ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ឧទ្ធរណ៍​បញ្ចប់​សំណុំរឿង​ក្តី​លោក​ម៉ម សុណង់ដូ


លោក​ម៉ម សូណង់ដូ នាយក​​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​
លោក​ម៉ម សូណង់ដូ នាយក​​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​
ភ្នំពេញ៖ សវនាការ​លើ​សំណុំ​រឿង​លោក​ម៉ម សូណង់ដូ នាយកស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​និង​ជាប្រធាន​សមាគម​អ្នក​ប្រធាធិបតេយ្យ បាន​បិទ​បញ្ចប់​ហើយ​នៅ​ថ្ងៃ​ពុធនេះ។ ក្រុម​អ្នក​វិភាគ​និង​មេធាវី​ការពារ​ក្តី​ ​រំពឹង​ទុកថា ជនជាប់​ចោទ​អាច​នឹង​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​ពីបទ​បង្កើត​តំបន់​អបគមន៍​ខុស​ច្បាប់​ប្រឆាំង​នឹង​រដ្ឋាភិបាល។
នៅ​ពេល​ដល់​នាទី​សន្និដ្ឋាន​ជាស្ថាពរ លោក​ ហ៊ាន រិទ្ឋ តំណាង​អយ្យការ​របស់​សាលា​ឧទ្ធរណ៍​បាន​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​បទ​ល្មើសឧក្រិដ្ឋ​ពីរ​ធំៗ​ប្រឆាំង​នឹង​លោក​ម៉ម សូណង់ដូ ដែល​បទ​ល្មើស​ទាំង​ពីរ​នេះ​ជាដើម​ចម​ដែល​សាលា​ដំបូង​ក្រុង​ភ្នំពេញ​បាន​កាត់​ទោស​ឲ្យ​លោក​ជាប់​ពន្ឋនាគារ​រយៈ​ពេល​២០​ឆ្នាំ។
លោក​ ហ៊ាន រិទ្ឋ បាន​ប្រាប់​តុលាកា​ថា ការ​ចោទ​ប្រកាន់​របស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ​មិន​មាន​ធាតុ​ផ្សំ​បទ​ល្មើស​គ្រប់​គ្រាន់​ចំពោះ​បទ​ល្មើស​កុប្បកម្ម​និង​ញុះញង់​ប្រឆាំង​នឹង​រាជការ​សាធារណៈ​ដែល​គប្បី​តុលាការ​មិន​ចាំបាច់​យក​មក​ចោទ​ប្រកាន់​ទៀត​ទេ។ ក៏​ប៉ុន្តែ​លោក​បាន​បន្ថែម​បទ​ចោទ​លោក​ម៉ម សូណង់ដូ ជាថ្មី​មួយ​ទៀត​គឺ​បទល្មើស​ព្រៃ​ឈើ​និង​នៅ​រក្សា​បទ​ចោទ​ជ្រៀត​ជ្រែក​មុខងារ​សារធារណៈ​ឲ្យ​នៅ​ដដែល។​
លោក ម៉ម សុណង់ដូ ដែល​មាន​អាយុ​៧១​ឆ្នាំ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ចំនួន​បួន​ចំណុច​ធំ​ដែល​ពាក់​ព័ន្ឋ​នឹង​ការ​ ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​ប្រើប្រាស់​អាវុធ​ខុសច្បាប់។ ការ​ចោទ​នេះ​ ជាប់​ពាក់ព័ន្ឋ​នឹង​ការ​ប្រឆាំង​នឹង​អាជ្ញាធរ​ស្រប​ច្បាប់ និង​ការ​ផ្តួច​ផ្តើម​គំនិត​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​បង្ក្រាប​យ៉ាង​ហិង្សា​លើ​ជម្លោះ​ដី​ធ្លី​មួយ​ ក្នុង​ខេត្តក្រចេះ​កាលពី​ខែ​ឧសភា ឆ្នាំ​២០១២ ​ដែល​ក្នុង​ការ​បង្ក្រាប​នោះ​ ក្រុម​សមត្ថកិច្ច​រដ្ឋាភិបាល​បាន​បាញ់​សម្លាប់​ក្មេង​ស្រី​ម្នាក់​ឈ្មោះ​ហេង ចាន់ថា ​អាយុ ១៤ឆ្នាំ។​
លោក​មេធាវី​ការពារ​ក្តី​លោក​ម៉ម សូណង់ដូ គឺ​លោក​ស សូវ៉ាន​មិន​ជំទាស់​នឹង​ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ទាំង​ពីរ​នេះ​ទេ ក៏ប៉ុន្តែ​លោក​បាន​ជំទាស់​ការ​ចោទ​ពី​បទ​ពាក់​ព័ន្ធ​នឹង​ច្បាប់​ព្រៃឈើ។​
លោក​បាន​និយាយ​ថា ដី​នៅ​ភូមិ​ប្រម៉ា​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុម​ហ៊ុន កាស៊ូទីន​រួច​ហើយ ​ដូច្នេះ​មិន​មាន​ព្រៃឈើ​ដែល​ត្រូវ​កាប់​បំផ្លាញ​ទេ។​
«លោក​អគ្គព្រះ​រាជអាជ្ញា​មក​ចោទ​នៅ​ក្នុង​សវនាការ​នេះ​មិន​ត្រឹម​ត្រូវ​ទេ។ ត្រូវ​ចោទ​តាំង​ពីរ​សាលា​ដំបូង​មក​ដើម្បី​ឲ្យ​ខ្ញុំ​មាន​លទ្ឋភាព​ការពារ។ ដូច្នេះ​នីតិវិធី​ហ្នឹង​គេ​ត្រូវ​លុបចោល​ហើយ។ បើ​កាលណា​មិន​លុប​គឺ​ខុស​ច្បាប់​ហើយ​ខ្ញុំ​សង្ឃឹម​ថា គេ​លុប​អារឿង​ព្រៃ​ឈើ​ហ្នឹង​ហើយ»។
ពាក់​អាវ​ពណ៌ពង​មាន់​ដៃ​ខ្លី​និង​មាន​ពាក់​ក្រវ៉ាត់​ក លោក​ម៉ម សូណង់ដូ​ បាន​ថ្លែង​អំណរគុណ​ដល់​លោក​អគ្គព្រះរាជអាជ្ញា​របស់​សាលា​ឧទ្ធរណ៍​ដែល​បាន​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ធំៗ​ទាំង​ពីរ​នេះ។​
លោក​បាន​និយាយ​ប្រាប់​តុលាការ​ថា លោក​មាន​ការ​សប្បាយ​ចិត្ត​ដែល​បាន​រក​យុត្តិធម៌​មួយ​ភាគ​ធំ​ដល់​ខ្ញុំ។ ក៏ប៉ុន្តែ​លោក​មិន​សប្បាយ​ចិត្ត​ទេ​ដោយ​សាលា​ដំបូង​ក្រុង​ភ្នំពេញ​បាន​កាត់ទោស​ឲ្យ​លោក​ជាប់​ពន្ឋនាគារ​រយៈ​ពេល​២០​ឆ្នាំ។ លោក​បាន​និយាយ​ថា លោក​ជាប់​ពន្ឋនាគារ​រយៈពេល​មួយ​ខែ​ប្រៀប​បី​ដូច​ជា​មួយ​ឆ្នាំ។​
មាន​ប្រសាសន៍​ប្រាប់​វីអូអេ​បន្ទាប់​ពី​បញ្ចប់​សវនាការ។ លោក​ម៉ម សូណង់ដូ​ អាយុ​៧១​ឆ្នាំ​បាន​និយាយ​ថា លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ ហើយ​លោក​សង្ឃឹម​ថា សាលា​ឧទ្ធរណ៍​នឹង​ដោះលែង​លោក​ឲ្យ​មាន​សេរីភាព​ឡើងវិញ។​
«បាទ ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ពីរ​ករណី​ហ្នឹង ខ្ញុំ​អរគុណ ប៉ុន្តែ​ខ្ញុំ​មិន​សប្បាយ​ចិត្តទេ​ពីព្រោះ​ខ្ញុំ​អត់​បាន​ធ្វើ​អ្វី​ខុស​ទាំង​អស់។ ត្រូវ​តែ​អង្គ​សវនាការ​សាលា​ឧទ្ធរណ៍​ហ្នឹង​ពិចារណា​ម្តង​ទៀត​និង​លើក​លែង​ទោស​ខ្ញុំ​តែម្តង»។​
បន្ទាប់​ពី​បាន​បិទ​បញ្ចប់​សវនាការ​ចំនួន​ពីរ​ថ្ងៃ លោក​ឃុន លាងម៉េង​ ប្រធាន​ចៅក្រម​ជំនុំជម្រះ​បាន​និយាយ​ថា សាលក្រម​នឹងប្រកាស​នៅ​ថ្ងៃ​ទី​១៤​ខាង​មុខនេះ។​
លោក ម៉ម សូណង់ដូ ត្រូវ​បាន​សាលា​ដំបូង​ក្រុង​ភ្នំពេញ​កាល​ពី​ខែ​តុលា ឆ្នាំ​២០១២ កាត់​ទោស​ឲ្យ​ជាប់​ពន្ឋនាគារ​រយៈពេល​២០​ឆ្នាំ​និង​ពិន័យ​ជាប្រាក់​ចំនួន​១០​លាន​រៀល​គឺ​ប្រមាណ​ជាង​២.៥០០​ដុល្លារ​សហរដ្ឋ​អាមេរិក​បន្ទាប់ ​ពី​តុលាការ​រក​ឃើញ​ថា លោក​ជាប់​ពាក់​ព័ន្ឋ​នឹង​ការ​បង្កើត​តំបន់​អបគមន៍​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​លោក​នាយករដ្ឋមន្ត្រីហ៊ុន​ សែន។
XS
SM
MD
LG