នៅថ្ងៃព្រហស្បតិ៍មួយកាលពីដើមខែមីនានេះ សួនឧស្សាហកម្មកាណាឌីយ៉ា ដែលមានរោងចក្រច្រើនស្ថិតនៅលើដងមហាវិថីវេងស្រេងមានសភាពស្ងប់ស្ងាត់។
សួនឧស្សាហកម្មនេះជាកន្លែងដែលអតិថិជនភាគច្រើនជាកម្មកររាប់ពាន់នាក់ធ្លាប់ដើរចុះដើរឡើងដើម្បីទិញម្ហូបអាហារ និងឥវ៉ាន់សម្រាប់ប្រើប្រចាំថ្ងៃក្រោយពួកគេចេញពីធ្វើការ ប៉ុន្តែថ្ងៃនេះមានតែអាជីវករកំពុងតែអង្គុយរង់ចាំអតិថិជនដែលពួកគេសង្ឃឹមថា មកទិញរបស់របររបស់ពួកគេ។
កំពុងអង្គុយឱបកូនស្រីលើអង្រឹងក្នុងតូប អ្នកស្រី ឡេង ស៊ីនួន អាយុ៣៧ឆ្នាំជាអាជីវករលក់សម្លៀកបំពាក់សម្រាប់ស្ត្រីនៅសួនឧស្សាហកម្មកាណាឌីយ៉ា។ អ្នកស្រីដែលមានស្រុកកំណើតមកពីខេត្តកំពង់ចាមមានកូនពីរនាក់ក្នុងបន្ទុក។ អ្នកស្រីថា អ្នកស្រីបានប្រកបអាជីវកម្មលក់សម្លៀកបំពាក់នេះតាំងពីឆ្នាំ២០០៦ មកម៉្លេះ ហើយអ្នកស្រីផ្លាស់មកក្រុងភ្នំពេញដើម្បីរកប្រាក់ចិញ្ចឹមជីវិតនិងឲ្យក្រុមគ្រួសារអ្នកស្រីមានអនាគតល្អ។
ពីមុន អាជីវកម្មរបស់អ្នកស្រីមានអតិថិជនមកទិញចំនួនពី៥០ទៅ៦០នាក់ក្នុងមួយថ្ងៃ ដោយជួយឲ្យអ្នកស្រីមានចំណូលប្រមាណមួយរយដុល្លារក្នុងមួយថ្ងៃ។ ប៉ុន្តែឥឡូវនេះ អតិថិជនមានតែបួនដប់នាក់ប៉ុណ្ណោះ ហើយចំណូលបានធ្លាក់ចុះមកត្រឹមតែ៣០ទៅ៤០ដុល្លារ។ ប្រាក់ដែលបានមកនេះគឺអ្នកស្រីយកមកផ្គត់ផ្គង់លើការហូបចុកប្រចាំថ្ងៃ ខណៈអ្នកស្រីត្រូវរ៉ាប់រងចំណាយលើកូនស្រីអាយុ២ឆ្នាំ ប្រមាណ១០០ដុល្លារក្នុងមួយខែផងដែរ។
ដោយសារតែប្រាក់ចំណូលធ្លាក់ចុះ អ្នកស្រីត្រូវបន្ថយចំណាយលើការទិញម្ហូបហូបចុកពី១ម៉ឺនរៀលក្នុងមួយថ្ងៃមកត្រឹម៥ពាន់រៀលតែប៉ុណ្ណោះ។
«វានិយាយរួមទៅ មកពីរោងចក្រ គ្នាអត់សូវមានការងារធ្វើ។ ខ្លះទៅ ប្រាក់ខែបានតិច ពីព្រោះផ្សារហ្នឹង រោងចក្រ វាអត់មានប្រជាជនអីច្រើនទេ ច្រើនរោងចក្រ»។
អ្នកស្រីបន្ថែមថា៖
«កម្មករភាគខ្លះគាត់ថា ប្រាក់ខែគាត់អត់គ្រប់អីអ៊ីចឹង។ បានផ្គត់ផ្គង់ជីវភាពរបស់គាត់អត់គ្រប់ បានគាត់អត់សូវទិញឥវ៉ាន់អីអ៊ីចឹងណា៎»។
អ្នកស្រីឡេង ស៊ីនួនគឺជាអាជីវករម្នាក់ក្នុងចំណោមអាជីវកររាប់ម៉ឺននាក់ទៀតដែលរងប៉ះពាល់ជីវភាព ពេលដែលវិស័យកាត់ដេរនៅកម្ពុជាកំពុងជួបប្រទះនឹងកង្វះខាតវត្ថុធាតុដើម ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ និងបន្ទុកពន្ធលើការនាំចេញទៅកាន់បស្ចឹមលោក បន្ទាប់ពីអឺរ៉ុបបានសម្រេចព្យួរការអនុគ្រោះពន្ធ២០ភាគរយទៅលើទំនិញខ្លះ។
រោងចក្រសហគ្រាសជិត២០០អាចខ្វះវត្ថុធាតុដើមក្នុងសង្វាក់ផលិតកម្មដែលធ្វើឲ្យកម្មករជាង១៦ម៉ឺននាក់ប្រឈមការបាត់បង់ការងារ នាដើមខែមីនា។ នេះបើយោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានឲ្យដឹងថា រោងចក្រសហគ្រាសប្រឈមបញ្ហាព្យួរការងារ ដោយសារការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី COVID-19។
លោកបន្ថែមថា មកទល់ពេលនេះ មានរោងចក្រជាង១០បានស្នើសុំព្យួរសង្វាក់ផលិតកម្មតាមផ្នែកមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់កម្មករជាង៣០០០នាក់។
បញ្ហានេះមិនត្រឹមតែប៉ះពាល់ទៅលើកម្មករបម្រើការងារតាមរោងចក្រប៉ុណ្ណោះទេ តែវាប៉ះពាល់ចំណូលនិងការចំណាយប្រចាំថ្ងៃរបស់អាជីវករនៅតាមតំបន់ដែលមានរោងចក្រកាត់ដេរដែលចំណូលរបស់ពួកគាត់បានមកពីទំហំនៃការចំណាយរបស់កម្មកររោងចក្រទាំងនេះ។ អ្នកស្រីឡេង ស៊ីនួននិងអាជីវករទាំងនេះកំពុងព្រឈមនឹងការខ្វះខាតការចំណាយទៅលើថ្នាំសង្កូវ ថ្លៃផ្ទះជួល និងម្ហូបអាហារជាដើម។
កំពុងអង្គុយលេងជាមួយនឹងកូនស្រីអាយុពីរឆ្នាំនៅមុខតូប ខណៈពេលរង់ចាំអតិថិជន អ្នកស្រី សៀក ចំរើនក៏ជាអាជីវករលក់គ្រឿងសម្អាង និងសម្លៀកបំពាក់ទារក និងកូនក្មេងនៅសួនឧស្សាហកម្មកាណាឌីយ៉ានេះដែរ។
អ្នកស្រីចំរើន ដែលមានស្រុកកំណើតមកពីខេត្តក្រចេះ បានប្រកបមុខរបរនេះអស់ជិតមួយឆ្នាំមកហើយ។
អ្នកស្រីបានប្រាប់ VOA ថា ពីមុន អ្នកស្រីអាចរកចំណូលបានពី២០ទៅ៣០ម៉ឺនរៀលក្នុងមួយថ្ងៃ តែឥឡូវនេះអ្នកស្រីរកបានត្រឹមតែ១០ម៉ឺនរៀលប៉ុណ្ណោះ។
អ្នកស្រីចំរើនបានលើកឡើងថា អ្នកស្រីត្រូវចំណាយលើការព្យាបាលជំងឺគ្រួសក្នុងតម្រង់នោម និងថ្នាំពេទ្យប្រមាណ១០០ដុល្លារក្នុងមួយខែ ស្របពេលដែលអ្នកស្រីមិនបានបន្ថយចំណាយទូទៅ និងត្រូវបង់ថ្លៃផ្ទះជួលប្រមាណជាង៥០ដុល្លារក្នុងមួយខែ។
អាជីវកម្មរបស់អ្នកស្រីគឺជាប្រភពជួយផ្គង់ផ្គង់សេដ្ឋកិច្ចគ្រួសាររបស់អ្នកស្រី។
អ្នកស្រីចំរើនបានប្រាប់ VOA ថា អ្នកដែលមកទិញឥវ៉ាន់នៅតូបអ្នកស្រីប្រាប់អ្នកស្រីថា រោងចក្រមួយចំនួនបានផ្អាកដំណើរការដោយសារតែខ្វះខាតវត្ថុធាតុដើម ហើយរោងចក្រមួយចំនួនទៀតត្រូវប្តូរទីតាំង។
អ្នកស្រី សុខ បុប្ឆា អាយុ៣៦ឆ្នាំ ជាជាងអ៊ុតសក់ នៅសួនឧស្សាហកម្មកាណាឌីយ៉ា។ អ្នកស្រីប្រកបរបរនេះអស់រយៈពេល១៥ឆ្នាំមកហើយ។
អ្នកស្រីបន្តថា អាជីវកម្មអ៊ុតសក់របស់អ្នកស្រីជាអាជីវកម្មគោលដែលផ្គត់ផ្គង់លើជីវភាពគ្រួសារអ្នកស្រី ដែលមានស្វាមី និងកូនពីរនាក់។
អ្នកស្រីបុប្ឆាបានប្រាប់ VOA ថា នាពេលបច្ចុប្បន្ន ចំណូលអាជីវកម្មរបស់អ្នកស្រីក៏បានធ្លាក់ផងដែរគឺចុះពី៥០ដុល្លារក្នុងមួយថ្ងៃមកត្រឹមតែ១០ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃដោយសារភ្ញៀវមកអ៊ុតសក់មានតិចជាង១០នាក់ក្នុងមួយថ្ងៃ ធៀបនឹងគ្រាមុនៗ ដែលមានភ្ញៀវពី២០ទៅ៣០នាក់។
អ្នកស្រីបានមានប្រសាសន៍ថា ភ្ញៀវមកអ៊ុតសក់បានប្រាប់អ្នកស្រីថា ពួកគេកំពុងជួបប្រទះបញ្ហាប្រាក់ខែ ដោយសាររោងចក្រកំពុងខ្វះវត្ថុធាតុដើមដែលតម្រូវឲ្យផ្អាកផលិតកម្មមួយរយៈ។
«អត់ដឹងដែរការងាររបស់គាត់។ គាត់ថា ឥវ៉ាន់អីអត់យកចូលអី អត់មានការងារធ្វើហ្មង»។
អ្នកស្រី សេង ជូហៀង អាយុ៣០ឆ្នាំ ជាកម្មកររោងចក្រ មានស្រុកកំណើតមកពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ សព្វថ្ងៃ អ្នកស្រីបានរៀបការ និងមានកូនម្នាក់នៅក្នុងបន្ទុក។
អ្នកស្រីបានផ្លាស់មកធ្វើការនៅរោងចក្រមួយនៅតាមផ្លូវវេងស្រេង ដោយសារតែរោងចក្រដែលអ្នកស្រីធ្វើការពីមុនបានបិទ។ សព្វថ្ងៃអ្នកស្រីមកធ្វើការជាកម្មករស៊ីឈ្នួលប្រាក់ថ្ងៃ។
អ្នកស្រី ជូហៀង បានប្រាប់ VOA ថា អ្នកស្រីកំពុងតែជួបការលំបាកដោយសារផ្ទះជួលនិងចំណាយផ្សេងៗឡើងថ្លៃ ខណៈដែលការងាររបស់អ្នកស្រីត្រូវប្រឈមនឹងការកាត់បន្ថយ ដែលនេះមានន័យថា ប្រាក់ចំណូលក៏អាចថយចុះដែរ។
«ផ្ទះជួលផង ឥវ៉ាន់ឥឡូវឡើងថ្លៃគ្រប់មុខ។ អ៊ីចឹងទៅ វាពិបាក»។
អ្នកស្រី ជូហៀង បានឲ្យដឹងបន្ថែមទៀតថា ពីមួយខែទៅមួយខែ ចំណូលដែលរកបានគឺមិនមានសល់នោះទេ ហើយមានកម្មករមួយចំនួនចងការគេដើម្បីការចំណាយចាំបាច់ផ្សេងៗផងដែរ។
«ពិបាកដែរបង បើគេប្រកាសថា បិទៗគ្រប់រោងចក្រអ៊ីចឹង! ពិបាកសំណូមពរណាស់»។
សហភាពអឺរ៉ុបបានសម្រេចបន្ថយ២០%នៃប្រព័ន្ធអនុគ្រោះពន្ធ«គ្រប់មុខទំនិញលើកលែងសព្វាវុធ»ឬ “Everything But Arms” (EBA) ទៅលើមុខទំនិញមួយចំនួនពីកម្ពុជា ហើយវានឹងប៉ះពាល់ការនាំចេញសរុបរបស់កម្ពុជាទៅសហភាពអឺរ៉ុប បន្ទាប់ពីសហភាពអឺរ៉ុបរកឃើញថា រដ្ឋាភិបាលកម្ពុជារំលោភសិទ្ធិមនុស្សជាប្រព័ន្ធ។
ក្រុមសហជីពនិងសហភាពការងារកម្ពុជាយល់ឃើញថា ផលប៉ះពាល់ពីការដកប្រព័ន្ធអនុគ្រោះពន្ធ EBA គឺមិនអាចចៀសបាន ប៉ុន្តែទំហំនៃផលប៉ះពាល់នៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ដោយសារឆាប់ពេកមិនទាន់អាចទស្សន៍ទាយបាន។
អាជីវករផ្សេងទៀត និងអ្នកស្រីឡេង ស៊ីនួនក៏បានអំពាវនាវកុំឲ្យរោងចក្របិទ ហើយឲ្យកម្មករមានការងារធ្វើគ្រប់ៗគ្នា។
«ចង់សំណូមពរឲ្យផ្សារយើងហ្នឹងធ្វើម៉េច ជួយឲ្យលក់ដាច់ជាងមុនអ៊ីចឹង។ ចង់ឲ្យរោងចក្រមានកម្មករហ្នឹងច្រើននៅប្លុកហ្នឹង មានការងារធ្វើគ្រប់ៗគ្នាអីអ៊ីចឹង។ រោងចក្រកុំឲ្យបិទអីអ៊ីចឹងណា៎។ កុំឲ្យផ្អាក កុំឲ្យអី អ៊ីចឹងណា៎»៕