ ត្រូវបានប៉ូលិសចាប់ខ្លួន នៅពេលដែលអ្នកទាំងពីរចូលរួមរំឭកខួបបីឆ្នាំនៃការបាញ់សម្លាប់លោកកែម ឡី នៅរាជធានីភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។
លោក គង់ រ៉ៃយ៉ា​ (ឆ្វេង) និងលោក​ សួង នាគព័ន្ធ ត្រូវបានប៉ូលិសចាប់ខ្លួន នៅពេលដែលអ្នកទាំងពីរចូលរួមរំឭកខួបបីឆ្នាំនៃការបាញ់សម្លាប់លោកកែម ឡី នៅរាជធានីភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​​ប្រតិកម្ម​តប​ទៅ​នឹង​ការ​អំពាវនាវ​របស់​​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ ​សុំ​ឲ្យ​អាជ្ញាធរ​​ដោះលែង​សកម្មជន​វ័យ​ក្មេង​លោក គង់ រ៉ៃយ៉ា និង​លោក​សួង នាគព័ន្ធ ដោយ​លើកឡើង​ថា​មាន​តែ​តុលាការ​ទេ​ ដែល​អាច​​សម្រេច​ក្ដីក្ដាំ​អ្នក​ទាំង​ពីរ​​បាន។ យុវជន​ទាំង​ពីរ​នេះ ​បាន​​ជាប់ឃុំ​ ដោយ​សារ​ការ​ចូល​រួម​​រំឭក​ការ​បាញ់​សម្លាប់​លោក​កែម ឡី កាល​ពី​ខែ​កក្កដា។

ក្រុម​មន្ត្រីកម្ពុជា​ទទួល​បន្ទុកយុត្តិធម៌ និង​មហាផ្ទៃ​ បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ គ្មាន​អន្តរាគមន៍​ណាមួយអាចធ្វើ​ឡើង​ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​វ័យ​ក្មេង​ លោក គង់ រ៉ៃយ៉ា និង​លោក​ សួង នាគព័ន្ធ ទេ ដែល​នេះ​ជា​ការ​ឆ្លើយ​តប​នឹង​ការ​អំពាវនាវ​កាល​ពី​ថ្ងៃ​ច័ន្ទ​របស់​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ក្រៅ​ស្រុក​ចំនួន​ពីរ ឲ្យ​ដោះលែង​យុវជន​ទាំងពីរ​នាក់​នោះ​ «ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ»។

លោក ​ជិន ម៉ាលីន​ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ និង​ជា​អនុប្រធាន​គណៈកម្មាធិការសិទ្ធិមនុស្ស​កម្ពុជា​ ដែល​ជា​ស្ថាប័ន​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល មានប្រសាសន៍​ថា​ រដ្ឋាភិបាល​គ្មាន​សិទ្ធិ​ទៅ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុងរបស់​ស្ថាប័ន​តុលាការ​នោះ​ទេ។ លោក​ថា​មាន​តែ​តុលាការ​ទេ​ ដែល​អាច​ធ្វើ​សុភវិនិច្ឆ័យ​ថា​ យុវជន​ទាំង​ពីរ​នាក់​នោះ​អាច​រួច​ពី​ការ​ចោទ​ប្រកាន់។

«គឺ​មាន​តែ​តុលាការ​ទេ​ ដែល​មាន​សិទ្ធិ​សម្រេច​ ថា​តើ​ត្រូវ​ដោះ​លែង​ ឬ​ក៏​មិន​ដោះ​ ផ្អែក​ទៅតាម​អង្គហេតុ​ អង្គច្បាប់​ ភស្តុតាង​ សក្ខីកម្ម​ និង​នីតិវិធី​ច្បាប់​ ដែល​មាន​ជា​ធរមាន»។

លោក គង់ រ៉ៃយ៉ា និង​ លោក សួង​ នាគព័ន្ធ ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ខែ​កក្កដា​ ហើយ​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​រង់ចាំ​ការ​ជំនុំជម្រះ​ទោស ក្រោម​ការ​ចោទប្រកាន់​ពី​បទ​«‍ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍» ក្រោយ​ពី​យុវជន​ទាំង​ពីរ​នាក់ បាន​ចូលរួម​ប្រារព្ធ​ពិធី​រំឭក​ខួប​គម្រប់​បី​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក កែម ឡី។

លោក គង់ រ៉ៃយ៉ា អាយុ​២៨​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្ទះ​របស់​លោក​នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា​ឆ្នាំ​២០១៩ បន្ទាប់​ពី​លោក​បាន​ផ្សព្វផ្សាយ​លក់​អាវយឺត​ដែល​មាន​រូប​ថត​លោក​ កែម ឡី នៅ​តាម​បណ្ដាញ ​Facebook។

ដោយឡែក​ ​លោក សួង​ នាគព័ន្ធ អាយុ​២៩​ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៩ ក្នុង​ពេល​លោក​ចូល​រួម​ក្នុង​ការ​ជួបជុំ​គ្នា​ដោយ​សន្តិវិធី​មួយ​នៅ​ហាង​ម៉ាត​មួយ​ក្នុង​ស្ថានីយ៍​ប្រេង​សាំង​កាល់​តិច​ (CALTEX) ស្ថិត​នៅ​ចំ​កណ្ដាល​ក្រុង​ភ្នំពេញ ដែល​ជា​ទីកន្លែង​នៃ​ការ​បាញ់​សម្លាប់​លោក កែម ឡី ​ទាំង​កណ្ដាល​ថ្ងៃ​ កាល​ពី​៣​ឆ្នាំ​មុន។

អង្គការ ​Amnesty International ​ដែល​បាន​ហៅ​យុវជន​ទាំង​ពី​រ​នាក់​ថា​ជា​«អ្នក​ទោស​មនសិការ» បាន​អំពាវ​នាវ​ឱ្យ​អាជ្ញាធរ​ខ្មែរ ដោះលែង​អ្នក​ទាំង​ពីរ​ជា​បន្ទាន់​និង​ដោយ​ឥត​លក្ខខណ្ឌ។

​អង្គការ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (Asean Parliamentarians for Human Rights) ឬ​ហៅ​កាត់​ថា APHR​ ក៏​បាន​សម្ដែង​ការ​ខកចិត្ត​នឹងតុលាការ​កំពូល​កម្ពុជា​កាល​ពី​ថ្ងៃ​ចន្ទ​ ដែល​បាន​ពន្យារ​ពេល​ប្រកាស​សេចក្ដី​សម្រេច​ចិត្ត​របស់​ខ្លួន​ថា​នឹង​អនុញ្ញាត​ឲ្យ​យុវជន​ គង់ រ៉ៃយ៉ា បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​ ឬ​យ៉ាង​ណា​ទៅ​ថ្ងៃ​ទី​៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩។ ដំណាល​គ្នា​នោះ​ អង្គការ​សិទ្ធិ​មនុស្ស​ដដែល​នេះ ក៏​បាន​ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន សួង​ នាគព័ន្ធ ផង​ដែរ។​

អ្នកស្រី ​Eva Sundari អតីត​សមាជិក​សភា​ប្រទេស​ឥណ្ឌូនេស៊ី​ និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​អង្គការ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights ) ​ត្រូវ​គេ​ស្រង់​សម្ដី​ក្នុង​ន័យ​ដើម​ថា៖

«ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អ្នក​ទាំងពីរ​គឺ​ជា​រឿង​ឥត​សម​ហេតុ​ផល​ទាល់​តែ​សោះ។ ករណី​របស់​អ្នក​ទាំងពីរ​នេះ​ ស្ដែង​ឲ្យ​ឃើញ​ថា​ នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​ នរណា​ក៏​ដោយ​ដែលហ៊ាន​តែ​សម្ដែង​ការ​គាំទ្រ​ដល់​អ្នក​រិះគន់​លោក ​ហ៊ុន សែន​ សូម្បី​ការ​គាំទ្រ​ក្នុង​ទម្រង់​មិន​មាន​លក្ខណៈ​គំរាម​កំហែង​ទាល់តែ​សោះ​ឬ​តូចតាច​បំផុត ក៏​នឹង​ត្រូវ​ជាប់​ក្នុង​ពន្ធនាគារ​ដែរ»។

នាយ​ឧត្ដម​សេនីយ៍​ ខៀវ សុភ័គ​ អ្នកនាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ មាន​ប្រសាសន៍​ថា​ ការ​អំពាវនាវ​ណាមួយ​ មិន​មាន​ឥទ្ធិពល​លើ​សេចក្ដី​សម្រេច​ចិត្ត​របស់​ស្ថាប័ន​តុលាការ​នៅ​កម្ពុជា​នោះ​ទេ។

«កម្ពុជា​មាន​ច្បាប់​របស់​ខ្លួន​ដើម្បី​គោរព​ ហើយ​និង​ដើម្បី​ នីតិវិធី​អ្វីៗ​តាម​ផ្លូវ​ច្បាប់​...​អ្នក​ទោស​យើង​ទាំងអស់​ហ្នឹង​ ចាំ​តែ​ដោះលែង​តាម​គាត់​ស្នើ​សុំ​ វា​ទៅ​ជា​លែង​រដ្ឋ​ វា​លែង​ជា​ការ​គ្រប់​គ្រង​រដ្ឋ​ហើយ​ហ្នឹង»។

លោក​ អ៊ុក គឹមសិទ្ធិ អ្នកនាំពាក្យ​តុលាការ​កំពូល​ បដិសេធ​មិន​ផ្ដល់​ការ​អធិប្បាយ​ទៅ​នឹង​ការ​អំពាវនាវ​របស់​អង្គការ​សិទ្ធិ​ទាំងពីរ​ ដែល​ទាមទារ​ឲ្យ​ទម្លាក់​ចោល​រាល់​បទ​ចោទ ប្រកាន់​ប្រឆាំង​នឹង​លោក គង់ រ៉ៃយ៉ា និង​លោក​ សួង នាគព័ន្ធ។

អង្គការ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​ បាន​គូស​បញ្ជាក់​បន្ថែម​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា​ ការ​ឃុំខ្លួន​លោក ​គង់ រ៉ៃយ៉ា និង​លោក​ សួង​ នាគព័ន្ធ​ គឺជា​ផ្នែក​មួយ​នៃ​ការ​បង្ក្រាប​ជា​ប្រព័ន្ធយ៉ាង​ទូលំទូលាយ​ដែល​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ មក​លើ​អ្នក​មាន​ទស្សនៈ​ផ្ទុយ​នឹង​រដ្ឋាភិបាល។

តុលាការ​កំពូល​ប្រទេស​កម្ពុជា​បាន​លើក​ពេល​ប្រកាស​សេចក្ដី​សម្រេច​ថា​តើ​នឹង​អនុញ្ញាត​ឲ្យ​សកម្មជន​វ័យក្មេង​លោក​គង់​ រ៉ៃយ៉ា​ បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​ឬ​អត់​នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា​ខាងមុខ។ ដោយឡែក​ករណី​សុំ​នៅ​ក្រៅ​ឃុំរបស់លោក​ សួង នាគព័ន្ធ​ តុលាការ​កំពូល​គ្រោង​នឹង​បើក​សវនាការ​ជំនុំជម្រះ​នៅ​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ដដែល៕

XS
SM
MD
LG