គង់ សុឋានរិទ្ធ រាជធានីភ្នំពេញ
ប្រជាពលរដ្ឋដែលត្រូវចាប់ខ្លួននិងចោទប្រកាន់ដោយសារទំនាស់ដីធ្លីនៅក្នុងកម្ពុជាបានកើនឡើងរហូតដល់២០១នាក់នៅឆ្នាំ២០១២។
តួលេខនេះបង្ហាញថា ចំនួនពលរដ្ឋដែលត្រូវចាប់ខ្លួននិងចោទប្រកាន់តាមផ្លូវតុលាការក្នុងឆ្នាំ២០១២បានកើនឡើងខ្ពស់ជាងឆ្នាំណាៗទាំងអស់ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ។
ក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពដីធ្លីនៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃពុធក្នុងទីក្រុងភ្នំពេញ លោកចាន់ សាវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សអាដហុក បាននិយាយថា ការចាប់ខ្លួននិងចោទប្រកាន់ដោយតុលាការលើប្រជាពលរដ្ឋទាក់ទងនឹងទំនាស់ដីធ្លីកាលពីឆ្នាំ២០០៧មានត្រឹមតែ១៤៩នាក់តែប៉ុណ្ណោះ ហើយចំនួននេះបានធ្លាក់ចុះមកវិញនៅឆ្នាំ២០១១នៅត្រឹម៩៨នាក់។
«គិតចាប់ពីឆ្នាំ២០០៧រហូតដល់ថ្ងៃនេះមានមនុស្សជាង១០០០នាក់ដែលត្រូវបានចោទប្រកាន់និងចាប់ខ្លួន»។
មន្ដ្រីសិទ្ធិមនុស្សដដែលបញ្ជាក់ថា មូលហេតុនៃកំណើននេះគឺដោយសារតែទំនាស់ដីធ្លីចាស់ៗមិនត្រូវបានដោះស្រាយនោះទេ។
«ការចាប់ខ្លួនក្នុងឆ្នាំ២០១២នេះគឺកើតចេញពីករណីទំនាស់ដីធ្លីចាស់ដែលមិនទាន់បានដោះស្រាយភាគច្រើន»។
ប្រទេសកម្ពុជាមានទំនាស់ដីធ្លីយ៉ាងរ៉ាំរ៉ៃជាច្រើនឆ្នាំមកហើយ ដែលធ្វើឲ្យមានការស្តីបន្ទោសលើប្រសិទ្ធិភាពនៃយន្តការដោះស្រាយរបស់រដ្ឋាភិបាលនិងធ្វើឲ្យមានកង្វល់ដល់វិបត្តិសង្គម។
ប្រជាពលរដ្ឋជាច្រើនម៉ឺននាក់បានទទួលរងការបណ្តេញចេញពីលំនៅដ្ឋានដោយបង្ខំ ដោយខ្វះការផ្តល់សំណងបានត្រឹមត្រូវ ដែលក្រុមមន្ដ្រីអង្គការក្រៅរដ្ឋាភិបាលលើកពីការបំពានដល់សិទ្ធិលំនៅដ្ឋាននិងសិទ្ធិមនុស្សផ្សេងៗ។
លោកឈិត សំអាត នាយកប្រតិបត្តិនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលកត់សម្គាល់ថា ប្រជាជនទន់ខ្សោយនិងអ្នកក្រីក្រនៅតែមានចំនួនច្រើនដែលមិនទាន់ទទួលបានសិទ្ធិកាន់កាប់ដីធ្លីសមរមរហូតមកទល់នឹងឆ្នាំ២០១២នេះ។ បន្ថែមពីនេះទៀតការបណ្តេញពីលំនៅដ្ឋាននៅតែបន្ត។
«ចំនួនប្រជាជនដែលខ្វះដីធ្លីគឺមានពី២០ទៅ២៥ភាគរយនៃចំនួនប្រជាជនសរុប។ ទិន្នន័យដែលកត់ត្រាដោយវេទិកាអង្គការមិនមែនរដ្ឋាភិបាលឲ្យដឹងថា ជម្លោះមួយចំនួននៅពន្យារពេលជាច្រើនឆ្នាំ មិនទាន់បានដោះស្រាយបាន ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជននិងអ្នកក្រីក្រ»។
លោកឈិត សំអាតបង្ហាញថា កត្តាដែលនាំឲ្យមានជម្លោះដីធ្លីនៅប្រទេសកម្ពុជាបង្កឡើង ជាពិសេសដោយគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនដូចជាផ្នែកអភិវឌ្ឍន៍ឧស្សាហកម្ម ទាំងនៅតំបន់ជនបទនិងទាំងនៅក្នុងទីក្រុង និងបង្កឡើងដោយការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនជាតិនិងក្រុមហ៊ុនអន្តរជាតិ។
អ្នកស្រីទេព វន្នីគឺជាអ្នកដឹកនាំក្រុមអ្នកតវ៉ាផងនិងជាអ្នករងគ្រោះដោយការបណ្តេញចេញដោយបង្ខំក្នុងសហគមន៍បឹងកក់។
អ្នកស្រីក៏ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារដោយសារការតវ៉ាដើម្បីសហគមន៍របស់ខ្លួនដែលត្រូវដេញចេញសម្រាប់ការអភិវឌ្ឍសំណង់ទំនើប ដោយមិនមានសំណងសមរម្យ។
«ការអភិវឌ្ឍមានតែការបំផ្លាញចោលនូវសុភមង្គល និងអនាគតគ្រួសាររបស់ប្រជាពលរដ្ឋនៅតំបន់បឹងកក់ទាំងមូល ជាពិសេសគឺការរំលោភសិទ្ធិមនុស្សនិងសិទ្ធិរស់រានមានជីវិតនិងសិទ្ធិលំនៅដ្ឋានរបស់ពួកខ្ញុំ»។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ដ្រីបានឆ្លើយតបនឹងបញ្ហាទាំងនេះថា រាជរដ្ឋាភិបាលកំពុងដោះស្រាយបញ្ហាដីធ្លីលើគោលដៅចំនួនបី។ ទីមួយដោះស្រាយចំពោះក្រុមប្រជាពលរដ្ឋដែលកំពុងជាប់ពាក់ព័ន្ធជាមួយដីសម្បទានសេដ្ឋកិច្ច ទីពីរគឺពលរដ្ឋដែលរស់នៅលើដីសាធារណៈ និងទីបីគឺពលរដ្ឋដែលទៅកាន់កាប់ដីធ្លីដោយគ្មានកម្មសិទ្ធិស្របច្បាប់ត្រឹមត្រូវដែលពាក់ព័ន្ធនឹងអង្គភាពរដ្ឋ។
«នៅក្នុងទិដ្ឋភាពទាំងបីនេះ យើងបានដោះស្រាយយ៉ាងគគុកដែលមានមនុស្សរាប់លាននាក់ទទួលបានផលពីនេះ និងដែលជាការងារប្រវត្តិសាស្ដ្រមួយដែលយើងបានផ្តល់នូវអ្វីជាលិខិតកម្មសិទ្ធិអចលនវត្ថុ ឬកម្មសិទ្ធីដីធ្លីនេះ»។
បន្ថែមពីនេះ លោកផៃ ស៊ីផានលើកឡើងថា ការដោះស្រាយទំនាស់ដីធ្លីត្រូវការពេលវេលា ហើយគេត្រូវការភាពអត់ធ្មត់៕