ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​ឃុំ​ខ្លួន​អ្នក​​តវ៉ា​ប្រឆាំង​ក្រុម​ហ៊ុន​កាពីតូល​ពីរ​នាក់


ក្រុម​អតីត​អ្នក​បើកបរ​រថយន្ត​​ក្រុង​​ឲ្យ​​ក្រុមហ៊ុន​កាពីតូល​ កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ ២០១៦ លើក​បដា​ បង្ហាញពី​​​ការ​​ទាមទារឲ្យ​រក​យុត្តិធម៌​ដល់​​លោក​ ណន វណ្ណា​ អតីត​អ្នក​បើកបរ​ឡានក្រុង​​ឲ្យ​​ក្រុមហ៊ុន​កាពីតូល​ និង​លោក​ រស់​ ស៊ី​ផៃ​ សមាជិក​សហភាពការងារ​កម្ពុជា​ ដែល​ត្រូវ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ខ័ណ្ឌ ​៧មករា​ ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរិ៍​ ទី​៦ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ និង​បញ្ជូន​មក​សាលាដំបូង​​រាជធានី​ភ្នំពេញ​​ កាលពីថ្ងៃ​ច័ន្ទ​ ទី៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៦។​ ពួកគេ​ទាំងពីរនាក់​នេះ​ ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​នៅថ្ងៃ​ច័ន្ទ​ពីបទ​ ​«​ហិង្សា​ដោយ​ចេតនា​ ប្រឆាំងនឹង​អ្នក​រាជការ​សាធារណៈ​ រារាំង​ជាឧបសគ្គ​ដល់​ចរាចរ​សាធារណៈ​»។ (ហ៊ុល រស្មី/​VOA Khmer)

ការ​សម្រេច​ឃុំ​ខ្លួន​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ព្រះរាជអាជ្ញា​រង​​បាន​ធ្វើ​ការ​ចោទ​អ្នក​ទាំង​ពីរ​នាក់​នេះ​ និង​មនុស្ស​បួន​នាក់​ផ្សេងទៀត​​​ពី​បទ​​ «ហិង្សា​ដោយ​ចេតនា​ ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​ រារាំង​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ»។​

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន លោក​ ណន វណ្ណា​ អតីត​អ្នក​បើក​បរ​រថយន្ត​ក្រុង​ឲ្យ​ក្រុម​ហ៊ុន​កាពីតូល​ និង​ លោក រស់​ ស៊ីផៃ​ សមាជិក​នៃ​សហភាព​ការងារ​កម្ពុជា​ បន្ទាប់​ពី​ការសាកសួរ​ពេញ​មួយ​ថ្ងៃ​ នៅ​ថ្ងៃ​ច័ន្ទ​នេះ។​ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​នៃ​សហភាព​ការងារ​កម្ពុជា។​

ការ​សម្រេច​ឃុំ​ខ្លួន​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ផ្ទុះឡើង​នៃ​អំពើ​ហិង្សា​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ការ​ធ្វើបាតុកម្ម​ទាម​ទារ​ឲ្យ​ក្រុមហ៊ុន​កាពីតូល​ទទួល​យក​អតីត​អ្នកបើកបរ​រថយន្ត​ក្រុង​ចំនួន​៤៥​នាក់ឲ្យ​ចូល​ធ្វើការ​វិញ។ ​ព្រះរាជអាជ្ញា​រង​លោក ​ស្រី​ ម៉ាកនី​ បាន​ធ្វើ​ការ​ចោទ​អ្នក​ទាំង​ពីរ​នាក់​នេះ​ និង​មនុស្ស​បួន​នាក់​ផ្សេងទៀត ពី​បទ «ហិង្សា​ដោយ​ចេតនា​ ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​ រារាំង​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ»។​

លោក​ គង់ អាទិត្យ​ អគ្គលេខាធិការ​នៃ​សហភាព​ការងារ​កម្ពុជា​ ដែល​រងរបួស​ពី​អំពើ​ហិង្សា​កាល​ពី​ថ្ងៃសៅរិ៍​ និង​រង​បទចោទ​ប្រកាន់​ខាង​លើ​នេះ​ដែរ​នោះ​បាន​ហៅ​ការ​សម្រេច​របស់​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ថា​ អយុត្តិធម៌។​ លោក​និយាយ​ថា៖​

«យើង​សូម​មិន​គាំទ្រ​សេចក្តី​សម្រេច​របស់​តុលាការ​ ដែល​ធ្វើ​បែប​ហ្នឹង​ទេ​ ព្រោះ​អ្វី​យើង​ឃើញ​ថា​ ជា​រឿង​អយុត្តិធម៌​មែនទែន​ ដោយសារ​តែ​គាំទ្រ​អ្នក​ណា​មាន​លុយ​សម្រាប់​ ធ្វើ​បាប​អ្នក​ដែល​ទន់​ខ្សោយ​អញ្ចឹង​គឺ​ ស្រុក​ទេស​យើង​ត្រូវ​តែ​ផ្លាស់​ប្តូរ​។ បើ​សិន​ជា​មិន​ផ្លាស់​ប្តូរ​ទេ​ អាហ្នឹង​វា​នាំ​ឲ្យ​ គ្មាន​ច្រក​ដើរ​ទៅមុខ​ សម្រាប់​ប្រជាជន​ ដែល​ស្លូតត្រង់​ដូច​ពួក​ខ្ញុំ»។​

លោក​ បាន​សម្តែង​ក្តី​បារម្ភ​អំពី​ការ​ឃាត់​ខ្លួន​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ បន្ទាប់​ពី​ការ​ចេញ​សេចក្តី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ។​ តែ​លោក​ ថា​នឹង​ធ្វើការ​តាមផ្លូវច្បាប់​ដើម្បី​ការ​ពារ​ភាព​ស្អាត​ស្អំ​របស់​លោក។​

VOA​ ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ព្រះរាជអាជ្ញា​រង​ ស្រី ម៉ាកនី​ នៅថ្ងៃ​ច័ន្ទ​ នេះ តែនៅមិនទាន់​អាច​ទាក់​ទង​បាន​ទេ។​ លោក​ នេត សីថុន​ អធិការ​ប៉ូលិស​ខណ្ឌ​ ៧មករា​ បដិសេធ​មិន​ព្រម​ធ្វើ​អត្ថាអធិប្បាយ។​

នៅ​មុន​ការ​សម្រេច​របស់​តុលាការ​ សកម្ម​ជន​សិទ្ធិមនុស្ស​ និង​មេដឹកនាំ​សហជីព​ រួម​ជាមួយ​ក្រុម​អ្នកតវ៉ា​ជាង​៥០​នាក់ បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​សុំ​ឲ្យ​តុលាការ​រក​យុត្តិធម៌​ និង​ដោះ​លែង​អ្នកតវ៉ា​ទាំងពីរ​នាក់​ ដែល​ត្រូវ​បាន​បញ្ជូន​ខ្លួន​ពី​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ ៧មករា​ មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។​

លោក​ អំ សំអាត​ ប្រធានការងារបច្ចេកទេសស៊ើប​អង្កេត​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ ថ្លែងប្រាប់​អ្នកសារព័ត៌មាននៅមុខសាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ព្រឹកថ្ងៃ​ច័ន្ទ​ ទី៨​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៦។
លោក​ អំ សំអាត​ ប្រធានការងារបច្ចេកទេសស៊ើប​អង្កេត​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ ថ្លែងប្រាប់​អ្នកសារព័ត៌មាននៅមុខសាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ព្រឹកថ្ងៃ​ច័ន្ទ​ ទី៨​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៦។

ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ អំ សំអាត​ ប្រធាន​បច្ចេក​ទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ មាន​ប្រសាសន៍​ថា​ តុលាការ​ត្រូវ​ធ្វើការ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​ទៅ​លើ​អង្គហេតុនៃ​ការ​កើតមាន​អំពើ​ហិង្សា​នោះ។​ លោក​ថា​ ពុំ​មាន​ភស្តុតាង​គ្រប់គ្រាន់​ណា​មួយដែល​បញ្ជាក់​ថា​ អ្នក​ដែល​ត្រូវ​ឃាត់​ខ្លួន​នោះ​ បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​នោះ​ទេ។​

«តាម​ភស្តុតាង​ តាម​អ្វី​ដែល​មាន​ហ្នឹង​ គឺ​វា​មាន​តិចណាស់​ ដែល​ធ្វើការ​ចោទ​ប្រកាន់​ ទៅលើ​អ្នកទាំង​ពីរ​ជាពិសេស​ គឺម្នាក់​ គឺ​គ្មានពាក់​ព័ន្ធ​ មិន​មាន​ភស្តុតាង​។​ បើ​ភស្តុតាង​ ភស្តុតាង​តែ​ម្នាក់​ទេ។​ ប៉ុន្តែ​អ្វី​ដែល​ទិដ្ឋភាព​ជាក់​ស្តែង​ យើង​ឃើញ​ទាំង​ក្នុង​រូប​វីដេអូ​ ទាំង​ទិដ្ឋភាព​ជាក់​ស្តែង​ សួរថា​អ្នក​ណា​ដែល​មាន​ប្រើ​នូវ​ញញួរ​ ប្រើ​អ្វី​ដើម្បី​ប្រើប្រាស់​អំពើ​ហិង្សា​ ហើយ​ទិដ្ឋភាព​ភ្លាម​ហ្នឹង​គឺ​សមត្ថកិច្ច​គាត់​ឃើញ​ហើយ​ ប៉ុន្តែ​ហេតុអ្វី​ក៏​អត់​មាន​ការ​ចាប់​ខ្លួន​ អ្នក​ដែល​ប្រើ​ប្រាស់​អំពើ​ហិង្សា​ពិតប្រាកដ»​។

លោក​ថ្លែង​បញ្ជាក់​ថា​ ព្រះ​រាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​កាន់​រឿង​ក្តី​នេះ​ ត្រូវ​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ ដើម្បី​រកឲ្យ​ឃើញ​ថា​ នរណា​ជា​មេ​គំនិត​បញ្ឆេះ​ឲ្យ​មាន​អំពើ​ហិង្សា​ កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅនោះ​។

ការ​តវ៉ា​របស់​អតីត​អ្នកបើកបរ​រថយន្ត​ក្រុង​នេះ​ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ បាន​ឈាន​ដល់​អំពើ​ហិង្សា​ នៅ​ពេល​ដែល​សមាជិក​សមាគម​រួបរួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ ដែល​ភាគច្រើន​បាន​ស្លៀកពាក់​សម្លៀក​បំពាក់​ពណ៌ខ្មៅ​ និង​ពាក់​មួក​សុវត្ថិភាព​ បាន​ដើរ​ទៅ​ ការពារ​រថយន្ត​ក្រុង។​ ភ្លាម​ៗ​បន្ទាប់​ពី​នោះ​ សមាជិក​មួយ​ចំនួន​នៃ​សមាគម​នេះ​ បាន​កាន់​ញញួរ​ និង​ដំបង​ដែក​វាយ​ទៅលើ​មនុស្ស​ ដោយ​បាន​វាយដំ​ និង​ទាត់​ធាក់​យ៉ាង​ខ្លាំង​ទៅលើ​អ្នក​តវ៉ា និង​អ្នកគាំទ្រ​ឲ្យ​ក្រុម​ហ៊ុន​ទទួល​យក​ អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង​ទាំងអស់​នោះ។​ នេះ​បើ​យោង​ទៅ​តាម​សេចក្តី​ថ្លែងការណ៍​រួម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣៤​ ដែល​បានចេញផ្សាយ​ជាសាធារណៈ​ភ្លាមៗ​ បន្ទាប់​ពី​ការ​ផ្ទុះឡើង​នៃ​អំពើ​ហិង្សាហើយ​បាន​ធ្វើ​ការ​ថ្កោលទោស​ផង​ដែរ។​

លោក​ អាត់ ធន់ ប្រធាន​សហភាពការងារកម្ពុជា​ ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារ​ព័ត៌​មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ ទី៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦
លោក​ អាត់ ធន់ ប្រធាន​សហភាពការងារកម្ពុជា​ ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារ​ព័ត៌​មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ ទី៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦

នៅមុន​ពេល​លោក​ទទួល​ការ​ចោទ​ប្រកាន់​ពី​តុលាការ លោក​ អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ មានប្រសាសន៍ថា​ ក្រុមហ៊ុន​ហាក់​ដូច​ជា​មាន​ទំនាក់ទំនង​ ជិតស្និទ្ធ​ជាមួយអាជ្ញាធរ​មូលដ្ឋាន​នៅ​ក្នុង​ខណ្ឌ៧មករា​ ព្រោះ​អាជ្ញាធរ​ពុំបាន​ចាត់​វិធានការ​បង្កា​ការ​ផ្ទុះ​ឡើង​នៃ ​អំពើ​ហិង្សា​ដែល​លោក​ អះអាង​បង្ក​ដោយ​ក្រុម​របស់​សមាគម​រួបរួម​គ្នា​ដើម្បី​អភិវឌ្ឍន៍កម្ពុជា។​ មេដឹកនាំ​នៃក្រុម​នេះ​គឺ​លោក​ ឯ សុម្ភស្សន៍។​ លោក​ អាត់​ ធន់​ ស្នើ​ឲ្យ​តុលាការធ្វើការ​អង្កេតរក​ឲ្យ​បាន​ពី​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការប្រើប្រាស់​អំពើ​ហិង្សា​ ដែល​បាន​បណ្តាល​ឲ្យ​អ្នក​តវ៉ា​ ១៤​នាក់​ រង​របួស​ធ្ងន់​ធ្ងរ​ និង​២នាក់​ត្រូវ​ចាប់​ខ្លួន​។​

«ពួកគេ​ប្រើ​ អំពើ​ហិង្សា​ ពួក​គេ​ប្រើ​ជើងកាង​វាយ​មក​លើ​យើង​ ដោយ​ឧបករណ៍​ជា​អាវុធ​ ស្នាប់​ដៃ​ ដូច​ជា​ដំបង​ឆក់​ តែ​យើង​ទៅ​ធ្វើ​បាតុកម្ម​ ដោយ​អត់មាន​ប្រើ​អី​ ឬក៏​អត់​មាន​ប្រើ​អី​ទាំង​អស់​ ត្រូវ​បាន​គេចាប់​ខ្លួន។ អាហ្នឹង​គឺ​អយុត្តិធម៌​ហើយ។​ ខ្ញុំ​គិត​ថា​ តុលាការ​រាជធានី​ភ្នំពេញ​ ជាពិសេស​ចៅក្រម​ នឹង​ពិចារណា​រឿង​ហ្នឹង​ឡើង​វិញ»​។

លោក​ឲ្យ​ដឹង​ថា​ បើ​ទោះ​បី​ជា​លោក​ ត្រូវ​តុលាការ​ចោទប្រកាន់​ជាមួយ​មនុស្ស​ប្រាំ​នាក់​ផ្សេងទៀត​ក៏​ដោយ​ សកម្មភាព​ស្វែងរក​យុត្តិធម៌​ដល់​ អតីត​អ្នកបើកបរ​រថយន្ត​ក្រុង​ទាំង​ ៤៥​នាក់​នោះ​ និង​អ្នក​រង​ការ​ចោទប្រកាន់​ពី​តុលាការ​នឹង​នៅ​តែ​បន្ត​ទៅមុខ។ លោក​ថា​ ការចោទប្រកាន់​ពី​តុលាការមក​លើ​រូប​លោក​ មិន​បាន​ធ្វើឲ្យ​លោក​មាន​ការ​ព្រួយបារម្ភ​នោះ​ទេ​ ដោយ​លោក​និង​ក្រុម​តវ៉ា​ឯទៀត​ពុំ​មែន​ជា​អ្នក​ផ្តួចផ្តើម​ឲ្យ​មាន​អំពើ​ហិង្សា​នេះ​ទេ។​ លោក​បញ្ជាក់​ថា៖​

«ទោះបី​ជា​ចាប់​ពួក​ខ្ញុំ​ទៅ​ ក៏​នៅ​តែ​រឿងក្តី​ នៅ​បន្តជួយ។ យើង​អត់អាច​ឈប់​បាន​ទេ»។​

កំពុង​អង្គុយ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ ទល់​មុខ​នឹង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ វ៉ាន់ ណារ៉ង ​ប្រធាន​សហជីពប្រជាធិប​តេយ្យ​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ កាពីតូល និយាយ​ថា​ តុលាការ​ត្រូវដោះ​លែង​អ្នក​ដែល​ត្រូវ​ឃាត់​ខ្លួន ព្រោះ​ថា​ ពួក​គេ​មិន​បាន​ប្រព្រឹត្ត​កំហុស​នោះ​ឡើយ។

ដោយឡែក​ លោក​ភូ កុក​វ៉ាន់​ ជំនួយការ​អគ្គនាយក​ក្រុមហ៊ុន​កាពីតូល មិន​ធ្វើ​ការ​អត្ថា​អធិប្បាយ​លើ​ការ​សម្រេច​របស់​តុលាការ​សាលាដំបូង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ពីព្រោះ​ការសម្រេច​របស់​តុលាការ​ គឺធ្វើ​ទៅ​តាម​ពាក្យ​បណ្តឹង​របស់​អាជ្ញាធរ​មានសមត្ថកិច្ច​ក្នុង​ខណ្ឌ​ ៧មករា។​ លោក​ឲ្យ​ដឹង​ទៀត​ថា​ ចំណាត់​ការ​ច្បាប់​នឹង​ត្រូវ​ធ្វើបន្ត​ទៅ​ទៀត។​

«ចំពោះ​បញ្ហា​នេះ​ គឺ​ជា​បណ្តឹង​របស់​ខាង​សមត្ថកិច្ច។​ មិនមែន​ជា​បណ្តឹង​របស់​ខាង​ក្រុមហ៊ុន​ទេ​ ហើយ​ចំពោះ​ពួកគាត់​ ខាង​ក្រុមហ៊ុន​នឹង​ចាត់​វិធានការ​ខាង​ផ្លូវច្បាប់​បន្ត​ទៀត»។​

លោក​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​នានា​ ទាក់​ទិន​ការណ៍​ដែល​ក្រុមហ៊ុន​ បាន​ជួល​សមាជិក​នៃ​សមាគម​រួបរួមគ្នា​ដើម្បី​អភិវឌ្ឍន៍កម្ពុជា​ឲ្យ​មក​បង្ក​អំពើ​ហិង្សា​ និង​ទំនាក់​ទំនង​របស់​ក្រុមហ៊ុន​លោក​ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខណ្ឌ​ ៧មករា​ផង​ដែរ៕

XS
SM
MD
LG