ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​អាមេរិក​មក​គោរព​វិញ្ញាណក្ខន្ធ​អតីត​មហាក្សត្រ​ខ្មែរ


មនុស្ស​គ្រប់​ទិសទី​បន្ត​កាន់​ទុក្ខ​នៅ​មុខ​បរមរាជវាំង
មនុស្ស​គ្រប់​ទិសទី​បន្ត​កាន់​ទុក្ខ​នៅ​មុខ​បរមរាជវាំង

លោក​ ជូសេហ្វ យន់ ឧបការី​រងរដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​​​បានមក​គោរព​វិញ្ញាណ​ក្ខន្ធ​ព្រះ​មហាវីរក្សត្រ​នៅឯ​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោនកាលពីថ្ងៃ​ពុធ​​។

វ៉ាស៊ីនតោន៖ សហរដ្ឋ​អាមេរិក​បាន​ចាត់​ទុក​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ព្រះ​បាទនរោត្តម​សីហនុ​ថា​ជា​និមិត្ត​រូប​មួយ​នៃ​អ្នក​នយោបាយ​ឆ្នើម​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ហើយ​ព្រះ​រាជ​វត្ត​មាន​របស់​ព្រះ​អង្គ​គឺ​ជា​ស្នូល​មួយ​ក្នុងទំនាក់​ទំនង​ការបរទេស​រវាង​ប្រទេស​ទាំងពីរ។

លោក​ ជូសេហ្វ យន់ ឧបការី​រងរដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​បានមក​គោរព​វិញ្ញាណ​ក្ខន្ធ​ព្រះ​មហាវីរក្សត្រ​នៅឯ​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោនកាលពីថ្ងៃ​ពុធ ហើយ​លោក​បាន​រំលឹក​ពីស្នា​ព្រះ​ហស្ថ​របស់​អតីត​ព្រះ​មហាក្សត្រ​ប្រាប់​វីអូអេថា៖
«ព្រះបាទ​នរោត្តម​សីហនុគឺ​ជា​ឥស្សរជន​ប្រវត្តិសាស្រ្ត​មួយ។ គេ​នឹង​នៅ​ចង​ចាំ​ព្រះ​អង្គ​ជារៀង​រហូត។ ព្រះ​អង្គ​បាន​ចូលរួម​ចំណែក​យ៉ាង​ច្រើន​ដល់​ប្រទេស​ជាតិកម្ពុជា​និង​ដល់​តំបន់​ទាំង​មូល។ ព្រះអង្គ​ជា​ឥស្សរជន​ប្រវត្តិ​សាស្រ្ត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍ ដូច្នេះ​យើងសូម​ចូលរួម​រំលែក​ទុកជាមួយ​ព្រះ​មហាក្សត្រនិង​ពលរដ្ឋកម្ពុជា»។ ​

ព្រះ​បាទ​នរោត្តម​ សីហនុ​បាន​សោយ​ទីវង្គត់​កាលពី​ថ្ងៃ​ច័ន្ទ​នៅ​ឯ​មន្ទី​រ​ពេទ្យមួយ​ក្នុង​ទីក្រុង​ប៉េកាំង ដោយ​សារ​ជំងឺ​គាំង​បេះដូងក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះ​វស្សា។ ​

ក្នុង​ទំនាក់​ទំនង​រវាង​ព្រះ​អង្គ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​មាន​ពេលខ្លះផ្អែម​ល្អែម​និង​មានពេល​ជូរចត់​ដោយមាន​ការ​ផ្តាច់​ទំនាក់​ទំនង​ការទូត​ក្នុងឆ្នាំ​១៩៦៥និង​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ដល់​រដ្ឋាភិបាល​លោក​សេនា​ប្រមុខ​លន់​ នល់​ដែល​បាន​ទម្លាក់​ព្រះ​អង្គ​ចេញពី​អំណាច​ក្នុងខែ​មីនា ​ឆ្នាំ​១៩៧០ ​អំឡុង​ពេល​សង្រ្គាម​អាមេរិក​នៅ​ប្រទេស​វៀតណាមជាដើម។​

យ៉ាង​ណា​ក៏​ដោយ​ក្នុង​ទំនាក់​ទំនងរយៈ​ពេលជាង​៦០​ឆ្នាំ​រវាង​ប្រទេសកម្ពុជា​និង​មហា​អំណាច​មួយ​នេះ​លោក​ជូសេហ្វ​ យន់​បាន​បញ្ជាក់​ពី​តួរ​នាទី​មិន​អាច​ខ្វះ​បាន​របស់​ព្រះ​បាទ​នរោត្តម​ សីហុន​ថា៖
«ប្រទេស​កម្ពុជា​ជា​ចំណុច​សំខាន់​នៃ​ព្រឹត្តិការណ៍​ជាច្រើន​ដែល​បាន​កើ​ត​មាន​ឡើង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ហើយ​ជា​ការពិត​សហរដ្ឋ​អាមេរិកតែង​តែ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​កម្ពុជា។ រដ្ឋាភិបាល​ប្រទេស​នេះ​បាន​ផ្លាស់​ប្តូរ​ជាបន្តបន្ទាប់​ប៉ុន្តែអតីតព្រះ​មហាក្សត្រ​មានឥទ្ធិ​ពល​ស្ថិតស្ថេរ​លើ​ប្រទេស​នេះ​ដូច្នេះ​ហើយ​យើង​សូម​វាយ​តម្លៃ​យ៉ាង​ខ្ពស់​ចំពោះ​ទំនាក់​ទំនង​នេះ»។

ស្ថានទូត​កម្ពុជា​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​បាន​រៀបចំ​ឱ្យ​មាន​ពិធី​គោរពវិញ្ញាណក្ខន្ធ​ដល់​ព្រះបាទ​នរោត្តម​ សីហនុ​ចំនួន​បីថ្ងៃពីថ្ងៃ​ទី​១៧​ដល់​ទី​១៩​ខែ​តុលា ហើយ​មាន​អង្គ​ទូត​ជាច្រើន​បាន​ចូល​មក​គោរព​វិញ្ញាណក្ខន្ធ​នៅ​ថ្ងៃ​ទី​មួយ​កន្លង​មក​នេះ។​

លោក​ហែម ហេង ឯកអគ្គរាជ​ទូ​ត​ខ្មែរ​បាន​បញ្ជាក់​ថា៖​

«យើង​ដឹង​ហើយ​ថា​ព្រះអង្គម្ចាស់​ជីវិត​ដម្កល់​លើ​ត្បូង​ជា​ព្រះ​វីរជន​ខ្មែរមួយ​រូប​ដែល​បាន​ទាម​ទារ​ឯករាជ្យ...នៅពេល​នេះ​ក្នុង​ការ​បាត់​បង់​ព្រះករុណា​គឺ​នៅ​ពិភពលោក​ទាំងមូល​មិន​មែន​តែ​នៅ​ប្រទេសកម្ពុជា​ទេ​គឺ​ពិភព​លោក​ទាំង​មូល​សម្តែ​ង​នូវ​មរណទុក្ខ​ចំពោះ​ព្រះអង្គ​ចំពោះ​ព្រះ​មហាក្សត្រ​ក៏ ដូច​ជា​ចំពោះ​អ្នក​ដឹកនាំ​របស់​កម្ពុជា​ដែរ»។

មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​តាម​រដ្ឋមួយចំនួន​បាន​រៀបចំ​កម្ម​វិធី​គោរព​វិញ្ញាណក្ខន្ធ​និង​បង្សុកូល​ថ្វាយ​ព្រះ​មហាក្សត្រ​ក្រោយ​ពី​ទទួល​បាន​ដំណឹង​ពី​ការសោយ​ទិវង្គត់​របស់​ព្រះមហាក្សត្រ។ ​
លោក​ហែម ហេង​បាន​បញ្ជាក់​បន្ថែម​ថា៖​

«ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​បងប្អូនខ្មែរ​ទាំងអស់​ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក​នេះ​ថា​ការចូលទិវង្គត​របស់​ព្រះ​ករុណា​ព្រះ​វីរក្សត្រ​គឺ​ជា​ការ​បាត់​បង់​នូវ​ព្រះ​រាជ​វីរមហាក្សត្រ​មួយ​អង្គ​ហើយ​យើង​ដែល​ជា​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក​នេះ​យើង​គួរ​ឬក៏​ត្រូវ​តែ​នឹកឃើញ​នូវ​ស្នា​ព្រះហស្ថ​ដ៏​ត្រចះ​ត្រចង់​របស់​ព្រះ​អង្គ​ទាំងអស់​គ្នា»។
ស្ថាន​ទូតក៏​បើក​ឱ្យ​ពលរដ្ឋ​ទូទៅ​នៅ​សហរដ្ឋ​អាមេរិក​អាច​ទៅ​ចូលរួម​សម្តែងចុះ​ហត្ថ​លេខាក្នុង​សៀវភៅ​សម្តែង​មរណទុក្ខ​ផងដែរ៕
XS
SM
MD
LG