ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផ្ទុះ​ការតវ៉ា​ដោយ​មេការ​ចិន​ប្រមាថ​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ


រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ត្រង់​មាត្រា​ទី​៧ ​ដែល​ចែង​ថា​ព្រះមហា​ក្សត្រ​មិន​អាច​ប៉ះពាល់​បាន។
រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ត្រង់​មាត្រា​ទី​៧ ​ដែល​ចែង​ថា​ព្រះមហា​ក្សត្រ​មិន​អាច​ប៉ះពាល់​បាន។

ភ្នំពេញ៖ កម្មករ​រោងចក្រ​ចំនួន​ពីរ​ដែល​មាន​គ្នា​សរុប​ប្រមាណ​ជាង​១.០០០​នាក់​នៅក្នុង​សង្កាត់​ជ្រោយ​អំពិល ខណ្ឌមានជ័យ ​រាជធានី​ភ្នំពេញ ​បាន​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ បន្ទាប់ពី​ស្ត្រី​មេកា​ជនជាតិ​ចិន​ម្នាក់​បាន​ចាប់​ហែ​ករូ​បព្រះ​ឆាយាល័​ក្ខ​ណ៍​សម្តេចឪ​នរោត្តម​សីហនុ។​

​កម្មករ​បាន​និយាយ​ថា​នៅ​វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក​នៅពេល​ដែល​កម្មករ​ចាប់​ផ្តើម​ធ្វើការ ​មាន​កម្មការីនី​ម្នាក់​បាន​យក​រូប​ព្រះ​ឆាយាល័ក្ខណ៍​របស់​អតី​ត​ព្រះមហាក្សត្រ​មក​មើល​ហើយ​បាន​យក​លាក់​ទុក​វិញ​នៅពេល​ដែល​ឃើញ​ស្ត្រី​មេការ​ទទួល​បន្ទុក​ផ្នែក​ដេរ​នៃ​រោងចក្រ​ថប​វើល​ហ្គា​ម៉ែន (Top World Garment) បាន​មកដល់។​

ស្ត្រី​ប្រធាន​ផ្នែក​រូប​នេះ​ឈ្មោះ វ៉ាង ស៊ាជូ ​អាយុ​៤៩​ឆ្នាំ ​បាន​ទារ​រូបថត​ពី​កម្ម​ការី​នី​រូប​នោះ​ រួច​ក៏​យក​ទៅ​កាត់​ហែក​ចោល​ដោយ​ប្រើ​កន្ត្រៃ។ រំពេច​នោះ​កម្មករ​ទាំងមូល​បាន​នាំគ្នា​បះបោរ ​ហើយ​ធ្វើ​ការតវ៉ា​ភ្លាមៗ។​

វ៉ន រ៉ានី ​គឺជា​កម្ម​ការីនី​ម្នាក់​ដែល​នៅក្បែរ​ការ​ហែក​រូបថត​នោះ​។​

«ខ្ញុំ​ឃើញ​ផ្ទាល់។ ខ្ញុំ​មិន​និយាយ​ពាក្យ​មិន​ពិត​ទេ! ដល់​ពេល​ហើយ​ខ្ញុំ​មិន​សុខចិត្ត​។ ស្តេច​ផែនដី​មួយ​ទាំងមូល ​ខ្ញុំ​គោរព។ ពូ​ឯង​ក៏​គោរព ​ខ្ញុំ​និយាយ​ជាមួយ​រដ្ឋបាល​អញ្ចឹង។ ខ្ញុំ​ត្រូវតែ​តស៊ូ​ដើម្បី​ស្តេច​ខ្ញុំ ខ្ញុំ​គោរពរ​រាល់ថ្ងៃ។ ខ្ញុំ​មិន​អាច​លើកទោស​ឲ្យបាន​ទេ​។ គ្មាន​នរ​ណា​ធ្វើការ​ទេ​យំ​គ្រប់គ្នា»។​

កម្មករ​បាន​ធ្វើ​ការតវ៉ា​យ៉ាង​ពុះកញ្ជ្រោល​ទាមទារ​ឲ្យ​អាជ្ញាធ​រចា​ប់​ខ្លួន​ស្ត្រី​ជនជាតិ​ចិន​យកទៅ​ផ្តន្ទាទោស​ហើយ​បន្ទាប់​មក​កម្មករ​បាន​អនុញ្ញាត​ឲ្យ​អាជ្ញា​ធរ​នាំខ្លួន​ស្ត្រី​រូប​នេះ​ចេញ​ពី​រោងចក្រ​ បន្ទាប់​ពី​ស្ត្រី​ដដែល​នេះ​បានធ្វើការ​សុំទោស​នៅ​ចំពោះ​មុខ​កម្មករ។ បន្ទាប់ពី​ពួកគេ​បាន​បះ​បោរ​អស់​រយៈពេល​ជាច្រើន​ម៉ោង​កម្មករ​មកពី​រោងចក្រ​មួយទៀត​គឺ​រោងចក្រ​ក្បាល​កោះ​Garment ​និង​អ្នកភូមិ​មួយ​ចំនួន​បាន​នាំគ្នា​ធ្វើដំណើរ​មក​តវ៉ា​ នៅមុខ​ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ ​និង​បាន​ចូល​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សម្តេចឪ​នរោត្តម​សីហនុ។ ពួកគេ​បាន​ធ្វើដំណើរ​ដោយ​រថយន្ត​ចំនួន​ប្រាំបួន ​ហើយ​កម្មករ​នៅ​សេសសល់​ប្រមាណ​ជាង​១០០​នាក់ ​បាន​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ដោយ​លើក​កម្រងផ្កា​មាន​ព្រះ​ឆាយាល័​ក្ខណ៍​របស់​អតីត​ព្រះមហាក្សត្រ​ឆ្ពោះ​មកកាន់​ព្រះបរម​រាជវាំង។​

ការធ្វើ​ដំណើរ​ដែល​មាន​ចម្ងាយ​ផ្លូវ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ។​

លោក​ឧត្តមសេនីយ៍​ ជួន សុវណ្ណ ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​មានប្រសាសន៍​ថា​ប៉ូលិស​បានសម្រេច​ឃាត់ខ្លួន​ស្ត្រី​មេការ ​ហើយ​នឹង​បញ្ជូន​ទៅកាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ស្អែក​នេះ​។​

«ជនជាតិ​ចិន​នេះ ​យើង​កំពុងតែ​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី ​ដើម្បី​បញ្ជូន​ទៅ​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ដើម្បី​ឲ្យ​លោក​មាន​នីតិវិធី​ធ្វើការ​ចោទប្រកាន់​តាម​ផ្លូវ​ច្បាប់»។​

លោក​ឧត្តមសេនីយ៍​ ជួន សុវណ្ណ ​មាន​ប្រសាសន៍​ថា​ស្ត្រី​រូបនេះ​បាន​ប្រព្រឹត្ត​ខុស​ទៅនឹង​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ត្រង់​មាត្រា​ទី​៧ ​ដែល​ចែង​ថា​ព្រះមហា​ក្សត្រ​មិន​អាច​ប៉ះពាល់​បាន ​និង​ខុស​ទៅ​នឹង​ក្រមព្រហ្មទណ្ឌ​នៅ​ត្រង់​មាត្រា​ទី​៤៩៤ ​និង​មាត្រា​ទី​៤៩៥ ​ដែល​ចែង​ពី​បទ​ញុះញង់​បង្ក​ចលាចល​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម។​

«ព្រោះ​យើង​ឃើញថា​កំហឹង​របស់​កម្មករ​រោងចក្រ​រាប់រយ ជិត​ពាន់​នាក់​ពី​ព្រឹក​ម៉ិញ​ហ្នឹង ​គឺ​មាន​កំហឹង​ខ្លាំង​ណាស់ ​អាចឈាន​ទៅ​បង្កើត​អំពើហិង្សា។ ប៉ុន្តែ​ដោយសារ​ការ​ទប់ស្កាត់ ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទាន់ពេល​វេលា ​ជាពិសេស​បើសិនជា​មិន​មាន​ការអប់រំ ​កម្មករ​ហ្នឹង​ទាំងអស់​មិន​មាន​ការយល់ដឹង​ខ្ពស់​ទេ​ គឺ​វាយបំផ្លាញ​រោងចក្រ​ហ្នឹង​ខ្ទេច​ហើយ»។​

កម្មករ​បាន​ទាមទារ​ឲ្យ​អាជ្ញាធ​រផ្ត​ន្ទា​ទោស ​ឬក៏​ត្រូវ​បណ្តេញ​ស្ត្រី វ៉ាង ស៊ាជូ ​ចេញពី​ប្រទេស​កម្ពុជា។​

លោក គុច ឧសភា ​ប្រធាន​ផ្នែក​រដ្ឋបាល​នៃ​រោងចក្រ​ថប​វើល​ហ្គា​ម៉ែន​ ដែល​មាន​បញ្ហា​នោះ​បាន​បញ្ជាក់​ថា​ស្ត្រី​ជនជាតិ​ចិន​នោះ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​រោងចក្រ​ហើយ​នៅ​ថ្ងៃ​ដដែល​នេះ។​

​រោងចក្រ​ថប​វើល​ហ្គា​ម៉ែន​មាន​ទីផ្សារ​សំខាន់​នៅ​សហរដ្ឋអាមេរិក ​និង​នៅ​ទ្វីប​អឺរ៉ុប៕​

XS
SM
MD
LG