ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ផ្អាក​សមយុទ្ធ​រួម«នាគ​មាស»ជាមួយ​ចិន​នៅ​ឆ្នាំ​២០២១


រូបឯកសារ៖ សមយុទ្ធ «នាគមាស» ឆ្នាំ២០១៨ រវាងកងទ័ពកម្ពុជានិងកងទ័ពចិន បានធ្វើឡើងនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨។

រដ្ឋាភិបាលកម្ពុជា​បាន​បញ្ជាក់​ថា ពុំមាន​ការ​ធ្វើសមយុទ្ធយោធា​រួម​រវាង​កងទ័ព​កម្ពុជា​និង​កងទ័ព​ចិន​នោះ​ទេ​នៅ​ឆ្នាំ​ ២០២១​ នេះ ព្រោះ​បញ្ហា​កូវីដ​១៩​ និងគ្រោះ​ធម្មជាតិ។​

ក្នុង​បទ​សម្ភាសន៍​ខ្លី​មួយ​តាមទូរស័ព្ទ​ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ប្រាប់​វីអូអេ​ថា៖ «ដោយសារ​សភាពការណ៍​វា​មិន​អំណោយ​[ផល] យើង​ឃើញ​ហើយ គ្រោះ​ធម្មជាតិ​ក៏​រង​ទុក្ខ​វេទនាណាស់ កម្ពុជា អា​កូវីដ​ក៏​នៅ​កូវីដ ដូច្នេះ​យើង​គឺ​មិន​មាន​ធ្វើ​សមយុទ្ធ​នាគ​មាស​ទៀត​ទេ​ឆ្នាំ​នេះ»។

លោក ទៀ បាញ់ បាន​ប្រកាស​អំពី​ការ​ផ្អាក​នេះ​ដំបូង កាល​ពី​ថ្ងៃ​ចន្ទ អំឡុង​ចូលរួម​ពិធី​សម្ពោធ​ទីលាន​ហ្វឹកហាត់​កងទ័ព​ថ្មី​ជា​ជំនួយ​របស់​ចិន នៅ​វិទ្យាស្ថាន​កងទ័ព​ជើងគោក ក្នុង​ខេត្ត​កំពង់ស្ពឺ។

លោក​រដ្ឋ​មន្ត្រី​រូប​នេះ​បាន​ប្រាប់​វីអូអេ​បន្ត​ថា៖ «យើង​គ្រោង​ថា សភាពការណ៍​វា​របៀប​នេះ យើង​មិន​អាច​ធ្វើ​កើត​ទេ។ ទុក​ពេល​វេលា​ណា​វា​មាន​ឱកាស​សម​ស្រប ទើប​យើង​ធ្វើ»។

ការ​ប្រកាស​ផ្អាក​ធ្វើ​សមយុទ្ធ «នាគ​មាស» សម្រាប់​ឆ្នាំ​ ២០២១ បន្ទាប់​ពី​កងទ័ព​ជើង​គោក​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​បួន​លើក​មក​ហើយ កាល​ពី​ឆ្នាំ​ ២០១៦ ឆ្នាំ​ ២០១៨ ឆ្នាំ​ ២០១៩ និង​ឆ្នាំ​ ២០២០។

អំឡុង​ពេល​សមយុទ្ធ «នាគមាស»​ នេះ​ដែល​ធ្វើ​ឡើង​ជា​ហូរហែរ​ចាប់​ពី​ចុង​ឆ្នាំ​ ២០១៦ កម្ពុជា​បាន​ផ្អាក​ការ​ធ្វើ​សមយុទ្ធ​រួម​ជាមួយ​សហរដ្ឋ​អាមេរិក​និង​អូស្ត្រាលី ដោយ​លើក​ហេតុ​ផល​រវល់​បោះ​ឆ្នោត។

ការ​រៀប​ចំ​ធ្វើសមយុទ្ធ​នាគមាស​កាល​ពី​ឆ្នាំ​ ២០២០ ធ្វើ​ឡើង​នៅ​ចំ​កណ្ដាល​នៃ​ការ​ផ្ទុះ​ឆ្លងជា​សាកលដំបូង​នៃ​ជំងឺ​កូវីដ១៩ ដែល​កាល​នោះ​ការ​ជម្នះ​ធ្វើ​សមយុទ្ធ​នេះ ត្រូវ​បាន​អ្នក​នាំពាក្យ​កងទ័ព​កម្ពុជា លើក​ឡើង​ថា​ជា «និមិត្ត​រូប»​ នៃ​ទំនាក់ទំនង​កម្ពុជា-ចិន។​

VOA មិន​ទាន់​អាច​ទាក់ទង​មន្ត្រី​ស្ថានទូត​ចិន​ប្រចាំ​នៅ​ភ្នំពេញ ដើម្បី​សុំ​ការ​បំភ្លឺ​បាន​នៅ​ឡើយ។

ទំនាក់ទំនង​យោធា​ជិតស្និទ្ធ​រវាង​កម្ពុជា​និង​ចិន ជាពិសេស​អំឡុង​ពេល​ទីក្រុង​ប៉េកាំង​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់ បាន​នាំ​ឱ្យ​បណ្ដា​រដ្ឋាភិបាល​បស្ចិម​លោក​ ដូចជាសហរដ្ឋ​អាមេរិក​ ជា​ដើម​សង្ស័យ​ថា ចិន​អាច​នឹង​សម្លឹងការ​ដាក់​វត្តមាន​យោធា​នៅ​មូលដ្ឋាន​សមុទ្រ​រាម​និង​កោះកុង។

យ៉ាងណា​ក៏​ដោយ ទីក្រុង​ភ្នំពេញ​តែង​បដិសេធ​យ៉ាង​ដាច់​អហង្ការ​លើ​ការ​សង្ស័យ​ទាំង​នោះ និង​បានលើក​ពី​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស ដែល​ហាមឃាត់​មូលដ្ឋាន​យោធា​បរទេស​លើ​ទឹកដី​កម្ពុជា។

ការ​ធ្វើ​សមយុទ្ធ​ «នាគមាស»​ ឆ្នាំ ២០១៨ ឆ្នាំ ២០១៩ និង​ឆ្នាំ ២០២០ តែង​ត្រូវ​ធ្វើឡើង ​នៅ​សាលាហ្វឹកហ្វឺន​តេជោ​សែន​ជុំគិរី ខេត្តកំពត ដែល​ជាទីតាំង​គ្រប់គ្រង​របស់​កង​ពលតូច​លេខ​ ៧០ ដែល​ជា​អង្គភាព​ទាហាន​យុទ្ធសាស្ត្រ​ និង​ត្រូវ​បាន​បំពាក់​បំប៉ន​យ៉ាង​គត់មត់​របស់​រដ្ឋ​អំណាច​កម្ពុជា។

ទោះ​កង​ពលតូច​លេខ​ ៧០ បច្ចុប្បន្ន​ត្រូវ​បង្វែរ​ឱ្យ​ទៅ​ស្ថិត​ក្រោម​បញ្ជាការ​ផ្ទាល់​របស់​មេ​បញ្ជាការ​កងទ័ព​ជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏​ជា​ផ្លូវការ កូន​ប្រុស​ច្បង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន រូប​នេះ មិន​ដែល​មាន​វត្តមាន​ចូលរួម​សមយុទ្ធ​ «នាគមាស» ​នោះ​ទេ។

លោក ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ប្រាប់​ VOA​ ថា រាល់​សមយុទ្ធ «នាគមាស» ​ឆ្នាំ​មុនៗ ការ​ចំណាយ​ដែល​លោក​មិន​បញ្ជាក់​ថា​ប៉ុន្មាន​នោះ ត្រូវ​រ៉ាប់​រង​ដោយ​ភាគី​ចិន។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ​រូបនេះ​បញ្ជាក់ថា ទោះ​មាន​ការ​សុំ​ផ្អាក​ពី​ភាគី​កម្ពុជា មិន​ធ្វើ​សម​យុទ្ធ​«នាគមាស» លំហូរ​នៃជំនួយ​យោធា​ពី​ចិន និង​ទំនាក់ទំនង​យោធា​ទ្វេភាគី​នៅ​តែ​បន្ត។

«ការងារ​សហ​ប្រតិបត្តិការ​ធម្មតា អត់​មាន​អ្វី​ប្រែប្រួល​ទេ អត់​មាន​អ្វី​ប្លែក​ទេ នៅ​អនុវត្ត​ដដែល កិច្ច​សហប្រតិបត្តិការ​ផ្សេងៗ​ទៀត»។​

បើ​យោង​តាម​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជំនួយ​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩​ សរុប ​១​ លាន​ដូស ដែល​ចិន​បាន​ផ្ដល់​ឱ្យ​កម្ពុជា​នា​ពេល​ខាង​មុខ ត្រូវ​បាន​ធ្វើ​ឡើង​តាមរយៈ​ការ​ទាក់ទង​គ្នា​រវាង​ក្រសួង​ការពារ​ប្រទេស​ទាំង​សង​ខាង ពោល​រវាង​លោក ទៀ បាញ់ និង​សមភាគី​ចិន Wei Fenghe។

លោក ស៊ុន គីម គ្រូ​ឧទ្ទេស​ជំនាញ​កិច្ចការ​បរទេស នៅ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា លើក​ឡើង​ថា ដំណឹង​អំពី​ការ​ផ្អាក​សមយុទ្ធ «នាគមាស» នេះ អាច​ជា​កាដូ​ជូន​រដ្ឋបាល​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​លោក​ Joe Biden ហើយ​ភ្នំពេញ​ក៏​ចង់​បន្ធូរ​ខ្លួន​ពី​ការ​រិះគន់​ថា​ទៅ​ជិត​ស្និទ្ធ​នឹង​ចិន​ពេក​ដែរ។

«នៅ​ពេលដែល​កម្ពុជាផ្អាក​សមយុទ្ធ​[នាគមាស]​នេះ​អាច​ជា​កត្តា​ល្អ​មួយ សម្រាប់​អាមេរិក​មើល​ឃើញ​ថា កម្ពុជា​មិ​នសូវ​ជា​ធ្វើ​អ្វី​ដើម្បី​ជួយ​ជ្រោម​ជ្រែង​ចិន ឬ​ជួយ​ចិន​ឱ្យ​មាន​មុខ​មាន​មាត់​ខ្លាំង​នៅ​អាស៊ី​អគ្នេយ៍»។

អ្នកជំនាញ​រូបនេះ​យល់​ថា ភាគី​ចិន​ក៏​ទំនង​មិន​ប្រកាន់​ទោស​អូស​ដំណើរ​នឹង​កម្ពុជា រឿង​ផ្អាក​ការ​ធ្វើ​លំហាត់​ហ្វឹកហ្វឺន​រួម​នៃ​កងទ័ព​ប្រទេស​ទាំង​ពីរ​នេះ​ដែរ ដែល​ការណ៍​នេះ​ផ្ដល់​ផល​ចំណេញ​ដល់រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដែល​មិន​ចង់​មាន​សកម្មភាព​យោធា​ផង ពេលមាន​អំណាច​យោធា​កើនឡើង​នៅ​ប្រទេស​ជិត​ខាង ដែល​ស្ថាប័ន​កងទ័ព​ឡើង​ក្រសោប​អំណាច ដូចជា​នៅ​មីយ៉ាន់ម៉ា និង​ថៃ។

សមយុទ្ធ​ «នាគ​មាស» កាល​ពី​ឆ្នាំ ២០២០​ បាន​ប្រើប្រាស់​កងទ័ព​ចិន​រាប់​រយ​នាក់ និង​កងទ័ព​កម្ពុជា​រាប់​ពាន់​នាក់ ​ដែល​មាន​ពាក់ព័ន្ធ​នឹង​ការ​ហ្វឹកហ្វឺន​វាយ​ប្រយុទ្ធ​លើ​វាល​រាប អម​ដោយ​ការ​វាយ​ប្រហារ​ពី​អាកាស ​និង​ការប្រើយន្តហោះ​គ្មាន​មនុស្ស​បើក​ឈ្លប​យកការណ៍​ជាដើម ក្នុង​គោលដៅ​«ប្រឆាំង​ភេរវកម្ម»៕

XS
SM
MD
LG