សាលាក្រុងភ្នំពេញនិងសហជីពសេរីកម្មកររបស់ព្រះរាជាណាចក្រកម្ពុជាបានព្រមព្រៀងគ្នាបង្កើតគណៈកម្មការចម្រុះរួមគ្នាមួយដើម្បីធ្វើការសាងសង់រូបសំណាកលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករដែលត្រូវបានឃាតករបាញ់សម្លាប់កាលពីឆ្នាំ២០០៤។
ការបង្កើតគណៈកម្មការចម្រុះរួមគ្នានេះបានកើតមានឡើងក្រោយពីកិច្ចប្រជុំមួយនៅល្ងាចថ្ងៃច័ន្ទនេះ រវាងសហជីពសេរីកម្មករកម្ពុជាដែលដឹកនាំដោយលោក ជា មុន្នី និងមន្ត្រីសាលាក្រុងភ្នំពេញ ដឹកនាំដោយលោក កែប ជុតិមា។
លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ក្រោយពីកិច្ចប្រជុំថាគណៈកម្មការចម្រុះរួមគ្នានេះនឹងបន្តពិភាក្សាគ្នាតទៅទៀត ដើម្បីសាងសង់រូបសំណាកលោក ជា វិជ្ជា ឲ្យបានសមរម្យ។ លោកបានមានប្រសាសន៍ថា រូបសំណាករបស់លោក ជា វិជ្ជា ខាងសហជីពបានដាក់សំណើស្នើសុំសាងសង់ក្នុងកម្ពស់ ២,៦៨ ម៉ែត្រ បូកទាំងទម្រមួយម៉ែត្រផង និងទំហំមួយម៉ែត្របួនជ្រុង។ លោកបានមានប្រសាសន៍ថា លោកស្វាគមន៍ ប្រសិនណាបើរដ្ឋាភិបាល បានចេញសោយហ៊ុយទាំងស្រុងក្នុងការជួយសាងសង់រូបសំណាកលោក ជា វិជ្ជា។
«ខ្ញុំមិនជំទាស់ទេ។ ខ្ញុំគឺថា ស្វាគមន៍ខាងរដ្ឋាភិបាល ឬសាលាក្រុងហ្នឹង គឺគេចង់ឲ្យរូបសំណាកហ្នឹងបានល្អផងដែរ។ ព្រោះថា វាជាសោភ័ណភាព ហើយក៏ជាប្រវត្តិសាស្រ្តមួយ។ ដូច្នេះ គេចង់ឲ្យរូបសំណាកហ្នឹងវាល្អនៅក្នុងសួនច្បារមើលទៅ វាសក្តិសម»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ បានយល់ព្រមឲ្យសហជីពសេរីកម្មករសាងសង់រូបសំណាកលោកជា វិជ្ជា និងផ្តល់គោរមងារដល់លោក ជា វិជ្ជា ជាវីរជនការពារសិទ្ធិកម្មករ។
សាលាក្រុងភ្នំពេញបានផ្តល់ទីតាំងនៅលើសួនច្បារមួយកន្លែងទល់មុខ ឈៀងខាងលិចវត្តលង្កា ជាទីកន្លែងដែលលោក ជា វិជ្ជា ត្រូវបានបាញ់សម្លាប់។
លោក កើត ឆែ នាយករងរដ្ឋបាលសាលាក្រុងភ្នំពេញបាននិយាយថាលោកមិនបានចូលរួមប្រជុំទេ នៅល្ងាចថ្ងៃច័ន្ទនេះ ហើយលោកបានបង្វែរសំណួរនេះឲ្យទៅសួរលោក លី សាវ៉េត។
«ខ្ញុំកំពុងជាប់ប្រជុំនៅខាងក្រៅ។ ខ្ញុំឥតបានចូលប្រជុំផង»។
លោក លី សាវ៉េត នាយករដ្ឋបាល សាលាក្រុងភ្នំពេញមិនអាចទំនាក់ទំនងបានទេ។
លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករដ៏ល្បីល្បាញ ខាងការពារសិទ្ធិកម្មករ ត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ នៅក្បែរតូបលក់កាសែតមួយជិតវត្តលង្កា។
ក្រោយពីការបាញ់សម្លាប់ សហជីពសេរីកម្មករបានទាមទារឲ្យព្រះមហាក្សត្រ ផ្តល់គោរមងារ លោក ជា វិជ្ជា ជាវីរជន និងសាងសង់រូបសំណាក ដើម្បីទុកជាប្រវត្តិសាស្ត្រ ដល់ស្នាដៃលោក ជា វិជ្ជា ដែលបានការពារសិទ្ធិកម្មករ។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា និងជាមិត្តភក្តិជិតស្និទ្ធរបស់លោក ជា វិជ្ជា បានស្វាគមន៍ចំពោះការបង្កើតគណៈកម្មការសាងសង់រួមគ្នានេះ រវាងសាលាក្រុងភ្នំពេញ និងសហជីពសេរីកម្មករ។ លោកបានមានប្រសាសន៍ថា សាលាក្រុង និងសហជីពគួរតែសាងសង់រូបសំណាកលោក ជា វិជ្ជា ឲ្យបានសមរម្យ។
«ចង់ឲ្យបានថា ទំហំនៃបរិវេណហ្នឹង បានធំជាងហ្នឹង ដើម្បីយើងសាងសង់អីមានរូបនៅជុំវិញខាងហ្នឹង។ យើងដាក់រូបកម្មករអី នៅខឿនតាមជញ្ជាំង។ ពីព្រោះបង្ហាញអំពីការការពារ កម្មករ កម្មការិនី ដើម្បីឲ្យសមជាវីរជននៃកម្មករខ្មែរ»។
បើទោះបីជាសាលាក្រុងភ្នំពេញ និង លោក ជា មុនី្ន បានព្រមព្រៀងបង្កើតគណៈកម្មការចម្រុះរួមគ្នាយ៉ាងណាក៏ដោយ ក៏នៅមិនទាន់ដឹងថា រូបសំណាកលោក ជា វិជ្ជា និងចាប់ផ្តើមធ្វើនៅពេលណា និងធ្វើអំពីថ្មអ្វីនៅឡើយទេ។
លោក ជា មុន្នី គ្រាន់តែបានមានប្រសាសន៍ថា រូបសំណាក់នេះ នឹងសាងសង់កម្ពស់ ១,៦៨ ម៉ែត្រ គឺជាកម្ពស់របស់លោក ជា វិជ្ជា កាលពីនៅរស់រានមានជីវិត៕