អង្គការសិទ្ធិមនុស្សលីកាដូ នៅថ្ងៃអង្គារនេះ បានចេញផ្សាយរបាយការណ៍សិក្សាមួយ ដោយលើកឡើងថា ការជំពាក់បំណុលមីក្រូហិរញ្ញវត្ថុជំរុញឲ្យប្រជាពលរដ្ឋក្នុងភូមិមួយនៅខេត្តបន្ទាយមានជ័យបង្ខំចិត្តធ្វើចំណាកស្រុកទៅប្រទេសថៃដើម្បីរកលុយសងគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ។ នេះបើយោងតាមរបាយការណ៍របស់អង្គការលីកាដូស្តីអំពី«ការនាំឲ្យមានចំណាកស្រុក៖ បទពិសោធន៍នៃភូមិមួយ»ក្នុងខេត្តបន្ទាយមានជ័យ។
ការសិក្សានេះធ្វើឡើងក្នុងភូមិមួយ ជាមួយគ្រួសារនានាចំនួន៣០ដែលក្នុងនោះមានមនុស្សប្រមាណ១០០នាក់ កាលពីខែកញ្ញា ឆ្នាំ២០១៩ មុនពេលពិភពលោកប្រឈមការរាតត្បាតវីរុសកូរ៉ូណា។ កាលពីចុងខែមីនា ពលករខ្មែរប្រមាណ៩ម៉ឺននាក់បានវិលត្រឡប់ពីប្រទេសថៃចូលប្រទេសកម្ពុជាវិញ ហើយពួកគេប្រឈមអត់ការងារធ្វើ បាត់បង់ចំណូល និងជំពាក់បំណុលគេថែមទៀត។
របាយការណ៍បានដកស្រង់សម្តីអ្នកដែលអង្គការលីកាដូបានសម្ភាសក្នុងអត្ថន័យដើមថា៖ «ទាំងប្រាក់ខ្ញុំ និងប្រាក់កូនខ្ញុំ ត្រូវយកទៅសងបំណុល។ នៅពេលដែលខ្ញុំបានសងបំណុលមីក្រូហិរញ្ញវត្ថុរួច ខ្ញុំនឹងមិនឲ្យកូនខ្ញុំទៅធ្វើការនៅប្រទេសថៃទៀតនោះទេ»។
បើតាមរបាយការណ៍ អ្នកភូមិទាំងអស់ដែលផ្តល់បទសម្ភាសន៍ មានសមាជិកគ្រួសារយ៉ាងតិចម្នាក់បានទៅធ្វើជាពលករចំណាកស្រុកក្នុងប្រទេសថៃ។ អ្នកឆ្លើយតបទាំងអស់បានរាយការណ៍ថា ពួកគាត់ទាំងអស់មានសមាជិកគ្រួសារសរុបចំនួន៩២នាក់ ដែលអ្នកខ្លះមានសាច់ញាតិរហូតដល់ទៅ៧នាក់ ជាពលករចំណាកស្រុក។ គ្រួសារភាគច្រើនដែលផ្តល់បទសម្ភាសន៍សុទ្ធសឹងតែធ្លាប់ និងកំពុងជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងនោះមានទៅដល់២៣គ្រួសារក្នុងចំណោម៣០គ្រួសារ។ របាយការណ៍ឲ្យដឹងទៀតថា បំណុលជាមូលហេតុចម្បងដែលនាំឲ្យគ្រួសាររបស់អ្នកទាំងនេះត្រូវធ្វើចំណាកស្រុក។
នៅពេលសួរពីអារម្មណ៍ចំពោះបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ្នកឆ្លើយតបភាគច្រើនបង្ហាញអារម្មណ៍ភ័យព្រួយ។ របាយការណ៍បន្ថែមថា មានគ្រួសារចំនួន២ក្នុងចំណោមគ្រួសារសរុបចំនួន៣០ដែលត្រូវបានសម្ភាស បានរៀបរាប់ថាពួកគេលក់ដីដើម្បីសងបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ គ្រួសារជាច្រើនបានឲ្យដឹងថា ពួកគាត់ក៏មានគម្រោងលក់ដីផងដែរ។
អង្គការលីកាដូក៏បញ្ជាក់ក្នុងរបាយការណ៍នេះថា គ្រួសារជាច្រើនក៏បានកត់សម្គាល់ថា មន្រ្តីឥណទានធ្លាប់ដាក់សម្ពាធដល់ពួកគាត់ ដោយពេលខ្លះលើកឡើងពីលទ្ធភាពនៃការបង្ខំឲ្យលក់ទ្រព្យធានារបស់អ្នកខ្ចីប្រាក់ ដើម្បីធានាថា បំណុលត្រូវតែទូទាត់សងត្រឡប់ទៅវិញ។ មន្រ្តីឥណទានខ្លះទៀតលើកទឹកចិត្តឲ្យអ្នកភូមិធ្វើជាពលករចំណាកស្រុក ឬទាមទារឲ្យពួកគាត់បញ្ជាក់ថា យ៉ាងតិចណាស់មានសមាជិកគ្រួសារម្នាក់បានទៅធ្វើការជាពលករ ទើបមន្រ្តីឥណទានសម្រេចផ្តល់ឥណទានឲ្យពួកគាត់ខ្ចី។
បើតាមរបាយការណ៍នេះ អ្នកភូមិម្នាក់រៀបរាប់ថា មន្រ្តីឥណទានមកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនាបានណែនាំឲ្យពួកគេកុហកពីមូលហេតុនៃការស្នើសុំឥណទាន ព្រោះហេតុផលពិតនៃការស្នើសុំឥណទាននេះ គឺដើម្បីសងបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយទៀតគឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត។
អង្គការលីកាដូបញ្ជាក់ថា ការស្រាវជ្រាវនេះមិនមែនធ្វើឡើងក្នុងគោលបំណងតំណាងឲ្យតួលេខទាំងអស់ក្នុងប្រទេសកម្ពុជា ឬការរកឃើញពីអតិថិជនទាំងអស់នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជានោះទេ។
លោក អំ សំអាត មន្រ្តីជាន់ខ្ពស់អង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងប្រាប់VOAថា មានករណីមួយចំនួនប្រជាពលរដ្ឋនៅតាមជនបទយកប្រាក់ឯកជនមកសងបំណុលមីក្រូហិរញ្ញវត្ថុ ដែលនាំឲ្យបំណុលកាន់តែច្រើន ហើយពួកគេត្រូវបង្ខំចិត្តធ្វើចំណាកស្រុក។
លោកមានប្រសាសន៍ថា៖ «ដល់គាត់គ្មានលទ្ធភាព គ្មានការងារធ្វើនៅក្នុងស្រុក ដើម្បីសងបំណុល អ៊ីចឹងកូនចៅរបស់គាត់ ឬក៏អ្នកខ្លះហ្នឹងបង្ខំធ្វើការចំណាកស្រុក ខ្លះស្របច្បាប់ ខ្លះដោយខុសច្បាប់ដើម្បីទទួលលុយយកមកបង់»។
លោកបន្ថែមថា៖ «មានអ្នក...គាត់ខ្ចីមីក្រូហិរញ្ញវត្ថុហើយ គាត់អត់មានលុយសង ជួនកាលគាត់ទៅខ្ចីពីឯកជនបន្ថែមទៀតដើម្បីសង។ អ៊ីចឹង អាបញ្ហានៃការជំពាក់របស់គាត់ហ្នឹងកាន់តែច្រើនឡើងៗ។ ហើយបើខ្ចីឯកជន ការហ្នឹងក៏វាកាន់តែខ្ពស់ទៅទៀត»។
នៅក្នុងរបាយការណ៍នោះ អង្គការលីកាដូក៏ស្នើឲ្យផ្អាកការសងបំណុលមីក្រូហិរញ្ញវត្ថុ និងការប្រាក់ទាំងអស់យ៉ាងតិចបំផុតរយៈពេល៣ខែ ដោយអាចពន្យារលើសពីនេះ។ អង្គការក៏ស្នើឲ្យប្រគល់បណ្ណកម្មសិទ្ធិដីធ្លី ដែលកំពុងកាន់កាប់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅម្ចាស់ដើមវិញ ដើម្បីធានាថាគ្មានការលក់ដីដោយបង្ខំ ដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ១៩។ អង្គការក៏ស្នើឲ្យមានការបង្កើតកម្មវិធីសម្រាលបន្ទុកបំណុលដូចជាកម្មវិធីលើកលែងបំណុល ដែលអាចជួយសម្រាលបន្ទុកដល់ពលករចំណាកស្រុកដែលទើបតែត្រឡប់មកស្រុកកំណើតវិញនាពេលថ្មីៗនេះ។
លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានច្រានចោលរបាយការណ៍នេះ និងចាត់ទុកថា ជាការសិក្សាតែក្នុងតំបន់ដែលមានចំណាកស្រុកខ្ពស់ ហើយមិនឆ្លុះបញ្ចាំងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានោះទេ។
លោកបានថ្លែងប្រាប់VOAថា៖ «ជាការវាយតម្លៃមិនយុត្តិធម៌ទេ ហើយវាបង្កើតរូបភាពមិនល្អចំពោះវិស័យមីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជាទាំងមូល ដែលវិស័យនេះកំពុងតែគាំទ្រប្រជាជនកម្ពុជាជាង២លាននាក់ឲ្យទទួលបានសេវាហិរញ្ញវត្ថុសំបូរបែប និងទាន់ពេលវេលា»។
លោកបន្តថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្តល់ឲ្យអ្នកខ្ចីនូវសេវាកម្ចីផ្លូវការ ដែលពួកគេអាចមានឱកាសទៅធ្វើការនៅប្រទេសជប៉ុន ថៃនិងកូរ៉េខាងត្បូង។
លោកមានប្រសាសន៍ថា៖ «សេវាហិរញ្ញវត្ថុទាំងអស់ហ្នឹង បានជួយឲ្យប្រជាជនខ្មែរយើងចាប់យកឱកាសផ្សេងៗ ក៏រួមមានការទៅធ្វើការនៅប្រទេសជប៉ុន ប្រទេសកូរ៉េ និងប្រទេសថៃជាដើម ពោលគឺមិនមែនចំណាកស្រុកដើម្បីតែសងបំណុល ដូចការលើកឡើងរបស់របាយការណ៍ខាងលើហ្នឹងទេ»។
VOA មិនអាចសុំការឆ្លើយតបពីលោកស្រី ជា សិរី អគ្គនាយិកាធនាគារជាតិនៃកម្ពុជាបានទេ នៅថ្ងៃច័ន្ទនិងថ្ងៃអង្គារនេះ។
លោក សាន សុខាន់ អាយុ៣៤ឆ្នាំជាអ្នកភូមិម្នាក់រស់ក្នុងភូមិសែនសិរីមង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ មានប្រសាសន៍ថាកាលពីថ្ងៃទី៤ ខែមេសា លោកទើបត្រឡប់មកពីប្រទេសថៃ ធ្វើជាកម្មករនេសាទលើទូកដោយសារបារម្ភអំពីវីរុសកូរ៉ូណា។ បច្ចុប្បន្ននេះ លោកកំពុងធ្វើការស៊ីឈ្នួលក្នុងចម្ការស្វាយចន្ទីឲ្យគេដែលក្នុងមួយថ្ងៃ លោកអាចរកបានប្រមាណ៣ម៉ឺនរៀល ប៉ុន្តែលោកថា ការងារនេះមិនទៀងទាត់នោះទេ។
លោកមានប្រសាសន៍ថា៖ «ខុសគ្នាឆ្ងាយណាស់ នៅនេះ ការងារវាអត់ទៀង។ ទៅនោះ យើងដឹងថាយើងធ្វើបានរាល់ថ្ងៃ។ នៅនេះ អត់ទៀត។ ឥឡូវចន្ទីអត់មានទៀត។ វាពិបាកអ៊ីចឹង»។
លោក សុខាន់ ដែលមានកូន៣នាក់ បន្តថាលោកជាប់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវីសិនហ្វាន់ ប្រមាណ១៥០០ដុល្លារ ដែលក្នុងមួយខែលោកត្រូវបង់សងគេប្រមាណ៤០ម៉ឺនរៀល។
លោកថា លោកនឹងខ្ចីលុយឯកជនក្នុងភូមិដោយដាក់ម៉ូតូជារបស់បញ្ចាំ ដើម្បីយកលុយខ្លះមកបង់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងពេលរកលុយមិនបាន។ លោកបញ្ជាក់ថា លោកនឹងត្រឡប់ទៅប្រទេសថៃវិញ នៅពេលស្ថានភាពល្អប្រសើរឡើងវិញ។
លោកមានប្រសាសន៍ថា៖ «ទៅទៀត... បើនៅជំពាក់គេ ទាល់ទៅទៀត។ ទាល់តែទៅសន្សំលុយទៀត»។
ចំណែកអ្នកស្រី ជា ចាន់ថន អាយុ៥២ឆ្នាំរស់នៅក្នុងខេត្តតាកែវមានប្រសាសន៍ថា កាលពីឆ្នាំមុន អ្នកស្រីបានយកលុយពីធនាគារអានកូ ចំនួន២ពាន់ដុល្លារដើម្បីឲ្យកូនស្រីអាចជួលកម្មករខ្មែរខ្លះ ទៅធ្វើការនៅចម្ការអំពៅនៅប្រទេសថៃ។ ប៉ុន្តែការងារនេះមិនជោគជ័យ ចំពេលមានការរាតត្បាតពីជំងឺកូវីដ។
អ្នកស្រីបន្តថា កូនស្រីរបស់អ្នកស្រីបានត្រឡប់មកផ្ទះវិញ ហើយក៏មិនមានថវិកាបង់ធនាគារនោះទេ។ អ្នកស្រីមានគម្រោងស្នើសុំឲ្យគេពន្យារ ប៉ុន្តែមានការព្រួយបារម្ភបាត់បង់ដីធ្លី ប្រសិនបើមិនមានលុយបង់គេច្រើនខែ។
អ្នកស្រីដែលត្រូវបង់គេចំនួន១២០ដុល្លារក្នុងមួយខែ មានប្រសាសន៍ថា៖ «តែយើងអត់មានលទ្ធភាព គេឡៃឡុងយកដីហ្នឹងអ៊ីចឹងទៅ»។
កាលពីថ្ងៃទី២០ ខែមេសា ធនាគារជាតិនៃកម្ពុជាបានស្នើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់លើកលែងការសងបំណុល ដែលប្រជាពលរដ្ឋជំពាក់រហូតដល់ចុងឆ្នាំ២០២០ ប្រសិនបើពួកគេពុំមានលទ្ធភាពបង់។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយកាលពីខែមេសាឆ្នាំ២០២០គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមានចំនួន៨៣ និងគ្រឹះស្ថានឥណទានជនបទចំនួន២៤៥។
ប្រជាពលរដ្ឋខ្មែរប្រមាណ១លាន២សែននាក់ កំពុងរស់នៅនិងធ្វើការនៅប្រទេសថៃហើយរដ្ឋាភិបាលកម្ពុជាប៉ាន់ប្រមាណថា ពួកគេច្រើនគួរសម គឺជាពលករមិនស្របច្បាប់៕