ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការខ្មែរក្រហម​តែងតាំង​អ្នក​ជំនាញ​ពិនិត្យ​សុខភាព​អៀង សារី​


អៀង សារី​ អាយុ៨៧​ឆ្នាំ
អៀង សារី​ អាយុ៨៧​ឆ្នាំ
​ភ្នំពេញ​៖ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម​បាន​តែងតាំង​លោក​សាស្ដ្រាចារ្យ​ចន ខាំបែល ​ដែល​ជំនាញ​ខាង​ជំងឺ​មនុស្ស​ចាស់​ ឲ្យ​ពិនិត្យ​ជំងឺ​ដ៏​ចាស់​ជរា​របស់​ជន​ជាប់ចោទ​អៀង សារី​ដើម្បី​ឲ្យ​ដឹង​ប្រាកដ​ពី​ស្ថានភាព​ជំងឺ​របស់​គាត់។​

ការ​តែងតាំង​នេះ​ធ្វើឡើង​បន្ទាប់ពី​អៀង សារី​ អាយុ៨៧​ឆ្នាំ​ បាន​ចូល​ពេទ្យ​អស់​រយៈពេល​មួយ​ខែ​មក​ហើយ​ នៅតែ​មិនទាន់​បាន​ធូរស្បើយ​និង​មិនអាច​ចាក​ចេញពី​មន្ទីរពេទ្យ​នៅឡើយ។​

ក្នុង​សេចក្ដី​សម្រេច​កាលពី​ថ្ងៃ​ច័ន្ទ​ទី៨​តុលា​ ដែល​ត្រូវ​ដាក់​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ដដែល​នោះ​ លោក​ចៅក្រម​និល ណុន​ ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បញ្ជាក់​ថា​ វា​ជាការ​សមស្រប​ដែល​ត្រូវ​តែងតាំងឲ្យ​លោក​សាស្ត្រាចារ្យ​ចន ខាំបែល​ពិនិត្យ​និង​សើរើ​ឡើងវិញ​ពី​ព័ត៌មាន​ស្តីពី​សុខភាព​របស់​អៀង សារី។​

លោក​ចៅក្រម​និល ណុន​បញ្ជាក់​ក្នុង​សេចក្តីសម្រេច​នោះ​ថា ​លោក​ចន ខាំបែល​ក៏ត្រូវ​ផ្តល់​ព័ត៌មាន​ ដែល​គាត់​បាន​រកឃើញ ​ជូនទៅ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​និង​ត្រូវ​ផ្តល់​អនុសាសន៍​នូវ​កិច្ច​ការដែល​ត្រូវធ្វើ​បន្ត ​រួមទាំង​ការ​វាយ​តម្លៃ​ ថា​តើ​អៀង សារី​អាច​ចេញពី​មន្ទីរពេទ្យ​នៅ​ពេល​ណា។​

លោក​នេត្រ ភត្រា​ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ មាន​ប្រសាសន៍​ថា​ អ្នក​ជំនាញ​រូបនោះ​នឹងត្រូវ​សហការ​ជាមួយ​វេជ្ជបណ្ឌិត​កម្ពុជា​មួយរូប​ក្នុងការ​ពិនិត្យ​សុខភាព​ជន​ជាប់ចោទ​នេះ។​

«លោក​ចន ខាំបែល​នឹង​ធ្វើការ​ជាមួយ​វេជ្ជបណ្ឌិត​ជនជាតិ​កម្ពុជា​មួយរូប​ដើម្បី​ពិនិត្យ​លើ​របាយ​ការណ៍ផ្សេងៗ​ ហើយ​ជា​ចុងក្រោយ​នឹងធ្វើ​របាយ​ការណ៍​មក​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​អំពី​យោបល់​របស់​អ្នក​ជំនាញ​ស្តីអំពី​ស្ថាន​ភាព​របស់​ជន​ជាប់ចោទ​អៀង សារី​ នាពេល​បច្ចុប្បន្ន»។​

អៀង សារី​ត្រូវ​នាំចូល​មន្ទីរពេទ្យ​និង​ត្រូវដាក់​ឲ្យ​ស្ថិត​ក្នុង​បន្ទប់​សង្គ្រោះបន្ទាន់​ចាប់​តាំងពី​ថ្ងៃទី៧​ខែ​កញ្ញា​មក​ម្ល៉េះ​ ដោយសារ​ភាព​ហេវ​ហត់​និង​អស់​កម្លាំង​ខ្លាំង។ ​កាលពី​ថ្ងៃទី២១កញ្ញា​នោះដែរ​ សាលាដំបូង​បាន​បើក​សវនាការ​ពិសេស​មួយ​ស្តីពី​ស្ថានភាព​សុខភាព​របស់​អៀង សារី ​ក៏ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ការ​សន្និដ្ឋាន​បែបណា​ទេ​ ក្រោយពី​សវនាការ​នោះ។​

លោក​អាង ឧ​ត្ត​ម សហ​មេធាវី​កម្ពុជា​របស់​អៀង សារី ​មាន​ប្រសាសន៍​ថា​ គ្រូពេទ្យ​នឹង​ធ្វើ​ការ​វាយ​តម្លៃ​ មិន​ត្រឹមតែ​លើ​ស្ថានភាព​សុខភាព​រាងកាយ​តែ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​នឹង​វាយតម្លៃ​ពី​ស្ថានភាព​ជំងឺ​ផ្លូវចិត្ត​នៃ​កូនក្តី​របស់​គាត់​ផង​ដែរ។​

«ដំណើរការ​មើលទៅ​ដូច​ករណី​អៀង ធីរិទ្ធ​ដែរ​ ពីព្រោះ​ជា​គោលការណ៍​ គេ​មើល​ពី​សម្បទា​សម្រាប់​ចូលរួម​សវនាការ​ ទាំង​ផ្លូវចិត្ត​ និង​ផ្លូវកាយ»។​

កាលពី​ពាក់កណ្តាល​ខែ​កញ្ញា​ អៀង ធីរិទ្ធ​ប្រពន្ធ​របស់​អៀង សារី​ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ជាមួយ​នឹង​លក្ខ​ខណ្ឌ​បណ្តោះ​អាសន្ន​បន្តិច​បន្តួច​ដោយសារ​តុលាការ​រក​ឃើញ​ថា​ អៀង ធីរិទ្ធ​មាន​ជំងឺ​វង្វេង​វង្វាន់​ធ្ងន់ធ្ងរ ​មិន​អាច​ចូលរួម​សវនាការ​បាន៕
XS
SM
MD
LG