ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​អបអរ​សាទរ​ការ​ជាប់​ឆ្នោត​ជាថ្មី​នៃ​ប្រធានាធិបតី​អូបាម៉ា


លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា
ភ្នំពេញ៖ កម្ពុជា​បាន​ប្រកាស​អបអរសាទរ​ភ្លាមៗ​ចំពោះ​លទ្ឋផល​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ហើយ​បាន​អះ​អាង​ថា​ទំនាក់​ទំនងរវាង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និង​កម្ពុជា​នឹង​គ្មាន​អ្វី​ប្រែ​ប្រួល​ទេ។
លទ្ធផល​ជា​ផ្លូវ​ការចុង​ក្រោយ​បំផុត​បង្ហាញ​ថា លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែល​ជា​បេក្ខជន​ពី​គណបក្ស​ប្រជាធិបតេយ្យ ​បាន​ឈ្នះ​ដោយ​ទទួល​បាន​សំឡេង​ប្រតិភូ​ប្រធានាធិបតី (electoral votes) ចំនួន​៣០៣​លើ​គូ​ប្រជែង​របស់​លោក​គឺលោក​ មីត្ត រ៉មនី បេក្ខជន​ពី​គណ​បក្ស​សារធារណ​រដ្ឋ​បាន​ទទួល​ចំនួន​សំឡេង​ប្រតិភូ​ចំនួន​២០៦។​
ទូរទស្សន៍​ស៊ីអិនអិន (CNN) បាន​បង្ហាញ​រូបភាព​នៃ​អ្នក​គាំទ្រ​របស់​លោក​បារ៉ាក់ អូបាម៉ា ដែល​បាន​គ្រវីទង់​ជាតិ​របស់​សហរដ្ឋ​អា​មេរិក​លាយឡំ​ជាមួយ​នឹង​ទឹក​មុខ​សប្បាយ​រីក​រាយ​នៅ​ក្រុង​ឈីខាហ្គោ (Chicago) ប៉ុន្មាន​ម៉ោងក្រោយ​ពេល​លោក​អូបាម៉ា​ត្រូវ​បាន​ប្រកា​ស​ថា​ឈ្នះ​ចំនួន​រដ្ឋ​ដែល​ធ្វើ​ឲ្យ​លោក​មាន​ សំឡេង​ប្រតិភូ (Electoral Votes) គ្រប់​ចំនួន​យ៉ាង​តិច​២៧០​ ដើម្បី​ឈ្នះ​ការ​បោះឆ្នោត​ប្រធានា​ធិបតី​ សហរដ្ឋ​អា​មេរិក​អណត្តិ​ទី​២។
លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​នៃ​ប្រទេស​កម្ពុជា​គ្រោង​នឹង​សរសេរ​លិខិត​មួយ​គាំ​ទ្រ​លទ្ឋផល​នៃ​ការ​បោះ​ឆ្នោត​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ កុយ គួង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា។​
លោក​បាន​បញ្ជាក់​ថា ​កម្ពុជា​អបអរសាទរ​ចំពោះ​លោក​អូបាម៉ា​ដែលត្រូវ​បាន​ជ្រើស​រើស​ជា​ប្រធានាធិបតី​សហរដ្ឋ​អា​មេរិកសារ​ជា​ថ្មី។
«កម្ពុជា​សង្ឃឹម​ថា​ទំនាក់​ទំនង​ដែល​មាន​ស្រាប់​ហើយ​និង​ដែល​ល្អ​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ​គឺ​កម្ពុជា​និង​សហរដ្ឋ​អា​មេរិក​នោះ​និង​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត។ ជា​ពិសេស​ទំនាក់​ទំនង និង​កិច្ច​សហ​ប្រតិ​បត្តិ​ការណ៍​រវាង​ប្រទេស​ទាំង​ពីរនេះ​បាទ»។​
ស្ថានទូត​សហរដ្ឋ​អា​មេរិក​ប្រចាំ​កម្ពុជា​បាន​រៀបចំ​កម្ម​វិធី​បោះ​ឆ្នោត​សាក​ល្បង​នៅ​ក្នុង​បរិវេណ​ស្ថាន​ទូត​ដោយ​បាន​អនុញ្ញាត​ឲ្យ​អ្នក​ចូល​រួម​បញ្ចេញ​មតិ​តាម​រយៈ​ការ​បោះ​ឆ្នោត​សាក​ល្បង​នេះ។
លទ្ឋផល​នៃ​ការ​បោះឆ្នោត​សាក​ល្បង​នេះ​បាន​បង្ហាញ​ថា​លោក​បា​រ៉ាក់ អូ​បា​ម៉ា​បាន​យកជ័យ​ជម្នះ​លើ​គូរ​ប្រជែង​របស់​លោក​គឺ​លោក​មីត រ៉ម​នី។​
លោក​វីល្លាម ថដ្ត (William E. Todd) ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អា​មេរិក​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​នោះ​ថា​បើ​ទោះ​បី​ជា​លទ្ឋ​ផលនៃ​ការបោះ​ឆ្នោត​បែប​ណា​ក្តី​លោ​ក​អាច​ធានា​ថា​ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​និង​សហរដ្ឋ​អា​មេរិក​នៅ​តែ​មាន​ភាព​រឹង​មាំ​ឡើង​ដដែល។
លោក​បាន​បញ្ជាក់​ទៀត​ថា កន្លង​មក​ក៏​ដូចជា​បច្ចុប្បន្ន​ហើយ​ក៏​ដូច​ជា​អនាគត​ដែរ​ សហរដ្ឋ​អាមេរិក​នៅ​តែ​មាន​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​កម្ពុជា​ហើយ​យើង​នៅ​តែ​បន្ត​ពង្រឹង​បន្ថែម​លើ​កម្ម​វិធី​ភាព​ជា​ដៃ​គូ។
លោក​សុន ឆៃ តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង​ដែល​បាន​ចូល​រួម​នៅ​ក្នុង​កម្ម​វិធី​នោះ​បាន​សំណូម​ពរ​ឲ្យ​សហរដ្ឋ​អា​មេរិកគួរ​តែ​មាន​ជំហរ​ច្បាស់​លាស់​ចំពោះ​គោល​នយោ​បាយ​របស់​ខ្លួន​មក​លើ​កម្ពុជា ជា​ពិសេស​គឺ​ការ​ជួយ​ផ្នែក​កិច្ចការ​ការ​ពារ​សិទ្ឋិ​មនុស្ស។​
«ខ្ញុំ​ថា​ជា​ការ​ចាំ​បាច់​ណាស់​ដែល​ប្រទេស​ដែល​មាន​ឥទ្ឋិ​ពល​និង​ការ​ពិសោធ​នយោ​បាយ​ប្រជា​ធិ​បតេយ្យ​នេះ​ធ្វើ​ការ​រំលឹក​ដែល​អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​ការងារ​ការ​ទូត​របស់​គេ​ក្នុង​ការ​ធ្វើ​ឲ្យ​កម្ពុជា​គោរព​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​កិច្ច​ព្រម​ព្រៀង​អន្តរ​ជាតិ​ទាំង​ឡាយ​រួម​ទាំង​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ផង»។​
លោក​អ៊ូ វីរៈ​ប្រធាន​មជ្ឃ​មណ្ឌល​សិទ្ឋិ​មនុស្ស​កម្ពុជា​ដែល​បាន​បោះ​ឆ្នោត​សាក​ល្បង​ឲ្យ​លោក​បារ៉ាក់ អូបាម៉ា​បាន​និយាយ​ថា សហរដ្ឋ​អា​មេរិក​គួរ​តែ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​កម្ពុជា​ក៏​ដូចជា​លើ​តំបន់​ទាំង​មូល​ពី​ព្រោះ​ប្រទេស​ទាំង​នោះ​អាច​ដូរ​ទៅ​លិទ្ឋិ​ប្រជា​ធិ​បតេយ្យ​ឬ​ក៏​ជា​កុម្មុយ​នីស​វិញ។​
«ខ្ញុំ​មើល​ទៅ​ប្រទេស​កម្ពុជា​ជា​ឧិកាស​មួយ​ឈាន​ដល់​ផ្លូវ​បំបែក​ហើយ។ យើង​ដើរ​តាម​ប្រជាធិបតេយ្យ​រឹង​មាំ​ស្ថិរភាព ឬ​មួយ​យើង​រក​ផ្លូវ​ផ្តាច់ការ​ដែល​នឹង​ឈាន​ទៅ​រក​ភាព​ច្រ​បូក​ច្រ​បល់»។​
លោក​បាន​បន្ថែម​ថា​ប្រទេស​ណា​ដែល​ផ្តាច់​ការ ប្រទេស​នោះ​នឹង​មាន​ភាព​ច្រ​បូក​ប្របល់​ព្រម​ទាំង​ពោរ​ពេញ​ទៅ​ដោយ​ជម្លោះ​ផ្ទៃ​ក្នុង៕
XS
SM
MD
LG