ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះជាតិ​គ្រោង​ធ្វើ​បាតុកម្ម​ឱ្យ​គជប​កែ​ទម្រង់​មុន​ការ​បោះឆ្នោត​ជាតិ


លោក​យឹម សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ (ឆ្វេង)
លោក​យឹម សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ (ឆ្វេង)
ភ្នំពេញ៖​ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បង្កើត​ឡើង​ដោយ​គណបក្ស​សម រង្ស៊ី​និង​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ព្រមាន​ថា​នឹង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​លក្ខណៈ​ទ្រង់ទ្រាយ​ដ៏​ធំ​មួយ​នៅ​ថ្ងៃទី​២៤​ខែ​មេសា​ខាង​មុខ​នេះ​ដើម្បី​ទាមទារ​ឱ្យធ្វើ​កំណែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត។​នេះបើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​គណបក្ស។​

គម្រោង​ដឹកនាំធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះជាតិ​បាន​កើត​មាន​ឡើងក្រោយ​ពីគណបក្ស​នេះ​បាន​បរាជ័យ​ម្តង​ហើយ​ម្តងទៀត​ដើម្បីទាម​ទារ​ឱ្យធ្វើ​ការ​កែ​ទម្រង់​គជប​ដើម្បី​ឱ្យការ​បោះឆ្នោត​សកល​ឆ្នាំ​២០១៣​នេះ​ប្រព្រឹត្ត​ទៅដោយ​សេរី​ ​យុត្តិធម៌​និង​អាច​ទទួល​យក​បាន​ពីគ្រប់​គណបក្ស​នយោបាយ​ទាំង​អស់។​

លោក​យឹម សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និយាយ​នៅ​ថ្ងៃ​ពុធនេះថា​ការ​ធ្វើ​បាតុកម្ម​នេះ​នឹង​គ្រោង​មាន​មនុស្ស​ចូល​រួម​ចំនួន​ប្រមាណ​ជាង​៤.០០០​នាក់​ដែលភាគច្រើន​ជាអ្នក​គាំទ្រ​គណបក្ស​ប្រឆាំង។​

លោក​បាន​និយាយ​ថា​ក្រុម​បាតុករ​និង​ជួបជុំគ្នា​នៅទីលាន​ប្រជាធិបតេយ្យ​នៅ​ព្រឹក​ថ្ងៃទី​២៤​រួច​ហើយ​នឹង​ដើរ​ដង្ហែរ​ក្បួន​ដោយ​សន្តិវិធី​និង​មាន​កាន់​ពាក្យ​ស្លោក​មួយ​ចំនួន​ទៅ​កាន់​ទីស្នាក់​ការ​គជប​នៅ​ក្រសួង​មហាផ្ទៃ។​

លោក​បញ្ជាក់​ថា​ការ​ធ្វើ​បាតុកម្ម​នេះ​ទាមទារ​ឱ្យរដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​គជប​ដើម្បី​ឱ្យការ​បោះ​ឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​និង​យុត្តិធម៌។​

«ពីព្រោះ​យើង​ឃើញ​ហើយថា​យើង​តស៊ូ​មតិ​តាម​សន្តិវិធី​មិន​ឃើញមាន​ការ​ប្រែប្រួល​អ្វីសោះ​សូម្បី​តែ​អង្គការ​សហ​ប្រជាជាតិ​ផ្តល់​អនុសាសន៍​ហើយ​សង្គម​ស៊ីវិល​គេផ្តល់​អស់​ហើយ​សង្គម​ស៊ីវិល​នៅតែ​ធ្វើ​ខ្លួន​ជាឧបករណ៍​របស់​គណបក្ស​កាន់​អំណាច​ទៀត​យើង​អត់មាន​មធ្យោបាយ​អ្វី​ក្រៅពី​ការធ្វើ​បាតុកម្ម​សម្តែង​មតិ»។​

គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត​បាន​ទទួល​រង​ការ​វាយ​ប្រហារ​ថា​ធ្វើ​ការ​មិន​ឯក​រាជ្យ​និង​ជា​ឧបករណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បង្ក​ឱ្យគណបក្ស​នេះ​តែងតែ​ឈ្នះឆ្នោត​ភ្លូក​ទឹក​ភ្លូកដី។​
លោក​ទេព នីថា​អគ្គលេខា​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​បាន​និយាយ​ថា​ការ​ធ្វើ​បាតុកម្ម​ជា​សិទ្ធិ​របស់​គណបក្ស​នយោបាយ។​លោក​បាន​និយាយ​ថាគជប​បាន​ធ្វើ​កិច្ច​ការ​របស់​ខ្លួន​ទៅ​តាម​ច្បាប់​មិនធ្វើ​តាម​ហេតុផល​នយោបាយ​ទេ។​

«ការធ្វើ​បាតុកម្ម​ជា​សិទ្ធិ​របស់គាត់​ពាក់ព័ន្ធ​នឹង​ច្បាប់​ទម្លាប់​ការធ្វើបាតុកម្ម​ហើយ​អ្វីពាក់​ព័ន្ធ​នឹង​គជប​គឺពាក់​ព័ន្ធ​នឹង​ច្បាប់​បោះឆ្នោត។​យើង​អត់មាន​ទទួលឥទ្ធិពល​បាតុកម្ម​អ្វីទេ​គឺ​យើង​ធ្វើទៅ​តាម​ច្បាប់»។​
លោក​ឧត្តមសេនីយ៍​ឯក ខៀវ សុភ័គ​ អ្នកនាំពាក្រ​ក្រសួង​មហាផ្ទៃបាន​និយាយ​ថាការដឹក​នាំធ្វើ​បាតុកម្ម​ណាមួយ​ត្រូវ​អនុវត្ត​ទៅតាម​ច្បាប់។​

«ច្បាប់​គណបក្ស​នយោបាយ​គេមាន​ចែង​ហើយ​ ចង់ធ្វើ​បាតុកម្ម​ដោយ​អហិង្សា​គឺជាសិទ្ធិ​សេរីភាព​របស់​អ្នកណា​ក៏​ដោយ​ដាក់​ច្បាប់ទៅ​គឺ​អនុវត្ត​តាម​ច្បាប់​ស្តីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ហើយ​ត្រូវ​ដាក់​នៅ​ខេត្ត​ណា​ រាជធានី​ដាក់​នៅ​រាជធានី​»។​

ប្រទេស​កម្ពុជា​នឹង​រៀបចំការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​សភាតំណាង​រាស្ត្រ​អណត្តិទី​៥​នៅថ្ងៃទី​២៨​ខែកក្កដា​ខាង​មុខ​នេះ​និង​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៩លាន​នាក់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រួច​ជាស្រេច។​ នេះ​បើ​តាម​ការបញ្ជាក់​របស់​គជប។

អង្គការ​ឃ្លាំមើល​ដំណើរ​ការ​រៀប​ចំការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នីកហ្វិក​ វិទ្យាស្ថាន​សាធារណ​រដ្ឋ​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក​(IRI)​ បាន​រក​ឃើញ​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កន្លង​មក​មាន​ភាព​មិន​ប្រក្រតី​និង​មាន​តែឈ្មោះ​ក្នុង​បញ្ជី​តែ​គ្មាន​មនុស្ស​ពិត​ប្រាកដ​ប្រមាណ​១០​%។​
លោក​បណ្ឌិត ឡៅ ម៉ុង​ហៃ​ អ្នក​វិភាគ​ឯករាជ្យ​បាន​និយាយ​ថា​ភាពមិន​ប្រក្រតី​នៃ​បញ្ជី​ឈ្មោះ​បោះឆ្នោត​អាច​នឹង​ធ្វើ​ឱ្យដំណើរ​ការ​បោះឆ្នោត​មិន​ឆ្លុះ​បញ្ចាំង​នូវ​សេរី​និង​យុត្តិធម៌​ទេ៕
XS
SM
MD
LG