វ៉ាស៊ីនតោន៖ អ្នកវិភាគក្នុងប្រទេសកម្ពុជាបង្ហាញអ្នកបោះឆ្នោតអំពីសារៈសំខាន់នៃការជ្រើសរើសតំណាងរាស្ត្រនិងគណបក្សនយោបាយឲ្យបានត្រឹមត្រូវនៅត្រឹមរយៈពេលបួនខែមុនការបោះឆ្នោតខិតជិតមកដល់។ នេះបើតាមការអះអាងរបស់លោក បណ្ឌិត ឡៅ ម៉ុងហៃ ដែលបានថ្លែងក្នុងពេលលោកអញ្ជើញជាភ្ញៀវនៃកម្មវិធីហេឡូវីអូអេកាលពីយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៣។
លោកថ្លែងថា ការបោះឆ្នោតជាយន្តការរើសគណបក្សឬតំណាងរាស្ត្រ ជាតុលាការមួយបែបដើម្បីកាត់សេចក្តីគណបក្សឬតំណាងរាស្ត្រទាក់ទងនឹង កិច្ចសន្យារបស់គណបក្សនីមួយៗលើការអនុវត្តច្បាប់និងរដ្ឋធម្មនុញ្ញ ហើយជា វេទិកាសង្គមដ៏សំខាន់ដើម្បីលើកឡើងនូវបញ្ហានិងរកគំនិតផ្សេងៗដើម្បីដោះស្រាយបញ្ហាជាតិដើម្បីដឹកនាំប្រទេសជាតិឲ្យបានចម្រើន។
លោក ឡៅ ម៉ុងហៃបានបញ្ជាក់ថា ការបោះឆ្នោតថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣ គឺជាពេលដែលមានសារៈសំខាន់បំផុត ព្រោះថាជាទិវាមួយដែលប្រជាពលរដ្ឋយើង ប្រើប្រាស់អំណាចរបស់ខ្លួនដើម្បីប្រគល់អំណាចហ្នឹងទៅគណបក្សណាឬ តំណាងរាស្ត្រណាដើម្បីដឹកនាំប្រទេស ដើម្បីប្រើប្រាស់អំណាចរបស់ប្រជាពលរដ្ឋជំនួសប្រជាពលរដ្ឋហ្នឹងសម្រាប់អាណត្តិ៥ឆ្នាំទៅមុខ។
តើអ្នកគិតថាក្នុងអាណត្តិកន្លងៗមកនេះ អ្នកតំណាងរាស្ត្រខ្មែរបានបំពេញភារកិច្ចនិងតួនាទីរបស់ខ្លួនជាអ្នកតំណាងឲ្យសំឡេងរបស់ពលរដ្ឋបានគ្រប់គ្រាន់ហើយឬនៅ?