ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ម៉ម សូណង់ដូ​នៅ​ក្នុង​ចំណោម​បេក្ខជន​ចុង​ក្រោយ​សម្រាប់​រង្វាន់​សិទ្ធិ​មនុស្ស​


លោក​ម៉ម សូណង់ដូ​
លោក​ម៉ម សូណង់ដូ​
​ភ្នំពេញ​៖ លោក​ម៉ម សូណង់ដូ​ ​ដែល​ជា​សកម្មជន​ប្រជាធិបតេយ្យ​ដ៏​សកម្ម​មួយ​រូប​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​របស់​រដ្ឋាភិបាល​ បាន​ទទួល​ចំណាត់ថ្នាក់​ក្នុង​បញ្ជី​ចុងក្រោយ​សម្រាប់​ពាន​រង្វាន់​«អ្នកការពារ​សិទ្ធិ​មនុស្ស​ក្នុង​ហានិភ័យ»។​

អង្គការ ​Front Line Defenders ​ឬ​ អ្នក​ការពារ​ជួរមុខ​ ​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឌូប្ល៊ីន​(Dublin)​ ប្រទេស​អៀឡង់ ​បាន​ដាក់​នាយក​វិទ្យុ​សម្បុក​ឃ្មុំ ​និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ នៅ​លើ​កំពូល​បញ្ជី​បេក្ខជន​ចំនួន​ប្រាំ​មួយ​រូប​ដើម្បី​ជ្រើសរើស​មួយ​រូបសម្រាប់​ទទួល​រង្វាន់​សកម្មជន​ឆ្នើម​ ដែល​បាន​តស៊ូ​ដើម្បី​សិទ្ធិ​មនុស្ស។​

លោក​ជីម ឡររ៉ែន​ (Jim Loughran ) ​ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​អង្គការ​Front Line Defenders ​បាន​ប្រាប់​វីអូអេ​ខេមរភាសា​តាម​ទូរ​ស័ព្ទ​ពី​ប្រទេស​អៀឡង់​មក​ថា ​ជម្រើស​យក​លោក​ម៉ម សូណង់ដូ​នេះ​គឺឈរលើ​គុណ​សម្បត្តិ​របស់​គាត់​ជាច្រើនដែល​បម្រើ​ឲ្យ​ផ្នែក​សិទ្ធិ​មនុស្ស។​

«គាត់​ត្រូវបាន​ជ្រើសរើស​សម្រាប់​ការ​ផ្តល់​កិត្តិយស​នេះ​ ពីព្រោះ​គាត់​ហាន​បូជា​ជីវិត​របស់គាត់​សម្រាប់​ប្រជា​ពលរដ្ឋ​ក្រីក្រ​ និង​ពលរដ្ឋ​ដែល​ត្រូវគេ​ដក​ហូត​សិទ្ធិ ​ហើយ​លោក​ការពារ​សិទ្ធិ​ពួកគេ​ដោយ​សន្តិវិធី។ ​គាត់​ធ្វើការ​ប្រឈម​នឹង​បរិយាកាស​នៃ​និទណ្ឌភាព​ដែលមាន​ជាទូទៅ​ប្រទេស​កម្ពុជា»។​

លោក​ម៉ម សូណង់ដូ​ អាយុ​៧១​ឆ្នាំ​ ត្រូវ​ចាប់ខ្លួន​កាលពី​ខែ​កក្កដា​ឆ្នាំ​២០១២​ ហើយ​ត្រូវ​ផ្តន្ទាទោស​ដោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២០​ឆ្នាំ​ ដោយ​តុលាការ​សំអាង​ថា​ លោក​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប៉ុនប៉ង​ធ្វើ​អប្បគមន៍​នៅ​ស្រុក​ឆ្លូង ​ខេត្ត​ក្រចេះ។ ​ក៏ប៉ុន្តែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​រិះគន់​ថា​ នេះ​ជា​ការ​ដាក់ទោស​ដោយ​គ្មាន​ភស្តុតាង​នោះ​ទេ​ ហើយ​ជា​រឿង​នយោបាយ។​

លោក​បាន​កាន់កាប់​បណ្តាញ​ផ្សព្វផ្សាយ​ឯករាជ្យ​ ដែលមាន​តិចតួច​បំផុត​ក្នុង​ប្រទេស​កម្ពុជា។​

យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ ​Front Line Defenders​ បាន​ឲ្យ​ដឹង​ថា​ លោក​ម៉ម សូណង់ដូ​ ត្រូវ​ប្រកួត​ជាមួយ​សកម្មជន​សិទ្ធិ​មនុស្ស​ចំនួន​ប្រាំ​នាក់​ទៀត​មក​ពី​ប្រទេស​អ៊ីរ៉ង់ ​កូឡុមបៀ ​អ៊ូសបេគីស្ថាន​ ម៉ូរីតេនៀ​ និង​ប្រទេស​កេនយ៉ា។​

មាន​បេក្ខជន​ចំនួន​៩០​នាក់​មកពី​ប្រទេស​ជាង​៥០​ក្នុង​ពិភពលោក​ត្រូវ​បាន​ស្នើ​សម្រាប់​រង្វាន់​«អ្នក​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ហានិភ័យ»​នេះ។​

លោក​អ៊ូ វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​ចាត់ទុក​ថា​ ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​ត្រូវបាន​ពិភព​លោក​យក​ចិត្ត​ទុក​ដាក់។​

«មាន​សារៈ​សំខាន់​មែន​ទែន។​ ទីមួយ​គ្រាន់តែ​ស្ថិត​ក្នុង​បញ្ជី​ចុង​ក្រោយនេះ​មាន​ន័យ​ថា ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចិត្ត​នៃ​អ្នក​តាមដាន​សិទ្ធិ​មនុស្ស​ក្នុង​ពិភព​លោក។ ​ហើយ​បើសិន​ជា​គាត់​ជាប់​ទៀត​ វា​មា​នន័យ​ថា​ អ្នក​ដែល​តស៊ូ​មតិ​ក្នុង​ពិភព​លោក​ដែល​គាំទ្រ​ដំណើរការ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នឹង​មើល​ឃើញ​ថា​ ប្រទេស​កម្ពុជា​នៅមាន​ការ​ប្រឈម​ច្រើន»។​

ជា​រៀងរាល់​ឆ្នាំ​ អង្គការ ​Front Line Defenders ​ផ្តល់​រង្វាន់​ដល់​សកម្មជន​សិទ្ធិ​មនុស្ស​ដែល​ត្រូវ​ចាត់​ទុក​ថា ​ជា​អ្នក​ស្ថិត​ក្នុង​ហានិភ័យ។ ​រង្វាន់​នោះ​រាប់​ទាំង​ថ្លៃ​ធ្វើ​ដំណើរ ​ថ្លៃ​ស្នាក់នៅ​ដើម្បី​ទទួល​រង្វាន់​ដោយផ្ទាល់​នៅ​ប្រទេស​អៀឡង់​ និង​រង្វាន់​ជា​សាច់​ប្រាក់​ចំនួន​២០.០០០​អឺរ៉ូ ​ឬ​ស្មើនឹង​ប្រហែល​ជាង​២៦.០០០​ដុល្លារ​អាមេរិក។​

លោក​ម៉ម សូណង់ដូ​នឹង​ក្លាយជា​ជនជាតិ​អាស៊ី​លើក​ទី១​ និង​ជា​ជ័យលាភី​ទី៨​ក្នុង​ការ​ទទួល​រង្វាន់​នេះ ​ប្រសិន​បើ​គាត់​ត្រូវ​ជ្រើសរើស​ក្នុង​អំឡុង​ឆ្នាំ​នេះ។
ភរិយា​របស់​លោក​គឺ​លោកស្រី​ឌិន ផាន់ណារ៉ា​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ទេ។​

ទាំង​លោក​ Jim Loughran ​និង​លោក​អ៊ូ វីរៈ​លើក​ឡើង​ថា​ ការ​ផ្តល់​រង្វាន់​នេះ​ជា​ការ​លើក​ទឹកចិត្ត​ដល់​សកម្មជន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ និង​ជា​ការ​ភ្ជាប់​បណ្តាញ​អ្នក​ការពារ​សិទ្ធិ​សេរីភាព​ក្នុង​ពិភព​លោក។​
ដោយ​ឡែក​ វីអូអេ​បានព្យាយាម​ទាក់ទង​លោក​ខៀវ កាញារិទ្ធ ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ លោក​ជាម យៀប ​តំណាង​រាស្ត្រ​ខាង​គណបក្ស​កាន់​អំណាច​ និង​លោក​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ដ្រី​ ដើម្បី​សុំ​សេចក្តី​ពន្យល់​ តែ​មិន​អាច​ទាក់ទង​បាន​ទេ៕
XS
SM
MD
LG