ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខេត្ត​កំពង់​ឆ្នាំង​​​បើក​សវនាការ​លើ​អ្នក​កាសែត ក្រោម​បទ​ចោទ​«ញុះញង់» ប្តឹង​ដោយ​មន្រ្តី​យោធា​ជាន់​ខ្ពស់


រូបឯកសារ៖ អ្នក​សារព័ត៌មាន​​លោក សុខ ឧត្តម ​ត្រូវ​បាន​ប្តឹង​ដោយ​មន្រ្តី​យោធា​​ជាន់​ខ្ពស់​មួយ​រូប ក្រោយ​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​ជិត​កន្លះ​ឆ្នាំ។ (រូបថតពីហ្វេសប៊ុក សុខ ឧត្តម)

តុលាការ​ខេត្ត​កំពង់​ឆ្នាំង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​អ្នក​សារព័ត៌មាន​ លោក សុខ ឧត្តម ដែល​ត្រូវ​បាន​ប្តឹង​ដោយ​មន្រ្តី​យោធាជាន់​ខ្ពស់​មួយ​រូប ក្រោយ​លោក​ត្រូវ​បាន​ឃុំ​ខ្លួនក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​ជិត​កន្លះ​ឆ្នាំ។

លោក សុខ ឧត្តម អាយុ​៣១​ឆ្នាំ ដែល​ជា​ម្ចាស់ស្ថានីយ​វិទ្យុ​រិទ្ធិសែន​និង​ជា​អ្នក​សារព័ត៌មាន​ម្នាក់​ក្នុង​ខេត្ត​កំពង់​ឆ្នាំង ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ«​ញុះ​ញង់» និង​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២០ មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​បានផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​ទំនាស់​ដីធ្លី​ក្នុង​ខេត្ត​កំពង់​ឆ្នាំង។

លោក សុខ ឧត្តម ដែល​មាន​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ«ស្ថានីយ​ព័ត៌មាន​វិទ្យុ​រិទ្ធិសែន» ត្រូវ​បាន​ចោទ​ប្រកាន់​ថា​រាយការណ៍​បែប​ញុះញង់» ឲ្យ​ប្រជាពលរដ្ឋ​កាន់​កាប់​ដី​រដ្ឋ​ក្នុង​ឃុំ​ជៀប ស្រុក​ទឹក​ផុស ខេត្ត​កំពង់​ឆ្នាំង។

មេធាវីការ​ពារ​ឲ្យ​លោក សុខ ឧត្តម គឺ​លោក អ៊ុន ច័ន្ទ​ថុល ប្រាប់ ​VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​កូនក្តី​របស់​លោក​បាន​ប្រាប់​តុលាការ​ថា​លោក​មិន​បាន​ញុះញង់នោះ​ទេ ហើយ​លោក​គ្រាន់​តែ​រាយការណ៍​ព័ត៌មាន​តែ​ប៉ុណ្ណោះ​ តាម​ប្រជាពលរដ្ឋ​ដែល​សុំ​រូប​លោក​ឲ្យ​ទៅ​ជួយ​រាយការណ៍។ លោក​មេធាវី​បន្ត​ថា​តំណាងអយ្យ​ការ​នៅ​តែ​បន្ត​ចោទ​ប្រកាន់​កូនក្តី​របស់​លោក ​តាម​មាត្រា​៤៩៥នៃក្រម​ព្រហ្មទណ្ឌ។ ប្រសិន​បើ​ត្រូវ​រក​ឃើញ​កំហុស លោក សុខ ឧត្តម អាច​ជាប់​ពន្ធនាគារ​រហូត​ដល់២​ឆ្នាំ​នៃ​បទ​ចោទ​ប្រកាន់​នេះ។

លោក​មេធាវីការ​ពារ​ក្តី​មាន​ប្រសាសន៍​ថា៖ «ចំពោះ​ខ្ញុំ​ការពារ ខ្ញុំ​យល់​ឃើញ​ថា​វា​អត់​មាន​ធាតុ​ផ្សំ​បទ​ល្មើសក្នុង​ការ​ចោទ​ប្រកាន់ទៅ​លើ​មាត្រា​៤៩៥​ហ្នឹង​ទេ ដោយសារ​តែ​គាត់​ជា​អ្នក​សារព័ត៌មាន​អាជីព។ គាត់​ទៅ​យក​ព័ត៌មាន​ គាត់​មិន​មែន​ទៅ​ញុះញង់​ទេ»។

លោក​មេធាវី​បាន​ការពារ​ថា​តុលាការ​មិន​គួរ​ប្រើ​ក្រម​ព្រហ្មទណ្ឌ​ចោទ​ប្រកាន់​កូន​ក្តី​របស់​លោក​ទេ។ លោក​ពន្យល់​ថា​បើ​សិន​ជា​អ្នក​សារព័ត៌មាន​រាយ​ការណ៍​ខុស គួរ​តែ​មាន​ការ​ប្រើ​ប្រាស់​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន ដែល​ក្នុង​នោះ​មាន​ការ​កែ​តម្រូវ​ព័ត៌មាន ប្រសិន​បើ​មាន​ការ​ផ្សាយ​ខុស។

លោក​បន្ថែម​ថា៖ «សំណុំ​រឿង​នេះ អត់​មានឲ្យ​កែ​តម្រូវ គឺ​ប្តឹង​ហើយ​ ចាប់​តែ​ម្តង។ អញ្ចឹង​ហើយ​បាន​យើង​ជំទាស់។ យើង​ថា​ដូច​ជាធ្វើ​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​ស្តីពី​របប​សារព័ត៌​មាន។ អញ្ចឹង​ហើយ​បាន​យើង​សុំ​ឲ្យ​ដោះ​លែង​កូនក្តី​យើង​ចាប់​ពី​ពេល​ហ្នឹ​ងទៅ»។

បើ​តាម​លោក​មេធាវី កូនក្តី​របស់​លោក ត្រូវ​បាន​ប្តឹង​ដោយ​ឈ្មោះ នូ សំរិទ្ធិ ដែល​គេ​ស្គាល់​ថា​ជា​មន្រ្តី​យោធា​ជាន់​ខ្ពស់​ម្នាក់​ក្នុង​ខេត្ត​កំពង់​ឆ្នាំង។

លោក​មេធាវី​មាន​ប្រសាសន៍​ថា៖ «លោក នូ សំរិទ្ធិ​ហ្នឹង​ នៅ​ក្នុង​ពាក្យ​បណ្តឹង​គាត់ គាត់​គ្រាន់​តែ​ថា​លោក សុខ ឧត្តម​ហ្នឹង​ មាន​សកម្មភាព​ញុះ​ញង់ បំផុស​បំផុល​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​តវ៉ា​យក​ដី ​ដែល​ជា​កន្លែង​បាញ់​គ្រាប់​ពិត​របស់​រដ្ឋ»។

សវនាការ​ជំនុំ​ជម្រះ​ដែល​មាន​រយៈ​ពេល​ជាង​២ម៉ោង​ក្នុង​សាល​កាត់ក្តី​ខេត្ត​កំពង់​ឆ្នាំង​ មិន​មាន​វត្តមាន​លោក នូ សំរិទ្ធិ ដែល​ជា​មេ​បញ្ជាការ​រង​នៃ​បញ្ជាការ​ដ្ឋាន​សឹក​រង​ខេត្ត​កំពង់​ឆ្នាំង ដែល​ជា​ដើម​បណ្តឹង ឬ​ក៏​មេធាវី​របស់​លោក​ ចូល​រួម​នោះ​ទេ គឺ​មាន​តែ​តំណាង​អយ្យការ ​លោក ឡុង ស៊ីថា ដែល​ដាក់​បន្ទុក​លើ​អ្នក​កាសែត​លោក សុខ ឧត្តម។

VOA​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ឡុង ស៊ីថា បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។ តុលាការ​នឹង​ប្រកាស​សាល​ក្រម​លើ​លោក សុខ ឧត្តម ​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២០។

ភរិយា​របស់​លោក សុខ ឧត្តម អ្នកស្រី នុត សុវន្ធូរ អាយុ​៣៦​ឆ្នាំ ដែល​មាន​កូន​តូច​៣​នាក់ មាន​ប្រសាសន៍​ថា​ការ​ការ​ចោទ​ប្រកាន់​ស្វាមី​ជា​រឿង​អយុត្តិធម៌ ដោយ​អ្នកស្រី​ថា​ប្រជាពលរដ្ឋ​បាន​ហៅស្វាមីឲ្យ​ទៅ​ជួយ​ផ្សព្វផ្សាយ​ជម្លោះ​ដី​ធ្លី​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​អ្នកស្រី​ថាស្វាមី​ត្រូវ​បាន​ប្តឹង​ដោយ​មន្រ្តី​យោធាម្នាក់ ឈ្មោះ នូ សំរិទ្ធិ ។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «គាត់​នៅ​តែ​អះអាង​អញ្ចឹង​ថា​គាត់មិន​បាន​ទៅ​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់របស់​គេ​ទេ ព្រោះ​អី​គាត់​ទៅ​(ទី)ហ្នឹង តាម​រយៈ​អ្នក​សារព័ត៌មាន​ម្នាក់​ដែល​ហៅ​គាត់​ទៅ»។

អ្នកស្រី​បន្ថែម​ថា៖ «ខ្ញុំ​នៅ​តែ​គិត​ឃើញ​ថា​វា​ជា​រឿង​អយុត្តិធម៌​សម្រាប់​គ្រួសារ​ខ្ញុំ។ ទី​មួយ​គាត់​ជា​អ្នក​សារព័ត៌មាន ហេតុ​អី​មិន​យក​ច្បាប់​ស្តីពីរបប​សារ​ព័ត៌មាន​មក​អនុវត្ត​ជាមួយ​គាត់»។

អ្នកស្រី​ឲ្យ​ដឹង​ទៀត​ថា រាល់​ការ​ផ្សាយ​អត្ថបទ​កន្លង​មក ស្វាមី​របស់​អ្នកស្រី លោក សុខ ឧត្តម មាន​ឯកសារ​គ្រប់​គ្រាន់​ក្នុង​ការ​ផ្សព្វផ្សាយ។

មន្រ្តី​សម្រប​សម្រួល​របស់​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា មាន​ប្រសាសន៍​ថា​កន្លង​ទៅ លោក សុខ ឧត្តម តែងតែ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​អំពើ​អយុត្តិធម៌​ក្នុង​សង្គម ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សាធារណៈ និង​ការ​រំលោភ​បំពាន​របស់​អ្នក​មាន​អំណាច។ លោក​ថា​លោក សុខ ឧត្តម ​មិន​បានញុះញង់អ្វី​នោះ​ទេ គឺ​គ្រាន់​តែផ្សាយ​ព័ត៌មាន​ ហើយ​មាន​ការ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពិនិត្យ​មើលករណី​ដី​ធ្លី​នេះ។

លោក​បញ្ជាក់​ថា៖ «អញ្ចឹង​គ្រាន់​តែ​បំភ្លឺ​គេ​ទៅ ថា​អាហ្នឹង​ជា​ដីដែល​រដ្ឋ​ផ្តល់​ឲ្យ​មក​ខាង​យោធា គ្រប់គ្រង​ក្នុង​នាម​ជា​រដ្ឋ​សម្រាប់​បាញ់​គ្រាប់​ពិត។ អញ្ចឹង​វា​បាន​ហើយ។ អត់​គួរ​ណា​ទៅ​ធ្វើ​ការ​ប្តឹង​ផ្តល់​ ដើម្បី​បង្រ្កាប​អ្នក​សារព័ត៌មាន​ហ្នឹង​ទេ»។

មន្រ្តី​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កំពង់​ឆ្នាំង​រូប​នេះ មិន​អាច​បញ្ជាក់​ថា​តើ​លោក នូ សំរិទ្ធិ មាន​ដី​ធ្លី​នៅ​តំបន់​មានជម្លោះ​ឬ​យ៉ាងណា​នោះ​ទេ។

VOA​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក នូ សំរិទ្ធិ បាន​នៅ​ឡើយ​ទេ។

មុន​ពេល​ចាប់​ខ្លួន ក្រសួងព័ត៌មាន​បាន​សម្រេច​លុប​ចោល​ប្រកាស​ដែល​អនុញ្ញាត​ឲ្យ​លោក សុខ ឧត្តម បើក​ស្ថានីយវិទ្យុ ​FM99.75MHz នៅ​ខេត្ត​កំពង់ឆ្នាំង​ និង​គេហ​ទំព័រ​ឈ្មោះ​«រិទ្ធិសែន»ដោយ​អះអាង​ថា​ម្ចាស់​អាជ្ញាបណ្ណ​សារព័ត៌មាន​មួយ​នេះ​«បានផ្សព្វផ្សាយ​ព័ត៌មាន​បំផ្លើស​ការពិត ញុះញង់​ឲ្យ​កើត​មាន​អំពើ​ហិង្សា បង្ក​ការរើសអើង​ពូជ​សាសន៍ បង្ក​អសន្តិសុខ និង​ចលាចល​សង្គម ដែល​ជា​ការរំលោភ​បំពាន​លើ​វិជ្ជាជីវៈ និង​កិច្ច​សន្យា​ដែល​សាមី​ខ្លួន​បាន​តម្កល់​ទុក​នៅ​ក្រសួងព័ត៌មាន»។

កាល​ពី​ថ្ងៃ​ច័ន្ទ អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) ​និង​បណ្តុំ​សមាគម​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ​៥៦​ផ្សេង​ទៀត​ ​ បាន​អំពាវនាវ​រួមគ្នា​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ បញ្ឈប់​ការ​យាយី​សារ​ព័ត៌មាន​ឯករា​ជ្យ​ និង​ផ្តល់​សេរី​ភាព​ពេញលេញ​ដល់​ពួកគេ។ ពួកគេ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​អ្នក​សារព័ត៌មាន​ដែល​ពួកគេ​ថា​«គ្មាន​មូលដ្ឋាន​ និង​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ហេតុផល​នយោ​បាយ»។

បើ​តាម​ក្រុម​សិទ្ធិ​មនុស្ស​ទាំងនោះ អ្នក​សារព័ត៌មាន​យ៉ាង​ហោច​ណាស់​១៣​នាក់​ បាន​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​ផ្លូវ​ច្បាប់​ ក្នុង​នោះ​ មាន​មួយ​ចំនួន​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ និង​អំពើ​ចារកម្ម​ចំពោះ​សកម្មភាព​របស់​ពួក​គេ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ដែល​មាន​លក្ខណៈ​រិះគន់​តាម​បណ្តាញ​អ៊ីនធឺណិត​ កាសែត​ ​និង​ការ​បញ្ចេញ​មតិ​លើ​បណ្តាញ​សង្គម។

នៅ​ក្នុងសេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​នៅ​ថ្ងៃ​អង្គារ​នេះ ក្រសួង​ព័ត៌មានលើក​ឡើង​ថាការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន គឺ«​អនុវត្ត​ទៅ​តាម​អង្គ​ហេតុ និង​អង្គ​ច្បាប់» មិន​មែន​រំលោភ​បំពាន និង​បំបិទ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​នោះ​ទេ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG